សាលា​ក្ដី​ខ្មែរ​ក្រហម​នឹង​ស៊ើប​អង្កេត​ការ​សម្លាប់​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​សំណុំ​រឿង​០០៤

សំណុំ​រឿង​លេខ​០០៣ និង ០០៤ ទោះ​បី​ជា​សំណុំ​រឿង​ក្ដី​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូង​ចម្រាស់​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ និង​សហ​ចៅក្រម​អន្តរជាតិ​ក្ដី ប៉ុន្តែ​អ្នក​ធ្វើ​ការ​ទាក់ទង​នឹង​ជនជាតិ​ភាគ​តិច បាន​ស្រាវជ្រាវ​រក​ឃើញ​ថា សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ប្រមាណ ៧០% លើ​ខ្មែរ​ក្រោម ដែល​បាន​សម្លាប់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៃ​សំណុំ​រឿង​០០៤ ទាំង​មូល។

0:00 / 0:00

ការ​លើក​ដូច្នេះ នៅ​ស្រប​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​បើក​ឱកាស​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​លេខ​០០២ ជា​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលរួម​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​ពេល​ជំនុំ​ជម្រះ​កាល​ពី​ពេល​ថ្មីៗ​នេះ។

សហ​ចៅក្រម​អន្តរជាតិ មិន​ទាន់​ប្រកាស​ជា​សាធារណៈ​នៅ​ឡើយ​អំពី​សំណុំ​រឿង​លេខ​០០៤ ក៏ប៉ុន្តែ​សហ​ចៅក្រម​អន្តរជាតិ បាន​បង្ហាញ​ទីតាំង​ស៊ើប​អង្កេត​មួយ​ចំនួន​ទាក់ទង​នឹង​សំណុំ​រឿង​លេខ​០០៤ នៅ​លើ​គេហទំព័រ​សាលា​ក្ដី​ខ្មែរ​ក្រហម។

ក្នុង​ចំណោម​ទីតាំង​ស៊ើប​អង្កេត​ទាំង​នោះ​ភាគ​ច្រើន សហ​ចៅក្រម​អន្តរជាតិ បង្ហាញ​ទីតាំង​ខ្មែរ​ក្រោម​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ច្រើន​ជាង​ទីតាំង​សម្លាប់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ក្នុង​បណ្ដា​ខេត្ត​មួយ​ចំនួន។

ទាក់ទង​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​អង្គការ​ការពារ​ជនជាតិ​ភាគ​តិច លោក អាង ចាន់រិទ្ធិ មាន​ប្រសាសន៍​ថា តាម​ការ​វិភាគ​របស់​លោក​ទៅ​លើ​សេចក្ដី​ប្រកាស​របស់​សហ​ចៅក្រម​អន្តរជាតិ និង​ផ្អែក​លើ​របាយការណ៍​របស់​លោក​ជាង ១០០​ទំព័រ ដែល​ក្រុម​ស្រាវជ្រាវ​របស់​លោក​បាន​សិក្សា​អំពី​ការ​សម្លាប់​ខ្មែរ​ក្រោម​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​នោះ និង​បាន​បញ្ជូន​ឲ្យ​សហ​ចៅក្រម​ស៊ើប​សង្កេត​កន្លង​មក​នោះ គឺ​សំណុំ​រឿង​០០៤ នេះ សហ​ចៅក្រម​ស៊ើប​អង្កេត​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ប្រមាណ ៧០% លើ​ទីតាំង​ខ្មែរ​ក្រហម​សម្លាប់​ខ្មែរ​ក្រោម។

លោក អាង ចាន់រិទ្ធិ បាន​អះអាង​ថា ការ​សម្លាប់​ខ្មែរ​ក្រោម​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ជា​រឿង​អាថ៌កំបាំង​មួយ​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ។ លោក​បញ្ជាក់​ថា នៅ​ក្នុង​សំណុំ​រឿង​០០៤ នេះ ទោះ​បី​ជា​សហ​ចៅក្រម​មិន​ទាន់​បង្ហាញ​ជន​ជាប់​ចោទ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ក្ដី ប៉ុន្តែ​សំណុំ​រឿង​នេះ​សហ​ចៅក្រម​ស៊ើប​អង្កេត​នឹង​បន្ត​ធ្វើ​កិច្ចការ​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​ខ្មែរ​ក្រោម​ដូច​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ។

សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​របស់​ខ្លួន​នៅ​លើ​គេហទំព័រ​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​បង្ហាញ​ទីតាំង​ឧក្រិដ្ឋកម្ម​បន្ថែម​នៅ​ក្នុង​សំណុំ​រឿង​លេខ​០០៤ ដែល​ជា​ទីតាំង​សម្លាប់​ខ្មែរ​ក្រោម​នោះ មាន​នៅ​ខេត្ត​ពោធិ៍សាត់ គឺ​រណ្ដៅ​ទួលសេះញ៉ូវ និង​វាល​ពិឃាត​ព្រៃក្របៅ ស្ថិត​នៅ​ក្នុង​ឃុំ​រំលេច ឃុំ​ខ្នារទទឹង និង​ទីតាំង​គុក​ភូមិ​វាល ស្ថិត​នៅ​ឃុំ​តាឡូ និង​នៅ​គុក​ស្វាយជ្រុំ ហៅ​គុក​ភូមិ​ថ្គោល និង​គុក​បឹង​បាត​កណ្ដាល ហៅ​ត្រាចក្រោល ស្ថិត​នៅ​ឃុំ​បឹង​បាត​កណ្ដាល។ ទីតាំង​ទាំង​នេះ​ស្ថិត​នៅ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។

រីឯ​នៅ​ខេត្ត​តាកែវ ទីតាំង​សម្លាប់​ខ្មែរ​ក្រោម​នោះ គឺ​កន្លែង​សម្លាប់​ព្រៃសុខុន និង​មន្ទីរ​ឃុំឃាំង​វត្ត​អង្គសិរីមុនី ស្ថិត​នៅ​ឃុំ​ធ្លាប្រជុំ ស្រុក​កោះអណ្ដែត និង​នៅ​ទីតាំង​ព្រៃ​ភូមិ​ស្លែង វត្ត​អង្គុញ កន្លែង​សម្លាប់​ភូមិ​ព្រាល ភូមិ​សោម និង​គុក​វត្ត​សុបិន ស្ថិត​នៅ​ឃុំ​គោកព្រេច និង​ឃុំ​កំពែង ស្រុក​គីរីវង់ និង​នៅ​មន្ទីរ​សន្តិសុខ​ក្រាំងតាចាន់ ខេត្ត​តាកែវ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​ថា ទីតាំង​មួយ​ចំនួន​ដែល​សហ​ចៅក្រម​អន្តរជាតិ​បាន​បង្ហាញ​នេះ ប្រសិន​បើ​សាក្សី ឬ​ជន​រងគ្រោះ​ណា​ដែល​មាន​ព័ត៌មាន​ទាក់ទង​នឹង​ទីតាំង​ឧក្រិដ្ឋកម្ម​ទាំង​នេះ និង​ទីតាំង​ផ្សេងៗ​ទៀត អាច​ទាក់ទង​មក​អង្គភាព​គាំពារ​ជន​រងគ្រោះ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​អំពី​ភស្តុតាង និង​លក្ខខណ្ឌ​ដែល​អាច​ដាក់​ពាក្យ​ធ្វើ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សំណុំ​រឿង​លេខ​០០៣ និង ០០៤ ជា​សំណុំ​រឿង​ដ៏​ចម្រូងចម្រាស​មួយ​រវាង​សហ​ចៅក្រម​ជាតិ និង​សហ​ចៅក្រម​អន្តរជាតិ ដែល​សហ​ចៅក្រម​ជាតិ បាន​អះអាង​ថា សំណុំ​រឿង​០០៣ បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ហើយ ក៏ប៉ុន្តែ​សហ​ចៅក្រម​អន្តរជាតិ លោក ម៉ាក ហាមុន (Mark Hamon) បាន​ប្រកាស​ថា សំណុំ​រឿង​ទាំង​ពីរ​នេះ​នៅ​តែ​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត។

ទាក់ទង​នឹង​បញ្ហា​នេះ លោក អាង ចាន់រិទ្ធិ មាន​ជំនឿ​ថា សាលា​ក្ដី​ខ្មែរ​ក្រហម​នៅ​តែ​បន្ត​នីតិវិធី​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​លេខ​០០៤ នេះ​បាន ទោះ​បី​ជា​មាន​ការ​ជំទាស់​ពី​សម​ភាគី​ជាតិ​ក៏ដោយ ពីព្រោះ​ថា ភាគី​អន្តរជាតិ​មាន​លទ្ធភាព​អាច​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បាន និង​ជា​សំណុំ​រឿង​ប្រវត្តិសាស្ត្រ ហើយ​សាលា​ក្ដី​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត។

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ សាលា​ក្ដី​ខ្មែរ​ក្រហម​បាន​អនុញ្ញាត​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន​ពីរ​នាក់​ជា​ខ្មែរ​កម្ពុជា​ក្រោម គឺ​លោក ចៅ នី និង​លោក សឺន សុវណ្ណឌី ក្នុង​ចំណោម​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាំងអស់​ជាង ១៣០​នាក់ ឡើង​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​អង្គ​ជំនុំ​ជម្រះ​ក្នុង​សំណុំ​រឿង​លេខ​០០២ និង​បើក​ឱកាស​ឲ្យ​សួរ​សំណួរ​ជាច្រើន​ទៅ​កាន់​មេ​ដឹកនាំ​ជាន់​ខ្ពស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​លោក ខៀវ សំផន។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ មាន​ប្រសាសន៍​ថា ខ្មែរ​ក្រោម​មាន​លក្ខណៈ​ខុស​ពី​ប្រជាពលរដ្ឋ​ទូទៅ ដោយសារ​តែ​ភាសា​និយាយ និង​នាម​ត្រកូល​របស់​ពួក​គាត់​មាន​ការ​ខុស​ប្លែក​ពី​គេ ដូច្នេះ​ខ្មែរ​ក្រហម​បាន​ដៅ​សម្លាប់​ខ្មែរ​ក្រោម​ច្រើន​ដែរ បន្ទាប់​ពី​ជនជាតិ​ភាគ​តិច​ចាម។ លោក​បញ្ជាក់​ថា ខ្មែរ​ក្រហម​បាន​លាប​ពណ៌ និង​ដាក់​ការ​សង្ស័យ​ជាច្រើន​លើ​ខ្មែរ​ក្រោម ដូចជា ខ្មែរ​ក្រហម​បាន​ចោទ​ប្រកាន់​ខ្មែរ​ក្រោម​ជា​ចារកម្ម​របស់​វៀតណាម ជាដើម។

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ លោក អាង ចាន់រិទ្ធិ បាន​លើក​ឡើង​ប្រហាក់​ប្រហែល​នឹង​លោក ឆាំង យុ ដែរ​ថា ខ្មែរ​ក្រោម​ជា​ជន​រងគ្រោះ​ក្នុង​ចំណោម​ជន​រងគ្រោះ​ដទៃ​ទៀត ដែល​នៅ​តំបន់​ខ្លះ​ខ្មែរ​ក្រហម​បាន​ដៅ​សម្លាប់​ខ្មែរ​ក្រហម​ផុត​ពូជ។

ឯកសារ​ស្រាវជ្រាវ​របស់​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា បាន​សរសេរ​ថា ក្នុង​ចំណោម​គុក​ចំនួន​១៩៦ របស់​ខ្មែរ​ក្រហម មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​រក​ឃើញ​ឯកសារ​ខ្មែរ​ក្រហម​បាន​សម្លាប់​ខ្មែរ​កម្ពុជា​ក្រោម​នៅ​មន្ទីរ​សន្តិសុខ​ក្រាំងតាចាន់ ស្ថិត​នៅ​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ស្លាប់​ក្នុង​គុក​នេះ​ចន្លោះ​ពី ១​ម៉ឺន ទៅ ២​ម៉ឺន​នាក់ ក្នុង​នោះ​ក៏​មាន​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់​ច្រើន​ដែរ។

ខ្មែរ​ក្រោម​ដែល​ខ្មែរ​ក្រហម​សម្លាប់​ច្រើន​ជាង​គេ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ពិសេស​នៅ​ក្នុង​ស្រុក​បាកាន នៅ​ខេត្ត​តាកែវ និង​ខេត្ត​បាត់ដំបង ជាដើម។ ខ្មែរ​ក្រោម​ចំនួន ១៣២​នាក់ ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សំណុំ​រឿង​០០២។ សំណុំ​រឿង​០០៣ និង ០០៤ មាន​ចំនួន​ជាង ១៣០​នាក់​ផ្សេង​ទៀត​បាន​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដើម្បី​ឲ្យ​រក​យុត្តិធម៌​ជូន​ពួក​គាត់ រហូត​មក​ទល់​ពេល​នេះ សាលា​ក្ដី​ខ្មែរ​ក្រហម​នៅ​តែ​បន្ត​ទទួល​ជន​រងគ្រោះ និង​សាក្សី ដើម្បី​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​សម្រាប់​សំណុំ​រឿង​០០៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។