បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត

ក្រុម​អ្នក​ជំនាញ​ខាង​សុខភាព​ផ្លូវ​ចិត្ត នៅ​ប្រទេស​កម្ពុជា នៅ​តែ​វាយ​តម្លៃ​ថា បញ្ហា​ក្នុង​របប​ខ្មែរ​ក្រហម ជា​មូលហេតុ​មួយ​នៃ​ជំងឺ​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន នៅ​សម័យ​បច្ចុប្បន្ន​នេះ ក្រៅ​ពី​កត្តា​ផ្សេងៗ​មួយ​ចំនួន​ទៀត។ អ្នក​ជំនាញ​ទទូច​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ។
ដោយ ឡេង ម៉ាលី
2012.12.20

ក្រុម​អ្នក​ជំនាញ​ខាង​សុខភាព​ផ្លូវ​ចិត្ត នៅ​តែ​អះអាង​ថា បញ្ហា​លំបាក​ធ្ងន់ធ្ងរ និង​អំពើ​ហិង្សា ភាព​រន្ធត់ ដែល​ពលរដ្ឋ​ខ្មែរ​ធ្លាប់​ជួប​ប្រទះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​តែ​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​មនុស្ស​ជំនាន់​ក្រោយ។

បញ្ហា​នេះ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​តាម​រយៈ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ថ្នាក់​ជាតិ​លើក​ទី​មួយ ស្ដី​អំពី​ស្ថានភាព​សុខភាព​ផ្លូវ​ចិត្ត​នៅ​កម្ពុជា បច្ចុប្បន្ន ដែល​ធ្វើ​ឡើង​ដោយ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សហការ​ជាមួយ​អង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌ (ធី.ភី.អូ = TPO = Transcultural Psychosocial Organization)។

លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន កំពុង​តែ​កើត​ជំងឺ​ផ្លូវ​ចិត្ត ឬ​មាន​សុខភាព​ផ្លូវ​ចិត្ត​មិន​ល្អ។ អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​ភាគ​ច្រើន​បំផុត គឺ​ស្ត្រី យុវជន និង​មនុស្ស​វ័យ​ចំណាស់​មួយ​ចំនួន ជា​ពិសេស​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​អំពើ​ហិង្សា​ក្នុង​របប​ខ្មែរ​ក្រហម និង​សង្គ្រាម។

ការ​សិក្សា​ស្រាវជ្រាវ បាន​បង្ហាញ​ឲ្យ​ដឹង​ថា អ្នក​កើត​ជំងឺ​ផ្លូវ​ចិត្ត​ភាគ​ច្រើន មាន​អាការ​ធុញ​ថប់ និង​ភាព​អស់​សង្ឃឹម រហូត​ដល់​ធ្វើ​ឱ្យ​អ្នក​ទាំង​នោះ​មាន​និន្នាការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ សេព​គ្រឿង​ញៀន និង​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ជាដើម។

នាយក​ផ្នែក​ចិត្ត​វិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ អ្នកស្រី សេក ស៊ីសុខុម មាន​ប្រសាសន៍​ថា ស្ថានភាព​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវ​ចិត្ត​របស់​មនុស្ស​យើង ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា សម្រាប់​ការ​រស់នៅ​ជា​ធម្មតា​ប្រចាំ​ថ្ងៃ។ អ្នកស្រី សេក ស៊ីសុខុម បញ្ជាក់​ថា ការ​ដែល​មនុស្ស​ណា​ម្នាក់​មាន​សុខភាព​ផ្លូវ​កាយ​ល្អ គេ​មិន​ទាន់​ចាត់​ទុក​ថា​បុគ្គល​នោះ​មាន​សុខភាព​ល្អ​នោះ​ទេ គឺ​លុះ​ត្រា​តែ​បុគ្គល​នោះ​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ​ផង។

អ្នកស្រី សេក ស៊ីសុខុម៖ «បញ្ហា​សុខភាព​ផ្លូវ​ចិត្ត ក៏​ជះ​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ មិន​ត្រឹម​តែ​បុគ្គល និង​គ្រួសារ​តែ​ប៉ុណ្ណោះ​ទេ វា​ជះ​ឥទ្ធិពល​ដល់​សហគមន៍ ក៏​ដូចជា សង្គម​ជាតិ​ទាំង​មូល​ផង​ដែរ។ ជាក់​ស្ដែង នៅ​ពេល​បុគ្គល​មាន​បញ្ហា​ផ្លូវ​ចិត្ត ពួក​គេ​មិន​អាច​បំពេញ​ការងារ​ទំនាក់​ទំនង និង​ពុំ​អាច​ថែទាំ​ខ្លួន​ឲ្យ​បាន​ល្អ​នោះ​ឡើយ។ ជួន​កាល បុគ្គល​នោះ​មាន​បញ្ហា​ផ្លូវ​ចិត្ត អាច​ឈាន​ដល់​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នានា និង​ករណី​ខ្លះ​អាច​ឈាន​ដល់​ការ​ធ្វើ​អត្តឃាត​ខ្លួន​ផង​ដែរ»

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បង្ហាញ​ថា នៅ​ឆ្នាំ​២០១១ នៅ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ជាង ១​សែន​នាក់ ប្រជាពលរដ្ឋ​ចំនួន ៤២​នាក់ មាន​និន្នាការ​ចង់​ធ្វើ​អត្តឃាត។

ទាក់​ទង​នឹង​ជំងឺ​ផ្លូវ​ចិត្ត​ដែល​ឈាន​ទៅ​ដល់​ការ​ធ្វើ​អត្តឃាត ត្រូវ​បាន​អ្នក​សម្រប​សម្រួល​កម្មវិធី​សុខភាព​ផ្លូវ​ចិត្ត នៃ​អង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌ វេជ្ជបណ្ឌិត អាំង សូឌី មាន​ប្រសាសន៍​ថា មាន​ស្ថានភាព ២​យ៉ាង គឺ​ជួន​កាល​ដោយ​ទាំង​ចេតនា និង​ជួន​កាល​ទៀត​ដោយ​អចេតនា។

អ្នក​ឯកទេស​ខាង​សុខភាព​ផ្លូវ​ចិត្ត មក​ពី​អង្គការ​សុខភាព​ពិភព​លោក គឺ​លោក ស្ទីវវិន អ៊ីឌីង (Steven Iddings) មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ រងគ្រោះ​ដោយ​សារ​តែ​ជំងឺ​ផ្លូវ​ចិត្ត ដោយ​សារ​តែ​អំពើ​ហិង្សា៖ «ប្រជាពលរដ្ឋ​ខ្មែរ បាន​រងគ្រោះ​ខ្លាំង​នៃ​ជំងឺ​ផ្លូវ​ចិត្ត ដោយ​សារ​តែ​សោកនាដកម្ម​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម និង​សង្គ្រាម​រយៈពេល​ជាង ២​ទសវត្ស​កន្លង​មក រាប់​ទាំង​ភាព​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា នៅ​ឡើយ»

អ្នក​សម្រប​សម្រួល​កម្មវិធី​សុខភាព​ផ្លូវ​ចិត្ត នៃ​អង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌ វេជ្ជបណ្ឌិត អាំង សូឌី មាន​ប្រសាសន៍​ពន្យល់​ថា ជំងឺ​ផ្លូវ​ចិត្ត​មាន​ស្ថានភាព​ធ្ងន់​ស្រាល​ខុសៗ​គ្នា ហើយ​មាន​លក្ខណៈ​រ៉ាំរ៉ៃ និង​មាន​រយៈពេល​ខ្លី។ ជំងឺ​ផ្លូវ​ចិត្ត​ដែល​មាន​រយៈពេល​ខ្លី ត្រូវ​បាន​គ្រូពេទ្យ​ឱ្យ​ឈ្មោះ​ថា ជំងឺ​ធ្លាក់​ទឹក​ចិត្ត ឬ​ថប់​អារម្មណ៍។ រីឯ​ជំងឺ​ផ្លូវ​ចិត្ត​ដែល​អូស​បន្លាយ​យូរ ហើយ​បណ្ដាល​មក​ពី​ការ​ប៉ះ​ទង្គិច ឬ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ ត្រូវ​បាន​គ្រូពេទ្យ​ហៅ​ថា ជំងឺ​បាក់​ស្បាត។

វេជ្ជបណ្ឌិត អាំង សូឌី ថ្លែង​ថា បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​ធ្ងន់ធ្ងរ​មួយ​បន្សល់​ទុក​ពី​របប​ខ្មែរ​ក្រហម គឺ​ជំងឺ​បាក់​ស្បាត ដែល​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ចេះ​តែ​ភ័យ​ខ្លាច និង​ព្រួយ​ច្រើន។

ឆ្លើយ​តប​នឹង​ចំណោទ​មួយ​ដែល​លើក​ឡើង​ថា ស្ថានភាព​ជំងឺ​ផ្លូវ​ចិត្ត​របស់​អ្នក​ធ្លាប់​ឆ្លង​កាត់​ក្នុង​របប​ខ្មែរ​ក្រហម គួរ​តែ​បាន​ធូរ​ស្បើយ ព្រោះ​តែ​ពេល​វេលា​បាន​កន្លង​ផុត​ទៅ​ជាង ៣០​ឆ្នាំ​ហើយ​នោះ វេជ្ជបណ្ឌិត អាំង សូឌី ពន្យល់​ថា គឺ​អាស្រ័យ​ដោយ​ស្ថានភាព​បរិយាកាស​រស់​នៅ​របស់​អ្នក​ទាំង​នោះ។

ក្រុម​អ្នក​ជំនាញ​ខាង​សុខភាព​ផ្លូវ​ចិត្ត​នៅ​ប្រទេស​កម្ពុជា លើក​ឡើង​ថា បើ​ទោះ​ជា​យុវជន​ជំនាន់​ក្រោយ​មិន​បាន​ឆ្លង​កាត់​អំពើ​ហិង្សា​ក្នុង​របប​ខ្មែរ​ក្រហម​ក្ដី ក៏​មរតក​នៃ​បញ្ហា​ផ្លូវ​ចិត្ត​បាន​បន្ត​មក​ដល់​យុវជន​ទាំង​នោះ តាម​រយៈ​អាកប្បកិរិយា និង​ការ​ប្រព្រឹត្ត​របស់​ឪពុក​ម្ដាយ​ពួក​គេ។ វេជ្ជបណ្ឌិត អាំង សូឌី ថ្លែង​ថា អ្នក​ជំនាន់​ក្រោយ​មិន​មាន​ជំងឺ​បាក់​ស្បាត​ទេ ក៏​ប៉ុន្តែ គេ​មាន​បញ្ហា​ផ្លូវ​ចិត្ត។

ការ​សិក្សា​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​ផ្នែក​ចិត្ត​វិទ្យា នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​បញ្ជាក់​ថា នៅ​ក្នុង​ចំណោម​យុវជន​ខ្មែរ​ចំនួន ២.៦៩០​នាក់ ដែល​ត្រូវ​បាន​សម្ភាស​នៅ​ក្នុង​ខេត្ត​ចំនួន​៩ កន្លង​មក គឺ​ពួក​គេ​មាន​អាកប្បកិរិយា ឬ​ឥរិយាបថ​ទាក់​ទង​នឹង​ជំងឺ​ផ្លូវ​ចិត្ត ដោយ​និយម​ប្រើ​អំពើ​ហិង្សា ប្រើប្រាស់​គ្រឿង​ញៀន មាន​និន្នាការ​ចង់​ធ្វើ​អត្តឃាត និង​ប៉ះពាល់​ផ្លូវ​ចិត្ត​ជាដើម។

ការ​សិក្សា​ស្រាវជ្រាវ បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ជន​បទ​ដាច់​ស្រយាល មាន​ជំងឺ​ផ្លូវ​ចិត្ត​ខ្ពស់​ជាង​គេ ជា​ពិសេស ស្ត្រី​ភេទ។ ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​តួលេខ​ថា ជំងឺ​ផ្លូវ​ចិត្ត ដោយ​សារ​តែ​ការ​អប់រំ​ទាប គឺ​មាន​ចន្លោះ​ពី ៣៥ ទៅ ៥០​នាក់ ក្នុង​ចំណោម ១០០​នាក់។ ក្នុង​ចំណោម ១០០​នាក់​ដូច​គ្នា មាន​ជំងឺ​ផ្លូវ​ចិត្ត​ចន្លោះ​ពី ៧០ ទៅ ៨០​នាក់ ដោយ​សារ​តែ​ភាព​ក្រីក្រ។ ក្រៅ​ពី​បញ្ហា​ក្នុង​របប​ខ្មែរ​ក្រហម មាន​មូលហេតុ​មួយ​ចំនួន​ទៀត​ដែរ ដែល​អាច​បណ្ដាល​ឱ្យ​កើត​ជំងឺ​ផ្លូវ​ចិត្ត ដូច​ជា ភាព​ក្រីក្រ និង​អ្នក​មាន​ការ​អប់រំ​បាន​តិចតួច។

អ្នក​ឯកទេស​ខាង​សុខភាព​ផ្លូវ​ចិត្ត មក​ពី​អង្គការ​សុខភាព​ពិភព​លោក លោក ស្ទីវវិន អ៊ីឌីង ថ្លែង​ថា នៅ​លើ​ពិភព​លោក​នេះ មាន​មនុស្ស​ចំនួន​ជាង ៤៥០​លាន​នាក់ រងគ្រោះ​ដោយ​សារ​តែ​ជំងឺ​ផ្លូវ​ចិត្ត ព្រោះ​តែ​ភាព​ក្រីក្រ និង​អំពើ​ហិង្សា។ លោក​ថា​ប្រទេស​កម្ពុជា ក៏​មាន​ស្ថានភាព​ដូច​គ្នា​ដែរ៖ «អង្គការ​សុខភាព​ពិភព​លោក បាន​រក​ឃើញ​ថា វា​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ខ្លាំង រវាង​ជំងឺ​ផ្លូវ​ចិត្ត ជាមួយ​នឹង​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ចំណូល​ទាប»

ក្រុម​អ្នក​ជំនាញ​ខាង​សុខភាព​ផ្លូវ​ចិត្ត បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្ការ និង​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ចំពោះ​កុមារ និង​ស្ត្រី ដើម្បី​បង្ការ​កុំ​ឲ្យ​បញ្ហា​ទាំង​នោះ​ឈាន​ដល់​ជំងឺ​ថប់​អារម្មណ៍​ធ្ងន់ធ្ងរ និង​បាក់​ស្បាត ដែល​បង្ក​ជា​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​សង្គម។ វិធាន​ការ​បង្ការ​មួយ​ទៀត វេជ្ជបណ្ឌិត អាំង សូឌី ណែនាំ​ថា អ្នក​មាន​បញ្ហា​ថប់​អារម្មណ៍ ឬ​តានតឹង​ផ្លូវ​ចិត្ត គប្បី​ស្វែង​រក​ការ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត មាន​ទីតាំង នៅ​ក្រុង​ភ្នំពេញ កំពង់ធំ សៀមរាប បាត់ដំបង និង​បន្ទាយមានជ័យ ដែល​នៅ​ទីនោះ​មាន​ផ្ដល់​សេវា​ពិគ្រោះ និង​ផ្ដល់​ថ្នាំ​ព្យាបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។