អ្នក​ជំនាញ៖ កាំរស្មី​ចេញ​ពី​ទូរស័ព្ទ​ដៃ អាច​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ក្បាល

អង្គការ​សុខភាព​ពិភព​លោក និង​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចំនួន ៣១ នាក់​ពី​ប្រទេស​ចំនួន ១៤ បាន​ប្រកាស​កាល​ពី​ពេល​ថ្មី​នេះ​ថា ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​មហារីក។

0:00 / 0:00

ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ អាច​នាំ​ឲ្យ​អ្នក​ប្រើប្រាស់​កើត​ជំងឺ​មហារីក។ ការ​អះអាង​នេះ បាន​ធ្វើ​ឡើង ក្នុង​សេចក្ដីប្រកាស​រួម​មួយ ក្រោយ​ពេល​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចំនួន ៣១ នាក់ មក​ពី​ប្រទេស​ចំនួន ១៤ បាន​មក​ជួប​ពិភាក្សា​គ្នា អស់​រយៈ​ពេល ៨ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់ ៣១ ខែ​ឧសភា ឆ្នាំ ២០១១ កន្លង​មក​នេះ នៅ​ក្រុង Lyons ប្រទេស​បារាំង។

ក្នុង​ការ​ជួប​ប្រជុំ​គ្នា​នោះ ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​បង្ហាញ​នូវ​របាយការណ៍​ស្រាវជ្រាវ​ពី​ប្រទេស​ខ្លួន អំពី​គ្រោះថ្នាក់​ចំពោះ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ដែល​គេ​បាន​រក​ឃើញ​ភស្តុតាង​នៃ​ការ​ជាប់​ទាក់ទិន​គ្នា រវាង​រលក​កាំរស្មី​ចេញ​ពី​ទូរស័ព្ទ​ដៃ (electriomagnetic Radiation) និង​ដុំ​សាច់​ដុះ​នៅ​ក្នុង​ខួរក្បាល។

រលក​កាំរស្មី​ចេញ​ពី​ទូរស័ព្ទ​ដៃ អាច​ជ្រាប ឬ​ទម្លុះ​ចូល​ផ្នែក​ខ្លះ​នៃ​រូប​រាងកាយ ដែល​នៅ​ជិត​បំផុត ហើយ​ទៅ​បំផ្លាញ​កោសិកា ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​មហារីក។ ចំពោះ​កូន​ក្មេង​វិញ គឺ​រឹតតែ​ប្រថុយប្រថាន​កាន់​តែ​ខ្លាំង​ឡើង។

លោក ឃេទ អិល ប្ល៊ែក (Keith L. Black) វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​វះកាត់​ដុំ​សាច់ ក្នុង​ខួរ​ក្បាល​ដល់​អ្នក​ជំងឺ​រាប់​រយ​នាក់ ក្នុង​មួយ​ឆ្នាំៗ នៅ​សហរដ្ឋ​អាមេរិក ធ្លាប់​មាន​ប្រសាសន៍ ប្រាប់​ស្ថានីយ​ទូរទស្សន៍ ស៊ី. អិន. អិន (CNN) ថា តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ គេ​បាន​រក​ឃើញ​ថា ការ​ប៉ះពាល់​ដោយ​ផ្ទាល់​រយៈ​ពេល​យូរ​នឹង​រលក​កាំរស្មី ដែល​ចេញ​ពី​ទូរស័ព្ទ​ដៃ អាច​នឹង​បណ្ដាល​ឲ្យ​កើត​ជំងឺ​ដុំ​សាច់​ដុះ​ក្នុង​ខួរ​ក្បាល។

លោក ឃេទ អិល ប្ល៊ែក ៖ «ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ ក្រោយ​ពី​បាន​រក​ឃើញ​នូវ​ការ​ជាប់​ទាក់ទង​គ្នា​នេះ។ នៅ​កន្លែង​ជិត​ខួរ​ក្បាល ដែល​អ្នក​ប្រើ​ទូរស័ព្ទ​ដៃ គេ​សង្កេត​ឃើញ​មាន​កើត​ដុំ​ខួរ​ក្បាល។ ខ្សែ​អង់តែន​ទូរស័ព្ទ គឺ​ជា​ប្រភព​ដែល​បង្កើត​ឋាមពល​កាំរស្មី​កម្ដៅ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព ប្រសិន​បើ​ប៉ះពាល់​រយៈ​ពេល​យូរ។ ដើម្បី​ឲ្យ​មាន​សុវត្ថិភាព​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ គួរ​ប្រើ​ឧបករណ៍​ខ្សែ​កាស​ស្ដាប់​ដោត​ភ្ជាប់​បន្ត​ ទៅ​នឹង​ទូរស័ព្ទ»។

ក្នុង​សេចក្ដីប្រកាស​របស់​អង្គការ​សុខភាព​ពិភព​លោក និង​ក្រុម​អ្នក​វិទ្យាសាស្ត្រ ចំនួន ៣១ នាក់ ពី​ប្រទេស​ចំនួន ១៤ ប្រទេស ក៏​បាន​ផ្ដល់​ដំបូន្មាន​ថា ដើម្បី​កាត់ បន្ថយ​ចំពោះ​គ្រោះថ្នាក់ បណ្ដាល​មក​ពី​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​នៃ​រលក​កាំរស្មី​ចេញ​ពី​ទូរស័ព្ទ​ដៃ អ្នក​ប្រើប្រាស់​គួរ​អនុវត្ត​តាម​ប្រការ​សំខាន់ៗ ៤ ចំណុច គឺ៖

ទី​១ គួរ​ប្រើប្រាស់​ឲ្យ​បាន​ច្រើន​នូវ​ការ​សរសេរ​បញ្ជូន​សារ​តាម​ទូរស័ព្ទ​ដៃ ហើយ​កាត់​បន្ថយ​ការ​និយាយ​គ្នា​តាម​ទូរស័ព្ទ។ ការ​ដាក់​ទូរស័ព្ទ​និយាយ​នូវ​ចម្ងាយ ៦ inches ស្មើ​នឹង​ចម្ងាយ ១៥,២៤ សង់ទីម៉ែត្រ​ពី​ត្រចៀក អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​បាន ៩៧%។

ទី​២ ពេល​និយាយ​តាម​ទូរស័ព្ទ ត្រូវ​បើក​ប្រដាប់​បំពង​សំឡេង ឬ​ស្ពីកឃើរ (Speaker) ជំនួស​ការ​ដាក់​ទូរស័ព្ទ​ជាប់​ផ្ទាល់​នឹង​ត្រចៀក។

ទី​៣ ប្រសិន​បើ​ពុំ​អាច​ប្រើ​ប្រដាប់​បំពង​សំឡេង​បាន​ទេ គេ​គួរ​តែ​ប្រើ​ឧបករណ៍​ខ្សែ​កាស​ស្ដាប់​ដោត​ជាប់​បន្ត​ទៅ​នឹង​ទូរស័ព្ទ​ដៃ។

និង​ទី​៤ គឺ​កុំ​ដាក់​ទូរស័ព្ទ​នៅ​ក្នុង​ហោប៉ៅ​អាវ ឬ​ខោ ដែល​ជាប់​ក្នុង​ខ្លួន។

បច្ចុប្បន្ន​នេះ មាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ចំនួន ៤ ពាន់​លាន​នាក់ នៅ​ក្នុង​ពិភព លោក៕