ការគ្រោងធ្វើបាតុកម្មនេះ ធ្វើឡើងបន្ទាប់ពីសភាសហរដ្ឋអាមេរិក បានបើកិច្ចប្រជុំស្ដីពីវិបត្តិនយោបាយ និងសង្គមនៅកម្ពុជា កាលពីថ្ងៃទី៩ កក្កដា។
សហគមន៍ខ្មែរក្រោម និងសហគមន៍ខ្មែររស់នៅប្រទេសកាណាដា និងសហរដ្ឋអាមេរិក គ្រោងនឹងនាំគ្នាធ្វើបាតុកម្មព្រមគ្នានៅមុខអគាររដ្ឋាភិបាល ដើម្បីសម្ដែងពីការមិនពេញចិត្តចំពោះការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ដែលធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សផ្សេងៗមកលើប្រជាពលរដ្ឋកម្ពុជា នោះ។
ការគ្រោងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា និងសុំឲ្យរដ្ឋាភិបាលប្រទេសមហាអំណាច ដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា នេះ នៅស្របពេលប្រទេសកម្ពុជា កំពុងមមាញឹកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៃគ្រប់គណបក្សនយោបាយ។
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកាណាដា លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍ថា សហគមន៍ខ្មែរក្រោមនឹងចូលរួមជាមួយសហគមន៍ខ្មែរធ្វើបាតុកម្មនៅថ្ងៃសុក្រ ទី១២ កក្កដា ខាងមុខ ដើម្បីសុំឲ្យរដ្ឋាភិបាលកាណាដា និងរដ្ឋាភិបាលអាមេរិក ធ្វើអន្តរាគមន៍មកលើរដ្ឋាភិបាលកម្ពុជា ត្រូវធានាយ៉ាងណាឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងធ្វើឲ្យមានការបោះឆ្នោតប្រកបដោយសេរី តម្ភាភាព និងត្រឹមត្រូវ។
លោក ថាច់ ង៉ុកថាច់ បានបញ្ជាក់ថា មូលហេតុដែលសហព័ន្ធខ្មែរកម្ពុជាក្រោមចូលរួមជាមួយសហគមន៍ខ្មែរធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលខ្មែរនេះ ប្រសិនបើរដ្ឋាភិបាលកម្ពុជា ធានានូវការគោរពសិទ្ធិមនុស្ស និងគោរពច្បាប់ត្រឹមត្រូវនោះ ខ្មែរក្រោមនៅកម្ពុជា ក៏រស់នៅមានសិទ្ធិសេរីភាពដូចគ្នាដែរ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី១២ កក្កដា នេះ សហគមន៍ខ្មែរក្រោម សហគមន៍ខ្មែរនៅប្រទេសកាណាដា និងនៅសហរដ្ឋអាមេរិក នឹងធ្វើបាតុកម្មព្រមគ្នាទាំងអស់ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៣រសៀល ក្នុងគោលបំណងសំខាន់ៗ គឺទាមទារឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ឲ្យមានការគោរពសិទ្ធិមនុស្ស។ សុំឲ្យកម្ពុជា គោរពច្បាប់ ធានាលើដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ទទួលស្គាល់តំណាងរាស្ត្រគណបក្សប្រឆាំងចំនួន២៨ រៀបឡើងវិញ និងធានាឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ឲ្យចូលស្រុកវិញដើម្បីឲ្យចូលរួមការបោះឆ្នោតដោយគ្មានការចាប់ចង។
ការធ្វើបាតុកម្មនេះ គឺនៅប្រទេសកាណាដា នៅទីក្រុងអូតាវ៉ា (Ottawa) និងរដ្ឋមួយចំនួននៃសហរដ្ឋអាមេរិក រួមមាននៅទីក្រុងញីវយ៉ក (New York) ញីវជេរស៊ី (New Jersy) ម៉ារីឡែន (Maryland) និងរដ្ឋមួយចំនួនទៀត។
ការគ្រោងធ្វើបាតុកម្មរបស់សហគមន៍ខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការសភាសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការបរទេស បានរៀបចំកិច្ចប្រជុំកាលពីថ្ងៃអង្គារ ទី៩ ខែកក្កដា នៅរដ្ឋធានីវ៉ាស៊ីនតោន (Washington) ស្ដីពី "វិបត្តិនយោបាយ និងសង្គមនៅកម្ពុជា"។ កិច្ចប្រជុំនេះបានពិនិត្យមើលអំពីស្ថានភាពសិទ្ធិមនុស្ស និងការងារផ្សេងៗទៀតទាក់ទងនឹងការរៀបចំការបោះឆ្នោតសកលនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ខាងមុខ។ នៅក្នុងកិច្ចប្រជុំនេះ មានតំណាងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានផ្ដល់សក្ខីកម្មនៅចំពោះមុខសភាសហរដ្ឋអាមេរិក អំពីវិបត្តិសង្គមនានាដែលកើតមាននៅក្នុងសង្គមកម្ពុជា។
ប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាសហរដ្ឋអាមេរិក លោក ឆា បុត (Chabot) មានប្រសាសន៍ថា ប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដែលមានប្រទេសចំនួន១៩ ជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ក្នុងនោះក៏មានសហរដ្ឋអាមេរិក ដែរ។ លោកបញ្ជាក់ថា កិច្ចព្រមព្រៀងនេះធ្វើឲ្យកម្ពុជា បញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងធ្វើឲ្យការបោះឆ្នោតដោយសេរី និងត្រឹមត្រូវតាមលទ្ធិប្រជាធិបតេយ្យ។
លោកសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះដើម្បីឲ្យរដ្ឋាភិបាលកម្ពុជា ធានានូវការគោរពសិទ្ធិមនុស្ស ធានានូវការបោះឆ្នោតដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ។ ផ្ទុយទៅវិញ រដ្ឋាភិបាលមិនអនុវត្តទៅតាមកិច្ចព្រមព្រៀងនេះទាំងស្រុងនោះទេ៖ «កិច្ចព្រមព្រៀងនេះ គឺចង់ឃើញស្ថានភាពសិទ្ធិមនុស្សត្រូវបានការពារ និងធ្វើឲ្យប្រសើរឡើង។ ប្រទេសកម្ពុជា បានចាប់ផ្ដើមការបោះឆ្នោតជាតិរយៈពេលជាង ២០ឆ្នាំមកហើយ ប៉ុន្តែសហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋ អះអាងមិនអាចទទួលយកបាននៅឡើយ។ រហូតដល់បច្ចុប្បន្ន ប្រទេសកម្ពុជា បានប្រើប្រាស់អំពើពុករលួយនៅក្នុងប្រព័ន្ធនយោបាយ ហើយបានប្រើអំណាចផ្ដាច់ការ។ លោក ហ៊ុន សែន ដែលដឹកនាំគណបក្សប្រជាជនកម្ពុជា មិនបានប្រឹងប្រែងអនុវត្តលទ្ធិប្រជាធិបតេយ្យ និងគោរពគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន ដើម្បីឲ្យប្រជាជនកម្ពុជា រស់នៅប្រកបសេចក្ដីថ្លៃថ្នូរឡើយ»។
ទាក់ទងនឹងបញ្ហានេះ រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យ លោក ផៃ ស៊ីផាន មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សាពិសេសរបស់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី៩ កក្កដា ថា កម្ពុជា ជាប្រទេសឯករាជ្យ មិនស្ថិតនៅក្រោមសម្ពាធរបស់ប្រទេសមហាអំណាចណានោះឡើយ ហើយកម្ពុជា ក៏មិនខ្វល់អំពីសម្ពាធណាមួយពីបរទេសដែរ។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក ថាច់ ង៉ុកថាច់ អះអាងថា ប្រវត្តិសាស្ត្រកម្ពុជា មិនអាចរដ្ឋាភិបាលណាមួយធ្វើឲ្យការអភិវឌ្ឍប្រទេសដោយខ្លួនឯងបានឡើយ។ លោកបញ្ជាក់ថា ចង់មិនចង់ រដ្ឋាភិបាលខ្មែរត្រូវតែទទួលរងនូវសម្ពាធបរទេសក្នុងការធានាថាឲ្យមានការគោរពសិទ្ធិមនុស្ស។
ប្រធានបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម លោក សឺន ជុំជួន មានប្រសាសន៍ថា អាជ្ញាធរកម្ពុជា មិនគោរពរដ្ឋធម្មនុញ្ញនោះទេ ពីព្រោះថា រដ្ឋធម្មនុញ្ញទទួលស្គាល់ជនជាតិខ្មែរគ្រប់រូប និងចាត់ទុកខ្មែរក្រោមជាប្រជាពលរដ្ឋខ្មែរដែរ។ ផ្ទុយទៅវិញ ខ្មែរក្រោមប្រឈមនឹងបញ្ហាលំបាកក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ និងលិខិតស្នាមផ្សេងៗទៀត។ លោកបញ្ជាក់ថា បញ្ហានេះជាការរំលោភសិទ្ធិមនុស្ស។
គណៈកម្មការលុបបំបាត់ការរើសអើងពូជសាសន៍ អង្គការសហប្រជាជាតិ និងប្រជាជនគ្មានតំណាង ហៅកាត់ថា យូ.អិន.ភី.អូ (UNPO) កាលពីដើមខែកក្កដា បានដាក់របាយការណ៍ទៅឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស អំពីការពិនិត្យឡើងវិញជាសកលនូវគោលការណ៍គោរពសិទ្ធិមនុស្ស ទៅលើជនជាតិដើមភាគតិចដែលរស់នៅដាច់ពីគេនៅក្នុងប្រទេសវៀតណាម និងនៅកម្ពុជា។
គណៈកម្មការលុបបំបាត់ការរើសអើងពូជសាសន៍ អង្គការសហប្រជាជាតិ និងប្រជាជនគ្មានតំណាង បានរកឃើញថា ជនជាតិដើមភាគតិចនៅក្នុងប្រទេសវៀតណាម និងនៅកម្ពុជា កំពុងទទួលរងនូវការរំលោភបំពានផ្នែកសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
