ចម្លើយ​សារភាព​របស់ ភោគ ឆាយ ដែល​បន្សល់​ទុក​នៅ​គុក​ទួលស្លែង (ភាគ​១០៦ង)

នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​សូម​លើក​យក​សេចក្តី​រាយការណ៍​អំពី​ចម្លើយ​សារភាព​របស់ លោក ភោគ ឆាយ ស្តីពី​ការចាប់ផ្តើម​ចូល​ជា​សមាជិកភាព​និង​ខ្សែ​រយៈ​សេ.អ៊ី.អា.​នៅ​ឯ​ខេត្ត​បាត់ដំបង។
ដោយ ឡេង ម៉ាលី
2009-02-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

នៅ​ក្នុង​ចម្លើយ​សារភាព​ដែល​ផ្តល់​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដដែល លោក ភោគ ឆាយ បាន​សរសេរ​រាយការណ៍​ជូន​បក្ស​កុម្មុយនីស្ត​កម្ពុជា​បន្ត​ថា ក្រោយ​ពី​បាន​ស្គាល់​គ្នា​ជាមួយ ងុយ ថាន់ បាន​៣​ខែ លុះ​ដល់​ខែ​១១ ឆ្នាំ​១៩៦៣ សម្តេច​ព្រះ នរោត្តម សីហនុ បាន​ប្រកាស​ធ្វើ​ជា​តូបនីយកម្ម​ទាំង​មុខរបរ​ធនាគារ ទាំង​មុខរបរ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស។

ពេល​នោះ​នាយទុន​ជា​ច្រើន​ក្នុង​នោះ​មាន​ឈ្មោះ សុង សាក់ ជា​ដើម​បាន​នាំ​គ្នា​រត់​ទៅ​បរទេស។ គ្រួសារ​លោក ងុយ កាន់ ក៏​រៀបចំ​ខ្លួន​នាំ​គ្នា​រត់​ទៅ​បរទេស​ដែរ។

ព្រឹក​មួយ​ក្នុង​អំឡុង​ចុង​ខែ​១១ ឆ្នាំ​១៩៦៣ ងុយ ថាន់ បាន​ឱ្យ​មនុស្ស​មក​ហៅ​លោក ភោគ ឆាយ ទៅ​ជួប​ជា​សម្ងាត់​នៅ​ផ្ទះ​របស់​គាត់ ហើយ​ប្រាប់​លោក ភោគ ឆាយ ថា​ព្រឹក​ស្អែក​លោក​ទៅ​ហុងកុង​ហើយ​ក្រុមហ៊ុន​ត្រូវ​បិទ​ទ្វារ​មួយ​រយៈ​ព្រោះ​លោក​ទៅ​នៅ​បរទេស​សិន។ ចំពោះ​ផ្ទះ​សម្បែង លោក ងុយ ថាន់ ទុក​ឱ្យ​សាច់​ថ្លៃ​ម្នាក់​ថែ​រក្សា​ហើយ​ក៏​ស្នើ​លោក ភោគ ឆាយ ជួយ​មើល​ខុស​ត្រូវ​ឱ្យ​ផង។

លោក ងុយ ថាន់ បាន​និយាយ​ទៀត​ថា បើ​លោក ភោគ ឆាយ អត់​ផ្ទះ​នៅ​អាច​មក​នៅ​ឯ​ផ្ទះ​គាត់​នេះ​បាន ប៉ុន្តែ​លោក ភោគ ឆាយ ឆ្លើយ​ថា លោក​មាន​ផ្ទះ​ជួល​ល្អ​បង្គួរ​ហើយ ចំពោះ​លោក​បញ្ហា​ចោទ​គឺ​ជីវភាព​រស់នៅ​ពុំ​គ្រប់គ្រាន់។

ពេល​នោះ លោក ងុយ ថាន់ ឆ្លើយ​វិញ​ថា ៖ «បញ្ហា​ជីវភាព​ប្អូន​កុំ​ព្រួយ​អី ខ្ញុំ​ធានា​បាន តែ​ខ្ញុំ​មាន​បញ្ហា​មួយ​ទៀត​គឺ​ចង់​ស្នើ​ឱ្យ​ប្អូន​ឈប់​ពី​ក្រសួង​ការបរទេស ហើយ​រួម​ធ្វើការ​ជំនួញ​ជាមួយ​មិត្ត​យើង​វិញ។ ខ្ញុំ​ឆ្លើយ​វិញ​ថា ខ្ញុំ​កំពុង​ចង់​សុំ​ឈប់​ពី​ក្រសួង​ការបរទេស​ផង បើ​បង​ជួយ​រ៉ាប់រង​ខាង​ជីវភាព ខ្ញុំ​ពេញ​ចិត្ត​ណាស់​ហើយ។ ងុយ ថាន់ និយាយ​ថា ៖ អ៊ីចឹង​ល្អ​ហើយ ប្អូន​ឯង​យក​ប្រាក់​នេះ​ទុក​ចាយ​សិន ល្ងាច​នេះ​មក​ហូប​បាយ​ជាមួយ​ខ្ញុំ ខ្ញុំ​នាំ​ឱ្យ​ស្គាល់​មិត្ត​ភក្តិ​ពីរ​បី​នាក់​ទៀត។ ខ្ញុំ​បាន​ទទួល​យក​កញ្ចប់​ប្រាក់​មាន​ចំនួន​១០​ម៉ឺន​រៀល ពី ងុយ ថាន់ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ»

លុះ​ដល់​ពេល​ល្ងាច លោក ភោគ ឆាយ បាន​ត្រឡប់​ទៅ​ផ្ទះ​លោក ងុយ ថាន់ វិញ ហើយ​លោក ងុយ ថាន់ បាន​បង្ហាញ​ឱ្យ​លោក ភោគ ឆាយ ស្គាល់​ឈ្មួញ​ម្នាក់​ឈ្មោះ គី សៀនហូ ជា​ឈ្មួញ​ស្រូវ​និង​ដង្ខៅ​ឈើ​នៅ​បាត់ដំបង និង​ឈ្មួញ​ម្នាក់​ទៀត​ឈ្មោះ វ៉ាន់ ទិព្វសុវណ្ណ ជា​ឈ្មួញ​រកស៊ី​ប្តូរ​ប្រាក់​បរទេស​និង​ជា​តំណាង​ភ្នាក់ងារ​ដឹក​ជញ្ជូន​ផ្សេងៗ។

ពេល​ពិសារ​បាយ​ល្ងាច​រួច​ហើយ​លោក ងុយ ថាន់ បាន​បញ្ជាក់​ម្តង​ទៀត​ថា ៖ «ព្រឹក​ស្អែក​នេះ​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ហុងកុង​ហើយ ថ្ងៃ​ក្រោយ​យើង​គង់​តែ​ជួប​គ្នា​វិញ​ទេ។ បើ​មាន​ការខ្វះខាត​អ្វី​សូម​ប្អូន​ទាក់​ទង​នឹង​អ្នក​ទាំង​ពីរ​នេះ​ចុះ។ គឺ​ជា​មនុស្ស​នៅ​ក្នុង​គ្រួសារ​យើង​តែ​មួយ​ទេ»

ដោយ​មាន​ការជួយ​ជ្រោមជ្រែង​ពី​លោក សារិន ឆាក និង ប៉ុក ដឺសកុមារ លោក ភោគ ឆាយ បាន​ចូល​ធ្វើការ​នៅ​ក្នុង​ក្រសួង​ការបរទេស នៅ​ខែ​៤ ឆ្នាំ​១៩៦៣។

ពេល​រៀបការ​ហើយ លោក ភោក ឆាយ ខ្វះខាត​ខាង​លុយ​កាក់។ ប្រាក់​ដែល​ឪពុក​ក្មេក​ចង​ដៃ​៣​ម៉ឺន​រៀល​ក៏​ចាយ​អស់។ ឯ​ប្រាក់​ខែ​ក្រសួង​ឡើង​បាន​៤៥០០​រៀល​ចាយ​ក៏​ពុំ​គ្រប់គ្រាន់​សោះ ដែល​លោក​ថា​កាល​នៅ​ជា​និស្សិត​លោក​មាន​ទម្លាប់​ជីវភាព​ជា​អ្នក​ហ៊ឺហា ខ្ជះខ្ជាយ ប្រណីតភាព ដាច់​ឆ្ងាយ​ពី​ជីវភាព​របស់​មហាជន​និង​ប្រជា​ពលករ ដែល​ក្នុង​សម័យ​នោះ​ពលករ​ម្នាក់ៗ​រក​បាន​យ៉ាង​ច្រើន​ពី​៦០០​រៀល​ទៅ​១២០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។

ដូច្នេះ​ចាប់​តាំង​ពី​ខែ​១១ ឆ្នាំ​១៩៦៣​មក លោក​កាន់តែ​ធុញ​ទ្រាន់​នឹង​ការងារ​នៅ​ឯ​ក្រសួង​ការ​បរទេស។ លោក​យក​រឿង​នេះ​ទៅ​ពិគ្រោះ​ជាមួយ​លោក ប៉ុក ដឺសកុមារ។ ពេល​នោះ​លោក ប៉ុក ដឺសកុមារ បាន​បបួល​លោក ភោគ ឆាយ ថា គាត់​ក៏​បម្រុង​ចេញ​ពី​ក្រសួង​ការបរទេស​ដែរ ហើយ​ក៏​បបួល​លោក ភោគ ឆាយ ថា ៖ «យើង​គួរ​ទៅ​ធ្វើការ​នៅ​ធនាគារ​វិញ ព្រោះ​នៅ​ក្រសួង​ការបរទេស​ប្រាក់​ខែ​តិច​ចាយ​មិន​គ្រាន់​ទេ។ បើ​យើង​ទៅ​ធ្វើការ​នៅ​ធនាគារ​ឥណទាន​ជាតិ យើង​បាន​ប្រាក់​១៥០០០​រៀល​ក្នុង​មួយ​ខែ គឺ​បី​ដង​ច្រើន​ជាង​នៅ​ក្រសួង​ការ​បរទេស។ ខ្ញុំ​ក៏​យល់​ព្រម​ពីព្រោះ​ខ្ញុំ​ចង់​បាន​ប្រាក់​ខែ​ច្រើន​ដើម្បី​ចាយ​ឱ្យ​បាន​គ្រប់គ្រាន់​ផង ហើយ​ផ្គត់ផ្គង់​ទៅ​ម្តាយ​ខ្ញុំ​ផង។ ប៉ុក ដឺសកុមារ និយាយ​ប្រាប់​ខ្ញុំ​ទៀត​ថា អ៊ុច វ៉ែន ក៏​ទៅ​ធ្វើ​ជា​អគ្គ​នាយក​រង​នៅ​ធនាគារ​នោះ​ដែរ។ ចៅ សៅ ជា​ប្រធាន​អគ្គ​នាយក។ ដូច្នេះ​ក្រុម​កាសែត​ឡាដេប៉ែស​យើង​ទៅ​ជួបជុំ​គ្នា​នៅ​ធនាគារ​ទៀត»

លោក ភោគ ឆាយ បាន​សរសេរ​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​ខែ​១២ ឆ្នាំ​១៩៦៣ សម្តេច​ព្រះ នរោត្តម សីហនុ បាន​ឱ្យ​លោក ចៅ សៅ រៀបចំ​ធនាគារ​ពាណិជ្ជកម្ម​រដ្ឋ​មួយ ឈ្មោះ "ឥណទាន​ជាតិ"។ កាល​នោះ លោក ចៅ សៅ ធ្វើ​ជា​ប្រធាន​អគ្គ​នាយក ហើយ​បាន​ហៅ​លោក អ៊ុច វ៉ែន ឱ្យ​មក​ធ្វើ​ជា​អគ្គ​នាយក​រង។

លោក អ៊ុច វ៉ែន ក៏​បាន​ហៅ​លោក ប៉ុក ដឺសកុមារ ពី​ក្រសួង​ការបរទេស​ឱ្យ​មក​ជួយ​ធ្វើការ​ទៀត។ ទន្ទឹម​គ្នា​នេះ លោក ប៉ុក ដឺសកុមារ ក៏​បបួល​លោក ភោគ ឆាយ មក​ធ្វើការ​នៅ​ធនាគារ​នេះ​ដែរ។ លោក អ៊ុច វ៉ែន ក៏​បាន​យល់​ព្រម ប៉ុន្តែ​ប្រាប់​ឱ្យ​លោក​រង់ចាំ​មួយ​រយៈ​សិន​ពី​ព្រោះ​ធនាគារ​រៀបចំ​ពុំ​ទាន់​ហើយ ដោះស្រាយ​បញ្ហា​លុយ​កាក់​ជាមួយ​បារាំង​ក៏​ពុំ​ទាន់​ស្រេច។

នៅ​ថ្ងៃ​ទី​៣១ ខែ​១២ ឆ្នាំ​១៩៦៣ លោក ភោគ ឆាយ បាន​លា​ឈប់​ពី​ក្រសួង​ការបរទេស​ក្រោយ​ពី​ធ្វើការ​នៅ​ទី​នោះ​អស់​រយៈពេល​៧​ខែ​មក។ លោក​ថា ការលា​ឈប់​នោះ​ក៏​ដើម្បី​ឱ្យ​ស្រប​តាម​បណ្តាំ​របស់​លោក ងុយ ថាន់ ផងដែរ។

នៅ​ថ្ងៃ​ទី​៣ ខែ​មករា ១៩៦៤ ក្នុង​ពេល​កំពុង​រង់ចាំ​ការងារ​នៅ​ធនាគារ លោក ភោគ ឆាយ បាន​រួម​ដំណើរ​ជាមួយ​លោក វ៉ាន់ ទិព្វសុវណ្ណ ទៅ​បាត់ដំបង ដើម្បី​ជួប​លោក គី សៀនហូ និង​ដើម្បី​ពិភាក្សា​គ្នា​អំពី​គម្រោងការ​ផ្សេងៗ។

លោក ភោគ ឆាយ បាន​រាយការណ៍​អំពី​ដំណើរ​នៅ​ឯ​បាត់ដំបង​នោះ​ដូច្នេះ​ថា ៖ «ល្ងាច​នោះ វ៉ាន់ ទិព្វសុវណ្ណ និង គី សៀនហូ បាន​រៀបចំ​ពិធី​បញ្ចូល​ខ្ញុំ​ទៅ​ក្នុង​អង្គការ​សេ.អ៊ី.អា ខ្សែ​ខាង​បាត់ដំបង ដោយ​មាន​ផឹក​ទឹក​សម្បថ​ប្តូរ​ស្លាប់​រស់​ជាមួយ​គ្នា​ផង។ ក្នុង​ឱកាស​នោះ វ៉ាន់ ទិព្វសុវណ្ណ ប្រកាស​ថា ៖ អង្គការ​ខាង​ខ្សែ​យើង​ធានា​ចំពោះ​ជីវភាព​រស់នៅ​និង​គ្រោះថ្នាក់​ផ្សេងៗ​របស់​សមាជិក​ទាំងអស់។ ត្រូវ​រក្សា​ការសម្ងាត់​កុំ​ឱ្យ​នរណា​ដឹង​ថា​ជា​ខ្សែ​ខាង​បាត់ដំបង​ឱ្យ​សោះ។ ដូច្នេះ ក្នុង​ការទាក់ទង​គ្នា​គឺ​ត្រូវ​ប្រើ​លេខ​សម្ងាត់ ៖ វ៉ាន់ ទិព្វសុវណ្ណ លេខ​១, គី សៀនហូ លេខ​២, ខ្ញុំ លេខ​៣។ លុះ​ត្រឡប់​មក​ភ្នំពេញ​វិញ គី សៀនហូ បាន​ប្រគល់​ប្រាក់​១០​ម៉ឺន​រៀល​ឱ្យ​ខ្ញុំ​ទៀត ហើយ​ថា​បើ​មាន​ការ​អី្វ​ទៀត​ឱ្យ​ទាក់ទង​នឹង វ៉ាន់ ទិព្វសុវណ្ណ ចុះ។ វ៉ាន់ ទិព្វសុវណ្ណ បាន​ប្រាប់​ខ្ញុំ​ថា ៖ គ្នា​យើង​មាន​ច្រើន​ណាស់​នៅ​ភ្នំពេញ​តែ​មាន​ខ្សែ​ដោយ​ឡែក។ ហ៊ូ យន់ និង នន សួន ដែល​នៅ​ក្នុង​គុក​ក៏​នៅ​ក្នុង​ក្រុម​របស់​យើង​ដែរ»

នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​១៩៦៤ តាមរយៈ​លោក អ៊ុច វ៉ែន និង ប៉ុក ដឺសកុមារ លោក ភោគ ឆាយ បាន​ចូល​ធ្វើការ​នៅ​ធនាគារ​ឥណទាន​ជាតិ​ដោយ​មាន​នាទី​ជា​នាយក​ផ្នែក​ឥណទាន។

នៅ​ដើម​ខែ​៣ ឆ្នាំ​១៩៦៤ លោក ភោគ ឆាយ បាន​ចូលរួម​ប្រជុំ​ជា​សម្ងាត់​ជាមួយ​លោក ហ៊ូ នឹម និង ប៉ុក ដឺសកុមារ ស្តីអំពី​ការបង្កើត​បក្ស​ថ្មី។ លោក ហ៊ូ នឹម ជា​អ្នក​ផ្តើម​គំនិត ហើយ​ថា​បើ​បង្កើត​បក្ស​ថ្មី លោក ហ៊ូ នឹម នឹង​ធ្វើ​ជា​ប្រមុខ ដោយ​យក​លោក ប៉ុក ដឺសកុមារ និង​លោក ភោគ ឆាយ ធ្វើ​ជា​សហការី ក៏​ប៉ុន្តែ​លោក ហ៊ូ នឹម ប្រាប់​ថា ចាំ​គាត់​ទៅ​ទាក់ទង​មិត្ត​ភក្តិ​ឯ​ទៀត​សិន៕

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល