កត្តា​ដែល​ជំរុញ​ឲ្យ​សិស្ស​ជា​ច្រើន​នៅ​កម្ពុជា​បោះ​បង់​ការ​សិក្សា

វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ជា​ទម្ងន់​ធ្ងន់​បន្ថែម​លើ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ដែល​មាន​ជីវភាព​ក្រីក្រ​ដុនដាប​ជា​យូរ​មក​ហើយ​នោះ បាន​ជំរុញ​ឲ្យ​កូន​ចៅ​របស់​គាត់​បង្ខំ​ចិត្ត​ឈប់​រៀន​តាំង​ពី​កម្រិត​បឋម​សិក្សា។

0:00 / 0:00

សិស្សានុសិស្ស​ទាំង​២​ភេទ​ដែល​រៀន​កម្រិត​បឋម​សិក្សា គិត​ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៦ នៅ​ទូទាំង​កម្ពុជា គឺ​មាន​ទាំង​អស់​២.៣១១.១០៧​នាក់ នៅ​ក្នុង​ឆ្នាំ​សិក្សា​២០០៨ និង ២០០៩​នេះ។ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ថ្លែង​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ដូច្នេះ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា មុន​នេះ។

លោក រ៉ុង ឈុន បញ្ជាក់​ថា ភាពក្រីក្រ​គឺ​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​សំខាន់ៗ​ជាច្រើន​ទៀត ដែល​ជំរុញ​ឲ្យ​សិស្ស​បោះបង់​ការ​សិក្សា​តាំង​ពី​កម្រិត​បឋម​សិក្សា ព្រោះ​សិស្ស​ត្រូវ​ចំណាយ​ថវិកា​ក្នុង​ម្នាក់ៗ​យ៉ាង​តិច​១​ពាន់​រៀល ដើម្បី​ឲ្យ​កុមារ​អាច​រៀន​បាន​ក្នុង​មួយ​ថ្ងៃៗ។

លោក រ៉ុង ឈុន បាន​បញ្ជាក់​ដូច្នេះ ៖ «ញ្ហា​ប្រឈម​មុខ​របស់​សិស្ស​សព្វថ្ងៃ ទី​១​នៅ​កម្រិត​បឋម​សិក្សា​ឃើញ​ថា គាត់​ចំណាយ​ថវិកា​ច្រើន​ទៅ​លើ​បញ្ហា​ការ​រៀន​សូត្រ ដូច​ជា​បង់​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ទិញ​នំ រៀន​គួរ ហើយ​បើ​មិន​ទិញ​នំ រៀន​គួរ វា​មាន​ផល​ប៉ះពាល់​ទៅ​ដល់​អារម្មណ៍​សិស្ស​ហ្នឹង គាត់​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​លោកគ្រូ។ ទី​២ ដោយសារ​តែ​ការ​ចំណាយ​ខ្ពស់ ដូច្នេះ​ធ្វើ​ឲ្យ​សិស្សានុសិស្ស​មួយ​ចំនួន​បោះបង់​ការ​សិក្សា។ ទី​៣ ដោយសារ​តែ​ភាពក្រីក្រ​ក៏​ដូច​ជា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​តែ​ប្រឈម​សព្វថ្ងៃ​ហ្នឹង ក៏​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​មួយ​ចំនួន​ដក​កូន​ចេញ​ពី​សាលា​យក​ទៅ​ឲ្យ​មើល​ប្អូន ឬ​ក៏​ដក​កូន​ទៅ​ឲ្យ​រក​ការងារ​ធ្វើ បង្កើន​នូវ​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​ប្រចាំ​ថ្ងៃ»

ក្មេង​ប្រុស​ម្នាក់ អាយុ​១៤​ឆ្នាំ តែង​ដើរ​សុំ​ប្រាក់​ពី​ជន​បរទេស​នៅ​ម្តុំ​សួន​ច្បារ​ផ្សារ​ចាស់ នៅ​ទី​រួម​ខេត្ត​សៀមរាប នា​ពេល​បច្ចុប្បន្ន បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា បន្ទាប់​ពី​ឪពុក​ម្តាយ​ស្លាប់​ចោល​គ្មាន​អ្វី​ជា​ទី​ពឹង គាត់​បាន​បោះបង់​ការ​សិក្សា​តាំង​ពី​៥​ឆ្នាំ​មុន​នេះ​មក​ម្ល៉េះ ហើយ​សព្វថ្ងៃ​នេះ​មាន​ថ្ងៃ​ខ្លះ​ដាច់​បាយ​បើ​សុំ​ទាន​មិន​បាន ៖ «ខ្ញុំ​សុំ​ទាន​គេ​បាន​តិចតួច​ដើម្បី​ទិញ​បាយ​ហូប ហើយ​ថ្ងៃ​ណា​ខ្លះ​ក៏​អត់​បាយ»

ចំណែក​អនុ​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា​ខេត្ត​សៀមរាប មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ខេត្ត​សៀមរាម មាន​កុមារ​អនាថា​ដើរ​សុំ​ទាន និង​លក់​កាត​ប៉ូស្តាល់​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ប្រមាណ​១.៥០០​នាក់។

ចំណែក​អង្គការ​មិត្ត​សម្លាញ់ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក បំពេញ​ការងារ​ជួយ​សង្រ្គោះ​កុមារ​អនាថា​នៅ​កម្ពុជា បាន​ធ្វើការ​ស្ទង់​ស្ថិតិ​កុមារ​អនាថា នៅ​ទីក្រុង​ភ្នំពេញ នៅ​ខេត្ត​ប៉ៃលិន ខេត្ត​បន្ទាយ​មាន​ជ័យ ខេត្ត​កំពង់សោម កំពង់ចាម និង​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ទាំង​៦​ខេត្ត​ក្រុង​នេះ មាន​កុមារ​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់​ទាំង​អស់​ជាង​២៤.០០០​នាក់។

រី​ឯ​លោក យឹម ពោ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ការពារ​សិទ្ធិ​កុមារ មាន​ប្រសាសន៍​ដោយ​យោង​ទៅ​តាម​តួលេខ​របស់​ក្រសួង​ផែនការ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​កម្ពុជា​មាន​កុមារ​សរុប​ទាំង​អស់​ជិត​៥០​ភាគរយ នៃ​ចំនួន​ពលរដ្ឋ​ជាង​១៤​លាន​នាក់​នៅ​ទូទាំង​កម្ពុជា។ លោក យឹម ពោ បញ្ជាក់​ថា កុមារ​នៅ​កម្ពុជា​ជាច្រើន​នាក់ ក្នុង​ចំណោម​កុមារ​ប្រមាណ​ជាង​៧​លាន​នាក់​នោះ មិន​បាន​ចូល​រៀន ត្រូវ​បង្ខំ​ចិត្ត​ចេញ​ធ្វើការ​ដូច​មនុស្ស​ពេញ​វ័យ ព្រោះ​តែ​ភាពក្រីក្រ។

លោក យឹម ពោ មាន​ប្រសាសន៍​ដូច្នេះ ៖ «សព្វថ្ងៃ​បញ្ហា​លើ​កុមារ​វា​មាន​ច្រើន។ ទី​១​ការ​អប់រំ យើង​ឃើញ​កុមារ​នៅ​ច្រើន​ណាស់​ដែល​នៅ​មិន​ទាន់​បាន​ចូល​រៀន ឬ​ក៏​មិន​បាន​រៀន​ចប់​ថ្នាក់​កម្រិត​បឋម​និង​បាន​រៀន​តិចតួច​បំផុត។ បញ្ហា​ទី​២ កុមារ​រង​គ្រោះ​ដោយសារ​ជំងឺ​អេដស៍ ឬ​ឪពុក​ម្តាយ​ស្លាប់​ចោល​កំព្រា​ផង ជួនកាល​ក៏​កើត​រោគ​អេដស៍​ផង​ដែរ ហើយ​ម៉្យាង​ទៀត ពលកម្ម​កុមារ ដូចជា​ធ្វើការ​នៅ​ក្នុង​ឡ​ឥដ្ឋ ការងារ​នៅ​តាម​កសិដ្ឋាន​នានា គឺ​គេ​ប្រើ​កុមារ​ដើម្បី​ជួយ​កម្លាំង​ដល់​ឪពុក​ម្តាយ ធ្វើការ​ដើម្បី​រក​ប្រាក់​ចំណូល ហើយ​ក៏​រក​មុខ​របរ​ផ្សេងៗ​លក់​ដូរ​តាម​ចិញ្ចើម​ថ្នល់​នេះ​ក៏​មាន​ច្រើន ខំ​រក​លុយ​កាក់​ដើម្បី​ជួយ​ចិញ្ចឹម​ឪពុក​ម្តាយ»

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០០៩ កន្លង​មក​នេះ បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នូវ​លទ្ធផល​នៃ​ការ​ចុះ​ធ្វើការ​ស្ទង់​មតិ​មួយ ក្នុង​ចំណោម​គ្រូ​បង្រៀន​៤៦០​នាក់​នៅ​តាម​៩​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា ទទួល​លទ្ធផល​បាន គឺ​មាន​គ្រូៗ​ជាង​៩៣​ភាគរយ បាន​ថ្លែង​ថា ចំនួន​សិស្ស​បោះបង់​ការ​សិក្សា​មាន​កម្រិត​ខ្ពស់។ សិស្ស​ជិត​៤១​ភាគរយ​បោះបង់​ការ​សិក្សា​នៅ​សាលា​កម្រិត​បឋម​សិក្សា។

គ្រូ​ទាំង​នោះ​បញ្ជាក់​ថា បញ្ហា​សិស្ស​បោះបង់​ការ​សិក្សា​ច្រើន​ដូច្នេះ គឺ​ដោយសារ​ផ្ទះ​សិស្ស​នៅ​ឆ្ងាយ​ពី​សាលា សិស្ស​គ្មាន​យាន​ជំនិះ​រដ្ឋ​ជួយ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​ឥត​គិតថ្លៃ សិស្ស​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​ទិញ​ឯកសារ​មួយ​មុខៗ ដើម្បី​រៀន​រាល់​ថ្ងៃ ត្រូវ​ទិញ​ពាក្យ​ប្រឡង​ជាដើម​។ល។

ប៉ុន្តែ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ច្រាន​ចោល​តួលេខ​នេះ ដោយ​បញ្ជាក់​ថា ផ្អែក​តាម​ការ​វាយ​តម្លៃ​លទ្ធផល​សន្និបាត​អប់រំ​យុវជន​និង​កីឡា កាល​ពី​ថ្ងៃ​ទី​១៦-​១៧ និង ១៨ ខែ​មីនា ឆ្នាំ​២០០៩ ដៃគូ​អភិវឌ្ឍន៍​និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ស្គាល់​សមិទ្ធផល​សិក្សា គឺ​ថា​ផ្នែក​បឋម​សិក្សា​អត្រា​បោះបង់​ការ​សិក្សា​មាន​តែ​ជិត​៨​ភាគរយ​ប៉ុណ្ណោះ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ដឹប ប៊ុនហុង មេ​ឃុំ​មានជ័យ នៅ​ស្រុក​ស្រីសន្ធរ នៃ​ខេត្ត​កំពង់ចាម មាន​ប្រសាសន៍​ថា ឆ្នាំ​កន្លង​មក​អត្រា​ក្មេង​បោះបង់​ការ​សិក្សា​កម្រិត​បឋម​សិក្សា គឺ​មាន​កម្រិត​ខ្ពស់​នៅ​ទូទាំង​៧​ភូមិ ក្នុង​ឃុំ​មានជ័យ​តែមួយ នៃ​ខេត្ត​កំពង់ចាម ៖ «បើ​អ្នក​ដែល​បាន​ចេញ​ទៅ​ធ្វើ​កម្មករ​រោងចក្រ ហាក់​ដូច​ពុំ​ត្រឡប់​មក​វិញ មិន​បាន​ចូល​មក​រៀន​វិញ​ទេ»

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​ថា បញ្ហា​សិស្ស​ជាច្រើន​បន្ត​បោះ​បង់​ការ​សិក្សា​ពី​កម្រិត​បឋម​សិក្សា អាច​ផ្តល់​ប៉ះពាល់​អាក្រក់​ដល់​អនាគត​កុមារ​ផ្ទាល់ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​នៃ​ប្រទេស​ជាតិ និង​ប៉ះពាល់​ដល់​ការ​កសាង​ប្រទេស​សម្រាប់​ប្រជាជាតិ​ខ្មែរ៕