ជំងឺ​ផ្ដាសាយ​បក្សី​ថ្មី H7N9

ដោយ ឡេង ម៉ាលី
2014.06.26
ផ្ដាសាយ​បក្សី ៦១០ ស្ត្រី​ម្នាក់​កំពុង​ដាក់​ចំណី​ឲ្យ​មាន់។
Photo: RFA

ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក កំពុង​ព្រួយ​បារម្ភ​អំពី​ជំងឺ​ផ្ដាសាយ​ថ្មី​ឈ្មោះ H7N9។ ស្ថាប័ន​សុខភាព​ទាំង​ពីរ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ប្រុង​ប្រយ័ត្ន និង​រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​នេះ។

តើ​ជំងឺ​ផ្ដាសាយ​បក្សី H7N9 ជា​អ្វី?

ក្រុម​គ្រូពេទ្យ​ឱ្យ​ដឹង​ថា ជំងឺ​ផ្ដាសាយ​បក្សី H7N9 គឺ​ជា​ជំងឺ​ផ្ដាសាយ​ថ្មី​មួយ​ប្រភេទ ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។ ករណី​ជំងឺ​ផ្ដាសាយ​បក្សី H7N9 ត្រូវ​បាន​ប្រកាស​អំពី​ការ​កើត​ឡើង​ដំបូង​នៅ​ប្រទេស​ចិន ក្នុង​ខែ​មីនា ឆ្នាំ​២០១៣។ នៅ​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​រក​ឃើញ​ករណី​ជំងឺ​នេះ​នៅ​ឡើយ​ទេ។

ទោះ​ជា​ដូច្នេះ​ក្ដី មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ផូ សុធា មាន​ប្រសាសន៍​ថា មេរោគ​វីរុស H7N9 រស់​នៅ និង​ឆ្លង​ក្នុង​ចំណោម​សត្វ​ស្លាប ដូច​ជា​មាន់​ទា​បក្សី​ស្រុក និង​បក្សី​ព្រៃ ជាដើម។ លោក​វេជ្ជបណ្ឌិត ផូ សុធា ថ្លែង​ថា ការ​រក​ឃើញ​ករណី​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន ក្នុង​ឆ្នាំ​២០១៣ គឺ​ជា​ការ​រក​ឃើញ​មេរោគ​វីរុស H7N9 ឆ្លង​លើ​សត្វ​បក្សី និង​មនុស្ស។ ការ​ព្រួយ​បារម្ភ​ចំពោះ​ជំងឺ​ផ្ដាសាយ H7N9 ពីព្រោះ​ជំងឺ​នេះ​ជា​ជំងឺ​ថ្មី​នៅ​កំពុង​ស្រាវជ្រាវ​តាម​ដាន​នៅ​ឡើយ៖ «អ្នក​ជំងឺ​ភាគ​ច្រើន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ វីរុស​ឆ្លង​ពី​សត្វ​ដែល​ផ្ទុក​ទៅ​មនុស្ស មួយ​ចំនួន​តូច​កើត​ជា​លក្ខណៈ​ចង្កោម (គ្រួសារ) គឺ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស ភាគ​ច្រើន​មិន​ដឹង»

លោក​វេជ្ជបណ្ឌិត​ឱ្យ​ដឹង​ថា ជំងឺ​ផ្ដាសាយ​បក្សី​ថ្មី H7N9 បណ្ដាល​មក​ពី​មេរោគ​វីរុស​ផ្ដាសាយ មាន​ស្ថានភាព​ស្រដៀង​គ្នា​នឹង​ជំងឺ​ផ្ដាសាយ​បក្សី H5N1 ដែរ។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​បញ្ជាក់​ថា ជំងឺ​ផ្ដាសាយ​បក្សី​ថ្មី H7N9 នេះ​មាន​ភាព​ខុស​គ្នា​លើ​លក្ខណៈ​មួយ​ចំនួន​ពី​ជំងឺ​ផ្ដាសាយ​បក្សី H5N1។

ករណី​ភាគ​ច្រើន​ជា​អ្នក​ណា?

លោក​វេជ្ជបណ្ឌិត ផូ សុធា បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​កើត​ជំងឺ​ផ្ដាសាយ​ថ្មី H7N9 ដែល​មក​មន្ទីរពេទ្យ​ភាគ​ច្រើន ស្មើ​នឹង​ចំនួន ៦៧% គឺ​ជា​បុរស​ដែល​មាន​វ័យ​កណ្ដាល។ គេ​នៅ​មិន​ទាន់​ថា​មក​ពី​ហេតុ​អ្វី​ទេ៖ «បាន​ន័យ​ថា អ្នក​ឈឺ​ទាំងអស់​នោះ ១០០​នាក់ យើង​គន់គូរ​មើល​ទៅ ភាគ​ច្រើន គឺ​ថា​អាយុ​នៅ​ក្នុង ៥៨​ឆ្នាំ ហើយ​អត្រា​ស្លាប់ គិត​មក​ដល់​ត្រឹម​ខែ​មករា ឆ្នាំ​២០១៤ ហ្នឹង អ្នក​ស្លាប់​ដែល​ផ្ទុក​មេរោគ H7N9 ហ្នឹង គឺ​ឡើង​ដល់ ២២%។ ឧបមា​ថា អ្នក​កើត​ហ្នឹង ១០០​នាក់ អ៊ីចឹង ២២​នាក់​បាន​ស្លាប់​រួច​ទៅ​ហើយ។ ករណី​ភាគ​ច្រើន​កើត​ឡើង​ចន្លោះ​ពី​ខែ​កុម្ភៈ ដល់​ខែ​ឧសភា ឆ្នាំ​២០១៣ និង​ខែ​តុលា ដល់​ឆ្នាំ​២០១៤ នេះ»

តើ​មនុស្ស​ឆ្លង​ដោយ​របៀប​ណា?

លោក​វេជ្ជបណ្ឌិត​ឱ្យ​ដឹង​ថា ការ​ឆ្លង​ភាគ​ច្រើន គឺ​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​សត្វ​មាន់ ឬ​បក្សី​ដែល​មាន​ផ្ទុក​មេរោគ​វីរុស H7N9 ឬ​សម្ភារៈ​កសិដ្ឋាន​ចិញ្ចឹម​សត្វ។ ករណី​ខ្លះ អាច​ឆ្លង​ដោយ​ប្រយោល​តាម​រយៈ​ខ្យល់៖ «ឧបមា​ថា បរិក្ខារ​ក្នុង​កសិដ្ឋាន​ហ្នឹង យើង​អត់​បាន​ប៉ះពាល់​ផ្ទាល់​ទេ។ ប៉ុន្តែ​យើង​ចូល​ទៅ​ក្នុង​តំបន់​ដែល​គេ​ចិញ្ចឹម​មាន់ ឬ​ទីផ្សារ​លក់​មាន់ លក់​បក្សី ដែល​វា​មាន​ផ្ទុក​ហ្នឹង ជួន​កាល​មាន​ហ្នឹង​វា​ក្អក​កណ្ដាស់ ឬ​ក៏​កន្លែង​ហ្នឹង​មាន​កង្ហារ​បក់ៗ​ទៅ វា​អាច​ហើរ​មេរោគ​ហ្នឹង ធ្វើ​ឱ្យ​យើង​ស្រូប​ចូល​ទៅ​ក្នុង​ច្រមុះ​យើង ធ្វើ​ឱ្យ​យើង​ទទួល​មេរោគ​ហ្នឹង។ ករណី​មួយ​ចំនួន​តូច គឺ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។ ភាគ​ច្រើន​ឧបមា​ថា គាត់​ហ្នឹង​មាន​មេរោគ​ផ្ដាសាយ​បក្សី​ហើយ ប៉ុន្តែ​គាត់​អត់​ទាន់​មាន​រោគ​សញ្ញា​ទេ គាត់​អត់​មាន​ក្ដៅ​ខ្លួន ហត់​ក្អក​អី​ទេ ប៉ុន្តែ​គាត់​ធ្វើ​ដំណើរ​ពី​កសិដ្ឋាន​ទៅ​ផ្ទះ គាត់​បាន​ទទួល​មេរោគ​ហ្នឹង​ហើយ។ ដល់​ពេល​ទៅ​ដល់​ផ្ទះ​ហ្នឹង យើង​នៅ​ជាមួយ​គ្នា ដោយ​អត់​ដឹង​ថា​គាត់​ផ្ទុក​ហ្នឹង និយាយ​ដាក់​មុខ​គ្នា ក៏​អាច​ឆ្លង​ដែរ ប៉ុន្តែ​វា​គ្រាន់​តែ​មិន​ប្រាកដ។ រឿង​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ហ្នឹង អត់​ទាន់​មាន​អ្នក​ណា​មួយ​បញ្ជាក់​ប្រាកដ​ថា មេរោគ​ហ្នឹង​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​នៅ​ឡើយ​ទេ»

រោគ​សញ្ញា

លោក​វេជ្ជបណ្ឌិត ផូ សុធា មាន​ប្រសាសន៍​ថា រោគ​សញ្ញា​ទូទៅ​របស់​ជំងឺ​ផ្ដាសាយ​ថ្មី H7N9 គឺ​មាន​គ្រុន​ក្ដៅ ក្អក និង​ពិបាក​ដក​ដង្ហើម។ ភាគ​ច្រើន​នៃ​អ្នក​ជំងឺ​ដែល​ពិបាក​ដក​ដង្ហើម គឺ​បណ្ដាល​មក​ពី​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ។ លោក​បញ្ជាក់​ថា ករណី​អ្នក​ជំងឺ​មួយ​ចំនួន​តូច មាន​រោគ​សញ្ញា​ដូច​ផ្ដាសាយ​ដែរ ប៉ុន្តែ​អាច​ជា​សះ​ស្បើយ​វិញ​ដោយ​មិន​ចាំបាច់​ព្យាបាល។

វិធី​បង្ការ

ទាក់ទង​នឹង​ការ​បង្ការ​សម្រាប់​ជំងឺ​ផ្ដាសាយ​បក្សី H7N9 បច្ចុប្បន្ន​នេះ នៅ​មិន​ទាន់​មាន​ថ្នាំ​វ៉ាក់សាំង​សម្រាប់​ចាក់​បង្ការ​នៅ​ឡើយ​ទេ។ រីឯ​ថ្នាំ​សម្រាប់​ការ​ព្យាបាល​វិញ ក៏​រក​មិន​ទាន់​ឃើញ​ដែរ។ លោក​វេជ្ជបណ្ឌិត ផូ សុធា ថ្លែង​ថា ការ​ព្យាបាល​បច្ចុប្បន្ន គឺ​គ្រូពេទ្យ​នឹង​ព្យាបាល​តាម​រោគ​សញ្ញា។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា ថ្នាំ​តាមីហ៊្លូ (Tamiflu) សម្រាប់​ប្រឆាំង​មេរោគ​វីរុស គ្រុន​ផ្ដាសាយ​បក្សី​ចាស់ H5N1 អាច​មាន​ប្រសិទ្ធភាព​អាច​សម្លាប់​មេរោគ​វីរុស​ផ្ដាសាយ​បក្សី​ថ្មី H7N9 បាន។

លោក​វេជ្ជបណ្ឌិត​ណែនាំ​ថា វិធានការ​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ថ្មី H7N9 ដូច​គ្នា​នឹង​វិធានការ​ជំងឺ​ផ្ដាសាយ​បក្សី​ចាស់ H5N1 ដែរ គឺ​មនុស្ស​គ្រប់​រូប​ត្រូវ​រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ជាពិសេស​ការ​លាង​ដៃ។

ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​ថ្មី H7N9 នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៤ នេះ តួលេខ​ករណី​សរុប​ដែល​ត្រូវ​បាន​អះអាង​ពី​មន្ទីរ​ពិសោធន៍ គឺ​មាន​ចំនួន ៤៣៩​ករណី។ ក្នុង​នោះ ក្រៅ​ពី​នៅ​ប្រទេស​ចិន មាន ២​ករណី​នៅ​ទីក្រុង​តៃប៉ិ តៃវ៉ាន់ ១០​ករណី​នៅ​ហុងកុង និង​មួយ​ករណី នៅ​ម៉ាឡេស៊ី។

តាម​ទិន្នន័យ​ប្រចាំ​ខែ​ពី​គណៈកម្មាធិការ​ផែនការ​គ្រួសារ និង​សុខភាព នៃ​ប្រទេស​ចិន ដែល​គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៤ បង្ហាញ​ថា ក្នុង​ចំណោម ៤៣៩​ករណី មាន​អ្នក​ជំងឺ ១៥៦​នាក់ បាន​ស្លាប់។ តាម​ការ​វាយ​តម្លៃ ជំងឺ​ផ្ដាសាយ​បក្សី​ថ្មី H7N9 នៅ​តែ​មាន​ហានិភ័យ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។