នាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈសូមលើកយកសេចក្តីរាយការណ៍អំពីចម្លើយសារភាពរបស់លោក ភោគ ឆាយ ស្តីពីប្រវត្តិនិងសកម្មភាពរបស់លោក។
នៅក្នុងចម្លើយសារភាពដែលទទួលបានពីមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ភោគ ឆាយ បានសរសេរអំពីប្រវត្តិរូបរបស់ខ្លួនជូនបក្សកុម្មុយនីស្តកម្ពុជាដូច្នេះថា លោកមានឈ្មោះដើមថា ភោគ ឆាយ ឈ្មោះបដិវត្តន៍ ទូច កើតក្នុងឆ្នាំ១៩៣៦ នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
ឪពុកឈ្មោះ ហ៊ូ ជួរ មានមុខរបរជាអ្នករកស៊ីផងនិងធ្វើស្រែផង។ ម្តាយឈ្មោះ នាង ហួន។ លោក ភោគ ឆាយ មានប្អូនស្រីម្នាក់និងប្រុសម្នាក់។ ឪពុកលោកបានស្លាប់ដោយជំងឺកាលលោកមានអាយុ៦ឆ្នាំ។ ក្រោយមរណកាលរបស់ឪពុកលោកបន្តិចមកលោកក៏ត្រូវម្តាយយកទៅឱ្យនៅវត្ត។
ក្រោយមកដោយទ្រាំទ្រនូវការលំបាកក្នុងការចិញ្ចឹមជីវិតពុំបានម្តាយលោកបានយកប្តីមួយទៀត ឈ្មោះ ភោគ សុង។ ឪពុកចុង លោក ភោគ ឆាយ ជាអ្នកចូលចិត្តលេងល្បែងស៊ីសងណាស់មិនសូវរវល់នឹងការរកស៊ីចិញ្ចឹមជីវិតទេ។ ដូច្នេះហើយជីវភាពក្នុងគ្រួសារលោកមានការលំបាកច្រើន។
កាលក្នុងសម័យតស៊ូប្រឆាំងបារាំង ឪពុកចុងលោកជាអ្នកប្រមូលស្បៀងផ្គត់ផ្គង់ដល់កងទ័ពវៀតណាម។ លុះបានអាយុ៨ឆ្នាំ លោកចូលរៀននៅសាលាបារាំង ប៉ុន្តែមិនបានប៉ុន្មានក៏ផ្អាកមួយរយៈដោយសារលោកមានជំងឺ។
ក្នុងឆ្នាំ១៩៤៩ លោកបានអាយុ១៣ឆ្នាំបានប្រឡងជាប់អាហារូបករណ៍ឬហៅថាបាយបួកនៅខេត្តតាកែវ។
នៅមុនពេលចេញទៅរៀននៅក្នុងទីរួមខេត្តតាកែវ លោកបានរំឭកអំពីការទូន្មានរបស់ម្តាយលោកដូច្នេះថា ៖ «កូនឯងកុំធ្វើតាមឪពុកចុងកូនឯងឱ្យសោះ។ កុំលេងល្បែងពាលាឱ្យសោះ។ កូនគិតតែពីខំរៀនសូត្រទៅ ក្រែងធំឡើងមានតម្រិះបានធ្វើនាម៉ឺនមានប្រាក់ខែគ្រាន់បានម្តាយពឹងពាក់ដោយសារផង»។
លោកបានបន្តថា ម្តាយរបស់លោកស្រឡាញ់លោកណាស់ហើយក៏កាចណាស់ដែរ ដូច្នេះហើយមុនពេលលាម្តាយលោកមករៀននៅក្នុងទីរួមខេត្តតាកែវ លោកបានប្តេជ្ញាថា លោកនឹងខំរៀនឱ្យមែនទែន។
ក៏ប៉ុន្តែលោក ភោគ ឆាយ បានសរសេរឱ្យដឹងថា នៅអំឡុងឆ្នាំ១៩៥០ នៅខេត្តតាកែវមានចលនាបាតុកម្មប្រឆាំងបារាំងនិងចៅហ្វាយខេត្តតាកែវ ឈ្មោះ ជា ជិនកុក និងចាងហ្វាងសាលាឈ្មោះ ចាន់ ហើយលោកបានចូលរួមយ៉ាងសកម្មក្នុងបាតុកម្មមួយនោះដែរ។
លោកថា បាតុកម្មនោះរៀបចំឡើងដោយបក្សពួកប្រជាធិបតេយ្យពីររូបដែលគាំទ្រ លោក សឺង ង៉ុកថាន់ គឺលោក ឈូក ម៉េងម៉ៅ និងលោក ព្រំ ចៅស៊ូ។ លោក ឈូក ម៉េងម៉ៅ ជាអធិការបឋមសិក្សាតែមិនចេញមុខមាត់ទេ ទុកឱ្យតែលោក ព្រំ ចៅស៊ូ ជាអ្នកបំផុសសិស្ស។ លោក ព្រំ ចៅស៊ូ ជាគ្រូរបស់លោក ភោគ ឆាយ កាលនៅថ្នាក់មជ្ឈិមដ្ឋានទី២ ហើយក៏ជាអនុរក្សគ្រប់គ្រងសិស្សចំនួន៣០នាក់ដែលអាស្រ័យនៅក្នុងសាលាបួកផងដែរ។
លោក ភោគ ឆាយ បានសរសេរទៀតថា កាលណោះលោកនៅក្មេងនៅឡើយមិនទាន់យល់ពីបញ្ហានយោបាយទេ ក៏ប៉ុន្តែដោយសារតែបាតុកម្មនោះលោកក៏ត្រូវបានបណ្តេញចេញពីសាលាអាហារូបករណ៍ដូចអ្នកដទៃទៀតដែរ។
លោក ភោគ ឆាយ បានរាយការណ៍ជូនបក្សអំពីព្រឹត្តិការណ៍នាពេលនោះដូច្នេះថា ៖ «កាលពីល្ងាចមុនចេញដំណើរធ្វើបាតុកម្ម ព្រំ ចៅស៊ូ បានប្រជុំសិស្សជាសម្ងាត់នៅក្នុងសាលាបួក ហើយនិយាយថា ព្រឹកស្អែកយើងធ្វើបាតុកម្ម។ អ្នកណាចូលរួមក្នុងបាតុកម្ម គាត់នឹងជួយឱ្យប្រឡងជាប់ ហើយបានអាហារូបករណ៍សម្រាប់រៀននៅឆ្នាំក្រោយទៀតផង។ សិស្សទាំងអស់ដោយមានរូបខ្ញុំផងក៏បានលើកដៃស្ម័គ្រចិត្តគ្រប់ៗគ្នា។ លុះព្រឹកឡើងនាំគ្នាធ្វើជាក្បួនហែនៅតាមផ្លូវថ្នល់ស្រែកជេរចៅហ្វាយខេត្តនិងចាងហ្វាងសាលាឈ្មោះ ចាន់ ថា "ខ្ញុំបារាំង"។ ពីរបីថ្ងៃក្រោយមកសិស្សជាងម្ភៃនាក់ក្នុងបណ្តាសិស្ស៣០នាក់ដែលធ្វើបាតុកម្មដោយមានទាំងរូបខ្ញុំផងត្រូវគេបណ្តេញចេញពីសាលាលែងឱ្យរៀន»។
ការដែលលោកត្រូវបណ្តេញចេញពីសាលានោះ លោកបានត្រូវម្តាយលោកស្តីបន្ទោសជាខ្លាំងពេលត្រឡប់ទៅផ្ទះវិញ។ លោក ភោគ ឆាយ បានឲ្យដឹងថា ៖ «ពេលខ្ញុំត្រឡប់មកដល់ផ្ទះវិញ ម្តាយខ្ញុំស្តីបន្ទោសឱ្យខ្លាំងណាស់។ គាត់ថា "ម៉ែឱ្យឯងទៅរៀន ម៉េចឯងទៅធ្វើផ្តេសផ្តាសអ៊ីចឹង តើបានសាលាឯណានឹងរៀនទៀត?"»។
ដល់ឆ្នាំ១៩៥២ នៅឯខេត្តកំពតមានបង្កើតអនុវិទ្យាល័យមួយហៅថា អនុវិទ្យាល័យព្រះរាជសម្ភារ។ លោកបានប្រឡងជាប់អាហារូបករណ៍ហើយបន្តការសិក្សានៅសាលានោះអស់រយៈពេល៤ឆ្នាំ។ ពេលនោះម្តាយលោកអង្វរឱ្យលោកឈប់រៀនរកការងារធ្វើដើម្បីគាត់បានពឹងពាក់ព្រោះឪពុកចុងលោកកាន់តែជរាណាស់ទៅហើយ។
ក៏ប៉ុន្តែលោក ភោគ ឆាយ បានបន្តថា លោកនៅតែចង់បន្តការរៀនសូត្រតទៅទៀតដោយប្រាថ្នាចង់បានតម្រិះវិជ្ជាច្រើន បានបុណ្យស័ក្តិធំ មានមុខមាត់ មានប្រាក់ចាយមិនលំបាកវេទនា។ ហេតុនេះហើយនៅឆ្នាំ១៩៥៦ លោកបានរៀនចប់នៅសាលាអនុវិទ្យាល័យ ហើយបានមកបន្តការរៀនសូត្រនៅឯទីក្រុងភ្នំពេញទៀត។
គ្រាដែលលោកមកបន្តការសិក្សានៅឯទីក្រុងភ្នំពេញនៅឆ្នាំ១៩៥៦ លោក ភោគ ឆាយ បានមកស្នាក់នៅក្នុងវត្តប្រយូវង្ស។ ក្នុងពេលនោះ លោក ភោគ ឆាយ ក៏បានប្រឡងជាប់អាហារូបករណ៍ទៀតនៅសាលាបារាំងមួយឈ្មោះវិទ្យាល័យ ដេកាដ។ លោកបានបន្តការសិក្សានៅទីនោះរយៈពេលពីរឆ្នាំរហូតដល់ឆ្នាំ១៩៥៨។
ក្នុងរយៈកាលរៀនសូត្រនៅសាលាបារាំងនោះ លោក ភោគ ឆាយ បានឱ្យដឹងថា លោកមានការផ្លាស់ប្តូរច្រើនទាំងអាកប្បកិរិយា ទាំងអត្តចរិត ដោយលោកសរសេររៀបរាប់ឱ្យដឹងដូច្នេះ ៖ «ខ្ញុំខិតខំយកចិត្តបារាំងណាស់ដើម្បីឱ្យបារាំងស្រឡាញ់ បារាំងរាប់អាន ហើយឱ្យអាហារូបករណ៍ដល់ខ្ញុំ គ្រាន់នឹងបន្តរៀនសូត្រតទៅទៀត។ ក្នុងរយៈកាលរៀននៅសាលាបារាំងឯភ្នំពេញ ខ្ញុំក៏ចូលចិត្តរាប់អាន ទាក់ទងជិតស្និទ្ធតែនឹងកូននាម៉ឺន កូនអ្នកមាននៅរៀនកន្លែងនោះផងដែរ ធ្វើឱ្យខ្ញុំប្រែក្លាយទាំងទស្សនៈ ទាំងគោលជំហរ ខុសពីដើមស្រឡះ។ ដូច្នេះខ្ញុំទទួលឥទ្ធិពលយ៉ាងខ្លាំងពីបារាំងផង ពីកូនចៅសក្តិភូមិ នាយទុនទាំងនោះផង។ ពីដើមខ្ញុំធ្លាប់តែស្លូតបូត ញញើតញញើមខ្លាចគេឯង ចេះគួរសម គោរពចាស់ទុំណាស់ តែចាប់តាំងពីឆ្នាំ១៩៥៨មក ខ្ញុំប្រែក្លាយទាំងអត្តចរិត ទាំងអាកប្បកិរិយា ទៅជាច្រងេងច្រងាង ខ្វះរាបសារ។ ច្រើនមានអំនួតអួតអាងអំពីស្នាដៃខ្លួន អំពីបុគ្គលខ្លួនដែលរៀនពូកែ ហើយចូលចិត្តនិយាយតែបារាំង»។
នៅក្នុងខែ៦ ឆ្នាំ១៩៥៨នោះ ឪពុកចុង លោក ភោគ ឆាយ បានធ្វើមរណកាលទៅ។ ម្តាយលោកបានសុំអង្វរឱ្យលោកឈប់រៀនម្តងទៀត ហើយរកការងារធ្វើដើម្បីគាត់បានពឹងពាក់ផង។ លោកក៏បានយល់ព្រមតាមការអង្វរកររបស់ម្តាយលោកដោយបោះបង់ចោលគំនិតដែលធ្លាប់គិតទៅបន្តការសិក្សានៅឯបរទេស៕
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ច)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ង)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ឃ)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ខ)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ក)
ឯកសារអង្វរករបក្សកម្មុយនីស្តរបស់អ្នកស្រី វ៉ា ឡាន (ភាគ១០៥)
ចម្លើយសារភាពរបស់ ហ៊ូ នឹម ដែលបន្សល់ទុកក្នុងគុកទួលស្លែង (ភាគ១០៤)
សម្ភាស ស៊ូ ធាង ពីបទពិសោធន៍ក្នុងរបបខ្មែរក្រហម (ភាគ១០៣)
សម្ភាស Nate Thayer អំពីការជួបសម្ភាសជាមួយមេដឹកនាំខ្មែរក្រហម (ភាគ១០២)
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.