ទំនាក់ទំនង​រវាង​ខ្មែរ និង​យួន​អណ្ណាម​នៅ​ក្រោយ​រជ្ជកាល​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ (ភាគ​២)

នៅ​ក្នុង​នាទី​ខ្មែរ​កម្ពុជា​ក្រោម​សប្ដាហ៍​នេះ លោក យាង សុជាមេត្តា សូម​រៀប​រាប់​អំពី​ប្រវត្តិសាស្ត្រ​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​បន្ត​ទៀត ដោយ​សូម​រាយការណ៍​ជូន​អំពី​ទំនាក់ទំនង​រវាង​ខ្មែរ និង​យួន​អណ្ណាម នៅ​ក្រោយ​រជ្ជកាល​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២។

0:00 / 0:00

«សំឡេង​ភ្លេង​ល្ខោន​បាសាក់ ដែល​ជា​អត្តសញ្ញាណ​មួយ​នៃ​វប្បធម៌​ខ្មែរ​ក្រោម»

ក្រោយ​ពី​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ រាជបុត្រ​ច្បង​របស់​ព្រះបាទ​ស្រី​សុរិយោ​ពណ៌ រៀប​អភិសេក​ជាមួយ​បុត្រី​អធិរាជ​យួន​អណ្ណាម ឈ្មោះ ង្វៀង ង៉ុក វ៉ាន (Nguyen Ngoc Van) ឬ​ក្សត្រី​អង្គ​ចូវ (Chau) មក ជនជាតិ​យួន បាន​ចាប់​ផ្ដើម​ចូល​មក​តាំង​ទីលំនៅ​ក្នុង​ទឹក​ដី​កម្ពុជា ជា​បន្តបន្ទាប់។

ដោយសារ​ចំណង​អាពាហ៍ពិពាហ៍​នេះ អធិរាជ​យួន​អណ្ណាម សាយ វឿង (Sai Vuong) ដែល​ត្រូវ​ជា​ឪពុក​របស់​ក្សត្រី​អង្គ​ចូវ តែង​តែ​លើក​យក​ហេតុ​ផល​ផ្សេងៗ​មក​ស្នើ​ដល់​ព្រះរាជា​ខ្មែរ ដើម្បី​សុំ​អនុញ្ញាត​ឲ្យ​ជនជាតិ​យួន បាន​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា។ អធិរាជ​យួន​អណ្ណាម មិន​ត្រឹម​តែ​បញ្ជូន​ជនជាតិ​យួន ក្រីក្រ ឬ​អ្នក​ស្រែ​ចម្ការ​ឲ្យ​ចូល​មក​នោះ​ទេ ពួក​គេ​ថែម​ទាំង​បាន​ជំរុញ​ឲ្យ​ជនជាតិ​យួន ផ្សេង​ទៀត ដូច​ជា​ពួក​ទាហាន​ដែល​រត់​ចោល​ជួរ ពួក​ជន​ខិល​ខូច​ប៉ោឡែ​អាវ៉ាសែ ពួក​ចោរ ឬ​ពួក​ឧក្រិដ្ឋជន ឲ្យ​ចូល​ទៀត​ផង។

ពួក​យួន ដែល​គ្មាន​សណ្ដាប់ធ្នាប់​ទាំងអស់​នេះ តែង​តែ​បង្ក​ការ​លំបាក​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ ចំពោះ​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់ ដែល​មិន​អាច​ទ្រាំ​រស់​នៅ​ជាមួយ​ជនជាតិ​យួន ចំណូល​ថ្មី​នេះ​បាន ពួក​គេ​ក៏​ផ្លាស់​ទី​ទៅ​រស់​នៅ​តាម​តំបន់​ផ្សេងៗ​ទៀត។

បន្ទាប់​ពី​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ ចូល​ទិវង្គត​នៅ​ឆ្នាំ​១៦២៨ វត្តមាន​នៃ​ជនជាតិ​យួន លើ​ទឹក​ដី​ខ្មែរ ក៏​មាន​កាន់​តែ​ច្រើន​ឡើងៗ ជាពិសេស​នៅ​តំបន់​ព្រះ​សួគ៌ា កំពង់​ស្រកាត្រី និង​ព្រៃនគរ ហើយ​ឥទ្ធិពល​របស់​ប្រទេស​អណ្ណាម មក​លើ​កម្ពុជា ក៏​មាន​កាន់​តែ​ខ្លាំង​ជា​លំដាប់។ ចំណែក​ក្សត្រី​អង្គ​ចូវ ក៏​ត្រូវ​បាន​លើក​តម្កើង​ជា​ព្រះមហាក្សត្រិយានី ដែល​មាន​ព្រះនាម​ថា សម្ដេច ភគវតី ព្រះស្រីវីរៈក្សត្រី ហើយ​ក្សត្រី​អង្គ​នេះ​មាន​បុត្រី​មួយ​អង្គ​ជាមួយ​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ គឺ​អង្គញ៉ាក្សត្រី ដែល​ក្រោយ​មក​បាន​រៀប​អភិសេក​ជាមួយ​ព្រះអង្គ​នន់ ឬ​បទុម​រាជា ជា​ក្មួយ​របស់​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ សោយរាជ្យ​ពី​ឆ្នាំ​១៦៤០ ដល់​ឆ្នាំ​១៦៤២។

ឯកសារ​ខ្លះ​លើក​ឡើង​ថា ក្រោយ​ពី​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២​ចូល​ទិវង្គត បុត្រា​របស់​ព្រះអង្គ​ដែល​ឡើង​សោយរាជ្យ​ក្រោយៗ​មក​ទៀត ដូច​ជា ព្រះបាទ​ចៅពញានូ និង​ព្រះបាទ​ចៅពញាច័ន្ទ សុទ្ធតែ​បាន​ទាមទារ​ក្សត្រី​អង្គ​ចូវ ប្រគល់​ទឹក​ដី​ខ្មែរ​ដែល​អធិរាជ​អណ្ណាម ខ្ចី ប្រគល់​ឲ្យ​ខ្មែរ​វិញ។ ប៉ុន្តែ ត្រូវ​ក្សត្រី​អង្គ​ចូវ យក​លេស​នេះ​លេស​នោះ​មក​ដោះ​សារ​ជា​ដរាប។ ពេល​ខ្លះ​ថា​ប្រទេស​អណ្ណាម នៅ​ត្រូវ​ការ​ដី​ក្នុង​តំបន់​ទាំង​នោះ ដើម្បី​ហាត់​ទ័ព​ធ្វើ​ចម្បាំង​ដែល​កំពុង​កើត​ឡើង​រវាង​យួន គ្នា​ឯង ហើយ​ពេល​ខ្លះ​ទៀត បាន​ទាមទារ​យក​ដី​ទាំង​នោះ​ជា​ចំណែក​ដាច់​មុខ​តែ​ម្តង ដោយ​សំអាង​ហេតុផល​ថា ព្រះនាង​ក៏​ជា​ព្រះមហាក្សត្រិយានី​នៃ​ប្រទេស​កម្ពុជា មួយ​រូប​ដែរ។

ក្រោយ​ពី​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២​ចូល​ទិវង្គត ប្រទេស​កម្ពុជា បាន​ជួប​ប្រទះ​វិបត្តិ​ផ្ទៃ​ក្នុង​ជា​បន្តបន្ទាប់ ពិសេស​គឺ​វិបត្តិ​ដណ្ដើម​រាជ្យ​គ្នា​រវាង​រាជវង្សានុវង្ស​ខ្មែរ និង​ការ​ប្រទាញប្រទង់​គ្រប់គ្រង​កម្ពុជា ពី​សំណាក់​ប្រទេស​សៀម និង​យួន​អណ្ណាម។ ក្រៅ​ពី​ធ្វើ​ចម្បាំង​រវាង​គ្នា​ឯង ព្រះរាជា​ខ្លះ​បាន​ទៅ​ពឹងពាក់​កម្លាំង​របស់​សៀម ហើយ​ខ្លះ​ទៀត​ទៅ​ពឹង​កម្លាំង​យួន​អណ្ណាម ដើម្បី​លើក​ទ័ព​មក​កម្ចាត់​គូបដិបក្ខ​របស់​ខ្លួន។ ស្រប​ពេល​ជាមួយ​គ្នា ប្រទេស​សៀម និង​អណ្ណាម ក៏​បាន​ប្រទាញប្រទង់​គ្នា​ដើម្បី​ជ្រើស​យក​ព្រះរាជា​ខ្មែរ​ណា​ដែល​គេ​គិត​ថា អាច​បម្រើ​ប្រយោជន៍​គេ​បាន​ឲ្យ​ឡើង​សោយរាជ្យ។ ប្រការ​អស់​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​រវាង​ខ្មែរ និង​ខ្មែរ និង​រវាង​ប្រទេស​ឈ្លាន​ពាន​ជិត​ខាង​ទាំង​ពីរ។

វិបត្តិ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​រជ្ជកាល​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ បាន​អូស​បន្លាយ​ជាង ២០០​ឆ្នាំ ពោល​គឺ​បាន​អូស​បន្លាយ​រហូត​ដល់​ពេល​ព្រះបាទ​អង្គឌួង ដែល​ជា​រាជបុត្រ​ពៅ​របស់​ព្រះបាទ​អង្គអេង ឡើង​គ្រង​រាជ្យ​នៅ​ឆ្នាំ​១៨៤០។ ឯកសារ​ប្រវត្តិសាស្ត្រ​ខ្លះ បាន​ចាត់​ទុក​សម័យ​កាល​ប្រទេស​កម្ពុជា រយៈពេល​ជាង ២០០​ឆ្នាំ​នេះ ថា​ជា​សម័យ​កាល​ដ៏​ខ្មៅ​ងងឹត (Dark Ages) ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ទៀត​ផង។

វិបត្តិ​ផ្ទៃ​ក្នុង​រវាង​រាជវង្សានុវង្ស​ខ្មែរ និង​អស្ថិរភាព​រាជបល្ល័ង្គ​ជាង ២០០​ឆ្នាំ​នេះ មិន​បាន​ផ្តល់​ពេល​វេលា​គ្រប់គ្រាន់​ឲ្យ​ព្រះរាជា​ខ្មែរ គិត​ពី​សុខ​ទុក្ខ​ប្រទេស​ជាតិ​ឡើយ។ ឆ្លៀត​ឱកាស​ដែល​កម្ពុជា កំពុង​មាន​វិបត្តិ​ប្រទេស​សៀម និង​យួន​អណ្ណាម ក៏​បាន​ឆ្លៀត​ឱកាស​យក​ចំណេញ​ពី​ប្រទេស​កម្ពុជា តែ​រៀងៗ​ខ្លួន។ ប្រទេស​សៀម ឆ្លៀត​យក​ទឹក​ដី​ខ្មែរ​ច្រើន​ដែល​គេ​អាច​ធ្វើ​ទៅ​បាន ចំណែក​ស្ដេច​យួន​អណ្ណាម វិញ បន្ត​បញ្ជូន​ពលរដ្ឋ​របស់​គេ​មក​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​កាន់​តែ​ច្រើន​ឡើងៗ។ ពោល គឺ​គិត​ត្រឹម​ពាក់​កណ្ដាល​ទី​២ នៃ​សតវត្សរ៍​ទី​១៨ ពលរដ្ឋ​យួន​អណ្ណាម បាន​មក​រស់​នៅ​ពាសពេញ​លើ​ដែន​ដី​កម្ពុជា​ក្រោម​រួច​ទៅ​ហើយ។

«ភ្លេង»

ក្រោយ​ពី​បាន​ចូល​មក​បោះ​ទីតាំង​រឹងមាំ​លើ​ទឹក​ដី​ខ្មែរ​ហើយ រដ្ឋ​អំណាច​យួន​ចាប់​ផ្ដើម​រក​មធ្យោបាយ​ការពារ​ទឹក​ដី​ទាំង​នេះ និង​បាន​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​លុប​បំបាត់​អត្តសញ្ញាណ​របស់​ខ្មែរ។ ជាក់​ស្ដែង​នៅ​ឆ្នាំ​១៨១៥ យួន បាន​កេណ្ឌ​ប្រជារាស្ត្រ​ខ្មែរ​ច្រើន​ពាន់​នាក់ ឲ្យ​សង់​បន្ទាយ​ទាហាន​មួយ​យ៉ាង​ធំ​នៅ​មាត់​ជ្រូក ប្រយោជន៍​ដើម្បី​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​ណា​មួយ​ពី​សំណាក់​ព្រះរាជា​ខ្មែរ។ យួន បាន​បង្ខំ​ខ្មែរ​ឲ្យ​ជីក​ព្រែក​វិញតេ (Vinh Te) ឬ​ឯកសារ​ខ្លះ​ហៅ​ថា ព្រែក​យួន ឬ​ព្រែក​ជីក កាត់​ពី​ខេត្ត​មាត់ជ្រូក ទៅ​ដល់​ខេត្ត​ពាម ដែល​មាន​ប្រវែង​ប្រមាណ ៥៤​គីឡូម៉ែត្រ។ បំណង គឺ​ដើម្បី​យក​ព្រែក​ជីក នេះ​ទុក​ធ្វើ​ជា​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ខ្មែរ និង​យួន នៅ​ថ្ងៃ​ក្រោយ។

ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​លើក​ឡើង​ថា ក្នុង​កំឡុង​ពេល​នៃ​ការ​ជីក​ព្រែក​នេះ ជនជាតិ​យួន បាន​ធ្វើ​បាប និង​មើល​ងាយ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ខ្លាំង។ ពួក​គេ​ដៀលត្មះ​ថា ខ្មែរ​ជា​ជាតិ​ខ្ជិល​ច្រអូស​មិន​ចូល​ចិត្ត​ធ្វើ​ការ។ ពួក​គេ​បាន​វាយ​ដំ​បង្ខំ​ខ្មែរ​ឲ្យ​ធ្វើ​ការ​ដូច​សត្វ​ធាតុ ហើយ​ចំណែក​ខ្មែរ​ណា​ដែល​ប្រឆាំង​នឹង​គេ គេ​ចាប់​យក​មក​កប់​ត្រឹម​ក ធ្វើ​ជា​មុម​ចង្ក្រាន ដើម្បី​ដាំ​ទឹក​ឲ្យ​ចៅហ្វាយ ឬ​អុងឡឺង (Ong Luong) គេ​ផឹក។ លើស​ពី​នេះ នៅ​ពេល​ដែល​យួន បង្ហូរ​ទឹក​ចូល​ព្រែក គេ​មិន​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ធ្វើ​ការ​ដឹង​ជា​មុន​ឡើយ។ ខ្មែរ​ជាច្រើន ត្រូវ​លង់​ទឹក​ស្លាប់​ដោយសារ​ការ​ទម្លាយ​ទំនប់​ទឹក​នេះ។

មេ​ដឹក​នាំ​យួន​អណ្ណាម ក៏​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​ភូមិ ឃុំ ស្រុក ខេត្ត ក្រុង ខ្មែរ​ឲ្យ​ទៅ​ជា​ឈ្មោះ​យួន ស្ទើរ​តែ​ទាំងអស់។ ឈ្មោះ​ខេត្ត​ក្រុង​ខ្មែរ​ទាំង​២១ ត្រូវ​យួន​ផ្លាស់​ប្ដូរ​ដូច​ត​ទៅ ព្រៃនគរ ទៅ​ជា​សាយហ្កន (Sài Gòn) ទួលតាមោក ទៅ​ជា​ធូវឌូវមូក (Thủ Dầu Một) ចង្វាត្រពាំង ជា​បៀងហ្វា (Biên Hòa) ព្រះសួគ៌ា ជា​បារៀ (Bà Rịa) អូកាប់ ជា​យ៉ុងតាវ (Vũng Tàu) រោងដំរី ជា​តៃនិញ (Tây Ninh) កំពង់គោ ជា​ឡុងអាង (Long An) មេស ជា​មីថ (Mỹ Tho) កោះគង ជា​ហ្កកុង (Gò Công) កំពង់ឫស្សី ជា​ប៊េនត្រែ (Bến Tre) លង់ហោរ ជា​ឡុងហូ (Long Hồ) ផ្សារដែក ជា​សាឌែក (Sa Đéc) ព្រះត្រពាំង ជា​ត្រាវិញ (Trà Vinh) ព្រែកឫស្សី ជា​កឹងធើ (Cần Thơ) បារ៉ាជ ជា​ឡុងសៀង (Long Xuyên) មាត់ជ្រូក ជា​ចូវដុក (Châu Đốc) ពាម ជា​ហាទៀង (Hà Tiên) ក្រមួនស ជា​រ៉ាត់យ៉ា (Rạch Giá) ឃ្លាំង ជា​សុកត្រាំង (Sóc Trăng) ពលលាវ ជា​បាកលីវ (Bạc Liêu) និង​ទឹក​ខ្មៅ ជា​កាម៉ាវ (Cà Mau)។

ក្នុង​សម័យ​ដែល​យួន តាំង​ខ្លួន​ជា​អាណាព្យាបាល​របស់​ខ្មែរ​នេះ​ដែរ ពួក​គេ​មិន​ត្រឹម​តែ​ផ្លាស់​ប្ដូរ​ឈ្មោះ​ខេត្ត និង​តំបន់​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ទៅ​ជា​ឈ្មោះ​យួន ប៉ុណ្ណោះ​ទេ សូម្បី​តែ​ឈ្មោះ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ទឹក​ដី​កម្ពុជា ឯណេះ ក៏​យួន បាន​ផ្លាស់​ប្ដូរ​មួយ​ចំនួន​ដែរ។ ឧទាហរណ៍ ភ្នំពេញ គេ​ហៅ​ថា ណាំយ៉ាង (Nam Vang) ឧត្តុង្គ ទៅ​ជា​បាក់កូណាម (Bac Co Nam) ខេត្ត​កំពត ទៅ​ជា​កឹងវ៉ូក (Can Vot) ព្រៃវែង ទៅ​ជា​ឡាវេន (La Ven) លង្វែក ទៅ​ជា​ឡូវៀត (Lo Viet) និង​សំរោងទង ទៅ​ជា​ឡុងតូង (Long Tong)។ល។

លើស​ពី​នេះ ដើម្បី​ងាយ​ស្រួល​សម្គាល់ និង​ងាយ​ស្រួល​គ្រប់គ្រង​ខ្មែរ អធិរាជ​យួន​អណ្ណាម ឈ្មោះ យ៉ាឡុង (១៨០២-១៨២០) និង​មេ​ដឹក​នាំ​យួន បន្តបន្ទាប់​មក​ទៀត បាន​បង្ខំ​ខ្មែរ​ឲ្យ​ប្ដូរ​ត្រកូល​របស់​ខ្លួន ហើយ​ប្រើ​ត្រកូល​រួម​គ្នា​ទៅ​តាម​ខេត្ត និង​តំបន់​នីមួយៗ។ ត្រកូល​ទាំង​នោះ​រួម​មាន ថាច់ (Thach) សឺន (Son) គៀន (Kien) គីម (Kim) ចៅ (Chau) យ៉ាញ់ ឬ​ដាញ់ (Danh) កាវ (Cao) និង​ដាវ (Dao)។ ត្រកូល​យ៉ាញ់ ឬ​ដាញ់ ត្រូវ​បាន​ប្រើ​សម្រាប់​ខ្មែរ​នៅ​ខេត្ត​ក្រមួនស ត្រកូល ថាច់ គីម សឺន គៀន សម្រាប់​ខ្មែរ​នៅ​ខេត្ត​ព្រះត្រពាំង ខេត្ត​ឃ្លាំង ខេត្ត​ពលលាវ និង​ខេត្ត​ទឹកខ្មៅ ត្រកូល​កាវ សម្រាប់​ខេត្ត​រោងដំរី និង​ត្រកូល​ដាវ សម្រាប់​ខេត្ត​ព្រែកឫស្សី។ ដោយ​ឡែក សម្រាប់​ខេត្ត​មាត់ជ្រូក ត្រកូល​ចៅ ត្រូវ​បាន​ប្រើ​សម្រាប់​បុរស ចំណែក​ស្ត្រី​វិញ គេ​ប្រើ​ត្រកូល​នាង (Neang)។

ក្រៅ​ពី​នេះ ក៏​នៅ​មាន​ត្រកូល​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ ដូច​ជា លី (Ly) យៀប (Diep) លឹម (Lim) តាំង (Tang) ញឹង (Nhan) ហ្វឹន (Huynh) ត្រឹង (Tran) ង៉ូ (Ngo) តូ (To) យឿង (Duong) និង​លូ (Luu)។

«ភ្លេង»

នៅ​ក្នុង​កម្មវិធី​ផ្សាយ​លើក​ក្រោយ លោក យាង សុជាមេត្តា នឹង​រាយការណ៍​ជូន​អំពី​ប្រវត្តិ​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​នេះ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។