នាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈសូមលើកយកសេចក្តីរាយការណ៍អំពី ចម្លើយសារភាពរបស់កម្មាភិបាលជាន់ខ្ពស់មួយរូប គឺលោក ភោគ ឆាយ។
មុនសម្តែងការស្មោះត្រង់ចំពោះបក្ស អ្នកទោស ភោគ ឆាយ ហៅ ទូច បានសរសេររំឭកឡើងវិញថា ក្នុងរយៈកាលកន្លងមកបក្សតែងបានអប់រំបំពាក់បំប៉នលោកមិនដែលលោះពេលណាឡើយ ហើយជាពិសេសពួកបងៗកម្មាភិបាលតែងអនុគ្រោះឲ្យលោករស់នៅជាមួយដោយចាត់ទុកដូចជាប្អូន ជាកូនចៅ ឬជាសាច់ឈាមដូច្នោះដែរ។ ហើយលោកបានសរសេរទៀតថា នៅពេលនេះលោកមានការឈឺចាប់និងសោកស្តាយជាពន់ពេកដោយរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។
លោកបានសរសេរបន្ទោសខ្លួនឯងថា បញ្ហានេះបណ្តាលមកពីទស្សនៈនិងគោលជំហររបស់លោកមិនបដិវត្តន៍ទើបវាទាញលោកឲ្យដាច់ពីមហាចលនាបដិវត្តន៍សង្គមនិយម។
នៅវគ្គមួយអ្នកទោស ភោគ ឆាយ បានសរសេរដូច្នេះថា ៖ «អង្គការបានអប់រំបំពាក់បំប៉នខ្ញុំខ្លាំងណាស់។ ជាពិសេសបងប៉ុលជាទីគោរពស្នេហាដោយជីវិត ពេលណាក៏រំឭកដាស់តឿនខ្ញុំជានិច្ច។ ខ្ញុំមានសេចក្តីសោកស្តាយតែម្យ៉ាង ហើយសោកស្តាយអស់មួយជីវិត គឺពុំបានកសាងខ្លួនឲ្យទៅជាជនកុម្មុយនីស្តមួយរូបជាជនបដិវត្តន៍មួយរូបតាមគំរូរបស់បក្សដោយរក្សាទុកនូវកម្មសិទ្ធិឯកជននៅក្រាស់ណាស់នៅឡើយ។ បងៗបានអប់រំបំពាក់បំប៉នខ្ញុំជាប់ ហើយខ្ញុំក៏បានរៀនសូត្រជាបន្តបន្ទាប់មានការភ្ញាក់រឭកថែមមួយកម្រិតទៀត។ អង្គការបានជ្រាបសព្វគ្រប់អស់ហើយ ប៉ុន្តែបញ្ហាដែលខ្ញុំស្តាយរកអ្វីប្រៀបពុំបាន គឺនៅជិតបងៗហើយនៅតែរៀនសូត្រគំរូបងៗមិនបាន។ នៅតែមានការខ្វះខាតនាំឲ្យមានល្អក់ពណ៌ដល់ភារកិច្ចរបស់បក្សក៏ដូចជាដល់អនាគតរបស់ខ្លួន។ ឧទាហរណ៍ ខ្ញុំនៅភ្លើតភ្លើនមិនទាន់រាបសារបដិវត្តន៍ នៅនិយាយច្រើន មានមតិច្រើន ដូចជានៅពេលប្រជុំនីមួយៗក្តី»។
នៅក្នុងឯកសារដដែលនេះបានបង្ហាញឲ្យឃើញថា អ្នកទោស ភោគ ឆាយ ហៅ ទូច បានសរសេរជូនបក្សត្រួសៗដោយលើកយកព្រឹត្តិការណ៍សំខាន់ៗដែលទាក់ទងនឹងជីវិតរបស់ខ្លួនទាំងនៅសម័យមុនចូលរួមធ្វើបដិវត្តន៍និងទាំងនៅក្នុងសម័យធ្វើបដិវត្តន៍ដើម្បីសម្តែងការស្មោះត្រង់ចំពោះបក្សនិងបងៗកម្មាភិបាលរបស់អង្គការបក្ស។ បើតាមការពិនិត្យលើខ្លឹមសារនៃឯកសារដំបូងនេះ យើងមិនឃើញអ្នកទោស ភោគ ឆាយ សរសេរអ្វីដែលជាការសារភាពថាលោកក្បត់ឬប្រឆាំងអង្គការនិងបក្សកុម្មុយនីស្តកម្ពុជានៅឡើយទេ ដោយគ្រាន់តែមានការបញ្ជាក់អំពីចំណុចខ្វះខាតផ្នែកសតិអារម្មណ៍និងគោលជំហរបដិវត្តន៍របស់ខ្លួនតែប៉ុណ្ណោះ។
លោកបានសរសេរសម្តែងការស្មោះត្រង់ជូនបក្សដូច្នេះថា ៖ «អង្គការបក្សជាទីគោរពស្មើដោយជីវិត បងៗជាទីគោរពស្នេហាស្មើដោយជីវិត ខ្ញុំសូមសច្ចាប្រណិធានចំពោះមុខបក្ស ចំពោះទង់បក្សថា ពីអតីតកាលក៏ដូចសម័យបច្ចុប្បន្នដែរ ខ្ញុំស្មោះត្រង់នឹងបក្សពុំមានគំនិតវៀចវេរ ក្បត់បក្ស ក្បត់ប្រជាជន ក្បត់បដិវត្តន៍ទេ ឬក៏បម្រើខ្មាំងជាចក្រពត្តិអាមេរិកក្តី ជាសូវៀតក្តី ជាវៀតណាមក្តី។ ការខ្វះខាតធំៗដែលនាំឲ្យខ្ញុំបំពេញភារកិច្ចជូនបក្សមិនបានតាមសំណូមពរ គឺមកពីធាតុវណ្ណៈអនុធនវានៅក្រាស់នៅឡើយ។ បក្សបានអប់រំបំពាក់បំប៉នឲ្យខ្ញុំជាប់ជានិច្ច។ គុណរបស់បក្សគឺធ្ងន់រកអ្វីប្រៀបពុំបាន។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំកសាងខ្លួនបានមួយកម្រិតដែរ តែការខ្វះខាតក៏នៅតែមាន»។
នៅក្នុងចម្លើយសារភាពលើកដំបូងនេះក្រៅអំពីការលើកឡើងចំណុចខ្វះខាតខាងលើអ្នកទោស ភោគ ឆាយ ក៏បានសារភាពផងដែរថា លោកធ្លាប់ត្រូវ ឌុច ចោទប្រកាន់ម្តងកាលពីឆ្នាំ១៩៧៣ ថាលោកមានពាក់ព័ន្ធនឹងសេអ៊ីអាដោយសារតែនាឡិកាមួយគ្រឿង។
លោកបានសរសេររំឭកឡើងវិញដូច្នេះថា ៖ «ចាប់តាំងពីដើមឆ្នាំ១៩៧២រហូតមកដល់ចុងឆ្នាំ១៩៧៣ ខ្ញុំនៅជាប់ឯសមរភូមិផ្លូវជាតិលេខ៥ ។ ចំណែកព្រឹត្តិការណ៍ខ្មាំងចូលអមលាំង ខ្ញុំអត់ទាំងដឹងផង ព្រោះខ្ញុំនៅកំពង់ឆ្នាំងឯណោះ ខ្ញុំគ្មានទាក់ទងអ្វីសោះ។ មិត្ត ឌុច មានប្រសាសន៍ថា ខ្ញុំមាននាឡិការោទិ៍ដែលសេអ៊ីអាឲ្យទុកស៊ីញ៉ូឲ្យយន្តហោះទម្លាក់គ្រាប់បែក។ ខ្ញុំអត់ដែលស្គាល់នាឡិការោទិ៍អ្វីនោះសោះ។ តាមពិតខ្ញុំមាននាឡិកាមួយរាងក្រម៉ៅបន្តិច ប្រើបានតែមួយឆ្នាំ ១៩៧០-៧១ វាក៏ខូចទៅ។ ឥឡូវខ្ញុំរក្សាទុកក្នុងប្រអប់ដែកមួយនៅក្នុងបន្ទប់ខ្ញុំសម្រាកឯក-៣»។
ទោះជាយ៉ាងនេះក្តីនៅក្នុងសេចក្តីរាយការណ៍ឬចម្លើយសារភាពដំបូងៗរបស់អ្នកទោស ភោគ ឆាយ ឬមិត្ត ទូច ទំនងមិនបានធ្វើឲ្យសន្តិបាលស-២១ទទួលយកបានទេ ទើបឃើញមានការសរសេរសាចុះសាឡើងវិញជាច្រើនដង។
នៅក្នុងចម្លើយសារភាពដែលសរសេរដោយដៃរាប់រយទំព័រ អ្នកទោស ភោគ ឆាយ បានសរសេររៀបរាប់យ៉ាងលម្អិតអំពីប្រវត្តិរបស់ខ្លួនទាំងអំពីជីវិតផ្ទាល់ខ្លួន អំពីការងារ និងអំពីខ្សែរយៈទំនាក់ទំនងជាមួយអ្នកដទៃចាប់តាំងពីពេលធំដឹងក្តីរហូតដល់ពេលចាប់ខ្លួន។ ជាមួយគ្នានេះមានឈ្មោះមនុស្សសំខាន់ៗមួយចំនួនដែលអ្នកទោស ភោគ ឆាយ ហៅ ទូច រាយការណ៍ជូនបក្សថាលោកធ្លាប់ស្គាល់និងទាក់ទងកន្លងមក ដូចជា លោក អ៊ុច វ៉ែន, ប៉ុក ដឺសកុមារ, វ៉ាន់ ទិព្វសុវណ្ណ, តូច ភឺន, សារិន ឆាក, រស់ ជេដ្ឋរ, ហ៊ូ យន់, ហ៊ូ នឹម, ខៀវ សំផន, ទីវ អុល និងលោក កែ គឹមហួត ជាដើម ។ល។
តាមរយៈចម្លើយសារភាពក្រោយៗមកទៀត យើងអាចសន្និដ្ឋានបានថា ប្រហែលជាត្រូវទទួលរងទារុណកម្មហើយទើបអ្នកទោស ភោគ ឆាយ សរសេរចម្លើយសារភាពទទួលស្គាល់ថា ខ្លួនបានចាញ់កលចក្រពត្តិអាមេរិកហើយធ្វើសកម្មភាពប្រឆាំងបក្សនិងបដិវត្តន៍តាំងពីមុនសម័យសង្រ្គាមរហូតដល់សម័យក្រោយរំដោះ។
ក៏ប៉ុន្តែនៅមុនពេលសរសេររៀបរាប់លម្អិតអំពីសកម្មភាពរបស់ខ្លួនកន្លងមក អ្នកទោស ភោគ ឆាយ បានអង្វរករបក្សដូច្នេះ ៖ «ហេតុនេះខ្ញុំសូមអង្វរករចំពោះអង្គការបក្ស ចំពោះក្រសួង ចំពោះបងៗ ជាទីគោរពស្នេហា សូមមេត្តាសន្តោសប្រោសប្រណីអនុគ្រោះជាលើកចុងក្រោយបំផុត ឲ្យខ្ញុំធ្វើសេចក្តីរាយការណ៍ជូនអំពីប្រវត្តិនិងសកម្មភាពរបស់ខ្លួនបន្ថែម។ តាមពិតអង្គការបក្សក្តាប់បានប្រវត្តិរបស់ខ្ញុំរួចហើយ ក្តាប់ចំណុចខ្សោយរបស់ខ្ញុំរួចហើយ ក្តាប់ការខ្វះខាតរបស់ខ្ញុំរួចហើយ។ ប៉ុន្តែខ្ញុំសូមសម្ដែងការស្មោះត្រង់របស់ខ្ញុំម្តងទៀត ការល្ងង់ខ្លៅរបស់ខ្ញុំម្តងទៀតដើម្បីសុំសេចក្តីសន្តោសប្រោសប្រណីពីអង្គការបក្ស ពីក្រសួង និងពីបងៗ»។
នៅក្នុងប្រវត្តិដើម លោក ភោគ ឆាយ បានសរសេរជូនបក្សថា លោកជាកូនអ្នកក្របំផុតម្នាក់ដែលរស់នៅតែនឹងវត្តលោកចាប់តាំងពីអាយុ៦ឆ្នាំ ហើយទទួលការអប់រំបឋមនៅខេត្តតាកែវនិងខេត្តកំពត៕
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ច)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ង)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ឃ)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦គ)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ក)
ឯកសារអង្វរករបក្សកម្មុយនីស្តរបស់អ្នកស្រី វ៉ា ឡាន (ភាគ១០៥)
ចម្លើយសារភាពរបស់ ហ៊ូ នឹម ដែលបន្សល់ទុកក្នុងគុកទួលស្លែង (ភាគ១០៤)
សម្ភាស ស៊ូ ធាង ពីបទពិសោធន៍ក្នុងរបបខ្មែរក្រហម (ភាគ១០៣)
សម្ភាស Nate Thayer អំពីការជួបសម្ភាសជាមួយមេដឹកនាំខ្មែរក្រហម (ភាគ១០២)
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.