ទាក់ទងនឹងបញ្ហានេះ អង្គការសមាគមខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក បានសម្ដែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ព្រះសង្ឃ ដែលអាជ្ញាធរវៀតណាម ចាប់ខ្លួននោះ។ ដោយពួកគេអំពាវនាវឲ្យអាជ្ញាធរវៀតណាម ដោះលែងព្រះសង្ឃទាំងនោះឲ្យមានសេរីភាពឡើងវិញ។
អាជ្ញាធរវៀតណាម បានចាប់ខ្មែរក្រោមចំនួន ៤នាក់ផ្សេងទៀត ក្នុងនោះមានព្រះសង្ឃ ២អង្គ និងគ្រហស្ថ ២នាក់ នៅច្រកព្រំដែនកម្ពុជា-វៀតណាម ឡង់បិន ជាប់នឹងស្រុកកោះធំ ខេត្តកណ្ដាល។
តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម បានឲ្យដឹងនៅថ្ងៃទី២២ ឧសភា ថា អាជ្ញាធរវៀតណាម បានចាប់ខ្លួនព្រះសង្ឃ ២អង្គ និងប្រជាពលរដ្ឋខ្មែរក្រោម ២រូបទៀត នៅខណៈពួកគាត់បានធ្វើដំណើរមកពីខេត្តឃ្លាំង ប្រទេសវៀតណាម ក្នុងគោលបំណងចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ឧសភា។
ការចាប់ខ្លួនខ្មែរក្រោមចំនួន ៤នាក់ទៀតនៅច្រកព្រំដែននេះ ធ្វើឡើងនៅបន្ទាប់ពីអាជ្ញាធរវៀតណាម បានចាប់ខ្លួនព្រះសង្ឃ ៣អង្គ នៅវត្តព្រៃជាប់ ស្រុកជ្រោយញ ខេត្តឃ្លាំង កាលពីថ្ងៃទី១៦ ឧសភា កន្លងទៅ ប៉ុន្តែក្នុងចំណោមព្រះសង្ឃទាំង ៣អង្គនោះ អាជ្ញាធរវៀតណាម បានដោះលែង ១អង្គវិញ គឺព្រះចៅអធិការវត្តស្ដីទីវត្តព្រៃជាប់ ព្រះនាម លី ចិន្តា ដែលអាជ្ញាធរវៀតណាម បានផ្សឹក។ ក្រោយពីការដោះលែង អាជ្ញាធរមិនអនុញ្ញាតឲ្យព្រះតេជព្រះគុណនិមន្តទៅគង់នៅវត្តវិញទេ។
ព្រះចៅអធិការវត្តសាមគ្គីរង្ស៊ី ព្រះតេជព្រះគុណ សៀង សុវណ្ណរ៉ា និងជាប្រធានស្ដីទីសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម មានថេរដីកាថា អាជ្ញាធរវៀតណាម បានចាប់ខ្លួនព្រះចៅអធិការវត្តសេរីតាសេក ព្រះតេជព្រះគុណ លីវ នី ព្រះតេជព្រះគុណ ថាច់ ធឿន និងប្រជាពលរដ្ឋ ២នាក់ទៀត នៅព្រំដែនឡង់បិន មកទល់ពេលនេះមិនទាន់ដឹងថា អាជ្ញាធរបញ្ជូនទៅឃុំខ្លួននៅទីណាទេ។ ដោយឡែកព្រះសង្ឃ ២រូបផ្សេងទៀតដែលអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៦ នោះ ក៏មិនដឹងថាអាជ្ញាធរយកទៅឃុំខ្លួននៅកន្លែងណាដែរ។
ប្រភពសុំមិនបញ្ចេញឈ្មោះនៅប្រទេសវៀតណាម បានអះអាងថា អាជ្ញាធរវៀតណាម បានចាប់ខ្លួនព្រះសង្ឃខ្មែរក្រោមនេះ ធ្វើឡើងតាមសេចក្ដីប្រកាសរបស់ប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិ ព្រះនាម យឿង ញឿង និងជាសមាជិកសភានៅខេត្តឃ្លាំង សហការជាមួយអាជ្ញាធរវៀតណាម ដែលចោទថា ព្រះសង្ឃទាំងនោះមានជាប់ពាក់ព័ន្ធនឹងអង្គការសមាគមនៅក្រៅប្រទេស។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនឹងអាជ្ញាធរវៀតណាម ខេត្តឃ្លាំង ដើម្បីសុំសួរអំពីបញ្ហាចាប់ខ្លួនព្រះសង្ឃខ្មែរក្រោមនេះបាននៅឡើយទេ នៅថ្ងៃទី២២ ឧសភា។ ដោយឡែក មន្ត្រីនាំពាក្យស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា លោក ឡេ មិញង៉ុក (Le Minh Ngoc) មិនធ្វើអធិប្បាយអំពីបញ្ហានេះទេ នៅថ្ងៃទី២២ ឧសភា។
ប៉ុន្តែ នៅក្នុងប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដែលគេថតបន្តយករូបភាពជាវីដេអូពីទូរទស្សន៍វៀតណាម អេស.ធី.វី (STV) បានផ្សាយថា ព្រះសង្ឃ លីវ នី និងព្រះតេជព្រះគុណ លី ចិន្ដា ស្ដាប់បញ្ជាខ្មាំងនៅបរទេស ទាមទារឯករាជ្យប្រឆាំងបក្ស និងរដ្ឋ និងមិនគោរពវិន័យសង្ឃ ដូច្នេះសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិ បានចាប់ផ្សឹកព្រះសង្ឃទាំងពីរអង្គនេះ។ នៅក្នុងព័ត៌មាននោះ បានស្រង់សម្ដីប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ព្រះតេជព្រះគុណ យឿន ញឿន មានថេរដីកាថា ការចាប់ផ្សឹកព្រះសង្ឃនេះ ដោយសារព្រះសង្ឃទាំងនេះធ្វើខុសនឹងសាសនា។
ទាក់ទងនឹងបញ្ហានេះ លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៨ ឧសភា សរសេរថា អាជ្ញាធរវៀតណាម បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់វត្តព្រៃជាប់ និងវត្តសេរីតាសេក ការចាប់ផ្សឹកព្រះសង្ឃនៅវត្តព្រៃជាប់ គឺមិនបានអនុវត្តតាមពុទ្ធបញ្ញត្តិទេ ពីព្រោះថាព្រះសង្ឃទាំងនោះគ្មានធ្វើខុសអ្វីនឹងពុទ្ធសាសនាទេ។
ហើយផ្អែកតាមដីកាចាប់ខ្លួននោះ គ្មានមូលដ្ឋានច្បាស់លាស់ ដោយចោទពីបទព្រះសង្ឃទាំងនោះនៅតែបន្តសកម្មភាពទាក់ទងជាមួយស្ថាប័នខ្មែរនៅក្រៅប្រទេស។ បញ្ហានេះ អាជ្ញាធរវៀតណាម បានរំលោភទៅលើគោលការណ៍សិទ្ធិមនុស្ស ពិសេសសេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស និងសេចក្ដីប្រកាសស្ដីពីជនជាតិដើមភាគតិច ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងទទួលបានព័ត៌មាន។
បន្ថែមពីលើបញ្ហានេះ តំណាងអង្គការសមាគមខ្មែរក្រោម និងព្រះសង្ឃ បានលើកឡើងដូចគ្នាថា មូលហេតុចម្បងនាំឲ្យមានការចាប់ខ្លួនព្រះសង្ឃខ្មែរក្រោមនេះ ដោយសារព្រះចៅអធិការវត្តទាំងពីរ គឺព្រះចៅអធិការវត្តព្រៃជាប់ ស្ដីទី ព្រះតេជព្រះគុណ លី ចិន្ដា និងព្រះចៅអធិការវត្តសិរីតាសេក ព្រះតេជព្រះគុណ លីវ នី កំពុងរៀបចំបង្កើតសាលាបង្រៀនអក្សរខ្មែរនៅពេលខាងមុខ ដែលវៀតណាម មិនចង់ឲ្យបង្កើត។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ថាច់ ង៉ុកថាច់ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅប្រទេសវៀតណាម បានផ្ដល់ដំណឹងជូនលោកចំពោះការចាប់ខ្លួនព្រះសង្ឃខ្មែរក្រោមនៅវៀតណាម នេះ។ លោកបញ្ជាក់ថា អាជ្ញាធរវៀតណាម កំពុងតែរំលោភទៅលើសិទ្ធិរបស់ព្រះសង្ឃខ្មែរក្រោម និងសិទ្ធិជំនឿសាសនា។ លោកបញ្ជាក់ថា បញ្ហាសំខាន់នៅត្រង់ថា អាជ្ញាធរវៀតណាម មិនចង់ឲ្យព្រះសង្ឃទាំងនោះបង្កើតសាលាអក្សរខ្មែរនៅក្នុងវត្តទេ។
ទាក់ទងនឹងបញ្ហានេះ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង លោក ថាច់ សេដ្ឋ និងជានាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី២១ ឧសភា បានធ្វើលិខិតមួយច្បាប់ទៅក្រសួងការបរទេសកម្ពុជា ដើម្បីសុំឲ្យរដ្ឋមន្ត្រីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ដើម្បីសុំឲ្យដោះលែងព្រះសង្ឃដែលអាជ្ញាធរវៀតណាម ចាប់ខ្លួននោះជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។
ការចាប់ខ្លួនព្រះសង្ឃខ្មែរក្រោម ក្រោមបទចោទប្រកាន់ថា ព្រះសង្ឃខ្មែរក្រោមជាប់ពាក់ព័ន្ធនឹងអង្គការនៅក្រៅប្រទេស ឬសហព័ន្ធខ្មែរក្រោមនោះ។ លោក ថាច់ ង៉ុកថាច់ បានពន្យល់ថា ដោយសារតែសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក អង្គការសហប្រជាជាតិ បានទទួលស្គាល់ ហើយសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក តែងតែរាយការណ៍ទៅអង្គការសហប្រជាជាតិអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅប្រទេសវៀតណាម។
លោក ថាច់ ង៉ុកថាច់ បានអះអាងថា លោកបានដាក់របាយការណ៍ស្ដីពីការចាប់ខ្លួនព្រះសង្ឃនេះទៅអង្គការសហប្រជាជាតិរួចហើយ ដែលកំពុងបើកកិច្ចប្រជុំវេទិកាស្ដីពីជនជាតិដើមនៅទីក្រុងញីវយ៉ក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ឧសភា ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ទៅប្រទេសវៀតណាម។
សេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីជនជាតិដើម មាត្រា១២ សរសេរថា ជនជាតិដើមមានសិទ្ធិបង្ហាញ ប្រតិបត្តិ អភិវឌ្ឍន៍ និងបង្រៀនប្រពៃណីខាងជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ និងពិធីបុណ្យផ្សេងៗ។ ជនជាតិដើមមានសិទ្ធិរក្សាការពារ និងសិទ្ធិជាឯកជនក្នុងការប្រើប្រាស់ទីកន្លែងសាសនាវប្បធម៌របស់ខ្លួន និងបញ្ហាផ្សេងៗទៀត។
របាយការណ៍របស់លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម បានសរសេរថា ខ្មែរក្រោម ៩៥% គោរពសាសនាព្រះពុទ្ធ បច្ចុប្បន្នមានវត្តជាង ៥០០វត្ត និងមានព្រះសង្ឃជាង ១ម៉ឺនអង្គ ហើយបញ្ហាជាច្រើនដែលព្រះសង្ឃប្រឈមនោះ គឺបញ្ហាប្រតិបត្តិសាសនា និងការបង្រៀនអក្សរសាស្ត្រខ្មែរជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
