WHO ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​រាល​ដាល​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​A(H1N1)

ស្ថិតិ​ចុង​ក្រោយ​បង្អស់​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ឲ្យ​ដឹង​ថា មក​ទល់​ថ្ងៃ ១៩ មិថុនា អ្នក​ឆ្លង​គ្រុន​ផ្តាសាយ​ថ្មី មាន ៤៤.២៨៧​នាក់ ក្នុង​នេះ​ស្លាប់ ១៨០​នាក់ ក៏​ប៉ុន្តែ​នៅ​កម្ពុជា ពុំ​ទាន់​មាន​ឆ្លង​គ្រុន​ផ្តាសាយ​ថ្មី A(H1N1)​នៅ​ឡើយ​ទេ។

0:00 / 0:00

ហេតុអ្វី​បាន​ជា​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ដំឡើង​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន អំពី​ការ​រាល​ដាល​ឆ្លង​ទ្វីប​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​ពី​កម្រិត ៥ ដល់​កម្រិត ៦ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​នោះ?

កាល​ពី​ថ្ងៃ ១១ ខែ​មិថុនា ២០០៩ លោកស្រី ម៉ាហ្ការេត ឆង់ (Margaret Chan) អគ្គ​នាយិកា​នៃ​អង្គការ​សុខភាព​ពិភព​លោក​បាន​ប្រកាស​ថា ពិភព​លោក​ចូល​ដល់​ដំណាក់​កាល​ដំបូង​នៃ​ការ​រាល​ដាល​ឆ្លង​ទ្វីប​ហើយ ហើយ​យើង​កំពុង​ពិនិត្យ​តាម​ដាន​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត​នូវ​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​គ្រុន​ផ្តាសាយ A(H1N1) នេះ។

ចំពោះ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គ្រុន​ផ្តាសាយ A(H1N1) លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ថា យោង​តាម​ការ​ជាក់​ស្តែង ភាគ​ច្រើន​នៃ​អ្នក​ជំងឺ គឺ​មាន​កម្រិត​មធ្យម ហើយ​ភាគ​ច្រើន​និង​ជា​ញឹក​ញាប់​នោះ អ្នក​ជំងឺ​បាន​ជា​សះ​ស្បើយ​ដោយ​មិន​ចាំ​បាច់​សម្រាក​ពេទ្យ ឬ ទទួល​ការ​ថែទាំ​វេជ្ជសាស្ត្រ​ផង​ទេ។

ទូទាំង​សកល​លោក​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​ទាប។ ចំពោះ​អ្នក​ឆ្លង​វិញ ស្ទើរ​តែ​នៅ​គ្រប់​តំបន់ គឺ​កើត​ចំពោះ​មនុស្ស​វ័យ​ជំទង់ អាយុ​ក្រោម ២៥​ឆ្នាំ ដោយ​រួម​ទាំង​អ្នក​ដែល​មាន​សុខភាព​ល្អ​ពី​មុន​មក និង​អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ឬ ស្ត្រី​មាន​ផ្ទៃ​ពោះ។ លោកស្រី​អគ្គ​នាយិកា​អង្គការ​សុខភាព​ពិភព​លោក​បន្ត​ថា នៅ​ក្នុង​ប្រទេស​ខ្លះៗ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ឆ្លង​ជំងឺ​នេះ មាន​ករណី​ប្រមាណ ២% ធ្ងន់ធ្ងរ ហើយ​ច្រើន​តែ​មាន​ការ​វិវឌ្ឍ​យ៉ាង​លឿន​ទៅ​ដល់​ការ​រលាក​សួត ដែល​គំរាម​កំហែង​ដល់​ជីវិត។

រី​ឯ​ករណី​ធ្ងន់ធ្ងរ​និង​ដល់​ស្លាប់​វិញ ភាគ​ច្រើន​ជា​មនុស្ស​ធំ​ពេញ​វ័យ អាយុ​ចន្លោះ ៣០​ឆ្នាំ និង ៥០​ឆ្នាំ។ លោកស្រី​វេជ្ជបណ្ឌិត​ក៏​បញ្ជាក់​ដែរ​ថា តាម​ទំនង លំនាំ​នេះ​គឺ​ខុស​ច្រើន​ណាស់​ពី​អ្វី​ដែល​គេ​បាន​ឃើញ​បាន​ជួប​ប្រទះ ក្នុង​ពេល​មាន​ការ​ឆ្លង​គ្រុន​ផ្តាសាយ​ធម្មតា ឬ ផ្តាសាយ​តាម​រដូវ​ដែល​អ្នក​ស្លាប់​ភាគ​ច្រើន​គឺ​ជា​មនុស្ស​វ័យ​ចាស់​នោះ។ ប៉ុន្តែ​ករណី​ដែល​ធ្ងន់ធ្ងរ​ជា​ច្រើន មិន​មែន​ទាំង​អស់​នោះ​ឡើយ កើត​មាន​ចំពោះ​អ្នក​ដែល​ស្ថិត​ក្រោម​លក្ខខណ្ឌ​រ៉ាំរ៉ៃ។

យោង​តាម​ទិន្នន័យ​ដំបូង​និង​មិន​ទាន់​ពេញ​លេញ លក្ខខណ្ឌ​ដែល​ឃើញ​ជា​ញឹក​ញាប់​នោះ រួម​មាន​ជំងឺ​ទាក់​ទង​ផ្លូវ​ដង្ហើម ជា​ពិសេស​អ្នក​ជំងឺ​ហឺត អ្នក​ជំងឺ​ទាក់​ទង​នឹង​សរសៃ​ឈាម​ក្នុង​បេះ​ដូង អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​ជំងឺ​ខ្សោយ​និង​អ្នក​ធាត់​ពេក។ ជាមួយ​នោះ​ដែរ លោកស្រី​វេជ្ជបណ្ឌិត​ក៏​បាន​កត់​សម្គាល់​ជា​សំខាន់​ថា ចំនួន​ប្រមាណ ១​ភាគ​៣ ទៅ​ចំនួន​ពាក់​កណ្តាល​នៃ​ករណី​ឆ្លង​ធ្ងន់ធ្ងរ​និង​ដល់​ស្លាប់ កើត​ចំពោះ​មនុស្ស​វ័យ​ជំទង់​និង​វ័យ​កណ្តាល។

នៅ​ប្រទេស​កម្ពុជា លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​ថា រហូត​ដល់​ថ្ងៃ ១៨ មិថុនា ២០០៩ មិន​ទាន់​មាន​ករណី​ជំងឺ​គ្រុន​ផ្តាសាយ A(H1N1) នៅ​កម្ពុជា នៅ​ឡើយ​ទេ។ លោក​ថា ដោយ​ផ្អែក​លើ​ការ​បន្ត​រាល​ដាល​ជំងឺ​ឆ្លង​ទ្វីប ក្រសួង​សុខាភិបាល​កម្ពុជា នឹង​ពង្រីក​ការ​អនុវត្ត​ផែន​ការ​ជាតិ ឆ្លើយ​តប​ទៅ​នឹង​ការ​រាត​ត្បាត​ជា​សកល​នៃ​ជំងឺ​ផ្តាសាយ និង​កំពុង​រៀបចំ​យ៉ាង​សកម្ម​នូវ​គោលការណ៍​ណែនាំ​សម្រាប់​បុគ្គលិក​សុខាភិបាល ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​សុខភាព​ពិភព​លោក។

ចំពោះ​ប្រព័ន្ធ​តាម​ដាន​ជំងឺ ទាំង​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ និង​នៅ​មន្ទីរ​ពេទ្យ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់​ថា ៖ «ពង្រឹង​ប្រព័ន្ធ​តាម​ដាន​ករណី​ជំងឺ​ផ្លូវ​ដង្ហើម តាម​ដាន​វីរុស​សាស្ត្រ និង​តាម​ដាន​ប្រជាជន​ដែល​គាត់​ធ្វើ​ដំណើរ​ពី​ប្រទេស​អន្តរជាតិ ជា​ពិសេស​គឺ​តាម​ច្រក​ព្រំដែន​អន្តរជាតិ។ យើង​នៅ​តែ​បន្ត​ពព្រឹង​ការងារ​ហ្នឹង ប្រព័ន្ធ​តាម​ដាន​វីរុស​សាស្ត្រ មន្ទីរ​ពេទ្យ​ខេត្ត​ក្រុង​ចំនួន​៦ ហើយ​និង​យើង​តាម​ដាន​គ្រប់​ករណី​ដែល​កើត​មាន​តាម​ព្រំដែន​ដែល​អ្នក​ដំណើរ​មក​ហ្នឹង»

លោក​បន្ត​ថា មិន​តែ​ប៉ុណ្ណោះ រាល់​កន្លែង​ណា​ក៏ដោយ​ឲ្យ​តែ​មាន​កើន​ឡើង​ករណី​ផ្តាសាយ​ខុស​ធម្មតា យើង​បញ្ជូន​មន្ត្រី​ក្រុម​ឆ្លើយ​តប​ជា​បន្ទាន់​ដើម្បី​ធ្វើ​ការ​អង្កេត​ស្រាវជ្រាវ និង​យក​វត្ថុ​វិភាគ​មក​មើល ក៏​ប៉ុន្តែ​កន្លង​មក​យើង​បាន​យក​វត្ថុ​វិភាគ​មក​មើល​ដែរ ប៉ុន្តែ​សុទ្ធ​តែ​អវិជ្ជមាន​ជំងឺ​ផ្តាសាយ​ថ្មី​ហ្នឹង។

ស្តីពី​បញ្ហា​ប្រសិទ្ធភាព​របស់​ម៉ាស៊ីន​ស្គែន ដែល​ដាក់​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ការ​ត្រួត​ពិនិត្យ​កម្ដៅ​អ្នក​ជំងឺ​នោះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​តាម​ដាន​ប៉ុណ្ណោះ ៖ «យើង​មិន​អាច​ពឹង​តែ​ទៅ​លើ​ម៉ាស៊ីន​ស្គែន​ទេ។ តាម​ពិត​វិធី​ស្គែន​ជា​ទិដ្ឋភាព​មួយ​នៃ​អ្នក​ដំណើរ​ដែល​ចូល​ប្រទេស​យើង ដល់​ពេល​គាត់​ចេញ​រោគ​សញ្ញា​ទៅ យើង​អាច​រក​ឃើញ ពីព្រោះ​ថា​ប្រដាប់​នោះ​អាច​រក​ឃើញ​តែ​កម្ដៅ​គ្រុន​ក្តៅ​ទេ»

លោក​បន្ត​ថា តែ​បើ​ក្នុង​ករណី​គាត់​ចូល​មក គាត់​អត់​មាន​ទេ គឺ​មាន​ក្រដាស​បែប​បទ​ដែល​ក្រុម​មន្ត្រី​ចត្តាឡីស​ឲ្យ​អ្នក​ដំណើរ​បំពេញ​នូវ​ព័ត៌មាន​ទំនាក់​ទំនង​អាសយដ្ឋាន ឬ​ក៏​លេខ​ទូរស័ព្ទ ទុក​ឲ្យ​មន្ត្រី​ចត្តាឡីស ហើយ​យើង​បាន​ចែក​ជូន​គាត់​វិញ​នូវ​ព័ត៌មាន​ពី​ជំងឺ​ហ្នឹង ហើយ​និង​ទូរស័ព្ទ​ទាក់​ទង​ផង។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ដែល​ចេញ​ផ្សាយ​ភ្លាមៗ បន្ទាប់​ពី​អង្គការ​សុខភាព​ពិភព​លោក​បាន​ប្រកាស​តម្លើង​ការ​រាល​ដាល​ឆ្លង​ទ្វីប​ដល់​កម្រិត ៦ ឲ្យ​ដឹង​ថា មេរោគ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) ជា​មេរោគ​ថ្មី​មួយ ហើយ​ក៏​នៅ​មាន​ព័ត៌មាន​ជាច្រើន​ទៀត​ដែល​យើង​មិន​ទាន់​ដឹង។

ក្នុង​ខណៈ​ដែល​កម្ពុជា​ពុំ​ទាន់​មាន​ឆ្លង​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) ក្រសួង​សុខាភិបាល​បាន​ណែនាំ​ថា ដើម្បី​ការពារ​ខ្លួន​ឯង​និង​ការពារ​អ្នក​ដទៃ ៖ «ទី​១ ចំពោះ​អ្នក​ដែល​ជា គី​ថា យើង​គួរ​តែ​ឧស្សាហ៍​លាង​ដៃ​នឹង​សាប៊ូ បើ​សិន​ជា​សង្ស័យ​ថា​យើង​មាន​ការ​ប៉ះពាល់​ជាមួយ​អ្នក​ដែល​ផ្តាសាយ​ធម្មតា ឬ​មួយ​អ្វី។ ចំពោះ​អ្នក​ជំងឺ​វិញ ដែល​គាត់​ក្អក ឬ​កណ្តាស់ គឺ​គាត់​គួរ​តែ​ប្រើ​នូវ​ក្រដាស​ដើម្បី​ខ្ទប់​មាត់ ឬ​មួយ​ខ្ទប់​ច្រមុះ​គាត់​ហ្នឹង​ជូត ហើយ​យក​ទៅ​គ្រវាត់​ចោល​ឲ្យ​បាន​សម​ស្រប។ ហើយ​បើ​សិន​គ្មាន​ទេ យើង​អាច​ក្អក កណ្តាស់​ដាក់ ធម្មតា​យើង​ច្រើន​តែ​ពេល​កណ្តាស់ ក្អក យក​ដៃ​យើង​ខ្ទប់​មាត់ គួរ​តែ​យើង​ផ្លាស់​ប្តូរ​ឥរិយាបថ​ហ្នឹង ដោយ​ពេល​ដែល​ក្អក​ហ្នឹង គឺ​យក​កែង​ដៃ យក​មក​ខ្ទប់​ក្អក​វិញ ដើម្បី​ឲ្យ​ក្អក​ហ្នឹង​ជាប់​នៅ​លើ​កែង​ដៃ វា​មិន​ចម្លង»

ចំពោះ​អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​សញ្ញា​ក្តៅ​ខ្លួន​លើស​ពី ៣៨​អង្សាសេ គួរ​នៅ​ផ្ទះ ចៀស​វាង​ទី​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ។

សេចក្តី​ថ្លែង​ការណ៍​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ថ្មី A(H1N1) នេះ​នៅ​ឡើយ​ទេ និង​អ្នក​ជំងឺ​ភាគ​ច្រើន​ក៏​ពុំ​ចាំ​បាច់​ត្រូវ​ការ​ថ្នាំ​ប្រឆាំង​នឹង​វីរុស​ដែរ។ ហើយ​ការ​ព្យាបាល​រួម​មាន​ពិសា​វត្ថុ​រាវ​ឲ្យ​បាន​ច្រើន សម្រាក​និង​លេប​ថ្នាំ​ប៉ារ៉ាសេតាម៉ុល។ អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​បញ្ហា​ផ្លូវ​ដង្ហើម គួរ​តែ​រាយការណ៍​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​ដើម្បី​ទទួល​បាន​នូវ​ដំបូន្មាន​បន្ថែម៕