ក៏ប៉ុន្តែទោះជាត្រូវចំណាយលុយច្រើនដូច្នេះក្ដី ក៏មានអ្នកជំងឺកម្ពុជា ច្រើនបង្គួរដែរ បានសម្រេចចិត្តចេញទៅស្វែងរកសេវាព្យាបាលជំងឺរបស់ខ្លួន នៅមន្ទីរតាមប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម ថៃ សិង្ហបុរី និងប្រទេសម៉ាឡេស៊ីជាដើម។
បញ្ហាចេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យក្រៅប្រទេសនេះ នៅតែជាចំណោទបញ្ហាជជែកដេញដោលគ្នា ទាំងក្នុងមជ្ឈដ្ឋានគ្រូពេទ្យ និងក្នុងចំណោមពលរដ្ឋកម្ពុជា។
អ្នកជំងឺទទួលសេវាព្យាបាល និងថែទាំសុខភាពនៅប្រទេសកម្ពុជា មួយចំនួន បានត្អូញត្អែរអំពីបញ្ហាគុណភាពរបស់គ្រូពេទ្យខ្មែរ។ បញ្ហាគុណភាព និងបច្ចេកទេសនៅមានកម្រិតទាប ត្រូវបានគេមើលឃើញថា ជាមូលហេតុមួយដែលជំរុញឱ្យអ្នកជំងឺជ្រើសរើសយកសេវាព្យាបាល និងថែទាំសុខភាពនៅក្រៅប្រទេសជាជំនួសវិញ។
សាច់ញាតិ/បងប្រុសរបស់អ្នកជំងឺមួយរូប គឺលោក ឡុង ពិសាខ តែងយកប្អូនរបស់គាត់ទៅព្យាបាលនៅប្រទេសវៀតណាម ជាញឹកញាប់។ លោកថ្លែងថា មូលហេតុដែលលោកនាំប្អូនទៅព្យាបាលជំងឺនៅប្រទេសវៀតណាម ក៏ព្រោះតែលោកទុកចិត្តលើសមត្ថភាពគ្រូពេទ្យវៀតណាមជាង ចំពោះជំងឺរបស់ប្អូនលោក។ ម្យ៉ាងទៀត លោកបាត់ជំនឿការវិនិច្ឆ័យរបស់គ្រូពេទ្យខ្មែរ។
ទាក់ទងនឹងបញ្ហានេះ នៅក្នុងសន្និបាតសមាគមគ្រូពេទ្យខាងត្រចៀក ច្រមុះ និងបំពង់ក កាលពីខែកញ្ញា កន្លងទៅ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក តែ គុយស៊ាង មានប្រសាសន៍ថា គ្រូពេទ្យនៅប្រទេសកម្ពុជា បច្ចុប្បន្ន មានសមត្ថភាពដូចគ្រូពេទ្យក្រៅប្រទេសដែរ។ ក៏ប៉ុន្តែលោកយល់ឃើញបញ្ហាមួយថា ប្រការដែលអ្នកជំងឺជ្រើសរើសយកការព្យាបាលជំងឺ និងថែទាំសុខភាពនៅក្រៅប្រទេស គឺបណ្ដាលមកពីកង្វះខាតការផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹងអំពីការរីកចម្រើនខាងវិស័យសុខាភិបាលនៅកម្ពុជា។
ម្យ៉ាងវិញទៀត ការមិនបានផ្សព្វផ្សាយឱ្យពលរដ្ឋកម្ពុជា បានយល់ដឹងអំពីសមត្ថភាពរបស់គ្រូពេទ្យកម្ពុជា ហើយការចុះខ្សោយខាងសីលធម៌ផងនោះ ធ្វើឱ្យអ្នកជំងឺបាត់បង់ជំនឿលើគ្រូពេទ្យ ក៏ជាកត្តាធ្វើឱ្យអ្នកជំងឺហូរចេញទៅព្យាបាលនៅក្រៅប្រទេសដែរ។
ទាក់ទងនឹងបញ្ហានេះដែរ មានអ្នកទទួលសេវាព្យាបាល និងថែទាំសុខភាពជាច្រើននាក់ បានត្អូញត្អែរអំពីបញ្ហាអសីលធម៌គ្រូពេទ្យក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។ អ្នកជំងឺខ្លះថ្លែងថា គ្រូពេទ្យខ្មែរមួយចំនួនធំ មិនបានយកចិត្តទុកដាក់ផ្ដល់សេវាថែទាំ និងព្យាបាលសុខភាព ដើម្បីសង្គ្រោះជីវិតអ្នកជំងឺជាសំខាន់ទេ គឺពួកគាត់គិតតែរៀងលុយកាក់ ឬប្រយោជន៍ផ្សេងៗ ទៀតជាសំខាន់ជាង។
ជាក់ស្ដែងនៅក្នុងរយៈពេលជាងមួយខែកន្លងមកនេះ យ៉ាងហោចណាស់មានអ្នកជំងឺចំនួន ២ ករណីហើយ ដែលបានស្លាប់ ព្រោះតែគ្រូពេទ្យខ្មែរធ្វេសប្រហែស ឬមិនយកចិត្តទុកដាក់ជួយសង្គ្រោះជីវិតពួកគាត់។ ករណីទី ១ នៅចុងខែតុលា មានស្ត្រីសម្រាល និងកូនក្នុងពោះ បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ករណីទី ២ ក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់ស្លាប់ កាលពីថ្ងៃទី ២៩ វិច្ឆិកា បន្ទាប់ពីត្រូវពស់ចឹក ហើយគ្រូពេទ្យមិនយកចិត្តទុកដាក់សង្គ្រោះជីវិត។
ក្នុងទិសដៅទាញការជឿទុកចិត្តរបស់អ្នកជំងឺលើគ្រូពេទ្យកម្ពុជា និងដើម្បីទប់ស្កាត់លំហូររបស់អ្នកជំងឺចេញទៅក្រៅប្រទេស លោក តែ គុយស៊ាង ផ្ដល់ការណែនាំដល់គ្រូពេទ្យថា ក្រសួងសុខាភិបាលទាមទារឱ្យគ្រូពេទ្យខ្លួនឯង កែប្រែឥរិយាបថឆ្គាំឆ្គង និងសមាគមគ្រូពេទ្យពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ។
ទាក់ទងនឹងបញ្ហានេះ សាស្ត្រាចារ្យវេជ្ជសាស្ត្រនៅមន្ទីរពេទ្យព្រះអង្គឌួង លោក រស់ ប្រាជ្ញពន្លឺ មានប្រសាសន៍ណែនាំដល់សមាជិកគ្រូពេទ្យខាងត្រចៀក ច្រមុះ និងបំពង់ក គ្រូពេទ្យត្រូវគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់អ្នកជំងឺ ដែលមកទទួលការព្យាបាល។
លោកសាស្ត្រាចារ្យ រស់ ប្រាជ្ញពន្លឺ ថ្លែងថា ការពង្រឹងសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ដើម្បីឱ្យមានសីលធម៌វិជ្ជាជីវៈ លុះត្រាតែបុគ្គលបំពេញវិជ្ជាជីវៈនោះមានសីលធម៌ក្នុងខ្លួន។ ដូចជាគ្រូពេទ្យ ត្រូវប្រកាន់គោលការណ៍សំខាន់ស្មោះត្រង់ មិនបោកប្រាស់ ឬគិតតែអំពីប្រាក់នោះទេ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក តែ គុយស៊ាង កត់សម្គាល់ថា ការផ្សព្វផ្សាយរបស់មន្ទីរព្យាបាលឯកជនខ្លះ មានការបំផ្លើសហួសសមត្ថភាព ដែលជាហេតុធ្វើបាត់ជំនឿពីអ្នកជំងឺ។
ដូចគ្នានេះដែរ និងបន្ថែមលើការវាយតម្លៃថា មិនសូវមានគុណភាព និងមិនមានឧបករណ៍ទំនើបគ្រប់គ្រាន់ មានករណីគ្រូពេទ្យខ្មែរជាច្រើន ទាំងនៅក្នុងវិស័យឯកជន និងសាធារណៈ ត្រូវបានគេរិះគន់ថា ខ្វះសីលធម៌ក្នុងវិជ្ជាជីវៈ ដែលនាំឱ្យមានការថ្លោះធ្លោយ ឬធ្វេសប្រហែសបណ្ដាលឱ្យអ្នកជំងឺស្លាប់។ ដូចជាករណីស្ត្រីសម្រាលកូននៅខេត្តបាត់ដំបង និងកុមារត្រូវពស់ចឹកនៅខេត្តបន្ទាយមានជ័យ ក្នុងពេលថ្មីៗនេះ។
បន្ទាប់ពីបណ្ដោយឱ្យកុមារម្នាក់ស្លាប់ ប្រធានមន្ទីរពេទ្យស្រុកថ្មពួក ត្រូវប្រកាសដកចេញពីតំណែងក្រោយការរកឃើញថា គាត់មានកំហុសទុកឲ្យក្មេងប្រុសរងគ្រោះពីពស់ចឹកស្លាប់ ដោយមិនបានផ្ដល់ថ្នាំព្យាបាល។
ទាំងរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក តែ គុយស៊ាង លោកសាស្ត្រាចារ្យ រស់ ប្រាជ្ញពន្លឺ ណែនាំឱ្យគ្រូពេទ្យខ្មែរ ត្រូវតែពង្រឹងក្រមសីលធម៌របស់ខ្លួនឡើងវិញ ក្នុងការផ្ដល់សេវាព្យាបាលដល់អ្នកជំងឺ។ សីលធម៌របស់គ្រូពេទ្យ គឺរាប់ចូលទាំងសំដីសំដៅ ដែលគ្រូពេទ្យនិយាយចំពោះអ្នកជំងឺផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។