ក្រុមមន្ត្រីសិទ្ធិមនុស្ស លើកឡើងថា រដ្ឋាភិបាលវៀតណាម កំពុងគាបសង្កត់ខ្មែរក្រោម និងរំលោភសិទ្ធិមនុស្ស ដោយប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចាត់ការខ្មែរក្រោមរស់នៅលើទឹកដីកំណើតរបស់ខ្លួននៃប្រទេសវៀតណាម ភូមិភាគខាងត្បូង។
តំណាងអង្គការសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ចេញប្រតិកម្មចំពោះការផ្ដន្ទាទោសព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមនោះថា គ្មានមូលដ្ឋានច្បាស់លាស់ក្នុងការដាក់បន្ទុកទៅលើអ្នកទាំងនោះទេ។
តំណាងអង្គការសិទ្ធិមនុស្សទាំងនោះ អំពាវនាវឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងជនជាប់ចោទទាំងនោះជាបន្ទាន់ និងអំពាវនាវឲ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ចំពោះករណីនេះ។ ដោយហេតុថា ព្រះសង្ឃ និងពលរដ្ឋទាំងនោះកំពុងជួបនូវរឿងអយុត្តិធម៌នៅក្នុងប្រទេសកុម្មុយនីស្តមួយនេះ។
នាយកប្រតិបត្តិអង្គការការពារជនជាតិភាគតិច លោក អាង ចាន់រិទ្ធិ មានប្រសាសន៍ថា តុលាការប្រជាជនវៀតណាម បានកាត់ទោសព្រះសង្ឃខ្មែរក្រោម និងប្រជាពលរដ្ឋខ្មែរក្រោមនេះ មិនមានយុត្តិធម៌ចំពោះពួកគាត់ទេ ពីព្រោះថា តុលាការមិនបានស៊ើបអង្កេតឲ្យបានគ្រប់គ្រាន់ទេ តុលាការកាត់ក្ដីសំអាងលើរបាយការណ៍របស់ប៉ូលិស និងមិនបានយកសាក្សីឲ្យចូលក្នុងសវនាការនោះទេ។
តុលាការវៀតណាម បានកាត់ទោសប្រជាពលរដ្ឋចំនួន ៥នាក់ កាលពីថ្ងៃទី២៦ កញ្ញា ក្នុងនោះមានម្នាក់កាត់កំបាំងមុខ ដោយសារតែគាត់ភៀសខ្លួនរត់គេចពីការចាប់ខ្លួន កាលពីខែឧសភា ឆ្នាំ២០១៣ មក។ ក្នុងចំណោមអ្នកទាំង ៥នាក់នេះ តុលាការវៀតណាម កាត់ឲ្យជាប់ទោសក្នុងម្នាក់ៗពី ១០ខែ ទៅ ១២ខែ ពីបទបង្កឲ្យខូចខាតសណ្ដាប់ធ្នាប់សាធារណៈ និងក្បត់រដ្ឋាភិបាលវៀតណាម។
បន្ទាប់មក នៅថ្ងៃទី២៧ កញ្ញា តុលាការដដែលបានបើកសវនាការកាត់ទោសព្រះសង្ឃចំនួនពីរអង្គ ព្រះនាម លីវ នី និងព្រះនាម ថាច់ ធឿន ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួន ៦ឆ្នាំ និងប្រជាពលរដ្ឋពីរនាក់ទៀត ឈ្មោះ ថាច់ ភូមិរិន្ទ កាត់ទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ និងឈ្មោះ ថាច់ វណ្ណថា ចំនួន ២ឆ្នាំ។
លោក អាង ចាន់រិទ្ធិ បានលើកពីមូលហេតុសំខាន់ដែលតុលាការកាត់ទោសខ្មែរក្រោមចំនួន ៩នាក់នេះ ដោយសារតែពួកគាត់ចេញមុខតវ៉ាចំពោះការស្នើសុំបង្កើតសាលារៀននៅក្នុងវត្ត ដោយពួកគាត់បានស្នើសុំម្ដងហើយម្ដងទៀត។ លទ្ធផលចំពោះការទាមទារនេះ គឺពួកគាត់ត្រូវនៅក្នុងគុកទៅវិញ ដោយរដ្ឋាភិបាលប្រើប្រាស់តុលាការដើម្បីចាត់ការអ្នកទាំងនោះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតុលាការប្រជាជនវៀតណាម ឬមន្ត្រីនាំពាក្យស្ថានទូតវៀតណាម ប្រចំានៅកម្ពុជា ដែលទើបតាំងថ្មីនោះបានទេ នៅថ្ងៃទី៩ តុលា ឆ្នាំ២០១៣។
លើសពីនេះទៀត ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា រដ្ឋាភិបាលផ្ដាច់ការវៀតណាម តែងតែធ្វើការគាបសង្កត់ និងរំលោភសិទ្ធិជនជាតិដើមភាគតិចនៅក្នុងប្រទេសវៀតណាម មិនថាខ្មែរក្រោម ឬជនជាតិភាគតិចដទៃទៀតទេ។ លោកបញ្ជាក់ថា អ្វីដែលជាបញ្ហាធំនោះ គឺប្រទេសកុម្មុយនីស្តមួយនេះ មិនបើកទូលាយឲ្យបង្កើតអង្គការនានា ដើម្បីការពារសិទ្ធិប្រជាពលរដ្ឋនៅក្នុងប្រទេសនេះទេ។
នៅមុនពេលតុលាការវៀតណាម កាត់ទោសព្រះសង្ឃ និងប្រជាពលរដ្ឋទាំងនេះ គណៈកម្មការលុបបំបាត់ការរើសអើងពូជសាសន៍ អង្គការសហប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) បានដាក់របាយការណ៍ទៅឧត្តមស្នងការអង្គការសហប្រជាជាតិ កាលពីខែមិថុនា ឆ្នាំ២០១៣ ដើម្បីសុំឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យដោះលែងប្រជាពលរដ្ឋខ្មែរក្រោមទាំងនោះ ដែលអាជ្ញាធរវៀតណាម ចាប់ខ្លួនកាលពីខែឧសភា ក្រោមបទចោទថា ក្បត់នឹងរដ្ឋាភិបាលកុម្មុយនីស្តវៀតណាម នោះ។
គណៈកម្មការនេះ ក៏បានផ្ដល់អនុសាសន៍ទៅរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលកម្ពុជា ត្រូវប្ដេជ្ញាចិត្តធ្វើការស៊ើបអង្កេតទៅលើការចោទប្រកាន់នានា ដែលរីករាលដាលនៃការរំលោភបំពានក្រោមរូបភាពនៃការអនុវត្តច្បាប់ដោយការចាប់ខ្លួនទាំងបំពាន និងការធ្វើទារុណកម្មក្រៅប្រព័ន្ធតុលាការនោះ សម្រាប់ផ្ដល់យុត្តិធម៌ចំពោះគ្រួសារជនរងគ្រោះទាំងនោះ។
រដ្ឋាភិបាលវៀតណាម ត្រូវអនុញ្ញាតឲ្យអ្នកជំនាញនៅបរទេស រួមទាំងមកពីអង្គការសហប្រជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិឯករាជ្យមានសិទ្ធិចូលទៅធ្វើការដោយផ្ទាល់ជាមួយសហគមន៍ជនជាតិដើម និងជនជាតិភាគតិចនៅប្រទេសវៀតណាម និងករណីផ្សេងៗទៀត។
ប្រធានស្ដីទីសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តសាមគ្គីរង្ស៊ី ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា មានថេរដីកាថា នៅថ្ងៃទី១៣ តុលា ខាងមុខ ព្រះអង្គនឹងដឹកនាំព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ ២០០នាក់ ធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ប្រចាំនៅរាជធានីភ្នំពេញ ដើម្បីសុំឲ្យរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ដោះលែងព្រះសង្ឃ និងប្រជាពលរដ្ឋទាំង ៩នាក់នេះវិញ។
ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា បញ្ជាក់ថា នៅថ្ងៃទី១០ តុលា នេះ ព្រះតេជព្រះគុណ នឹងនិមន្តទៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាគ្នាអំពីគម្រោងធ្វើបាតុកម្មទៅតាមការកោះនិមន្តរបស់សាលារាជធានីភ្នំពេញ។
ស្ថានទូតវៀតណាម បានបដិសេធញត្តិរបស់អង្គការសមាគមខ្មែរក្រោមជាបន្តបន្ទាប់ ចំពោះការស្នើសុំឲ្យដោះលែងពលរដ្ឋខ្មែរក្រោម ដែលវៀតណាម ចាប់ខ្លួននោះ។ ការធ្វើបាតុកម្មជាជម្រើសចុងក្រោយដែលព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនឹងធ្វើបាតុកម្មនៅថ្ងៃទី១៣ តុលា នេះ។
ទន្ទឹមនឹងនេះដែរ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ កាលពីថ្ងៃទី៧ តុលា បានដាក់លិខិតទៅលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសុំការអនុញ្ញាតជួបធ្វើសេចក្ដីរាយការណ៍ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរក្រោម នៅវៀតណាម និងអំពីករណីតុលាការវៀតណាម ផ្ដន្ទាទោសព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមនេះ។ តែមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបណាមួយពី លោក ហោ ណាំហុង នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
