ចម្លើយ​សារភាព​របស់ ភោគ ឆាយ ដែល​បន្សល់​ទុក​នៅ​គុក​ទួលស្លែង (ភាគ​១០៦ខ)

នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​សូម​លើក​យក​សេចក្តី​រាយការណ៍​អំពី ​ចម្លើយ​សារភាព​របស់​កម្មាភិបាល​ជាន់​ខ្ពស់​មួយ​រូប គឺ​លោក ភោគ ឆាយ។
ដោយ ឡេង ម៉ាលី
2009-01-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

មុន​សម្តែង​ការស្មោះ​ត្រង់​ចំពោះ​បក្ស អ្នក​ទោស ភោគ ឆាយ ហៅ ទូច បាន​សរសេរ​រំឭក​ឡើង​វិញ​ថា ក្នុង​រយៈកាល​កន្លង​មក​បក្ស​តែង​បាន​អប់រំ​បំពាក់​បំប៉ន​លោក​មិន​ដែល​លោះ​ពេល​ណា​ឡើយ ហើយ​ជា​ពិសេស​ពួក​បងៗ​កម្មាភិបាល​តែង​អនុគ្រោះ​ឲ្យ​លោក​រស់នៅ​ជាមួយ​ដោយ​ចាត់ទុក​ដូច​ជា​ប្អូន ជា​កូន​ចៅ ឬ​ជា​សាច់​ឈាម​ដូច្នោះ​ដែរ។ ហើយ​លោក​បាន​សរសេរ​ទៀត​ថា នៅ​ពេល​នេះ​លោក​មាន​ការឈឺ​ចាប់​និង​សោកស្តាយ​ជា​ពន់​ពេក​ដោយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ។

លោក​បាន​សរសេរ​បន្ទោស​ខ្លួន​ឯង​ថា បញ្ហា​នេះ​បណ្តាល​មក​ពី​ទស្សនៈ​និង​គោលជំហរ​របស់​លោក​មិន​បដិវត្តន៍​ទើប​វា​ទាញ​លោក​ឲ្យ​ដាច់​ពី​មហា​ចលនា​បដិវត្តន៍​សង្គម​និយម។

នៅ​វគ្គ​មួយ​អ្នក​ទោស ភោគ ឆាយ បាន​សរសេរ​ដូច្នេះ​ថា ៖ «អង្គការ​បាន​អប់រំ​បំពាក់​បំប៉ន​ខ្ញុំ​ខ្លាំង​ណាស់។ ជា​ពិសេស​បង​ប៉ុល​ជា​ទី​គោរព​ស្នេហា​ដោយ​ជីវិត ពេល​ណា​ក៏​រំឭក​ដាស់តឿន​ខ្ញុំ​ជានិច្ច។ ខ្ញុំ​មាន​សេចក្តី​សោកស្តាយ​តែ​ម្យ៉ាង ហើយ​សោកស្តាយ​អស់​មួយ​ជីវិត គឺ​ពុំ​បាន​កសាង​ខ្លួន​ឲ្យ​ទៅ​ជា​ជន​កុម្មុយនីស្ត​មួយ​រូប​ជា​ជន​បដិវត្តន៍​មួយ​រូប​តាម​គំរូ​របស់​បក្ស​ដោយ​រក្សា​ទុក​នូវ​កម្មសិទ្ធិ​ឯកជន​នៅ​ក្រាស់​ណាស់​នៅ​ឡើយ។ បងៗ​បាន​អប់រំ​បំពាក់​បំប៉ន​ខ្ញុំ​ជាប់ ហើយ​ខ្ញុំ​ក៏​បាន​រៀន​សូត្រ​ជា​បន្ត​បន្ទាប់​មាន​ការភ្ញាក់​រឭក​ថែម​មួយ​កម្រិត​ទៀត។ អង្គការ​បាន​ជ្រាប​សព្វ​គ្រប់​អស់​ហើយ ប៉ុន្តែ​បញ្ហា​ដែល​ខ្ញុំ​ស្តាយ​រក​អ្វី​ប្រៀប​ពុំ​បាន គឺ​នៅ​ជិត​បងៗ​ហើយ​នៅតែ​រៀន​សូត្រ​គំរូ​បងៗ​មិន​បាន។ នៅតែ​មាន​ការខ្វះខាត​នាំ​ឲ្យ​មាន​ល្អក់​ពណ៌​ដល់​ភារកិច្ច​របស់​បក្ស​ក៏​ដូច​ជា​ដល់​អនាគត​របស់​ខ្លួន។ ឧទាហរណ៍ ខ្ញុំ​នៅ​ភ្លើតភ្លើន​មិន​ទាន់​រាបសារ​បដិវត្តន៍ នៅ​និយាយ​ច្រើន មាន​មតិ​ច្រើន ដូច​ជា​នៅ​ពេល​ប្រជុំ​នីមួយៗ​ក្តី»

នៅ​ក្នុង​ឯកសារ​ដដែល​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ទោស ភោគ ឆាយ ហៅ ទូច បាន​សរសេរ​ជូន​បក្ស​ត្រួសៗ​ដោយ​លើក​យក​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​ទាក់ទង​នឹង​ជីវិត​របស់​ខ្លួន​ទាំង​នៅ​សម័យ​មុន​ចូលរួម​ធ្វើ​បដិវត្តន៍​និង​ទាំង​នៅ​ក្នុង​សម័យ​ធ្វើ​បដិវត្តន៍​ដើម្បី​សម្តែង​ការស្មោះត្រង់​ចំពោះ​បក្ស​និង​បងៗ​កម្មាភិបាល​របស់​អង្គការ​បក្ស។ បើ​តាម​ការពិនិត្យ​លើ​ខ្លឹមសារ​នៃ​ឯកសារ​ដំបូង​នេះ យើង​មិន​ឃើញ​អ្នក​ទោស ភោគ ឆាយ សរសេរ​អ្វី​ដែល​ជា​ការសារភាព​ថា​លោក​ក្បត់​ឬ​ប្រឆាំង​អង្គការ​និង​បក្ស​កុម្មុយនីស្ត​កម្ពុជា​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​មាន​ការបញ្ជាក់​អំពី​ចំណុច​ខ្វះខាត​ផ្នែក​សតិ​អារម្មណ៍​និង​គោលជំហរ​បដិវត្តន៍​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

លោក​បាន​សរសេរ​សម្តែង​ការស្មោះត្រង់​ជូន​បក្ស​ដូច្នេះ​ថា ៖ «អង្គការ​បក្ស​ជា​ទី​គោរព​ស្មើ​ដោយ​ជីវិត បងៗ​ជា​ទី​គោរព​ស្នេហា​ស្មើ​ដោយ​ជីវិត ខ្ញុំ​សូម​សច្ចាប្រណិធាន​ចំពោះ​មុខ​បក្ស ចំពោះ​ទង់​បក្ស​ថា ពី​អតីតកាល​ក៏​ដូច​សម័យ​បច្ចុប្បន្ន​ដែរ ខ្ញុំ​ស្មោះត្រង់​នឹង​បក្ស​ពុំ​មាន​គំនិត​វៀចវេរ ក្បត់​បក្ស ក្បត់​ប្រជាជន ក្បត់​បដិវត្តន៍​ទេ ឬ​ក៏​បម្រើ​ខ្មាំង​ជា​ចក្រពត្តិ​អាមេរិក​ក្តី ជា​សូវៀត​ក្តី ជា​វៀតណាម​ក្តី។ ការខ្វះខាត​ធំៗ​ដែល​នាំ​ឲ្យ​ខ្ញុំ​បំពេញ​ភារកិច្ច​ជូន​បក្ស​មិន​បាន​តាម​សំណូមពរ គឺ​មក​ពី​ធាតុ​វណ្ណៈ​អនុធន​វា​នៅ​ក្រាស់​នៅ​ឡើយ។ បក្ស​បាន​អប់រំ​បំពាក់​បំប៉ន​ឲ្យ​ខ្ញុំ​ជាប់​ជា​និច្ច។ គុណ​របស់​បក្ស​គឺ​ធ្ងន់​រក​អ្វី​ប្រៀប​ពុំ​បាន។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ខ្ញុំ​កសាង​ខ្លួន​បាន​មួយ​កម្រិត​ដែរ តែ​ការខ្វះខាត​ក៏​នៅតែ​មាន»

នៅ​ក្នុង​ចម្លើយ​សារភាព​លើក​ដំបូង​នេះ​ក្រៅ​អំពី​ការលើក​ឡើង​ចំណុច​ខ្វះខាត​ខាង​លើ​អ្នក​ទោស ភោគ ឆាយ ក៏​បាន​សារភាព​ផងដែរ​ថា លោក​ធ្លាប់​ត្រូវ ឌុច ចោទ​ប្រកាន់​ម្តង​កាលពី​ឆ្នាំ​១៩៧៣ ថា​លោក​មាន​ពាក់ព័ន្ធ​នឹង​សេអ៊ីអា​ដោយសារ​តែ​នាឡិកា​មួយ​គ្រឿង។

លោក​បាន​សរសេរ​រំឭក​ឡើង​វិញ​ដូច្នេះ​ថា ៖ «ចាប់​តាំង​ពី​ដើម​ឆ្នាំ​១៩៧២​រហូត​មក​ដល់​ចុង​ឆ្នាំ​១៩៧៣ ខ្ញុំ​នៅ​ជាប់​ឯ​សមរភូមិ​ផ្លូវ​ជាតិ​លេខ​៥ ។ ចំណែក​ព្រឹត្តិការណ៍​ខ្មាំង​ចូល​អមលាំង ខ្ញុំ​អត់​ទាំង​ដឹង​ផង ព្រោះ​ខ្ញុំ​នៅ​កំពង់ឆ្នាំង​ឯ​ណោះ ខ្ញុំ​គ្មាន​ទាក់ទង​អ្វី​សោះ។ មិត្ត ឌុច មាន​ប្រសាសន៍​ថា ខ្ញុំ​មាន​នាឡិកា​រោទិ៍​ដែល​សេអ៊ីអា​ឲ្យ​ទុក​ស៊ីញ៉ូ​ឲ្យ​យន្តហោះ​ទម្លាក់​គ្រាប់បែក។ ខ្ញុំ​អត់​ដែល​ស្គាល់​នាឡិកា​រោទិ៍​អ្វី​នោះ​សោះ។ តាម​ពិត​ខ្ញុំ​មាន​នាឡិកា​មួយ​រាង​ក្រម៉ៅ​បន្តិច ប្រើ​បាន​តែ​មួយ​ឆ្នាំ ១៩៧០​-​៧១ វា​ក៏​ខូច​ទៅ។ ឥឡូវ​ខ្ញុំ​រក្សា​ទុក​ក្នុង​ប្រអប់​ដែក​មួយ​នៅ​ក្នុង​បន្ទប់​ខ្ញុំ​សម្រាក​ឯ​ក-៣»

ទោះ​ជា​យ៉ាង​នេះ​ក្តី​នៅ​ក្នុង​សេចក្តី​រាយការណ៍​ឬ​ចម្លើយ​សារភាព​ដំបូងៗ​របស់​អ្នក​ទោស ភោគ ឆាយ ឬ​មិត្ត ទូច ទំនង​មិន​បាន​ធ្វើ​ឲ្យ​សន្តិបាល​ស-២១​ទទួល​យក​បាន​ទេ ទើប​ឃើញ​មាន​ការសរសេរ​សា​ចុះ​សា​ឡើង​វិញ​ជា​ច្រើន​ដង។

នៅ​ក្នុង​ចម្លើយ​សារភាព​ដែល​សរសេរ​ដោយ​ដៃ​រាប់​រយ​ទំព័រ អ្នក​ទោស ភោគ ឆាយ បាន​សរសេរ​រៀបរាប់​យ៉ាង​លម្អិត​អំពី​ប្រវត្តិ​របស់​ខ្លួន​ទាំង​អំពី​ជីវិត​ផ្ទាល់​ខ្លួន អំពី​ការងារ និង​អំពី​ខ្សែ​រយៈ​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ​ចាប់​តាំង​ពី​ពេល​ធំ​ដឹង​ក្តី​រហូត​ដល់​ពេល​ចាប់​ខ្លួន។ ជាមួយ​គ្នា​នេះ​មាន​ឈ្មោះ​មនុស្ស​សំខាន់ៗ​មួយចំនួន​ដែល​អ្នក​ទោស ភោគ ឆាយ ហៅ ទូច រាយការណ៍​ជូន​បក្ស​ថា​លោក​ធ្លាប់​ស្គាល់​និង​ទាក់ទង​កន្លង​មក ដូចជា លោក អ៊ុច វ៉ែន, ប៉ុក ដឺសកុមារ, វ៉ាន់ ទិព្វសុវណ្ណ, តូច ភឺន, សារិន ឆាក, រស់ ជេដ្ឋរ, ហ៊ូ យន់, ហ៊ូ នឹម, ខៀវ សំផន, ទីវ អុល និង​លោក កែ គឹមហួត ជាដើម ។ល។

តាមរយៈ​ចម្លើយ​សារភាព​ក្រោយៗ​មក​ទៀត យើង​អាច​សន្និដ្ឋាន​បាន​ថា ប្រហែល​ជា​ត្រូវ​ទទួល​រង​ទារុណកម្ម​ហើយ​ទើប​អ្នក​ទោស ភោគ ឆាយ សរសេរ​ចម្លើយ​សារភាព​ទទួល​ស្គាល់​ថា ខ្លួន​បាន​ចាញ់​កល​ចក្រពត្តិ​អាមេរិក​ហើយ​ធ្វើ​សកម្មភាព​ប្រឆាំង​បក្ស​និង​បដិវត្តន៍​តាំង​ពី​មុន​សម័យ​សង្រ្គាម​រហូត​ដល់​សម័យ​ក្រោយ​រំដោះ។

ក៏​ប៉ុន្តែ​នៅ​មុន​ពេល​សរសេរ​រៀបរាប់​លម្អិត​អំពី​សកម្មភាព​របស់​ខ្លួន​កន្លង​មក អ្នក​ទោស ភោគ ឆាយ បាន​អង្វរករ​បក្ស​ដូច្នេះ ៖ «ហេតុ​នេះ​ខ្ញុំ​សូម​អង្វរករ​ចំពោះ​អង្គការ​បក្ស ចំពោះ​ក្រសួង ចំពោះ​បងៗ ជា​ទី​គោរព​ស្នេហា សូម​មេត្តា​សន្តោស​ប្រោស​ប្រណី​អនុគ្រោះ​ជា​លើក​ចុង​ក្រោយ​បំផុត ឲ្យ​ខ្ញុំ​ធ្វើ​សេចក្តី​រាយការណ៍​ជូន​អំពី​ប្រវត្តិ​និង​សកម្មភាព​របស់​ខ្លួន​បន្ថែម។ តាម​ពិត​អង្គការ​បក្ស​ក្តាប់​បាន​ប្រវត្តិ​របស់​ខ្ញុំ​រួច​ហើយ ក្តាប់​ចំណុច​ខ្សោយ​របស់​ខ្ញុំ​រួច​ហើយ ក្តាប់​ការខ្វះខាត​របស់​ខ្ញុំ​រួច​ហើយ។ ប៉ុន្តែ​ខ្ញុំ​សូម​សម្ដែង​ការស្មោះត្រង់​របស់​ខ្ញុំ​ម្តង​ទៀត ការល្ងង់​ខ្លៅ​របស់​ខ្ញុំ​ម្តង​ទៀត​ដើម្បី​សុំ​សេចក្តី​សន្តោស​ប្រោស​ប្រណី​ពី​អង្គការ​បក្ស ពី​ក្រសួង និង​ពី​បងៗ»

នៅ​ក្នុង​ប្រវត្តិ​ដើម លោក ភោគ ឆាយ បាន​សរសេរ​ជូន​បក្ស​ថា លោក​ជា​កូន​អ្នក​ក្រ​បំផុត​ម្នាក់​ដែល​រស់​នៅ​តែ​នឹង​វត្ត​លោក​ចាប់​តាំង​ពី​អាយុ​៦​ឆ្នាំ ហើយ​ទទួល​ការអប់រំ​បឋម​នៅ​ខេត្ត​តាកែវ​និង​ខេត្ត​កំពត៕

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល