វេជ្ជបណ្ឌិតឯកទេសមានប្រសាសន៍ថា ខណៈដែលគេមិនអាចបង្ការទាំងស្រុងមិនឲ្យកើតមហារីកប្រស្តេតនោះ គេក៏អាចមានវិធីសម្រាប់កាត់បន្ថយលទ្ធភាពឈានទៅរកគ្រោះថ្នាក់បានដែរ។
លោកវេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ នៅក្រុងឡងប៊ិក រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានប្រសាសន៍ថា ជាទូទៅបុរសកម្រចៀសផុតណាស់ ៖ «មានជំងឺខ្លះក្នុងខ្លួនយើង ដូចជារឿងលើសឈាម រឿងស្អីៗហ្នឹងឯង ដូចថា សឹងតែគេចមិនរួចពេលអាយុយើងច្រើនទៅ។ ក្មេងពេញវ័យគឺអត់មានបញ្ហាទេ ប៉ុន្តែដូចយើងអាយុច្រើន ជាពិសេសចាប់ពីអាយុ៥០ឆ្នាំទៅ បើមានសញ្ញាស្អីៗហើយ គឺយើងទៅជួបគ្រូពេទ្យ ហើយសួរថា តើមានមធ្យោបាយអីដើម្បីនឹងគេចវាង? គឺដូចខ្ញុំជម្រាបអម្បាញ់ម៉ិញ គ្រាន់តែថា ពន្យារពេល។ ពន្យារពេលឲ្យវាកើតបាន ដូចជាចំណីអាហារយើងញ៉ាំ ដូចជាបន្ថយជាតិខ្លាញ់ គឺខ្លាញ់។ ខ្ញុំស្រាវជ្រាវទៅ គឺខ្លាញ់ហ្នឹងវាទាក់ទងនឹងមហារីកទាក់ទងអីហ្នឹងច្រើន។ មហារីកប្រូស្តាតគឺមួយដែរចំណីអាហារដែលខ្លាញ់។ ពីព្រោះជនជាតិខ្លះក្នុងពិភពលោកយើងនេះ គេអត់សូវញ៉ាំខ្លាញ់ គេអត់កើតទេមហារីក។ បើនិយាយពីប្រូស្តាតរីក គឺខុសគ្នា។ មហារីកចំណីអាហារជួយមែនទែន គឺបន្ថយជាតិខ្លាញ់ គឺញ៉ាំបន្លែបន្លុកឲ្យច្រើន។ អារឿងប្រស្តេត អាយុយើងច្រើនគឺយើងកើតតែម្តង។ បន្លែបន្លុកស្រុកខ្មែរយើង ធ្វើឲ្យយើងនោមធូរ គឺញ៉ាំអាហ្នឹងទៅគឺជួយហើយ»។
មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺអាមេរិក CDC បានឲ្យដឹងថា ដើម្បីបង្ការមហារីកប្រស្តេតនោះ គឺបុរសត្រូវតែធ្វើតេស្តពិនិត្យប្រស្តេត (Prostate exam)។
ចំពោះលោកវេជ្ជបណ្ឌិត ឌូរ៉េដូ ប្រ៊ូកស៍ (Durado Brooks) ប្រធានផ្នែកមហារីកប្រស្តេតនិងមហារីកពោះវៀនធំនៃសង្គមជំងឺមហារីកអាមេរិកមានប្រសាសន៍ថា ការដែលអាចថា ជាការប្រសើរចំពោះបុរសនោះ គឺប្រហែលជាឱសថឈ្មោះ Finasteride (Proscar) ។ល។ ដែលបានបង្ហាញឲ្យឃើញថា អាចកាត់បន្ថយលទ្ធភាពឈានទៅរកគ្រោះថ្នាក់កើតមហារីកប្រស្តេត។
លោកវេជ្ជបណ្ឌិត Brooks បន្តថា ៖ "បុរសគប្បីយល់ថា ឱសថទាំងនេះមិនមែនសម្រាប់បញ្ចៀសគ្រោះថ្នាក់ទាំងស្រុងនោះទេ ក៏ប៉ុន្តែប្រសិនបុរសម្នាក់បារម្ភអំពីខ្លួនជួបគ្រោះថ្នាក់កើតមហារីកប្រស្តេត ពេលនោះបុរសនោះក៏ត្រូវតែដឹងថា មានឱសថមួយចំនួនមានប្រសិទ្ធភាពក្នុងការកាត់បន្ថយលទ្ធភាពគ្រោះថ្នាក់នោះដែរ "។
បច្ចុប្បន្ននេះអង្គការសង្គមជំងឺមហារីកអាមេរិក បានស្នើវេជ្ជបណ្ឌិតធ្វើតេស្តឈាមរកមើលកម្រិតសារធាតុ Prostate Specific Antigen (PSA) និងធ្វើការពិនិត្យផ្ទាល់ហៅថា Digital rectal exam ( DRE) ១ឆ្នាំ១ដងចំពោះអតិថិជនរបស់ខ្លួនដែលមានអាយុ៥០ឆ្នាំឡើងទៅ។ ចំពោះបុរសដែលស្ថិតក្នុងក្រុមគ្រោះថ្នាក់ ហើយដែលរួមមានបុរសជនជាតិស្បែកខ្មៅនិងបុរសដែលមានខ្សែលោហិតញាតិសន្តានជិត មានឪពុក បង-ប្អូនប្រុស ឬកូនប្រុស ធ្លាប់កើតមហារីកប្រស្តេតមុនអាយុ៦៥ឆ្នាំនោះ គឺត្រូវចាប់ផ្តើមធ្វើតេស្តពីអាយុ៤៥ឆ្នាំ។
ចំពោះបុរសដែលស្ថិតក្នុងក្រុមគ្រោះថ្នាក់ខ្លាំងដែលមានញាតិសន្តាន៣-៤នាក់ កើតមហារីកប្រស្តេតពេលអាយុនៅក្មេងនោះវិញ អង្គការសង្គមជំងឺមហារីកអាមេរិកស្នើឲ្យចាប់ផ្តើមធ្វើតេស្តនៅពេលអាយុ៤០ឆ្នាំ។
លោកវេជ្ជបណ្ឌិត ហ៊ឺប៊ឺត លីផរ៍ (Herbert Lepor) ប្រធានផ្នែកម៉ូត្រសាស្ត្រនិងជាសាស្ត្រាចារ្យមហាវិទ្យាល័យពេទ្យនាសកលវិទ្យាល័យញូវយ៉ក មានប្រសាសន៍ថា ៖ "ជាសំខាន់គឺគ្មានច្បាប់វិន័យណាដែលនៅនឹងថ្កល់ដូចគេចារនៅថ្មនោះឡើយ គឺបុរសទាំងអស់ត្រូវពិគ្រោះជាមួយគ្រូពេទ្យអំពីពេលណា រយៈពេលប៉ុន្មានត្រូវធ្វើតេស្ត ហើយបើក្នុងករណីសង្ស័យថា មានមហារីកនោះអ្នកជំងឺត្រូវពិភាក្សាដោយចំហអំពីវិធីព្យាបាល"។
លោកវេជ្ជបណ្ឌិត ម៉ៃខល ស្មីត (Michael W. Smith) បានសរសេរនៅក្នុងឯកសារ WebMD ថា ក្រៅពីកត្តាអាយុ ប្រវត្តិគ្រួសារ ជាតិសាសន៍ គឺនៅមានរបបអាហារនិងរបៀបរស់នៅទុយមុយមិនសកម្ម មិនស្វាហាប់ផងដែរ ដែលអាចជាកត្តានាំឈានទៅកើតមហារីកប្រស្តេត។ លោកថា របបអាហារដែលមានខ្លាញ់ច្រើនអាចបង្កើនគ្រោះថ្នាក់ ហើយនៅប្រទេសដែលនិយមបរិភោគសាច់និងអាហារផលិតពីទឹកដោះ បុរសច្រើនកើតមហារីកប្រស្តេត។
វេជ្ជបណ្ឌិត ម៉ៃខល ស្មីត បន្តថា របបអាហារមានដូចជាបន្លែ ដូចជាផ្កាខាត់ណា សណ្តែកបារាំង ផ្លែឈើនិងគ្រាប់ធញ្ញជាតិ អាចបន្ថយគ្រោះថ្នាក់កើតមហារីកប្រស្តេត។ អាហារនាំសុខភាពល្អនានា ដូចជា នំប៉័ង ធញ្ញជាតិ បាយ បបរ Pasta និងសណ្តែកក៏ល្អដែរ។ ទន្ទឹមនឹងនេះ បុរសអាចកាត់បន្ថយគ្រោះថ្នាក់កើតមហារីកប្រស្តេត ដោយធ្វើការហាត់ប្រាណទៀងទាត់និងរក្សាទម្ងន់ឲ្យនៅធម្មតាកុំឲ្យធាត់។ លើសពីនេះទៀត សារធាតុហៅថា Antioxidants អាចជួយបង្ការកុំឲ្យខូចកោសិការពន្ធុ ឬតំណពូជ ហើយជាលទ្ធផលក៏អាចបន្ថយគ្រោះថ្នាក់មហារីកប្រស្តេត។ ដោយឡែកសារធាតុ Lycopenes ជា Antioxidant មួយប្រភេទ ក៏ជាប់ទាក់ទងនឹងការកាត់បន្ថយគ្រោះថ្នាក់កើតមហារីកនោះដែរ។
តើបញ្ហាដែលបុរសប្រព្រឹត្តស្នេហាផ្លូវភេទញឹកញាប់ អាចនាំឈានដល់កើតមហារីកប្រស្តេតដែរឬទេ?
តបនឹងសំណួរនេះ លោកវេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ មានប្រសាសន៍ថា មិនមានទាក់ទងគ្នាទេ ៖ «អត់មានសោះ។ កន្លែងហ្នឹងឯងគឺថា អត់មានទេ។ យើងដេកច្រើន យើងដេកតិច អត់ដេកដូចលោកសង្ឃលោកអី ដូចអត់មានទាក់ទងរឿងហ្នឹង។ យើងដេកសោះ អត់ដេកសោះ ឬក៏ដេកច្រើន ដេកតិច បើថា ក្រែងវាអាចធូរស្រាលអី? អត់មានទាក់ទងរឿងហ្នឹងទេ»។
ការសិក្សាខ្លះបានឲ្យដឹងថា មហារីកប្រូស្តាតវាដុះដាលដោយសារអ័រម៉ូនម្យ៉ាងរបស់បុរសហៅថា Testosterone។ Testosterone ចេញពីពងស្វាសមនុស្សប្រុស។ កាលណាមានបរិមាណ Testosterone ក្នុងឈាមច្រើន វាបង្កឲ្យមានចំណង់ផ្លូវភេទច្រើន។
លោកវេជ្ជបណ្ឌិត ដូណាលដ៍ ទ្រុម្ភ (Donald Trump) នាយកវិទ្យាស្ថានមហារីក Roswell Park មានប្រសាសន៍ថា ៖ "Testosterone ហាក់ដូចជាកត្តាតម្រូវចំពោះមហារីកប្រស្តេត ក៏ប៉ុន្តែច្បាស់ណាស់ថា កត្តានេះមិនគ្រប់គ្រាន់ក្នុងការបង្កឲ្យកើតមហារីកប្រស្តេតនោះទេ ព្រោះថា បុរសរាល់រូប បុរសដែលមានសុខភាពល្អធម្មតា មានបរិមាណ Testosterone ច្រើនគួរសមនៅក្នុងឈាម ហើយប្រាកដណាស់ថា មិនមែនបុរសគ្រប់រូបសុទ្ធតែជួបមហារីកប្រស្តេតនោះឡើយ។ យើងគិតថា Testosterone អាចថា ជាជី ឬគ្រឿងចិញ្ចឹមដែលនាំឲ្យជាលិកាប្រស្តេតលូតលាស់ធម្មតា ហើយដែលសំខាន់ សម្រាប់ការលូតលាស់នៃមហារីកប្រស្តេត។ ក៏ប៉ុន្កែមិនទាន់មានទិន្នន័យណាបង្ហាញឲ្យឃើញច្បាស់ថា Testosterone ជាមូលហេតុផ្ទាល់នៃមហារីកប្រូស្តាតនោះទេ"។
សូមរំឭកថា ប្រស្តេតគឺជាក្រពេញមួយដែលស្ថិតនៅជុំវិញបំពង់បង្ហួរនោម វាស្ថិតនៅខាងក្រោមផ្លោកនោម ហើយនិងនៅចំពីមុខចុងពោះវៀនធំរបស់បុរស៕
