បញ្ហា​លំបាក​មាន​កូន ឬ​អត់​កូន

នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​គូ​ស្វាមី​ភរិយា​មួយ​ចំនួន មាន​បញ្ហា​លំបាក​ក្នុង​ការ​មាន​កូន។ បញ្ហា​លំបាក​ក្នុង​ការ​មាន​កូន ឬ​ហៅ​ថា ការ​អត់​កូន ច្រើន​មាន​ការ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​គូ​ស្វាមី​ភរិយា ដែល​ប្រាថ្នា​ចង់​បាន​កូន ហើយ​មិន​បាន​ដូច​បំណង។
ដោយ ឡេង ម៉ាលី
2012-11-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

បញ្ហា​អត់​កូន គឺ​ចង់​និយាយ​សំដៅ​ទៅ​រក​បញ្ហា ដែល​គូ​ស្វាមី​ភរិយា​ប្រាថ្នា និង​ព្យាយាម​ចង់​មាន​កូន ហើយ​មិន​បាន​ដូច​បំណង ព្រោះ​តែ​ភរិយា​មិន​អាច​មាន​ផ្ទៃពោះ​បាន។

អ្នក​ជំនាញ​ផ្នែក​សម្ភព ដែល​មាន​ឯកទេស​ខាង​ការ​បង្ក​កំណើត​កូន បាន​បែង​ចែក​បញ្ហា​អត់​កូន​នេះ​ជា ២ បញ្ហា គឺ​បញ្ហា​ទី ១ អ្នក​ឯកទេស​ហៅ​ថា អារ (Sterility) និង​បញ្ហា​ទី ២ អ្នក​ឯក​ទេស​ហៅ​ថា បញ្ហា​លំបាក​មាន​កូន (Infertility)។

វេជ្ជបណ្ឌិត​ឯកទេស​ព្យាបាល​បញ្ហា​លំបាក​មាន​កូន នៃ​បន្ទប់​ពិគ្រោះ​ជំងឺ សុខ ទៀង ដែល​នៅ​ក្បែរ​សាលា​ព្រះ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ គឺ​អ្នក​ស្រី ស៊ាន សុខទៀង មាន​ប្រសាសន៍​ពន្យល់​ថា បញ្ហា អារ គឺ​និយាយ​សំដៅ​ដល់​គូ​ស្វាមី​ភរិយា ដែល​ខាង​បុរស ឬ​ខាង​ស្ត្រី មិន​មាន​លទ្ធភាព​អាច​មាន​កូន​បាន ព្រោះ​តែ​បុរស ឬ​ស្ត្រី បាត់​បង់​លក្ខណៈ ឬ​ខ្វះ​សរីរាង្គ​បន្ត​ពូជ​ណា​មួយ។

សំឡេង៖ «អារ ហ្នឹង បាន​ន័យ​ថា គាត់​អត់​មាន​លទ្ធភាព​មាន​កូន​ទេ។ ឧទាហរណ៍ គាត់​អត់​ស្បូន។ ខ្លះ​គាត់​អត់​មាន​រដូវ​តាំង​ពី​ដើម​មក ប្រដាប់​បន្ត​ពូជ​របស់​គាត់​ខុស​លក្ខណៈ ដូច​ជា គាត់​កើត​មក​អត់​មាន​ស្បូន អត់​កន្លែង​រួម​ភេទ ។ ជួនកាល​គាត់​ខុស​លក្ខណៈ គាត់​ខូច​ដៃ​ស្បូន​ទាំង​សង្ខាង។ ចំណែក​ខាង​បុរស ជួនកាល​ពង​ស្វាស​របស់​គាត់​តូច​ពេក វា​អត់​ផលិត​មេ​ជីវិត​ឈ្មោល​តែ​ម្ដង ហើយ​គាត់​ខូច​កន្លែង​ផលិត​តែ​ម្ដង សូម្បី​តែ​យើង​ព្យាយាម​យក​មេ​ជីវិត​ពី​កន្លែង​ផលិត​របស់​គាត់ ក៏​អត់​មាន​ដែរ។ អ៊ីចឹង​គាត់​អត់​អាច​មាន​កូន​បាន​ទេ។ អា​ហ្នឹង​បាន​គេ​ហៅ​ថា អារ»។

បញ្ហា អារ នេះ អ្នក​ស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ថ្វី​បើ​ករណី​ស្ត្រី​ខ្លះ​មិន​មាន​ដៃ​ស្បូន​ពិត​មែន ប៉ុន្តែ​គាត់​នៅ​មាន​តួ​ស្បូន គ្រូ​ពេទ្យ​អាច​មាន​វិធី​សាស្ត្រ​ជួយ​ឱ្យ​គាត់​មាន​កូន​បាន។

រី​ឯ​បញ្ហា​លំបាក​មាន​កូន គឺ​ចង់​និយាយ​ពី​គូ​ស្វាមី​ភរិយា អាច​មាន​លទ្ធភាព​មាន​កូន​បាន។ ក៏​ប៉ុន្តែ ខាង​បុរស ឬ​ស្ត្រី មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ឱ្យ​កូន​បង្ក​កំណើត​បាន ព្រោះ​តែ​កត្តា​បញ្ហា​មួយ​ចំនួន។ ទាក់ទង​នឹង​និយម​ន័យ​នៃ​បញ្ហា​នេះ អ្នក​ស្រី​វេជ្ជបណ្ឌិត ស៊ាន សុខទៀង មាន​ប្រសាសន៍​ពន្យល់​ថា អ្នក​មាន​បញ្ហា​លំបាក​មាន​កូន គឺ​អ្នក​ដែល​ព្យាយាម​មាន​កូន​រយៈ​ពេល​មួយ​ឆ្នាំ ហើយ​មិន​បាន។

សំឡេង៖ «ការ​រួម​ភេយើង​ឱ្យ​និយមន័យ​លំបាក​មាន​កូន​ហ្នឹង ចំពោះ​ដៃ​ស្វាមី​ភរិយា​របស់​គាត់ៗ ព្យាយាម​មាន​កូន​រយៈ​ពេល​មួយ​ឆ្នាំ​យ៉ាង​ហោច ហើយ​រួម​ភេទ​ទៀងទាត់។ ប្រសិន​បើ​គាត់​មិន​បាន​កូន​តាម​បំណង​របស់​គាត់​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ហ្នឹង យើង​ចាត់​ទុក​ថា គាត់​ជា​អ្នក​លំបាក​មាន​កូន​ហើយ»។

បញ្ហា​ទាំង ២ នេះ សុទ្ធ​តែ​មាន​មូលហេតុ​ដោយ​ឡែកៗ ពី​គ្នា។ ក៏​ប៉ុន្តែ មូលហេតុ​រួម​ទី ១ ក្រៅ​ពី​ការ​បាត់បង់​ប្រដាប់​បន្ត​ពូជ គឺ​គូ​ស្វាមី​ភរិយា មិន​បាន​រួម​ភេទ​ជា​ទៀង​ទាត់ សម្រាប់​បង្កើន​ឱកាស​ដល់​ការ​ចាប់​កំណើត​របស់​កូន។

សំឡេង៖ «ការ​រួម​ភេទ​គ្នា​ជា​ទៀង​ទាត់​ហ្នឹង ចង់​និយាយ​ថា ២ ឬ ៣ ដង​ក្នុង​មួយ​អាទិត្យ។ អ្នក​ខ្លះ​ថា រៀបការ​ពីរ​បី​ឆ្នាំ​ដែរ ប៉ុន្តែ​ពេល​យើង​សួរ​ស៊ីជម្រៅ​ទៅ ថា​តើ​គាត់​រស់​នៅ​ជាមួយ​គ្នា​ជាប់លាប់ ឬ​អត់? គាត់​ថា អត់​បាន​ផង។ យូរៗ នៅ​ជា​មួយ​គ្នា​ម្ដង។ មួយ​ខែ ២ ឬ ៣ ដង​អី អ៊ីចឹង​ឱកាស​នៃ​ការ​មាន​កូន វា​អត់​សម​ស្រប​ទេ ពីព្រោះ​ឱកាស​មាន​កូន​ក្នុង​មួយ​ខែ​តែ ២៥% ទេ។ ហ្នឹង​ចំពោះ​ដៃ​គូ​គេ​រស់​នៅ​ជា​មួយ​គ្នា​ទៀងទាត់​ផង បាន​បាន​ភាគ​រយ​ប៉ុណ្ណឹង។ ចុះ​ទម្រាំ​គាត់​នៅ​ជាមួយ​គ្នា​អត់​បាន​ទៀងទាត់​ផង ភាគ​រយ​នោះ​វា​រឹត​តែ​តិច​ទៀត»។

មូលហេតុ​ផ្សេង​ទៀត​នៃ​បញ្ហា​លំបាក​មាន​កូន អ្នក​ស្រី​វេជ្ជបណ្ឌិត ស៊ាន សុខទៀង ពន្យល់​ថា មាន​ទាំង​ខាង​ភាគី​បុរស និង​ខាង​ស្ត្រី ដែល​ជា​កត្តា​ឧបសគ្គ​រារាំង​ចំពោះ​ការ​ក​កំណើត​របស់​កូន។ ចំពោះ​ស្ត្រី អាច​បណ្ដាល​មក​ពី​ជំងឺ​រ៉ាំរ៉ៃ​នៅ​ក្នុង​អាង​ត្រគាក និង​ការ​ស្ទះ​ដៃ​ស្បូន។

ចំពោះ​បុរស​វិញ​ច្រើន​ទាក់ទង​នឹង​បញ្ហា​បង្កើត​មេ​ជីវិត ដូច​ជា មេ​ជីវិត​ខ្សោយ ឬ​មិន​មាន​ចំនួន​មេ​ជីវិត​គ្រប់គ្រាន់ ឬ​បណ្ដាល​មក​ពី​បំពង់​បញ្ចេញ​មេ​ជីវិត​នោះ​ត្បៀត ឬ​ចង្អៀត។

ក្រៅ​ពី​នេះ ក៏​មាន​កត្តា​មួយ​ចំនួន​ទៀត​ដែរ ដែល​បុរស​ប្រឈម​នឹង​ការ​លំបាក​មាន​កូន ជា​ពិសេស បុរស​ដែល​ធ្វើ​ការ​ជិត​ស្និត​នឹង​សារធាតុ​គីមី​ពុល បុរស​ធ្វើ​ការ​នៅ​កន្លែង​ក្ដៅ ឬ​បុរស​ចូល​ចិត្ត​ចូល​កន្លែង​ឆ្ពុង​ក្ដៅ ឬ​ហៅ​ថា សូណា (Sauna) ច្រើន​ពេក ដែល​ជា​ហេតុ​អាច​ប៉ះពាល់​ដល់​ការ​ផលិត ឬ​សម្លាប់​មេ​ជីវិត​បាន។

ទាក់ទង​នឹង​ការ​ជក់​បារី ការ​ទទួល​ទាន​ស្រា និង​ធាត់​ពេក ទាំង​បុរស និង​ស្ត្រី សុទ្ធ​តែ​អាច​ប្រឈម​នឹង​ការ​លំបាក​មាន​កូន​ដែរ។ វេជ្ជបណ្ឌិត សុខទៀង មាន​ប្រសាសន៍​ថា អ្នក​ដែល​មាន​អាយុ​ច្រើន​ហើយ ទើប​សម្រេច​ចិត្ត​រៀប​ការ ក៏​អាច​ប្រឈម​នឹង​បញ្ហា​នេះ​ដែរ ពីព្រោះ​អត្រា​ក​កំណើត​មាន​ស្ថានភាព និង​ឱកាស​ច្រើន ឬ​តិច ខុស​គ្នា​តាម​អាយុ។

ទាក់ទង​នឹង​ការ​ព្យាបាល​បញ្ហា​លំបាក​មាន​កូន អ្នកស្រី​វេជ្ជបណ្ឌិត សុខទៀង ពន្យល់​ថា គឺ​អាស្រ័យ​ដោយ​ការ​រក​ឃើញ​មូលហេតុ​ពិត​ប្រាកដ​ណា​មួយ ដែល​បង្ក​ការ​រាំង​ស្ទះ​ដល់​ការ​ក​កំណើត​កូន។ បញ្ហា​ខ្លះ គ្រូពេទ្យ​គ្រាន់​តែ​ប្រើ​ថ្នាំ​អ័រម៉ូន បំប៉ន​មេ​ជីវិត​ស្ត្រី​តែ​ប៉ុណ្ណោះ ហើយ​ឱកាស​បង្ក​កំណើត​អាច​កើន​ដល់ ៥០%។

អ្នកស្រី​វេជ្ជបណ្ឌិត សុខទៀង បញ្ជាក់​បន្ថែម​ថា​ បញ្ហា​លំបាក​ក្នុង​ការ​មាន​កូន​ភាគ​ច្រើនៗ ដែល​អ្នក​ស្រី​ធ្លាប់​ព្យាបាល​កន្លង​មក ច្រើន​កើត​ចំពោះ​ស្ត្រី។ ក៏​ប៉ុន្តែ ងាយស្រួល​ព្យាបាល​ជាង​បុរស។

ដើម្បី​បង្ការ​ចំពោះ​បញ្ហា​នេះ អ្នកស្រី​វេជ្ជបណ្ឌិត សុខទៀង ណែនាំ​ថា គូ​ស្វាមី​ភរិយា​ដែល​មាន​លំបាក​ក្នុង​ការ​មាន​កូន ត្រូវ​បញ្ឈប់​ការ​ជក់​បារី និង​កុំ​ទទួលទាន​ស្រា​ច្រើន​ពេក។ ត្រូវ​បញ្ចុះ​ទម្ងន់​ខ្លួន​កុំ​ឱ្យ​ធាត់​ពេក ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់ការ​​ផលិត​មេជីវិត​របស់​ស្ត្រី។

អ្នកស្រី​វេជ្ជបណ្ឌិត សុខទៀង ផ្ដល់​ឱវាទ​ថា គូ​ស្វាមី​ភរិយា ដែល​មាន​លំបាក​ក្នុង​ការ​មាន​កូន មិន​គួរ​បន្ទោស​គ្នា​ទេ។ ផ្ទុយ​ទៅ​វិញ ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​គ្នា ហើយ​គប្បី​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដែល​បច្ចុប្បន្ន​មាន​នៅ​រាជ​ធានី​ភ្នំពេញ ឬ​សាកសួរ​មក​អ្នកស្រី​វេជ្ជបណ្ឌិត​ដោយ​ផ្ទាល់ ​តាម​រយៈ​ទូរស័ព្ទ​លេខ ០១២ ២១ ៥៥ ៨២/០២៣ ៦៦៦ ២៥៥៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

bopha

ពី battambang

good work

Dec 01, 2012 12:46 AM