ពលរដ្ឋខ្មែរក្រោមជាជនរងគ្រោះក្នុងរបបខ្មែរក្រហម ដែលជាដើមបណ្ដឹងរដ្ឋប្បវេណី សម្ដែងការមិនសប្បាយចិត្តចំពោះការខកខានមិនបានចូលស្តាប់ផ្ទាល់នូវការប្រកាសសាលក្រមផ្ដន្ទាទោសឲ្យ លោក នួន ជា និងលោក ខៀវ សំផន អតីតមេដឹកនាំជាន់ខ្ពស់នៃរបបដែលខ្លួនធ្លាប់ឆ្លងកាត់យ៉ាងជូរចត់នោះ។
ពលរដ្ឋខ្មែរក្រោមបានរិះគន់ចំពោះសាលាក្តីកូនកាត់មួយនេះថា មិនបានរៀបចំផ្តល់ឱកាសឲ្យដើមបណ្ដឹងរដ្ឋប្បវេណី បានចូលស្តាប់ផ្ទាល់ដោយស្មើភាពគ្នា។
ពលរដ្ឋខ្មែរក្រោមដែលជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០២វគ្គ១ សម្ដែងការមិនសប្បាយចិត្ត ក្រោយពេលតុលាការខ្មែរក្រហមប្រកាសសាលក្រមសំណុំរឿងនេះ។ ការមិនសប្បាយចិត្តនេះ មិនមែនដោយសារពួកគេមិនពេញចិត្តនឹងលទ្ធផលដែលតុលាការសម្រេចកាត់ទោសឲ្យ លោក នួន ជា និងលោក ខៀវ សំផន ជាប់ពន្ធនាគារមួយជីវិត ដូចដែលជនរងគ្រោះមួយចំនួនមិនទាន់ពេញចិត្តនោះទេ ប៉ុន្តែ ដោយសារតុលាការមិនបានអញ្ជើញឲ្យពួកគេចូលរួមស្តាប់ជាផ្លូវការ ក្នុងពេលតុលាការប្រកាសសាលក្រម កាលពីថ្ងៃទី៧ ខែសីហា។ ពួកគេថា តុលាការហាក់មិនយកចិត្តទុកដាក់ចំពោះជនរងគ្រោះខ្មែរក្រោម។
ជនរងគ្រោះ និងជាដើមបណ្ដឹងរដ្ឋប្បវេណីខ្មែរក្រោម សព្វថ្ងៃរស់នៅខេត្តតាកែវ លោក ចៅ នី មានប្រសាសន៍នៅថ្ងៃទី២០ សីហា ថា ការដែលតុលាការមិនបានហៅលោក ឬតំណាងដើមបណ្ដឹងរដ្ឋប្បវេណីខ្មែរក្រោម ចូលរួមស្តាប់ការប្រកាសសាលក្រមនេះ ថាមានភាពអយុត្តិធម៌ និងជាការរើសអើងចំពោះជនរងគ្រោះខ្មែរក្រោម។ លោក ចៅ នី អាយុ ៦១ឆ្នាំ មានដើមកំណើតនៅស្រុកស្វាយទង ខេត្តមាត់ជ្រូក និងបានមករស់នៅប្រទេសកម្ពុជា តាំងពីសម័យសាធារណរដ្ឋខ្មែរ ហើយក៏បានឆ្លងកាត់ជីវិតក្នុងសម័យខ្មែរក្រហមដែរនោះ ថាតុលាការមិនយកចិត្តទុកដាក់ចំពោះពួកគាត់។
លោក ចៅ នី៖ «ខ្ញុំមិនសូវសប្បាយចិត្ត តុលាការគាត់ចេញសាលក្រម គាត់មិនអញ្ជើញដើមបណ្ដឹងរដ្ឋប្បវេណីដែលបានឡើងសក្ខីកម្មប៉ុន្មានហ្នឹង ឲ្យចូលរួមដើម្បីស្តាប់សាលក្រមនោះទេ។ អ៊ីចឹងហេតុហ្នឹងហើយ ហាក់ដូចជាដើមបណ្ដឹងរដ្ឋប្បវេណីនេះ បានតែឡើងសក្ខីកម្ម ហើយគាត់មិនដឹងពីសាលក្រមក្នុងតុលាការថាម៉េចទេ គ្រាន់តែឮថា គាត់សម្រេចដាក់ទោសមួយជីវិតអ៊ីចឹង យើងមិនដឹងថា គាត់ត្រូវចោទប្រកាន់ទៅលើបទអីខ្លះ មេដឹកនាំខ្មែរក្រហមទាំង ២ហ្នឹងមួយជីវិត យើងជាដើមបណ្ដឹងរដ្ឋប្បវេណីមួយៗចង់ដឹង ចង់ចូលរួម ប៉ុន្តែហេតុអ្វីខាងអង្គភាពគាំពារជនរងគ្រោះ ឬមួយខាងតុលាការ គាត់មិនបានគាស់អញ្ជើញដើមបណ្ដឹងរដ្ឋប្បវេណីទាំងអស់ឲ្យទៅចូលរួមស្តាប់»។
លោក ចៅ នី ដែលអះអាងថា លោកបានឡើងធ្វើសក្ខីកម្មរហូតដល់២លើកក្នុងសំណុំរឿង ០០២វគ្គ១ ក៏សម្ដែងការខកចិត្តចំពោះសំណងដែលតុលាការផ្តល់ឲ្យ ដែលលោកថា ក្នុងនោះមិនមានរាប់បញ្ចូលសំណងដែលជនរងគ្រោះខ្មែរក្រោម បានស្នើសុំនោះឡើយ។ នោះ គឺស្នើឲ្យតុលាការសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធដាច់ដោយឡែកមួយសម្រាប់សហគមន៍ខ្មែរក្រោម ក្នុងតំបន់ដែលមានពលរដ្ឋខ្មែរក្រោមច្រើនត្រូវបានខ្មែរក្រហមសម្លាប់ ដើម្បីអាចឲ្យកូនចៅខ្មែរក្រោមជំនាន់ក្រោយៗទៀត បានដឹង និងចូលរួមគោរពវិញ្ញាណក្ខន្ធ។
លោក ចៅ នី៖ «ដូចជាសំណងដែលបងប្អូនខ្មែរកម្ពុជាក្រោមគាត់ជាដើមបណ្ដឹងរដ្ឋប្បវេណីច្រើនគ្នាដែរ គាត់ដើម្បីសុំសំណង ដើម្បីធ្វើជាស្តូបធ្វើអី ដើម្បីខ្មែរក្រោមទុករំឭកថ្ងៃដែលខ្មែរក្រោមស្លាប់អី ស្តូបនៅតំបន់ខ្មែរក្រោមស្លាប់អី គាត់មិនបានលើកឡើងនិយាយទេ ហេតុដូច្នេះ ខ្មែរក្រោមហាក់ដូចជាគេបំបិទមិនឲ្យនិយាយដល់បងប្អូនខ្មែរក្រោមដែលបានស្លាប់ ក្នុងសម័យ ប៉ុល ពត នោះទេ ដូចជាសម័យ លន់ នល់ ខ្មែរក្រោមឡើងធ្វើទាហានម៉ៃហ្វក់នៅកម្ពុជា នេះ គាត់បានស្លាប់ច្រើនណាស់នៅទឹកដីកម្ពុជា»។
ក្នុងសំណុំរឿង ០០២វគ្គ១ មេដឹកនាំខ្មែរក្រោម លោក នួន ជា និងលោក ខៀវ សំផន ត្រូវបានតុលាការរកឃើញថា មានទោសតាមរយៈការចូលរួមក្នុងសហឧក្រិដ្ឋកម្មរួម ក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលក្នុងនោះមាន ការធ្វើមនុស្សឃាត ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ និងអំពើអមនុស្សធម៌ផ្សេងៗទៀត ក្នុងអំឡុងពេលផ្លាស់ទីលំនៅប្រជាជនដោយបង្ខំទាំង២ដំណាក់កាល និងការធ្វើមនុស្សឃាត ការសម្លាប់រង្គាល តាមរយៈការសម្លាប់អ្នករដ្ឋការ នៃរបបសាធារណរដ្ឋខ្មែរនៅទួលពោធិ៍ជ្រៃ។
ដើមបណ្ដឹងរដ្ឋប្បវេណីខ្មែរក្រោមម្នាក់ទៀត នៅខេត្តបាត់ដំបង លោក សឺន សុវណ្ឌី ដែលអះអាងថា លោកបានចូលរួមផ្តល់សក្ខីកម្មចំនួន១លើកក្នុងតុលាការខ្មែរក្រហមដែរនោះ ឲ្យដឹងថា ពីមុនៗមកលោកក៏ធ្លាប់ត្រូវបានតុលាការអនុញ្ញាតឲ្យចូលរួមតាមដានការកាត់ទោសដែរ ប៉ុន្តែក្នុងពេលប្រកាសសាលក្រមកាលពីថ្ងៃទី៧ សីហា លោកមិនបានចូលរួមឡើយ ដោយហេតុថា តុលាការមិនហៅលោកឲ្យចូលរួម។ លោក សឺន សុវណ្ឌី ដែលមានដើមកំណើតនៅខេត្តព្រះត្រពាំង កម្ពុជាក្រោម និងបានមកកាន់កម្ពុជា តាំងពីសម័យ លន់ នល់ ដែរនោះ បានស្នើឲ្យតុលាការគិតពីពលរដ្ឋខ្មែរក្រោមផង ព្រោះថា ខ្មែរក្រោមជាច្រើន ត្រូវបានសម្លាប់ក្នុងសម័យខ្មែរក្រហម។ លោកក៏ចង់ឲ្យតុលាការសង់ស្តូបមួយសម្រាប់ជនរងគ្រោះខ្មែរក្រោមផងដែរ។
លោក សឺន សុវណ្ឌី៖ «ប្រជាជនកម្ពុជាក្រោមក៏មានភាគច្រើនដែរ កាលពីពេលជម្លៀសចេញពីភ្នំពេញទៅទាំងគ្រួសារម៉ៃហ្វក់ផង ប្រសិនខ្ញុំក្តាប់ផែនការបាន ទាហានម៉ៃហ្វក់ចាប់ដាក់នៅទន្លេបិទឯណោះ ហើយកាលហ្នឹងខ្ញុំនៅកំលោះដែរ ខ្ញុំនៅភ្នំពេញមិនបានទៅទេ នៅកន្លែងជាមួយគេ ប្រសិនបើទៅនឹងគេ បែបបានទម្លាក់ទឹកទន្លេគេដែរហើយ ខ្ញុំនិយាយត្រង់ហ្នឹងមួយ។ ទី២ទៀត ខ្ញុំនិយាយពីប្រជាជន ឲ្យតែជម្លៀសចេញទៅ ឲ្យតែឃើញគឺថាអ្នកដែលនិយាយរាងអន្តើនៗ កនយើង កនឯង កនអញ គឺថាគេយកទៅប្រមូលផ្តុំ ទៅដាក់ម្តុំៗចឹង មួយថ្ងៃគេយកទៅពីរបីគ្រួសារៗ យកទៅរហូតទាល់តែអស់»។
ក្រៅពីកាត់ទោសឲ្យ លោក នួន ជា និងលោក ខៀវ សំផន ជាប់ពន្ធនាគារមួយជីវិត តុលាការខ្មែរក្រហម ក៏គាំទ្រលើការអនុវត្តគម្រោងសំណងជំងឺចិត្តចំនួន១១ ដើម្បីជាការទទួលស្គាល់នូវការឈឺចាប់របស់ដើមបណ្ដឹងរដ្ឋប្បវេណី និងដើម្បីផ្តល់ជាប្រយោជន៍របស់ពួកគេ។ សំណងទាំង១១នោះរួមមាន ការបង្កើតឲ្យមានទិវាជាតិនៃការចងចាំ ការសាងសង់ស្តូបនៅភ្នំពេញ វិធីព្យាបាលតាមរបៀបការចងក្រងជាសក្ខីកម្ម ក្រុមជួយខ្លួនឯង ការតាំងពិព័រណ៍ជាអចិន្ត្រៃយ៍ និងចល័ត គម្រោងអប់រំ ការបញ្ចូលជំពូកស្ដីពីការជម្លៀសក្នុងកម្មវិធីសិក្សា ការសាងសង់មជ្ឈមណ្ឌលសិក្សាសន្តិភាព និងការបោះពុម្ពសៀវភៅ ជាដើម។
ឆ្លើយតបចំពោះការលើកឡើងរបស់ដើមបណ្ដឹងរដ្ឋប្បវេណីខ្មែរក្រោម ប្រធានអង្គភាពគាំពារជនរងគ្រោះ នៃសាលាក្តីខ្មែរក្រហម លោក ហង្ស វណ្ណៈ មានប្រសាសន៍ថា ការដែលខ្មែរក្រោមមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពេលតុលាការប្រកាសសាលក្រម នោះមិនមែនដោយសារតុលាការរើសអើងចំពោះពលរដ្ឋខ្មែរក្រោមឡើយ។ លោកថា ពីមុនៗមក ជនរងគ្រោះខ្មែរក្រោមត្រូវបានអនុញ្ញាតឲ្យចូលរួម ក្នុងដំណើរការតុលាការជាហូរហែ។ លោកថា មូលហេតុដែលខ្មែរក្រោមមិនបានចូលរួមក្នុងពេលប្រកាសសាលក្រមសំណុំរឿង ០០២វគ្គ១ នោះ ដោយសារពេលនោះមានមនុស្សដាក់ពាក្យសុំច្រើនពេក។
លោក ហង្ស វណ្ណៈ៖ «ការដែលមិនអញ្ជើញគាត់ចូលរួមហ្នឹង យើងមានការសោកស្ដាយ ប៉ុន្តែមិនមែនជាចេតនារើសអើងអីទេ គ្រាន់ថាប្រជាជនដែលដាក់ពាក្យទាំងអស់ គាត់មានរហូតទៅដល់ ៤ពាន់នាក់។ អ៊ីចឹងពេលដែលគាត់អញ្ជើញមក យើងត្រូវការឧបត្ថម្ភគាត់ផ្សេងៗ ដូច្នេះថវិកា យើងមានកំណត់ យើងជ្រើសរើសអ្នកណាដែលមិនសូវបានមកកន្លងមក យើងចង់និយាយថា អ្នកនេះបានមកម្តង ឬ ២ដង។ អ៊ីចឹងយើងជ្រើសរើសអ្នកខ្លះដែលមិនសូវបានមក ឲ្យគាត់មកចូលរួម។ អ៊ីចឹងដល់ពេលចៃដន្យ គាត់អត់បានរើសចំឈ្មោះក្រុមគាត់»។
មួយវិញទៀត លោកថា អង្គភាពគាំពារជនរងគ្រោះគិតថា ពលរដ្ឋខ្មែរក្រោម គឺជាខ្មែរធម្មតា ដូច្នេះពួកគេមិនត្រូវបានដំឡើងលក្ខណៈវិនិច្ឆ័យដោយឡែកពីខ្មែរដទៃទៀត ដូចជា ជនជាតិចាម ឬជនជាតិវៀតណាម ឡើយ។ ទាក់ទងបញ្ហាសំណងវិញ លោកថា សំណងណាមួយធ្វើឡើង វាលុះណាតែពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម និងជនដែលប្រព្រឹត្តឧក្រិដ្ឋកម្ម។ លោកថា សំណុំរឿង ០០២ មិនបានពាក់ព័ន្ធពិសេសទៅលើការសម្លាប់ពលរដ្ឋខ្មែរក្រោមដាច់ដោយឡែកនោះឡើយ។ តែទោះជាយ៉ាងណា លោក ហង្ស វណ្ណៈ ថា ពលរដ្ឋខ្មែរក្រោមអាចនៅមានឱកាសស្នើសុំសំណងក្នុងសំណុំរឿងបន្តបន្ទាប់មកទៀត។
លោក ហង្ស វណ្ណៈ៖ «ដូចខ្ញុំជម្រាបតាំងពីដើមមកថា ដោយសារខ្មែរកម្ពុជាក្រោមហ្នឹងចាត់ទុករួមជាខ្មែរធម្មតា រំឭកវិញ្ញាណក្ខន្ធជាមួយខ្មែរយើងទាំងអស់គ្នាទៅ ប៉ុន្តែគាត់អាចថាបងប្អូនគាត់ កន្លែងណាស្លាប់ គាត់អាចស្នើសុំសាងសង់កន្លែងណាមួយសម្រាប់ សម្រាប់សហគមន៍គាត់អ៊ីចឹងទៅ អ៊ីចឹងបានន័យថា បងប្អូនខ្មែរយើងជួនកាលគាត់នៅកំពង់ចាម ឬក៏នៅភ្នំពេញ ឬក៏មិនអាចធ្វើដំណើរបានពីតំបន់មួយ ពីខេត្តមួយទៅខេត្តមួយឆ្ងាយ គាត់អាចមានលក្ខណៈពិសេសណាមួយ ដែលគាត់ស្នើសុំអ៊ីចឹងទៅ»។
ទាក់ទងបញ្ហានេះដែរ អង្គការការពារសិទ្ធិជនជាតិភាគតិច កាលពីថ្ងៃទី៧ សីហា បានចេញសេចក្តីថ្លែងការណ៍លើកឡើងថា ខ្មែរក្រោមបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ភស្តុតាងឲ្យតុលាការក្នុងសំណុំរឿង ០០២វគ្គ១ រយៈពេលប្រហែល ៣ឆ្នាំកន្លងទៅនេះ ហើយថា ក្នុងពេលប្រកាសសាលក្រមនោះ តុលាការមិនបាននិយាយដល់ការលើកឡើងរបស់ដើមបណ្ដឹងរដ្ឋប្បវេណីខ្មែរក្រោមឡើយ បើទោះជាខ្មែរក្រោមច្រើនពាន់នាក់ត្រូវបានសម្លាប់ក្នុងពេលជម្លៀស ហើយទាហានខ្មែរក្រោមដែលធ្វើការក្នុងរបប លន់ នល់ ក៏ត្រូវបានសម្លាប់ផងដែរ។
អង្គការការពារសិទ្ធិជនជាតិភាគតិច ក៏សម្ដែងការព្រួយបារម្ភខ្លាចក្រែងករណីខ្មែរក្រោម នឹងមិនត្រូវបានតុលាការចាត់ការដាច់ដោយឡែក ដូចក្នុងករណីជនជាតិចាម និងជនជាតិវៀតណាម ក្នុងសំណុំរឿង ០០២វគ្គ២ ផងដែរ។ បើតាមអង្គការនេះដដែល ពលរដ្ឋខ្មែរក្រោមដែលដាក់ពាក្យធ្វើជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងតុលាការខ្មែរក្រហម មានក្នុងគ្រប់សំណុំរឿងទាំងអស់។ ដោយឡែកសម្រាប់សំណុំរឿង ០០២ ខ្មែរក្រោមដែលជាដើមបណ្ដឹងរដ្ឋប្បវេណីមានទាំងអស់ ១៣២នាក់ ក្នុងនោះ មាន ២នាក់ បានឡើងផ្តល់សក្ខីកម្មក្នុងពេលសវនាការ។ ចំណែកសំណុំរឿង ០០៣ និង ០០៤ វិញ ដើមបណ្ដឹងរដ្ឋប្បវេណីខ្មែរក្រោម មានប្រមាណ ២៥០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
