នាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈសូមលើកយកសេចក្តីរាយការណ៍អំពីចម្លើយសារភាពរបស់កម្មាភិបាលជាន់ខ្ពស់មួយរូប គឺលោក ភោគ ឆាយ។
យោងតាមព័ត៌មានដកស្រង់ចេញពីឯកសាររបស់អ្នកទោសនៅគុកទួលស្លែងដែលបច្ចុប្បន្នត្រូវបានប្រមូលចងក្រងនិងរក្សាទុកដោយមជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្ហាញឲ្យឃើញថា មុនពេលក្លាយខ្លួនជាអ្នកទោសនៅគុកទួលស្លែង លោក ភោគ ឆាយ គឺជាកម្មាភិបាលខ្មែរក្រហមថ្នាក់លើមួយរូបដែលធ្លាប់មានប្រវត្តិតស៊ូយូរលង់ក្នុងចលនាបដិវត្តន៍ ដូចគ្នានឹងលោក ខៀវ សំផន, ហ៊ូ យន់, ហ៊ូ នឹម និងកម្មាភិបាលខ្មែរក្រហមមួយចំនួនទៀតដែរ។ លោក ភោគ ឆាយ មានឈ្មោះបដិវត្តន៍មួយទៀតហៅថា សមមិត្ត ទូច។
ចាប់តាំងពីខែតុលា ឆ្នាំ១៩៧៥ ដល់ពាក់កណ្តាលខែមីនា ឆ្នាំ១៩៧៧ លោក ភោគ ឆាយ ឬសមមិត្ត ទូច បានរស់នៅនិងធ្វើការជាមួយកម្មាភិបាលជាន់ខ្ពស់ដទៃៗទៀតនៅឯមន្ទីរគណៈអចិន្ត្រៃយ៍របស់អង្គការកុម្មុយនីស្តកម្ពុជានាទីក្រុងភ្នំពេញ ហើយរួមជាមួយកម្មាភិបាលបីនាក់ទៀត ដូចជាសមមិត្ត យ៉ែម សមមិត្ត ធុច និងសមមិត្ត ឌឿន។
លោកមានភារៈធ្វើកំណត់ហេតុអង្គប្រជុំរបស់គណៈអចិន្រ្តៃយ៍ខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ចំណែកឯមិត្ត យ៉ែម ធ្វើកំណត់ហេតុខាងការងារមូលដ្ឋាន និងមិត្ត ឌឿន ទទួលខាងការងារនយោបាយធំៗ ការងារយោធានិងសន្តិសុខ។ នៅដើមឆ្នាំ១៩៧៧ លោក ភោគ ឆាយ ត្រូវបានអង្គការបក្សប្រគល់ភារកិច្ចថ្មីមួយទៀតនៅក្នុងក្រុមនិពន្ធកាសែត។
នៅក្នុងចម្លើយសារភាពរបស់ខ្លួន លោក ភោគ ឆាយ បានសម្តែងជូនបក្សចំពោះភារកិច្ចថ្មីដូច្នេះថា ៖ «ចំពោះភារកិច្ចថ្មីដែលបក្សប្រគល់ឱ្យកាលពីខែ១ ឆ្នាំ១៩៧៧ ខ្ញុំក៏ពេញចិត្តពេញថ្លើមនឹងបំពេញ ពិសេសខាងសរសេរអត្ថបទនិងបង្រៀនវិជ្ជាអក្សរកាត់ដល់បងប្អូន ហើយក៏បានចូលរួមប្រឡូកក្នុងចលនាពលកម្មសង្គមនិយមផង។ ប្រៀបធៀបនឹងបងប្អូន ខ្លួនខ្ញុំនៅខ្វះខាតច្រើនលើគ្រប់ផ្នែក នយោបាយ សតិអារម្មណ៍ និងចាត់តាំង។ ដូច្នេះខ្ញុំខិតខំប្រយុទ្ធកសាងខ្លួននិងរៀនសូត្រពីបងប្អូនដោយសោមនស្សរីករាយ»។
ស្របពេលពេលដែលកង់ប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យថ្មីកំពុងវិលទៅមុខយ៉ាងលឿនតាមល្បឿនមហាលោតផ្លោះ មហាអស្ចារ្យនោះ យុទ្ធនាការសម្រិតសម្រាំង និងបោសសម្អាតខ្មាំងផ្ទៃក្នុងរបស់បក្សកុម្មុយនីស្តកម្ពុជាក៏មានសន្ទុះខ្លាំងក្លាទន្ទឹមគ្នាដែរ។ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៧៧ លោក ភោគ ឆាយ ហៅសមមិត្ត ទូច ត្រូវអង្គការបក្សកុម្មុយនីស្តកម្ពុជាចាប់ដាក់ឃុំឃាំងនៅមន្ទីរស-២១ ឬគុកទួលស្លែង ហើយក៏ត្រូវបានសម្លាប់ ដែលតាមភាសាបដិវត្តន៍ហៅថាកម្ទេចចោលបន្ទាប់ពីបានឆ្លងកាត់ការធ្វើទារុណកម្មសួរចម្លើយរួចមក។
ឯកសារមួយដុំមានចំនួន១៩ទំព័រចុះកាលបរិច្ឆេទថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៧ និងចុះហត្ថលេខាដោយឈ្មោះ ទូច ជាឈ្មោះបដិវត្តន៍របស់លោក ភោគ ឆាយ អាចជាឯកសារលើកដំបូងមួយបន្ទាប់ពីការចាប់ខ្លួនបានមួយថ្ងៃ ដែលលោក ភោគ ឆាយ ឬសមមិត្ត ទូច បានសរសេររាយការណ៍ជូនអង្គការបក្សកុម្មុយនីស្តកម្ពុជា និងថ្នាក់ដឹកនាំខ្មែរក្រហមសំខាន់ៗដោយមានដាក់ចំណងជើងថា "សេចក្តីរាយការណ៍ជូនអង្គការបក្សជូនក្រសួងនិងជូនបងៗ"។
នៅក្នុងសេចក្ដីរាយការណ៍ឬចម្លើយសារភាពនេះ អ្នកទោស ភោគ ឆាយ ហៅសមមិត្ត ទូច បានសរសេររៀបរាប់អំពីអារម្មណ៍រន្ធត់ញាប់ញ័ររបស់ខ្លួនដែលកំពុងជាប់ឃុំឃាំងនាពេលនោះដូច្នេះថា ៖ «សូមគោរពអង្គការបក្សជាទីគោរពស្មើជីវិត។ សូមគោរពបងៗជាទីគោរពស្នេហាស្មើដោយជីវិត។ ខ្ញុំរន្ធត់ញាប់ញ័រក្រៃលែងរកថ្លឹងថ្លែងពុំបាន។ កាន់ប៉ាកាសរសេរសេចក្តីរាយការណ៍ជូនអង្គការ ជូនក្រសួងស្ទើរពុំបាន។ ខ្ញុំមានការតក់ស្លុតពន់ប្រមាណ មិននឹកស្មានថាត្រូវធ្លាក់ខ្លួនយ៉ាងនេះសោះ។ ឥឡូវខ្លួនខ្ញុំប្រៀបបាននឹងក្រួសមួយដុំតូចដែលរមៀលធ្លាក់ទៅក្នុងជ្រោះដ៏សែនជ្រៅ ងងឹតគ្មានឃើញបាតឬកោះត្រើយឡើយ។ ខ្ញុំមានសង្ឃឹមតែម្យ៉ាងគឺសង្ឃឹមពន្លឺមាគ៌ាបដិវត្តន៍ដ៏ចិញ្ចាចចិញ្ចែងរបស់បក្សកុម្មុយនីស្តកម្ពុជាតែមួយគត់ដែលអាចជួយស្រោចស្រង់ខ្លួនឲ្យរស់រានមានជីវិតតទៅទៀត»។
នៅលើទំព័រឯកសារចម្លើយសារភាពខ្លះរបស់អ្នកទោស ភោគ ឆាយ ហៅ ទូច យើងក៏ឃើញមានចំណាររបស់កម្មាភិបាលមន្ទីរស-២១ ឬគុកទួលស្លែងផងដែរ ដែលចំណារទាំងនោះមានទាំងចំណារបង្គាប់ឲ្យសរសេររាយការណ៍សាជាថ្មី ចំណារគំរាមកំហែងស្មារតី និងចំណារសម្គាល់អំពីចំណាត់ការលើសេចក្តីរាយការណ៍ឬចម្លើយសារភាពទាំងនេះជាដើម។
តាមការកត់សម្គាល់អំពីហត្ថលេខាដែលមាននៅខាងក្រោមចំណារទាំងនេះគឺឃើញមានចុះហត្ថលេខាដោយ ឌុច និង ប៉ុន ដែលមនុស្សជាច្រើនបានដឹងថា ឌុច ជាប្រធានមន្ទីរស-២១ និង ប៉ុន ជាអ្នកសួរចម្លើយ។ ឧទាហរណ៍ចំណារមួយដែលចុះហត្ថលេខាដោយ ប៉ុន ថ្ងៃទី៩ ខែ៤ ឆ្នាំ១៩៧៧ បានចារលើចម្លើយសារភាពរបស់លោក ភោគ ឆាយ ហៅមិត្ត ទូច ដូច្នេះថា ៖ «ម្សៀទូច ៖ ១ សរសេរសាថ្មីម្តងទៀត កុំឱ្យច្របូកច្របល់ឱ្យសោះ, ឯកសារសន្តិបាលកុំនិយាយ។ល។, កុំនិយាយបូកសរុបគេឯង, ត្រូវបែងចែកបដិវត្តន៍និងក្បត់បដិវត្តន៍ឱ្យច្បាស់, បញ្ហាជាចាំបាច់មួយចំនួនត្រូវលម្អិតថែម កុំសរុបខ្លីពេក។ ២ ប្រយ័ត្នចូលឧបាយកល បំផ្លាញកម្លាំងបដិវត្តន៍ និងរក្សាកម្លាំងក្បត់ទុកដើម្បីបំផ្លាញបដិវត្តន៍, ពីរយ៉ាងនេះគឺមានឈ្មោះថាឃោរឃៅ, នឹងត្រូវទារុណកម្មធ្ងន់បន្តិចម្តងៗរហូតទាល់តែស្លាប់ គឺស្លាប់ដោយវេទនាបំផុត។ ៣ រក្សាទុកច្បាប់ដើមនេះដាច់ខាត»។
តាមការពិនិត្យលើខ្លឹមសារនៃចំណាររបស់សន្តិបាលខាងលើរួមជាមួយនឹងកាលបរិច្ឆេទ នៅលើឯកសារខុសៗគ្នាផងអាចបង្ហាញឱ្យយើងឃើញថា អ្នកទោស ភោគ ឆាយ ហៅ ទូច បានឆ្លងកាត់ការសួរចម្លើយពីសន្តិបាលស-២១ ជាច្រើនលើកច្រើនសាក្នុងរយៈពេលជាប់ឃុំឃាំងនៅគុកទួលស្លែងឬមន្ទីរស-២១ប្រមាណបួនខែនោះ។
ក្នុងការឆ្លងកាត់ការសួរចម្លើយជាច្រើនលើកនេះ អ្នកទោស ភោគ ឆាយ ហៅ ទូច បានត្រូវបង្ខំឲ្យសរសេរនូវសេចក្តីរាយការណ៍ឬចម្លើយសារភាពជូនអង្គការបក្សរាប់រយទំព័រដែលអាចមានរហូតដល់ទៅជាង២០០ទំព័រ។ ក៏ប៉ុន្តែខ្លឹមសារដែលសរសេរច្រើនលើកនេះមានចំណុចខ្លះដូចគ្នានិងចំណុចខ្លះខុសគ្នា ហើយនៅពេលនេះមានឯកសារទំព័រខ្លះបានបាត់បង់ទៅហើយ៕
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ច)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ង)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ឃ)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦គ)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ខ)
ឯកសារអង្វរករបក្សកម្មុយនីស្តរបស់អ្នកស្រី វ៉ា ឡាន (ភាគ១០៥)
ចម្លើយសារភាពរបស់ ហ៊ូ នឹម ដែលបន្សល់ទុកក្នុងគុកទួលស្លែង (ភាគ១០៤)
សម្ភាស ស៊ូ ធាង ពីបទពិសោធន៍ក្នុងរបបខ្មែរក្រហម (ភាគ១០៣)
សម្ភាស Nate Thayer អំពីការជួបសម្ភាសជាមួយមេដឹកនាំខ្មែរក្រហម (ភាគ១០២)
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.