ខ្មែរ​កម្ពុជា​ក្រោម​កំណត់​ផែនការ​ឆ្នាំ​២០១៣​ទាម​ទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស

អង្គការ និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា និង​នៅ​បរទេស បាន​កំណត់​ផែនការ​របស់​ខ្លួន ដើម្បី​ធ្វើ​ការងារ​បន្ត​នៅ​ក្នុង​ឆ្នាំ​២០១៣ ក្នុង​គោល​បំណង​ទាម​ទារ​ឲ្យ​សហគមន៍​អន្តរជាតិ ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​ខ្មែរ​កម្ពុជា​ក្រោម​រស់នៅ​ក្នុង​ប្រទេស​វៀតណាម ពិសេស​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ និង​ទទួល​ស្គាល់​ខ្មែរ​កម្ពុជា​ក្រោម​ជា​ជន​ជាតិ​ដើម និង​ផ្ដល់​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​រស់នៅ​ដូច​ប្រជាពលរដ្ឋ​វៀតណាម ទូទៅ​ដែរ។
ដោយ ទីន ហ្សាការីយ៉ា
2013-01-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ឆ្នាំ​២០១២ កន្លង​ផុត​ទៅ គឺ​ជា​ឆ្នាំ​ដែល​ខ្មែរ​កម្ពុជា​ក្រោម​បាន​អះអាង​ថា ពួក​គាត់​រស់នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន មិន​មាន​សិទ្ធិ​ពេញ​លេញ​នោះ​ទេ ហើយ​ក៏​ជា​ឆ្នាំ​ដែល​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទទួល​បរាជ័យ​លើ​ការ​ប្រកួត​ប្រជែង​ដើម្បី​ជាប់​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​ដែរ។

ប៉ុន្តែ​យ៉ាង​នេះ​ក្ដី ឆ្នាំ​២០១៣ បាន​ចូល​មក​ដល់ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទាំង​នៅ​កម្ពុជា និង​នៅ​បរទេស បាន​រៀបចំ​ផែនការ​ច្បាស់​លាស់​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន ក្នុង​បុព្វហេតុ​ជាតិ​សាសន៍ និង​ការ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ខ្មែរ​កម្ពុជា​ក្រោម គឺ​ជា​ជន​ជាតិ​ដើម និង​ផ្ដល់​សិទ្ធិ​ពេញ​លេញ​ដល់​ជន​ជាតិ​ដើម​ទាំង​អស់​ក្នុង​ចំណោម ៥៤​ជាតិ​សាសន៍​នៅ​វៀតណាម។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ការងារ​ជាច្រើន​ទៀត​សម្រាប់​ធ្វើ​នៅ​ក្នុង​ឆ្នាំ​២០១៣ ដើម្បី​ប្រយោជន៍​ខ្មែរ​កម្ពុជា​ក្រោម​រស់នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន ដែល​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​វៀតណាម។

លោក ថាច់ ង៉ុកថាច់ បាន​លើក​ឡើង​ថា លោក​នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ កាន់​តែ​ខ្លាំង​ឡើង ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម យក​ចិត្ត​ទុក​ដាក់​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។

ម្យ៉ាង​វិញ​ទៀត សម្រាប់​នៅ​ប្រទេស​កម្ពុជា វិញ អ្វី​ដែល​ជា​បញ្ហា​ចោទ​សម្រាប់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នោះ គឺ​នៅ​ពេល​ពួក​គេ​ចង់​ជួប ឬ​ផ្ញើ​របាយការណ៍​ស្ដីពី​ការ​ទាម​ទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​វៀតណាម តាម​រយៈ​ស្ថានទូត​វៀតណាម នៅ​កម្ពុជា នោះ បែរ​ជា​ត្រូវ​បាន​ស្ថានទូត​វៀតណាម បដិសេធ​មិន​ទទួល​យក​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ឆ្នាំ​២០១២។

កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២ តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង​ភ្នំពេញ បាន​ជួប​ប្រជុំ​ប្រចាំ​របស់​ខ្លួន និង​បាន​ជ្រើស​រើស​ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​ជា​ស្ថាប័ន​មួយ​ធ្វើ​ការ​សម្រប​សម្រួល និង​តំណាង​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា។

នៅ​ក្នុង​អង្គ​ប្រជុំ​នោះ តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជាង​១០ ដែល​បាន​ចូល​រួម​នោះ បាន​កំណត់​ផែនការ​មួយ​ចំនួន នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​ឆ្នាំ​២០១៣ នេះ រួម​មាន អប់រំ​ផ្សព្វផ្សាយ កសាង​សន្តិភាព​សហគមន៍ និង​សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិ​មនុស្ស សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើម ឯកសារ​ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ​ខ្មែរ។ បង្កើត​បណ្ដាញ​ព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​តាម​រយៈ​ព្រឹត្តិបត្រ​សារព័ត៌មាន​ព្រៃនគរ គេហទំព័រ​នានា​របស់​ខ្មែរ​ក្រោម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សំឡេង​ជាតិ និង​អន្តរជាតិ និង​បញ្ហា​ជាច្រើន​ទៀត។

ទាក់​ទង​នឹង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម លោក យន្ត ថារូ មាន​ប្រសាសន៍​ថា ជា​ការ​សំខាន់​ណាស់​ដើម្បី​ទាម​ទារ​ឲ្យ​អាជ្ញាធរ​វៀតណាម ផ្ដល់​សិទ្ធិ​សេរីភាព សិទ្ធិ​ជំនឿ សាសនា សិទ្ធិ​ទទួល​បាន​ការ​អប់រំ​សម្រាប់​ខ្មែរ​កម្ពុជា​ក្រោម។

នាយក​កម្មវិធី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន បាន​សង្កត់​ធ្ងន់​ថា ខ្មែរ​កម្ពុជា​ក្រោម​តែង​តែ​ទទួល​រង​នូវ​ការ​ធ្វើ​បាប​ពី​អាជ្ញាធរ​វៀតណាម ដោយ​សារ​តែ​ការ​ទាម​ទារ​រឿង​ដីធ្លី​ស្រែ​ចម្ការ​ដែល​វៀតណាម រឹប​អូស​យក ប៉ុន្តែ​ការ​ទាម​ទារ​របស់​ពួក​គេ​មិន​មាន​លទ្ធផល​ទេ ទី​បំផុត​ពួក​គេ​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​ពី​អាជ្ញាធរ​វៀតណាម។

លោក សឺន ជុំជួន បាន​អះអាង​ថា រាល់​សកម្មភាព​ដែល​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ធ្វើ គឺ​ស្រប​ទៅ​តាម​ច្បាប់ និង​គោលការណ៍​សិទ្ធិ​មនុស្ស​អន្តរជាតិ ពីព្រោះ​ថា​គោល​បំណង​សំខាន់​ដែល​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ ដើម្បី​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ទាំង​អ្នក​រស់នៅ​កម្ពុជា និង​នៅ​ប្រទេស​វៀតណាម។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ថាច់ ង៉ុកថាច់ បាន​ជំរុញ​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទាំង​អស់​សហការ​គ្នា​ធ្វើ​ការ។ ម្យ៉ាង​វិញ​ទៀត ត្រូវ​ផ្ដល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​កាណាដា ឬ​នៅ​សហរដ្ឋ​អាមេរិក។

លោក ថាច់ ង៉ុកថាច់ បាន​អះអាង​ថា លោក​នឹង​ខំ​ប្រឹង​ធ្វើ​ការ​ជាមួយ​សហគមន៍​អឺរ៉ុប បន្ត​ទៀត ដើម្បី​ឲ្យ​គេ​គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​ជាប់​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជា​សមាជិក​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​កិច្ច​របស់​អង្គការ​សហប្រជាជាតិ (អ៊ីកូសុក = ECOSOC = Economic and Social Council) នៅ​ឆ្នាំ​២០១៣ នេះ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក មិន​បាន​ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​កិច្ច​របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី២៣ កក្កដា ឆ្នាំ​២០១២ ដោយ​សារ​តែ​ប្រទេស​មួយ​ចំនួន ពិសេស​ប្រទេស​វៀតណាម បាន​បោះ​ឆ្នោត​ទម្លាក់។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ប្រវត្តិសាស្ត្រ​បាន​ពន្យល់​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក មិន​ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច​នៃ​អង្គការ​សហប្រជាជាតិ​នោះ ដោយ​សារ​តែ​បញ្ហា​ប្រទេស​វៀតណាម មិន​ទាន់​មាន​ទំនុក​ចិត្ត​លើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ឡើយ។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​ប្រវត្តិសាស្ត្រ​បាន​ជំរុញ​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ខិត​ខំ​តស៊ូ​បន្ថែម​ទៀត ពិសេស​ធ្វើ​យ៉ាង​ណា​បង្ហាញ​អំពី​សកម្មភាព​របស់​ខ្លួន​ដល់​ពិភពលោក ថា​រាល់​ទង្វើ​របស់​សហព័ន្ធ​កំពុង​ធ្វើ​នោះ គ្រាន់​តែ​ចង់​ការពារ​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​វៀតណាម បច្ចុប្បន្ន មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចង់​ទាម​ទារ​រដ្ឋ​ឯករាជ្យ​ណា​មួយ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល