ចម្លើយ​សារភាព​របស់ ភោគ ឆាយ ដែល​បន្សល់​ទុក​នៅ​គុក​ទួលស្លែង (ភាគ​១០៦គ)

នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​សូម​លើក​យក​សេចក្តី​រាយការណ៍​អំពី​ចម្លើយ​សារភាព​របស់​លោក ភោគ ឆាយ ស្តីពី​ប្រវត្តិ​និង​សកម្មភាព​របស់​លោក។
ដោយ ឡេង ម៉ាលី
2009-02-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

នៅ​ក្នុង​ចម្លើយ​សារភាព​ដែល​ទទួល​បាន​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ភោគ ឆាយ បាន​សរសេរ​អំពី​ប្រវត្តិរូប​របស់​ខ្លួន​ជូន​បក្ស​កុម្មុយនីស្ត​កម្ពុជា​ដូច្នេះ​ថា លោក​មាន​ឈ្មោះ​ដើម​ថា ភោគ ឆាយ ឈ្មោះ​បដិវត្តន៍ ទូច កើត​ក្នុង​ឆ្នាំ​១៩៣៦ នៅ​ភូមិ​ស្វាយព្រៃ ឃុំ​លំចង់ ស្រុក​សំរោង ខេត្ត​តាកែវ។

ឪពុក​ឈ្មោះ ហ៊ូ ជួរ មាន​មុខរបរ​ជា​អ្នក​រកស៊ី​ផង​និង​ធ្វើ​ស្រែ​ផង។ ម្តាយ​ឈ្មោះ នាង ហួន។ លោក ភោគ ឆាយ មាន​ប្អូន​ស្រី​ម្នាក់​និង​ប្រុស​ម្នាក់។ ឪពុក​លោក​បាន​ស្លាប់​ដោយ​ជំងឺ​កាល​លោក​មាន​អាយុ​៦​ឆ្នាំ។ ក្រោយ​មរណកាល​របស់​ឪពុក​លោក​បន្តិច​មក​លោក​ក៏​ត្រូវ​ម្តាយ​យក​ទៅ​ឱ្យ​នៅ​វត្ត។

ក្រោយ​មក​ដោយ​ទ្រាំទ្រ​នូវ​ការលំបាក​ក្នុង​ការចិញ្ចឹម​ជីវិត​ពុំ​បាន​ម្តាយ​លោក​បាន​យក​ប្តី​មួយ​ទៀត ឈ្មោះ ភោគ សុង។ ឪពុក​ចុង លោក ភោគ ឆាយ ជា​អ្នក​ចូល​ចិត្ត​លេង​ល្បែង​ស៊ីសង​ណាស់​មិន​សូវ​រវល់​នឹង​ការរកស៊ី​ចិញ្ចឹម​ជីវិត​ទេ។ ដូច្នេះ​ហើយ​ជីវភាព​ក្នុង​គ្រួសារ​លោក​មាន​ការលំបាក​ច្រើន។

កាល​ក្នុង​សម័យ​តស៊ូ​ប្រឆាំង​បារាំង ឪពុក​ចុង​លោក​ជា​អ្នក​ប្រមូល​ស្បៀង​ផ្គត់ផ្គង់​ដល់​កងទ័ព​វៀតណាម។ លុះ​បាន​អាយុ​៨​ឆ្នាំ លោក​ចូល​រៀន​នៅ​សាលា​បារាំង ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ក៏​ផ្អាក​មួយរយៈ​ដោយសារ​លោក​មាន​ជំងឺ។

ក្នុង​ឆ្នាំ​១៩៤៩ លោក​បាន​អាយុ​១៣​ឆ្នាំ​បាន​ប្រឡង​ជាប់​អាហារូបករណ៍​ឬ​ហៅ​ថា​បាយ​បួក​នៅ​ខេត្ត​តាកែវ។

នៅ​មុន​ពេល​ចេញ​ទៅ​រៀន​នៅ​ក្នុង​ទីរួម​ខេត្ត​តាកែវ លោក​បាន​រំឭក​អំពី​ការទូន្មាន​របស់​ម្តាយ​លោក​ដូច្នេះ​ថា ៖ «កូន​ឯង​កុំ​ធ្វើ​តាម​ឪពុក​ចុង​កូន​ឯង​ឱ្យ​សោះ។ កុំ​លេង​ល្បែង​ពាលា​ឱ្យ​សោះ។ កូន​គិត​តែ​ពី​ខំ​រៀន​សូត្រ​ទៅ ក្រែង​ធំ​ឡើង​មាន​តម្រិះ​បាន​ធ្វើ​នាម៉ឺន​មាន​ប្រាក់​ខែ​គ្រាន់​បាន​ម្តាយ​ពឹងពាក់​ដោយសារ​ផង»

លោក​បាន​បន្ត​ថា ម្តាយ​របស់​លោក​ស្រឡាញ់​លោក​ណាស់​ហើយ​ក៏​កាច​ណាស់​ដែរ ដូច្នេះ​ហើយ​មុន​ពេល​លា​ម្តាយ​លោក​មក​រៀន​នៅ​ក្នុង​ទីរួម​ខេត្ត​តាកែវ លោក​បាន​ប្តេជ្ញា​ថា លោក​នឹង​ខំ​រៀន​ឱ្យ​មែនទែន។

ក៏​ប៉ុន្តែ​លោក ភោគ ឆាយ បាន​សរសេរ​ឱ្យ​ដឹង​ថា នៅ​អំឡុង​ឆ្នាំ​១៩៥០ នៅ​ខេត្ត​តាកែវ​មាន​ចលនា​បាតុកម្ម​ប្រឆាំង​បារាំង​និង​ចៅហ្វាយ​ខេត្ត​តាកែវ ឈ្មោះ ជា ជិនកុក និង​ចាងហ្វាង​សាលា​ឈ្មោះ ចាន់ ហើយ​លោក​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​បាតុកម្ម​មួយ​នោះ​ដែរ។

លោក​ថា បាតុកម្ម​នោះ​រៀបចំ​ឡើង​ដោយ​បក្ស​ពួក​ប្រជាធិបតេយ្យ​ពីរ​រូប​ដែល​គាំទ្រ លោក សឺង ង៉ុកថាន់ គឺ​លោក ឈូក ម៉េងម៉ៅ និង​លោក ព្រំ ចៅស៊ូ។ លោក ឈូក ម៉េងម៉ៅ ជា​អធិការ​បឋម​សិក្សា​តែ​មិន​ចេញ​មុខ​មាត់​ទេ ទុក​ឱ្យ​តែ​លោក ព្រំ ចៅស៊ូ ជា​អ្នក​បំផុស​សិស្ស។ លោក ព្រំ ចៅស៊ូ ជា​គ្រូ​របស់​លោក ភោគ ឆាយ កាល​នៅ​ថ្នាក់​មជ្ឈិមដ្ឋាន​ទី​២ ហើយ​ក៏​ជា​អនុរក្ស​គ្រប់គ្រង​សិស្ស​ចំនួន​៣០​នាក់​ដែល​អាស្រ័យ​នៅ​ក្នុង​សាលាបួក​ផងដែរ។

លោក ភោគ ឆាយ បាន​សរសេរ​ទៀត​ថា កាល​ណោះ​លោក​នៅ​ក្មេង​នៅ​ឡើយ​មិន​ទាន់​យល់​ពី​បញ្ហា​នយោបាយ​ទេ ក៏​ប៉ុន្តែ​ដោយសារ​តែ​បាតុកម្ម​នោះ​លោក​ក៏​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សាលា​អាហារូបករណ៍​ដូច​អ្នក​ដទៃ​ទៀត​ដែរ។

លោក ភោគ ឆាយ បាន​រាយការណ៍​ជូន​បក្ស​អំពី​ព្រឹត្តិការណ៍​នា​ពេល​នោះ​ដូច្នេះ​ថា ៖ «កាលពី​ល្ងាច​មុន​ចេញ​ដំណើរ​ធ្វើ​បាតុកម្ម ព្រំ ចៅស៊ូ បាន​ប្រជុំ​សិស្ស​ជា​សម្ងាត់​នៅ​ក្នុង​សាលា​បួក ហើយ​និយាយ​ថា ព្រឹក​ស្អែក​យើង​ធ្វើ​បាតុកម្ម។ អ្នក​ណា​ចូលរួម​ក្នុង​បាតុកម្ម គាត់​នឹង​ជួយ​ឱ្យ​ប្រឡង​ជាប់ ហើយ​បាន​អាហារូបករណ៍​សម្រាប់​រៀន​នៅ​ឆ្នាំ​ក្រោយ​ទៀត​ផង។ សិស្ស​ទាំងអស់​ដោយ​មាន​រូប​ខ្ញុំ​ផង​ក៏​បាន​លើក​ដៃ​ស្ម័គ្រ​ចិត្ត​គ្រប់ៗ​គ្នា។ លុះ​ព្រឹក​ឡើង​នាំ​គ្នា​ធ្វើ​ជា​ក្បួន​ហែ​នៅ​តាម​ផ្លូវ​ថ្នល់​ស្រែក​ជេរ​ចៅហ្វាយ​ខេត្ត​និង​ចាងហ្វាង​សាលា​ឈ្មោះ ចាន់ ថា "ខ្ញុំ​បារាំង"។ ពីរ​បី​ថ្ងៃ​ក្រោយ​មក​សិស្ស​ជាង​ម្ភៃ​នាក់​ក្នុង​បណ្តា​សិស្ស​៣០​នាក់​ដែល​ធ្វើ​បាតុកម្ម​ដោយ​មាន​ទាំង​រូប​ខ្ញុំ​ផង​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​សាលា​លែង​ឱ្យ​រៀន»

ការ​ដែល​លោក​ត្រូវ​បណ្តេញ​ចេញ​ពី​សាលា​នោះ លោក​បាន​ត្រូវ​ម្តាយ​លោក​ស្តី​បន្ទោស​ជា​ខ្លាំង​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក ភោគ ឆាយ បាន​ឲ្យ​ដឹង​ថា ៖ «ពេល​ខ្ញុំ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ម្តាយ​ខ្ញុំ​ស្តី​បន្ទោស​ឱ្យ​ខ្លាំង​ណាស់។ គាត់​ថា "ម៉ែ​ឱ្យ​ឯង​ទៅ​រៀន ម៉េច​ឯង​ទៅ​ធ្វើ​ផ្តេសផ្តាស​អ៊ីចឹង តើ​បាន​សាលា​ឯណា​នឹង​រៀន​ទៀត?"»

ដល់​ឆ្នាំ​១៩៥២ នៅ​ឯ​ខេត្ត​កំពត​មាន​បង្កើត​អនុវិទ្យាល័យ​មួយ​ហៅ​ថា អនុវិទ្យាល័យ​ព្រះរាជ​សម្ភារ។ លោក​បាន​ប្រឡង​ជាប់​អាហារូបករណ៍​ហើយ​បន្ត​ការសិក្សា​នៅ​សាលា​នោះ​អស់​រយៈពេល​៤​ឆ្នាំ។ ពេល​នោះ​ម្តាយ​លោក​អង្វរ​ឱ្យ​លោក​ឈប់​រៀន​រក​ការងារ​ធ្វើ​ដើម្បី​គាត់​បាន​ពឹងពាក់​ព្រោះ​ឪពុក​ចុង​លោក​កាន់តែ​ជរា​ណាស់​ទៅ​ហើយ។

ក៏​ប៉ុន្តែ​លោក ភោគ ឆាយ បាន​បន្ត​ថា លោក​នៅតែ​ចង់​បន្ត​ការរៀនសូត្រ​ត​ទៅ​ទៀត​ដោយ​ប្រាថ្នា​ចង់​បាន​តម្រិះ​វិជ្ជា​ច្រើន បាន​បុណ្យ​ស័ក្តិ​ធំ មាន​មុខមាត់ មាន​ប្រាក់ចាយ​មិន​លំបាក​វេទនា។ ហេតុ​នេះ​ហើយ​នៅ​ឆ្នាំ​១៩៥៦ លោក​បាន​រៀន​ចប់​នៅ​សាលា​អនុវិទ្យាល័យ ហើយ​បាន​មក​បន្ត​ការរៀន​សូត្រ​នៅ​ឯ​ទីក្រុង​ភ្នំពេញ​ទៀត។

គ្រា​ដែល​លោក​មក​បន្ត​ការសិក្សា​នៅ​ឯ​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​១៩៥៦ លោក ភោគ ឆាយ បាន​មក​ស្នាក់នៅ​ក្នុង​វត្ត​ប្រយូវង្ស។ ក្នុង​ពេល​នោះ លោក ភោគ ឆាយ ក៏​បាន​ប្រឡង​ជាប់​អាហារូបករណ៍​ទៀត​នៅ​សាលា​បារាំង​មួយ​ឈ្មោះ​វិទ្យាល័យ ដេកាដ។ លោក​បាន​បន្ត​ការសិក្សា​នៅ​ទី​នោះ​រយៈពេល​ពីរ​ឆ្នាំ​រហូត​ដល់​ឆ្នាំ​១៩៥៨។

ក្នុង​រយៈកាល​រៀន​សូត្រ​នៅ​សាលា​បារាំង​នោះ លោក ភោគ ឆាយ បាន​ឱ្យ​ដឹង​ថា លោក​មាន​ការផ្លាស់ប្តូរ​ច្រើន​ទាំង​អាកប្បកិរិយា ទាំង​អត្តចរិត ដោយ​លោក​សរសេរ​រៀបរាប់​ឱ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​ខិតខំ​យក​ចិត្ត​បារាំង​ណាស់​ដើម្បី​ឱ្យ​បារាំង​ស្រឡាញ់ បារាំង​រាប់អាន ហើយ​ឱ្យ​អាហារូបករណ៍​ដល់​ខ្ញុំ គ្រាន់​នឹង​បន្ត​រៀនសូត្រ​ត​ទៅ​ទៀត។ ក្នុង​រយៈកាល​រៀន​នៅ​សាលា​បារាំង​ឯ​ភ្នំពេញ ខ្ញុំ​ក៏​ចូលចិត្ត​រាប់​អាន ទាក់ទង​ជិតស្និទ្ធ​តែ​នឹង​កូន​នាម៉ឺន កូន​អ្នក​មាន​នៅ​រៀន​កន្លែង​នោះ​ផងដែរ ធ្វើ​ឱ្យ​ខ្ញុំ​ប្រែ​ក្លាយ​ទាំង​ទស្សនៈ ទាំង​គោលជំហរ ខុស​ពី​ដើម​ស្រឡះ។ ដូច្នេះ​ខ្ញុំ​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​បារាំង​ផង ពី​កូន​ចៅ​សក្តិភូមិ នាយទុន​ទាំង​នោះ​ផង។ ពី​ដើម​ខ្ញុំ​ធ្លាប់តែ​ស្លូតបូត ញញើត​ញញើម​ខ្លាច​គេ​ឯង ចេះ​គួរសម គោរព​ចាស់​ទុំ​ណាស់ តែ​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៨​មក ខ្ញុំ​ប្រែ​ក្លាយ​ទាំង​អត្តចរិត ទាំង​អាកប្បកិរិយា ទៅ​ជា​ច្រងេងច្រងាង ខ្វះ​រាបសារ។ ច្រើន​មាន​អំនួត​អួតអាង​អំពី​ស្នាដៃ​ខ្លួន អំពី​បុគ្គល​ខ្លួន​ដែល​រៀន​ពូកែ ហើយ​ចូលចិត្ត​និយាយ​តែ​បារាំង»

នៅ​ក្នុង​ខែ​៦ ឆ្នាំ​១៩៥៨​នោះ ឪពុក​ចុង លោក ភោគ ឆាយ បាន​ធ្វើ​មរណកាល​ទៅ។ ម្តាយ​លោក​បាន​សុំ​អង្វរ​ឱ្យ​លោក​ឈប់​រៀន​ម្តង​ទៀត ហើយ​រក​ការងារ​ធ្វើ​ដើម្បី​គាត់​បាន​ពឹងពាក់​ផង។ លោក​ក៏​បាន​យល់ព្រម​តាម​ការអង្វរករ​របស់​ម្តាយ​លោក​ដោយ​បោះបង់​ចោល​គំនិត​ដែល​ធ្លាប់​គិត​ទៅ​បន្ត​ការសិក្សា​នៅ​ឯ​បរទេស៕

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល