ការណែនាំលើកនេះធ្វើឡើងបន្ទាប់ពីរកឃើញថា មានករណីវិជ្ជមាននៃជំងឺផ្តាសាយ A(H1N1) នៅស្រុកខ្មែរក្នុងពេលដែលទូទាំងសកលលោកមានឆ្លងច្រើនម៉ឺនករណីហើយនោះ។
សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកបន្ទាប់ពីមានបញ្ហាឆ្លងជំងឺគ្រុនផ្តាសាយថ្មីនេះបានឲ្យដឹងថា ដើម្បីមានប្រសិទ្ធភាពក្នុងការការពារការឆ្លងវីរុសនោះ គឺក្រសួងបានណែនាំឲ្យមានការអនុវត្តអនាម័យផ្ទាល់ខ្លួនស្អាតជានិច្ច។
ជាមួយនេះលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលមានប្រសាសន៍ថា ៖ «ការអនុវត្តនូវវិធានអនាម័យខ្លួនប្រាណ សំខាន់ៗ៣ចំណុច ដូចជាទី១ ពេលដែលគាត់ក្អក ឬកណ្តាស់ សូមឲ្យយកអីខ្ទប់ យកក្រដាសខ្ទប់ ក្រដាសជូតមាត់ ខ្ទប់កុំឲ្យខ្ទាតដល់អ្នកដទៃ។ ទី២ គឺឧស្សាហ៍លាងដៃនឹងសាប៊ូ និងទី៣ កុំខាកស្តោះផ្តេសផ្តាស។ ហើយបើសិនជាបងប្អូនណាដែលគាត់មានការចេញរោគសញ្ញាផ្តាសាយ ដូចជា គ្រុនក្តៅលើសពី ៣៨អង្សា មានហត់ល្ហិតល្ហៃ ក្អក ឬមួយឈឺក គឺសូមឲ្យគិតថា តើគាត់បានប៉ះពាល់ជាមួយអ្នកដែលបានបញ្ជាក់ថាមានជំងឺផ្តាសាយថ្មី ឬមួយក៏ទើបតែនឹងអញ្ជើញមកពីប្រទេសដែលកំពុងរាតត្បាត»។
ឆ្លៀតឱកាសនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញឲ្យទប់ស្កាត់ជំងឺថ្មីនេះកុំឲ្យវារីក ៖ «ក្រសួងសុខាភិបាល ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធដទៃទៀត ធ្វើចលនាបន្ត បន្តចលនា។ យើងចាប់ផ្តើមមានពីថ្ងៃនេះ ខិតខំទប់ស្កាត់កុំឲ្យវារីក និងខិតខំព្យាបាលអ្នកដែលមានរោគសញ្ញានេះឲ្យជាសះស្បើយៗ។ ហើយធ្វើសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដូចជា វៀតណាម, ឡាវ, ថៃ ដើម្បីរួមគ្នាទប់ស្កាត់កុំឲ្យរីករាលដាលនៅតាមតំបន់ព្រំដែន ជាមួយនឹងប្រទេសជិតខាងរបស់យើង»។
កាលពីថ្ងៃទី ២៣ មិថុនា ២០០៩ មជ្ឈមណ្ឌលជាតិកម្ពុជាសម្រាប់ជំងឺផ្តាសាយបានបញ្ជាក់ថា មានករណីវិជ្ជមាននៃជំងឺផ្តាសាយ A(H1N1) មួយករណីជាលើកដំបូងនៅប្រទេសកម្ពុជា។ មកទល់ថ្ងៃ ២៨ មិថុនា គឺមានឆ្លងសរុប ៦ករណីហើយ។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការមកដល់ជាយថាហេតុនៃវីរុសនេះ គឺត្រូវបានគេរំពឹងទុករួចមកហើយ នៅពេលដែលវីរុសនេះកំពុងតែចរាចរជាសកលនោះ។ លោកថាកម្ពុជាមានវិធានការទប់ស្កាត់ប្រកបដោយសុវត្ថិភាព។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង មានប្រសាសន៍ដូច្នេះ ៖ «ភាគច្រើនជាស្ត្រី ហើយមានបុរសម្នាក់ដែលជានិស្សិតក្រុមយុវនិស្សិតអាមេរិក ដែលជាជនជាតិអាមេរិក អញ្ជើញមកពីរដ្ឋ Kansas។ ជំងឺនេះ គឺថាយើងអាចធ្វើឲ្យមានវិធានការដែលមានប្រសិទ្ធភាពបង្គួរ ដើម្បីការពារខ្លួនយើងនិងសហគមន៍ គឺការធ្វើអនាម័យ»។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលមានប្រសាសន៍ទៀតថា ថ្វីត្បិតតែមានឆ្លងច្រើនករណីទូទាំងសកលលោកក្តី ក៏សភាពជំងឺនេះមិនទាន់ឈានដល់កម្រិតធ្ងន់ធ្ងរនៅឡើយទេ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា ៖ «ជំងឺនេះ តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ថាជាជំងឺមួយដែលមិនមែនមានធ្ងន់ធ្ងរទេ ហើយភាគតិចណាស់ដែលវិវឌ្ឍទៅសភាពធ្ងន់ធ្ងរ ដោយសារតែអ្នកជំងឺហ្នឹង បើសិនជាមានជំងឺរ៉ាំរ៉ៃដទៃទៀត វាអាចវិវឌ្ឍធ្ងន់ធ្ងរ តែភាគច្រើនគឺពុំមានវិវឌ្ឍទៅធ្ងន់ធ្ងរទេ»។
កន្លងមកក៏ដូចបច្ចុប្បន្ន បន្ទាប់ពីមានបញ្ហាឆ្លងជំងឺគ្រុនផ្តាសាយថ្មីនេះ នៅប្រទេសនានាលើសកលលោក នៅកម្ពុជាមានអ្នកស្រុកអ្នកភូមិជាច្រើនដែរសម្ដែងការបារម្ភនឹងជំងឺដែលមុននេះគេហៅថា ផ្តាសាយជ្រូក។ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវសូមពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្ន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដូច្នេះថា ៖ «ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ អំពាវនាវចំពោះប្រជាពលរដ្ឋទូទៅឲ្យមានការប្រុងប្រយ័ត្ន ដូចដែលធ្លាប់និយាយនៅទីនេះ ពេលដែលចាប់ផ្តើមមានករណីដំបូងនៅលើពិភពលោក ប្រទេសច្រើនហើយដែលកើតមុនយើង ក៏ប៉ុន្តែយើងចាប់ផ្តើមមានថ្មីហើយ យើងមិនអាចលាក់ព័ត៌មាននោះទេ ត្រូវមានតម្លាភាពក្នុងព័ត៌មានដែលយើងបានសហការគ្នាក្នុងដៃគូអាស៊ាន ក៏ដូចជាដៃគូអន្តរជាតិដទៃទៀត។ អំពាវនាវប្រជាពលរដ្ឋយើងមានការប្រុងប្រយ័ត្នៗ»។
កាលពីថ្ងៃ ១១ មិថុនា ២០០៩ អង្គការសុខភាពពិភពលោកបានប្រកាសថា ពិភពលោកចូលដល់ដំណាក់កាលដំបូងនៃការរាលដាលឆ្លងទ្វីបហើយ។ ហើយអង្គការកំពុងពិនិត្យតាមដានយ៉ាងប្រុងប្រយ័ត្នបំផុតនូវការឆ្លងរាលដាលនៃមេរោគគ្រុនផ្តាសាយថ្មី A(H1N1)នេះ។
ក្នុងពេលដែលពុំទាន់មានវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយថ្មី A(H1N1) នៅឡើយនោះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានធ្វើសំណូមពរចំពោះពលរដ្ឋខ្មែរថា ៖ «ខ្ញុំនៅតែសុំឲ្យប្រជាពលរដ្ឋហ្នឹងធ្វើការតាមដានអំពីព័ត៌មានដែលផ្សព្វផ្សាយដោយក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលនឹងខិតខំធ្វើការផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋអំពីដំណើរនៃជំងឺនេះ។ ហើយសូមឲ្យប្រជាពលរដ្ឋកុំឲ្យមានការព្រួយបារម្ភ។ ជំងឺនេះជាជំងឺមួយដែលស្រាល គឺថាវាកើតមានដូចហ្នឹង ប្រហាក់ប្រហែលនឹងជំងឺផ្តាសាយដទៃទៀតទេ។ ដូច្នេះដើម្បីបង្ការការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ហ្នឹង គឺថាការអនុវត្តនូវអនាម័យខ្លួនប្រាណជាមូលដ្ឋាន គឺអាចបង្ការជំងឺនេះហើយ ដូចជាអ្នកដែលឈឺហ្នឹង គឺធ្វើយ៉ាងម៉េចបង្ការយ៉ាងម៉េចកុំឲ្យឆ្លងទៅអ្នកដទៃ ដូចជាការពាក់ម៉ាស់ការពារខ្លួន ឬមួយក៏ឧស្សាហ៍លាងដៃ ហើយអ្នកដែលមិនឈឺ គឺសូមឲ្យ បើសិនជាកន្លែងណាមួយមានអ្នកផ្តាសាយ ឬអ្វីហ្នឹង គឺថាសូមឲ្យនៅគេចឆ្ងាយពីគាត់ ពីព្រោះយើងអត់ដឹងថា តើផ្តាសាយហ្នឹងជាផ្តាសាយធម្មតា ឬក៏ជាផ្តាសាយថ្មីដែលទើបនឹងកើតទេ»។
គួររំឭកថា ជំងឺគ្រុនផ្តាសាយថ្មីនេះបានកើតឡើងដំបូងនៅប្រទេសម៉ិកស៊ិកូ៕
