នាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈសូមលើកយកសេចក្តីរាយការណ៍អំពីចម្លើយសារភាពរបស់ លោក ភោគ ឆាយ ស្តីពីការចាប់ផ្តើមចូលជាសមាជិកភាពនិងខ្សែរយៈសេ.អ៊ី.អា.នៅឯខេត្តបាត់ដំបង។
នៅក្នុងចម្លើយសារភាពដែលផ្តល់ដោយមជ្ឈមណ្ឌលឯកសារកម្ពុជាដដែល លោក ភោគ ឆាយ បានសរសេររាយការណ៍ជូនបក្សកុម្មុយនីស្តកម្ពុជាបន្តថា ក្រោយពីបានស្គាល់គ្នាជាមួយ ងុយ ថាន់ បាន៣ខែ លុះដល់ខែ១១ ឆ្នាំ១៩៦៣ សម្តេចព្រះ នរោត្តម សីហនុ បានប្រកាសធ្វើជាតូបនីយកម្មទាំងមុខរបរធនាគារ ទាំងមុខរបរពាណិជ្ជកម្មក្រៅប្រទេស។
ពេលនោះនាយទុនជាច្រើនក្នុងនោះមានឈ្មោះ សុង សាក់ ជាដើមបាននាំគ្នារត់ទៅបរទេស។ គ្រួសារលោក ងុយ កាន់ ក៏រៀបចំខ្លួននាំគ្នារត់ទៅបរទេសដែរ។
ព្រឹកមួយក្នុងអំឡុងចុងខែ១១ ឆ្នាំ១៩៦៣ ងុយ ថាន់ បានឱ្យមនុស្សមកហៅលោក ភោគ ឆាយ ទៅជួបជាសម្ងាត់នៅផ្ទះរបស់គាត់ ហើយប្រាប់លោក ភោគ ឆាយ ថាព្រឹកស្អែកលោកទៅហុងកុងហើយក្រុមហ៊ុនត្រូវបិទទ្វារមួយរយៈព្រោះលោកទៅនៅបរទេសសិន។ ចំពោះផ្ទះសម្បែង លោក ងុយ ថាន់ ទុកឱ្យសាច់ថ្លៃម្នាក់ថែរក្សាហើយក៏ស្នើលោក ភោគ ឆាយ ជួយមើលខុសត្រូវឱ្យផង។
លោក ងុយ ថាន់ បាននិយាយទៀតថា បើលោក ភោគ ឆាយ អត់ផ្ទះនៅអាចមកនៅឯផ្ទះគាត់នេះបាន ប៉ុន្តែលោក ភោគ ឆាយ ឆ្លើយថា លោកមានផ្ទះជួលល្អបង្គួរហើយ ចំពោះលោកបញ្ហាចោទគឺជីវភាពរស់នៅពុំគ្រប់គ្រាន់។
ពេលនោះ លោក ងុយ ថាន់ ឆ្លើយវិញថា ៖ «បញ្ហាជីវភាពប្អូនកុំព្រួយអី ខ្ញុំធានាបាន តែខ្ញុំមានបញ្ហាមួយទៀតគឺចង់ស្នើឱ្យប្អូនឈប់ពីក្រសួងការបរទេស ហើយរួមធ្វើការជំនួញជាមួយមិត្តយើងវិញ។ ខ្ញុំឆ្លើយវិញថា ខ្ញុំកំពុងចង់សុំឈប់ពីក្រសួងការបរទេសផង បើបងជួយរ៉ាប់រងខាងជីវភាព ខ្ញុំពេញចិត្តណាស់ហើយ។ ងុយ ថាន់ និយាយថា ៖ អ៊ីចឹងល្អហើយ ប្អូនឯងយកប្រាក់នេះទុកចាយសិន ល្ងាចនេះមកហូបបាយជាមួយខ្ញុំ ខ្ញុំនាំឱ្យស្គាល់មិត្តភក្តិពីរបីនាក់ទៀត។ ខ្ញុំបានទទួលយកកញ្ចប់ប្រាក់មានចំនួន១០ម៉ឺនរៀល ពី ងុយ ថាន់ ហើយត្រឡប់មកផ្ទះវិញ»។
លុះដល់ពេលល្ងាច លោក ភោគ ឆាយ បានត្រឡប់ទៅផ្ទះលោក ងុយ ថាន់ វិញ ហើយលោក ងុយ ថាន់ បានបង្ហាញឱ្យលោក ភោគ ឆាយ ស្គាល់ឈ្មួញម្នាក់ឈ្មោះ គី សៀនហូ ជាឈ្មួញស្រូវនិងដង្ខៅឈើនៅបាត់ដំបង និងឈ្មួញម្នាក់ទៀតឈ្មោះ វ៉ាន់ ទិព្វសុវណ្ណ ជាឈ្មួញរកស៊ីប្តូរប្រាក់បរទេសនិងជាតំណាងភ្នាក់ងារដឹកជញ្ជូនផ្សេងៗ។
ពេលពិសារបាយល្ងាចរួចហើយលោក ងុយ ថាន់ បានបញ្ជាក់ម្តងទៀតថា ៖ «ព្រឹកស្អែកនេះខ្ញុំចេញដំណើរទៅហុងកុងហើយ ថ្ងៃក្រោយយើងគង់តែជួបគ្នាវិញទេ។ បើមានការខ្វះខាតអ្វីសូមប្អូនទាក់ទងនឹងអ្នកទាំងពីរនេះចុះ។ គឺជាមនុស្សនៅក្នុងគ្រួសារយើងតែមួយទេ»។
ដោយមានការជួយជ្រោមជ្រែងពីលោក សារិន ឆាក និង ប៉ុក ដឺសកុមារ លោក ភោគ ឆាយ បានចូលធ្វើការនៅក្នុងក្រសួងការបរទេស នៅខែ៤ ឆ្នាំ១៩៦៣។
ពេលរៀបការហើយ លោក ភោក ឆាយ ខ្វះខាតខាងលុយកាក់។ ប្រាក់ដែលឪពុកក្មេកចងដៃ៣ម៉ឺនរៀលក៏ចាយអស់។ ឯប្រាក់ខែក្រសួងឡើងបាន៤៥០០រៀលចាយក៏ពុំគ្រប់គ្រាន់សោះ ដែលលោកថាកាលនៅជានិស្សិតលោកមានទម្លាប់ជីវភាពជាអ្នកហ៊ឺហា ខ្ជះខ្ជាយ ប្រណីតភាព ដាច់ឆ្ងាយពីជីវភាពរបស់មហាជននិងប្រជាពលករ ដែលក្នុងសម័យនោះពលករម្នាក់ៗរកបានយ៉ាងច្រើនពី៦០០រៀលទៅ១២០០រៀលប៉ុណ្ណោះក្នុងមួយខែ។
ដូច្នេះចាប់តាំងពីខែ១១ ឆ្នាំ១៩៦៣មក លោកកាន់តែធុញទ្រាន់នឹងការងារនៅឯក្រសួងការបរទេស។ លោកយករឿងនេះទៅពិគ្រោះជាមួយលោក ប៉ុក ដឺសកុមារ។ ពេលនោះលោក ប៉ុក ដឺសកុមារ បានបបួលលោក ភោគ ឆាយ ថា គាត់ក៏បម្រុងចេញពីក្រសួងការបរទេសដែរ ហើយក៏បបួលលោក ភោគ ឆាយ ថា ៖ «យើងគួរទៅធ្វើការនៅធនាគារវិញ ព្រោះនៅក្រសួងការបរទេសប្រាក់ខែតិចចាយមិនគ្រាន់ទេ។ បើយើងទៅធ្វើការនៅធនាគារឥណទានជាតិ យើងបានប្រាក់១៥០០០រៀលក្នុងមួយខែ គឺបីដងច្រើនជាងនៅក្រសួងការបរទេស។ ខ្ញុំក៏យល់ព្រមពីព្រោះខ្ញុំចង់បានប្រាក់ខែច្រើនដើម្បីចាយឱ្យបានគ្រប់គ្រាន់ផង ហើយផ្គត់ផ្គង់ទៅម្តាយខ្ញុំផង។ ប៉ុក ដឺសកុមារ និយាយប្រាប់ខ្ញុំទៀតថា អ៊ុច វ៉ែន ក៏ទៅធ្វើជាអគ្គនាយករងនៅធនាគារនោះដែរ។ ចៅ សៅ ជាប្រធានអគ្គនាយក។ ដូច្នេះក្រុមកាសែតឡាដេប៉ែសយើងទៅជួបជុំគ្នានៅធនាគារទៀត»។
លោក ភោគ ឆាយ បានសរសេរបញ្ជាក់បន្ថែមថា នៅក្នុងខែ១២ ឆ្នាំ១៩៦៣ សម្តេចព្រះ នរោត្តម សីហនុ បានឱ្យលោក ចៅ សៅ រៀបចំធនាគារពាណិជ្ជកម្មរដ្ឋមួយ ឈ្មោះ "ឥណទានជាតិ"។ កាលនោះ លោក ចៅ សៅ ធ្វើជាប្រធានអគ្គនាយក ហើយបានហៅលោក អ៊ុច វ៉ែន ឱ្យមកធ្វើជាអគ្គនាយករង។
លោក អ៊ុច វ៉ែន ក៏បានហៅលោក ប៉ុក ដឺសកុមារ ពីក្រសួងការបរទេសឱ្យមកជួយធ្វើការទៀត។ ទន្ទឹមគ្នានេះ លោក ប៉ុក ដឺសកុមារ ក៏បបួលលោក ភោគ ឆាយ មកធ្វើការនៅធនាគារនេះដែរ។ លោក អ៊ុច វ៉ែន ក៏បានយល់ព្រម ប៉ុន្តែប្រាប់ឱ្យលោករង់ចាំមួយរយៈសិនពីព្រោះធនាគាររៀបចំពុំទាន់ហើយ ដោះស្រាយបញ្ហាលុយកាក់ជាមួយបារាំងក៏ពុំទាន់ស្រេច។
នៅថ្ងៃទី៣១ ខែ១២ ឆ្នាំ១៩៦៣ លោក ភោគ ឆាយ បានលាឈប់ពីក្រសួងការបរទេសក្រោយពីធ្វើការនៅទីនោះអស់រយៈពេល៧ខែមក។ លោកថា ការលាឈប់នោះក៏ដើម្បីឱ្យស្របតាមបណ្តាំរបស់លោក ងុយ ថាន់ ផងដែរ។
នៅថ្ងៃទី៣ ខែមករា ១៩៦៤ ក្នុងពេលកំពុងរង់ចាំការងារនៅធនាគារ លោក ភោគ ឆាយ បានរួមដំណើរជាមួយលោក វ៉ាន់ ទិព្វសុវណ្ណ ទៅបាត់ដំបង ដើម្បីជួបលោក គី សៀនហូ និងដើម្បីពិភាក្សាគ្នាអំពីគម្រោងការផ្សេងៗ។
លោក ភោគ ឆាយ បានរាយការណ៍អំពីដំណើរនៅឯបាត់ដំបងនោះដូច្នេះថា ៖ «ល្ងាចនោះ វ៉ាន់ ទិព្វសុវណ្ណ និង គី សៀនហូ បានរៀបចំពិធីបញ្ចូលខ្ញុំទៅក្នុងអង្គការសេ.អ៊ី.អា ខ្សែខាងបាត់ដំបង ដោយមានផឹកទឹកសម្បថប្តូរស្លាប់រស់ជាមួយគ្នាផង។ ក្នុងឱកាសនោះ វ៉ាន់ ទិព្វសុវណ្ណ ប្រកាសថា ៖ អង្គការខាងខ្សែយើងធានាចំពោះជីវភាពរស់នៅនិងគ្រោះថ្នាក់ផ្សេងៗរបស់សមាជិកទាំងអស់។ ត្រូវរក្សាការសម្ងាត់កុំឱ្យនរណាដឹងថាជាខ្សែខាងបាត់ដំបងឱ្យសោះ។ ដូច្នេះ ក្នុងការទាក់ទងគ្នាគឺត្រូវប្រើលេខសម្ងាត់ ៖ វ៉ាន់ ទិព្វសុវណ្ណ លេខ១, គី សៀនហូ លេខ២, ខ្ញុំ លេខ៣។ លុះត្រឡប់មកភ្នំពេញវិញ គី សៀនហូ បានប្រគល់ប្រាក់១០ម៉ឺនរៀលឱ្យខ្ញុំទៀត ហើយថាបើមានការអី្វទៀតឱ្យទាក់ទងនឹង វ៉ាន់ ទិព្វសុវណ្ណ ចុះ។ វ៉ាន់ ទិព្វសុវណ្ណ បានប្រាប់ខ្ញុំថា ៖ គ្នាយើងមានច្រើនណាស់នៅភ្នំពេញតែមានខ្សែដោយឡែក។ ហ៊ូ យន់ និង នន សួន ដែលនៅក្នុងគុកក៏នៅក្នុងក្រុមរបស់យើងដែរ»។
នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៦៤ តាមរយៈលោក អ៊ុច វ៉ែន និង ប៉ុក ដឺសកុមារ លោក ភោគ ឆាយ បានចូលធ្វើការនៅធនាគារឥណទានជាតិដោយមាននាទីជានាយកផ្នែកឥណទាន។
នៅដើមខែ៣ ឆ្នាំ១៩៦៤ លោក ភោគ ឆាយ បានចូលរួមប្រជុំជាសម្ងាត់ជាមួយលោក ហ៊ូ នឹម និង ប៉ុក ដឺសកុមារ ស្តីអំពីការបង្កើតបក្សថ្មី។ លោក ហ៊ូ នឹម ជាអ្នកផ្តើមគំនិត ហើយថាបើបង្កើតបក្សថ្មី លោក ហ៊ូ នឹម នឹងធ្វើជាប្រមុខ ដោយយកលោក ប៉ុក ដឺសកុមារ និងលោក ភោគ ឆាយ ធ្វើជាសហការី ក៏ប៉ុន្តែលោក ហ៊ូ នឹម ប្រាប់ថា ចាំគាត់ទៅទាក់ទងមិត្តភក្តិឯទៀតសិន៕
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ច)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ឃ)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦គ)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ខ)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ក)
ឯកសារអង្វរករបក្សកម្មុយនីស្តរបស់អ្នកស្រី វ៉ា ឡាន (ភាគ១០៥)
ចម្លើយសារភាពរបស់ ហ៊ូ នឹម ដែលបន្សល់ទុកក្នុងគុកទួលស្លែង (ភាគ១០៤)
សម្ភាស ស៊ូ ធាង ពីបទពិសោធន៍ក្នុងរបបខ្មែរក្រហម (ភាគ១០៣)
សម្ភាស Nate Thayer អំពីការជួបសម្ភាសជាមួយមេដឹកនាំខ្មែរក្រហម (ភាគ១០២)
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.