នាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈសូមលើកយកសេចក្តីរាយការណ៍អំពីចម្លើយសារភាពរបស់លោក ភោគ ឆាយ ស្តីពីសកម្មភាពនិងការចាប់ផ្តើមទំនាក់ទំនងរបស់លោកជាមួយសកម្មជនកុម្មុយនីស្តសំខាន់ៗមួយចំនួន។
ក្នុងឆ្នាំ១៩៥៩ លោក ភោគ ឆាយ បានចុះឈ្មោះរៀននៅសាលាច្បាប់ ហើយទន្ទឹមគ្នានោះដើម្បីបានប្រាក់សម្រាប់រស់នៅខ្លួនឯងផងនិងផ្គត់ផ្គង់ទៅម្តាយខ្លះផង លោកក៏បានដើរបង្រៀននៅតាមសាលាឯកជនមួយចំនួន។
លោក ភោគ ឆាយ បានរៀបរាប់ការបង្រៀននៅឯសាលាឯកជនទាំងនោះដូច្នេះថា៖ «ខ្ញុំបង្រៀននៅសាលាឯកជនជាច្រើន មានសាលាចតុមុខ ពីឆ្នាំ១៩៥៩ ដល់ ៦០, សាលាខេមរា ពីឆ្នាំ១៩៦០ ដល់ ៦១, សាលាចំរើនវិជ្ជានិងប្រសើរសិក្សា ពីឆ្នាំ១៩៦១ ដល់ ៦២ ។ សាលាខេមរាជាសាលារបស់អា លន់ ណុន ប្អូនអា លន់ នល់។ នៅខេមរាខ្ញុំបង្រៀនវិជ្ជាភូមិសាស្ត្រនិងប្រវត្តិសាស្រ្ត។ លន់ ណុន បានប្រាប់ខ្ញុំថា ឱ្យជួយសាលាខេមរាទៅ ថ្ងៃក្រោយយើងនឹងបានរាប់អានគ្នាតទៅទៀត។ដូច្នោះហើយពេលនោះខ្ញុំខំយកចិត្ត លន់ ណុន ណាស់ ខិតខំបង្រៀនណាស់ ដើម្បីឱ្យ លន់ ណុន ចូលចិត្តខ្ញុំឱ្យម៉ោងច្រើននិងបានប្រាក់ខែច្រើន។ សាលាចំរើនវិជ្ជា មានឈ្មោះ អ៊ុច វ៉ែន ជាប្រធាន។ ខ្ញុំស្គាល់ អ៊ុច វ៉ែន នៅសាលាច្បាប់ ហើយគាត់បានហៅខ្ញុំឱ្យមកបង្រៀននៅសាលាចំរើនវិជ្ជា។ ខ្ញុំសុខចិត្តមកតែគ្មានគិតអី្វក្រៅពីប្រាក់ខែឡើយ»។
លោក ភោគ ឆាយ ក៏បានឱ្យដឹងដែរថា ពេលនោះលោក អ៊ុច វ៉ែន ដែលជាអតីតសាស្រ្តាចារ្យនិងជាអតីតតំណាងរាស្រ្តនៅធ្វើជាលេខាធិការបណ្ណាល័យ ។ លោកថា លោកស្គាល់លោក អ៊ុច វ៉ែន ដោយសារលោកចូលទៅខ្ចីសៀវភៅពីគាត់យកមកអាន។
លោក ភោគ ឆាយ បានបន្តថា លោក អ៊ុច វ៉ែន បានឱ្យសៀវភៅចម្រើនល្អៗមកឱ្យលោកអាន ក៏ប៉ុន្តែលោកមិនសូវយកចិត្តទុកដាក់ទេ លោកបានសរសេរដូច្នេះ ៖ «គាត់ចង់ឱ្យខ្ញុំងាកទៅរកផ្លូវល្អ, ផ្លូវចម្រើន, ផ្លូវបដិវត្តន៍ តែខ្ញុំមិនរវល់។ ខ្ញុំគិតតែពីបុគ្គលខ្ញុំ។ គិតតែខំរៀនយកសញ្ញាបត្រ, មានកេរ្តិ៍ឈ្មោះ, មានស្នាដៃ»។
ក្នុងរយៈកាលដែលលោករៀននៅសាលាច្បាប់ លោក ភោគ ឆាយ បានស្គាល់និងទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សមួយចំនួន ដូចជាលោក សារិន ឆាក និងលោក អ៊ុច វ៉ែន ជាដើម។
លោកបានរំឭកថា កាលនោះលោក សារិន ឆាក ធ្វើការនៅក្រសួងការបរទេស ហើយមករៀននៅសាលាច្បាប់ថ្នាក់ជាមួយលោកដែរ។ ក្នុងឆ្នាំ១៩៦១ ដល់ ៦២ លោក សារិន ឆាក បានរៀបចំបង្កើតសមាគមនិស្សិតសាលាច្បាប់មួយដែលលោកធ្វើជាប្រធាន។ កាលនោះ លោក ភោគ ឆាយ ក៏ចូលរួមធ្វើជាសមាជិកនៃសមាគមនោះដែរដោយទទួលភារៈខាងបោះពុម្ពផ្សាយទស្សនាវដ្តី។
លោក ភោគ ឆាយ បានឱ្យដឹងបន្ថែមថា នៅក្នុងក្របខ័ណ្ឌសាលាច្បាប់លោកទាក់ទងនិងយកចិត្តយកថ្លើមនិងគោរពមនុស្សពីររូប ទីមួយគឺលោក ហ៊ូ យន់ ទីពីរគឺលោក អ៊ុច វ៉ែន។
លោកបានរៀបរាប់បន្ថែមដូច្នេះ ៖ «ហ៊ូ យន់ ធ្វើជាគ្រូខ្ញុំ ក្នុងឆ្នាំ១៩៦១ ដល់ ៦២ ផ្នែកខាងវិជ្ជាសេដ្ឋកិច្ច។ ហ៊ូ យន់ តែងហៅខ្ញុំទៅប្រជុំជាមួយនិស្សិតដទៃទៀតដើម្បីពិភាក្សាពីបញ្ហានយោបាយ ធ្វើឱ្យខ្ញុំចូលចិត្តខាងនយោបាយបន្តិចម្តងៗ ហើយស្តាប់បង្គាប់ ហ៊ូ យន់ គោរព ហ៊ូ យន់ និងទាក់ទងជាមួយ ហ៊ូ យន់ ជារៀងរហូត។ ទី២ គឺ អ៊ុច វ៉ែន ដែលពេលនោះធ្វើជាប្រធានសមាគមចម្រើនវិជ្ជាផង ខាងកាសែតបារាំងឈ្មោះ "ឡាដេប៉ែស" ផង ។ តាមរយៈ អ៊ុច វ៉ែន ខ្ញុំក៏បានស្គាល់និងជិតស្និទ្ធជាមួយ ចៅ សេង ចាងហ្វាងកាសែតបារាំងឈ្មោះ "ឡាដេប៉ែស" ទៀតដែរ ។ ចៅ សេង ក៏អនុគ្រោះឱ្យខ្ញុំចូលសរសេរកាសែត "ឡាដេប៉ែស" ដោយឱ្យប្រាក់ខែខ្ញុំ ៣៥០០រៀលក្នុងមួយខែ»។
លោកបានសរសេរទៀតថា ការដែលលោកមកសរសេរកាសែតឡាដេប៉ែសក៏ក្នុងបំណងចង់បានប្រាក់ខែច្រើននិងបានកេរ្តិ៍ឈ្មោះប៉ុណ្ណោះ។ លោកពុំដែលបានជួបលោក ស៊ឹម វ៉ា ទេ ព្រោះពីលោក ស៊ឹម វ៉ា កាលនោះធ្វើទូតនៅឯជប៉ុន។ គេបានប្រាប់លោកថា កាលក្នុងឆ្នាំ១៩៥៥-៥៦ លោក ស៊ឹម វ៉ា ជាមេនៃចលនាប្រជាសេរី ប្រឆាំងបដិវត្តន៍ ប្រឆាំងប្រជាជន ប៉ុន្តែលោកក៏មិនរវល់ដែរ លោកគិតតែរឿងប្រាក់ខែ។
នៅក្នុងក្រុមកាសែតឡាដេប៉ែស ក្រៅពីមនុស្សពីរនាក់ គឺលោក ចៅ សេង ជាចាងហ្វាង ហើយលោក អ៊ុច វ៉ែន ជាចាងហ្វាងរង លោកបានស្គាល់មនុស្សបីនាក់ទៀត។
លោក ភោគ ឆាយ បានសរសេរឱ្យដឹងដូច្នេះថា ៖ «នៅក្នុងក្រុមឡាដេប៉ែស ខ្ញុំនៅស្គាល់មនុស្សមួយចំនួនទៀត គឺ ប៉ុក ដឺសកុមារ, រស់ ជេដ្ឋរ និង សូ ណែម ។ ប៉ុក ដឺសកុមារ និង រស់ ជេដ្ឋរ សុទ្ធតែមានអាយុច្រើនជាងខ្ញុំពីបួនទៅប្រាំឆ្នាំម្នាក់ ហើយធ្វើការនៅក្រសួងការបរទេសផង ។ សូ ណែម ធ្វើជាតំណាងរាស្ត្រ។ នៅក្នុងក្រុមកាសែតឡាដេប៉ែស ខ្ញុំឃើញយូរៗម្តង បង ហ៊ូ នីម ក៏មកចូលរួមសរសេរដែរ តែគាត់សរសេរជាប្រយោលទេ។ ក្នុងចំណោមមនុស្សប៉ុន្មាននាក់នេះ ខ្ញុំជិតដិតនឹង ប៉ុក ដឺសកុមារ ជាងគេ ព្រោះគាត់ជាកូនកាត់បារាំង ចូលចិត្តនិយាយបារាំងដែលត្រូវនឹងអត្តចរិតរបស់ខ្ញុំ»។
លោក ភោគ ឆាយ បានបន្តរៀននៅសាលាច្បាប់ផងនិងសរសេរកាសែតឡាដេប៉ែសផង រហូតដល់ខែ២ ឆ្នាំ១៩៦៣ លោកបានប្រឡងចេញពីសាលាច្បាប់ហើយក៏ទៅសុំការងារធ្វើនៅឯក្រសួងការបរទេស ដោយមានលោក ប៉ុកដឺស កុមារ និង សារិន ឆាក ដែលកាលនោះធ្វើជាអគ្គលេខាក្រសួងជួយជ្រោមជ្រែងផង។ ក្នុងដើមខែ៤ លោកបានចូលធ្វើការនៅក្រសួងការបរទេសដោយបានប្រាក់ខែ៤ពាន់រៀល។
លុះដល់ថ្ងៃទី២៨ ខែ៧ ឆ្នាំ១៩៦៣ ដោយមានមិត្តភក្តិជួយផ្ចុងផ្តើមផង លោក ភោគ ឆាយ បានរៀបការជាមួយអ្នកស្រី សៀក គីម ជាកូនចៅចិនឈ្មួញស្រូវម្នាក់នៅត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ លោក ភោគ ឆាយ បានឱ្យដឹងទៀតថា ឪពុកក្មេកលោកឈ្មោះ ឃាម ទ្រី ជាប់សាច់ឈាមជាមួយម្តាយរបស់លោក ងុយ កាន់ ជានាយទុនធំម្នាក់នៅទីក្រុងភ្នំពេញ។
លោក ភោគ ឆាយ បាននិយាយថា លោក ងុយ កាន់ មិនបានចូលរួមក្នុងមង្គលការរបស់លោកទេ ៖ «ពេលខ្ញុំការ ងុយ កាន់ និងគ្រួសារពុំបានមកចូលរួមទេ ព្រោះគាត់ខឹងនឹងឪពុកក្មេកខ្ញុំដែលព្រមយកខ្ញុំជាកូនប្រសារ ព្រោះខ្ញុំសរសេរកាសែតឡាដេប៉ែស ដែល ងុយ កាន់ សន្មត់ថាជាខ្មែរក្រហម។ តាមពិតខ្ញុំអត់មានគោលជំហរបដិវត្តន៍អ្វីទាល់តែសោះ។ ឪពុកក្មេកខ្ញុំទូន្មានថា "បើគេមិនរវល់នឹងយើង យើងក៏កុំទៅអំពល់គេ។ គេមាន ឱ្យគេមានតែគេចុះ។ តែខ្ញុំពុំបានធ្វើតាមបណ្តាំរបស់ឪពុកក្មេកទេ។ ថ្ងៃក្រោយខ្ញុំទាក់ទង ងុយ កាន់ កាន់តែជិតស្និទ្ធខ្លាំងឡើង»។
លោក ភោគ ឆាយ បានឱ្យដឹងទៀតថា បន្ទាប់ពីរៀបការហើយលោកបានទៅលេងគួរសមនឹងលោក ងុយ ថាន់ ជាកូនច្បងរបស់លោក ងុយ កាន់ ដែលកាន់កាប់ក្រុមហ៊ុនមួយឈ្មោះ ងុយ កាន់ ។ លោក ងុយ ថាន់ រាក់ទាក់នឹងលោក ភោគ ឆាយ ណាស់ ហើយឧស្សាហ៍ហៅលោក ភោគ ឆាយ ទៅពិសារបាយនៅផ្ទះគាត់ញឹកញាប់ផង៕
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ច)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ង)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦គ)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ខ)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ក)
ឯកសារអង្វរករបក្សកម្មុយនីស្តរបស់អ្នកស្រី វ៉ា ឡាន (ភាគ១០៥)
ចម្លើយសារភាពរបស់ ហ៊ូ នឹម ដែលបន្សល់ទុកក្នុងគុកទួលស្លែង (ភាគ១០៤)
សម្ភាស ស៊ូ ធាង ពីបទពិសោធន៍ក្នុងរបបខ្មែរក្រហម (ភាគ១០៣)
សម្ភាស Nate Thayer អំពីការជួបសម្ភាសជាមួយមេដឹកនាំខ្មែរក្រហម (ភាគ១០២)
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.