នាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈសូមលើកយកសេចក្តីរាយការណ៍អំពី ចម្លើយសារភាពរបស់ លោក ភោគ ឆាយ ស្ដីពីសកម្មភាពនិងការទំនាក់ទំនងរបស់លោកជាមួយសកម្មជនកុម្មុយនីស្តនិងជាកម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់មួយចំនួន ដូចជា លោក ហ៊ូ យន់, ហ៊ូ នឹម និងអ្នកមួយចំនួនទៀត។
នៅក្នុងចម្លើយសារភាព លោក ភោគ ឆាយ បានសរសេរបន្តថា ក្រោយពេលដែលលោកចូលធ្វើការស៊ប់នៅធនាគារឥណទានជាតិក្នុងនាទីជានាយកផ្នែកក្រសួងឥណទានចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ១៩៦៤មក លោករស់នៅក្នុងបរិយាកាសនាយទុនទាំងស្រុង។ មានចិត្តគំនិតកាន់តែភ្លើតភ្លើន, ជីវភាពកាន់តែហ៊ឺហា, បាយទឹកជប់លៀងតែជាមួយនាយទុន។
មានពេលមួយ លោក អ៊ុច វ៉ែន ក្នុងឋានៈជាអគ្គនាយករងធនាគារឥណទានបានប្រាប់លោកថា បើភ្ញៀវអញ្ជើញលោកទៅហូបបាយ លោកត្រូវតែទទួល ព្រោះលោកត្រូវប្រមូលឈ្មួញ ប្រមូលម៉ូយឱ្យគេមករកស៊ីក្នុងធនាគារនេះ។ ដូច្នេះ ពីមួយថ្ងៃទៅមួយថ្ងៃ លោក ភោគ ឆាយ ជាប់នឹងការជប់លៀងមិនសូវលោះពេលពេល។
លោកបានបន្តថា ៖ «លុះខ្ញុំរស់ជីវភាពយ៉ាងនេះទៅខ្ញុំកាន់តែឃ្លាតឆ្ងាយពីមហាជន ពីប្រជាពលករ មើលងាយមហាជន ហើយតម្លៃខ្លួនខ្ពស់ តាមទស្សនៈសក្តិភូមិ នាយទុនទាំងស្រុង។ ឈ្មួញដែលហៅខ្ញុំទៅជប់លៀងញឹកញាប់ជាងគេគឺ វ៉ាន់ ទិព្វសុវណ្ណ។ វ៉ាន់ ទិព្វសុវណ្ណ ឧស្សាហ៍ចេញចូលធនាគារដាក់លុយនិងដកលុយ។ ដំបូងមិត្ត មឿន (សព្វថ្ងៃឈ្មោះមិត្ត រឹត នៅឯក្រសួងពាណិជ្ជកម្ម) ដែលពេលនោះនៅធ្វើការនៅជាប់ផ្ទាល់នឹងខ្ញុំ ខាងផ្នែកក្រសួងឥណទាន បានឧទ្ទេសនាមឱ្យខ្ញុំស្គាល់ វ៉ាន់ ទិពសុវណ្ណ»។
លោក ភោគ ឆាយ បានឱ្យដឹងថា លោក វ៉ាន់ ទិព្វសុវណ្ណ មានហាងមួយតាំងនៅទល់មុខធនាគារឆៀងខាងលិចបន្តិច។ ក្នុងហាងគាត់ឥតមានទំនិញអីទេ មានតែតុ២, អង្គុលីលេខ១ ហើយមនុស្សតែពីរនាក់ គឺម្នាក់ វ៉ាន់ ទិព្វសុវណ្ណ និងម្នាក់ទៀតឈ្មោះ ឃុត មានចំណាស់ជាង វ៉ាន់ ទិព្វសុវណ្ណ បន្តិច។ ឈ្មោះ ឃុត មិនសូវចេញមុខទេ អង្គុយតែក្នុងបន្ទប់។ នៅខាងមុខធនាគារក្បែរហាង លោក វ៉ាន់ ទិព្វសុវណ្ណ មានហាងគុយទាវ បបរ លក់ហូរហែ។ រាល់ព្រឹកព្រលឹម លោក ភោក ឆាយ និង ប៉ុក ដឺសកុមារ តែងទៅរកពិសារកាហ្វេនៅហាងខាងមុខនោះ លោក វ៉ាន់ ទិព្វសុវណ្ណ តែងមកចូលរួមតុកាហ្វេជាមួយលោក ភោគ ឆាយ និង ប៉ុក ដឺសកុមារ ជានិច្ច។ ឈ្មោះ ឃុត ជួនកាល ក៏មកចូលតុកាហ្វេដែរ ប៉ុន្តែបានមួយភ្លែតក៏លាចូលទៅក្នុងបន្ទប់គាត់វិញ។
លោក វ៉ាន់ ទិព្វសុវណ្ណ បានប្រាប់លោក ភោគ ឆាយ ថា ឃុត ជាអ្នកតស៊ូចាស់ម្នាក់នៅក្នុងក្រុមអាចារ្យ តក់ កាលសម័យតស៊ូប្រឆាំងបារាំង។ គាត់ចេះភាសាសៀមស្ទាត់ ហើយឧស្សាហ៍ចេញចូលស្រុកសៀមផង។
លោក ភោគ ឆាយ បានរៀបរាប់បន្តថា ៖ «វ៉ាន់ ទិព្វសុវណ្ណ និង ឃុត មានមុខរបរមិនច្បាស់លាស់ទេ តែមានលុយកាក់ចាយវាយសំបូរធូរធារណាស់។ វ៉ាន់ ទិព្វសុវណ្ណ តែងហៅខ្ញុំទៅហូបបាយ ហើយចូលចិត្តនិយាយពីនេះពីនោះ ទើបខ្ញុំដឹងថា គាត់មានកំណើតនៅបាត់ដំបង គឺនៅតាមផ្លូវទៅប៉ៃលិន ចម្ងាយប្រហែល១០គីឡូម៉ែត្រពីបាត់ដំបង។ វ៉ាន់ ទិព្វសុវណ្ណ ប្រាប់ខ្ញុំថា គាត់ជាអ្នកតស៊ូសម័យបារាំងម្នាក់ដែរ។ កាលសម័យបារាំងគាត់ជាប់នឹងខ្សែ ស៊ីវ ហេង។ ក្រោយហ្សឺណែវ គាត់ធ្វើឈ្មួញស្រូវជាមួយ គី សៀនហូ នៅបាត់ដំបង ហើយទាក់ទងជាមួយ ងុយ កាន់ តាំងពីនោះមក។ បន្ទាប់មកគាត់មកភ្នំពេញ ហើយជិតស្និទ្ធជាមួយ ហ៊ូ យន់ តាមរយៈសមាគមកម្ពុជបុត្រ និងជាមួយ អ៊ុច វ៉ែន ណាស់ តាមរយៈសមាគមចម្រើនវិជ្ជា។ ដោយដឹងដូច្នេះ ខ្ញុំក៏កាន់តែមានជំនឿលើ វ៉ាន់ ទិព្វសុវណ្ណ ខ្លាំងឡើង»។
នៅព្រឹកថ្ងៃ២៥ ខែ៦ ឆ្នាំ១៩៦៤ លោក ភោគ ឆាយ បានទៅរួមក្នុងពិធីមួយក្រោមអធិបតីភាពរបស់លោក ហ៊ូ យន់ ដែលសមាគមកម្ពុជបុត្របានរៀបចំឡើងដើម្បីបញ្ចប់វគ្គសិក្សាប្រចាំឆ្នាំរបស់សិស្ស។
លោក ភោគ ឆាយ បានជួបភ្ញៀវជាច្រើនក្នុងនោះក៏មាន វ៉ាន់ ទិព្វសុវណ្ណ ផងដែរ។ និស្សិតមួយចំនួនមានជាអាទិ៍ លោក វ៉ាន់ ពីនី, ឈុន សុខងួន, ទួន សុខផល្លា ក៏បានចូលរួមដែរ ហើយលោក ភោគ ឆាយ បានស្គាល់លោកគ្រូ ឃួន ធុច ជាលើកដំបូង ដែលលោក ឈុន សុខងួន និង ទួន សុខផល្លា និស្សិតសាលាវិស្វករ ឧទ្ទេសនាមប្រាប់ថាជាគ្រូរបស់ខ្លួនកាលនៅរៀនឯខេត្តកំពង់ចាម។
នៅយប់ថ្ងៃ២៥ ខែ៦ ឆ្នាំ១៩៦៤ ដដែល តាមរយៈលោក វ៉ាន់ ទិព្វសុវណ្ណ លោក ហ៊ូ យន់ បានហៅលោក ភោគ ឆាយ ឱ្យចូលរួមប្រជុំក្នុងផ្ទះបណ្តែតទឹកមួយនៅជ្រោយអំពិលដែលរៀបចំដោយលោកគ្រូ ឃួន ធុច។ យប់នោះអ្នកដែលបានចូលរួមប្រជុំមាន៨នាក់ គឺ លោក ហ៊ូ យន់ ប្រធានអង្គប្រជុំ, លោក ហ៊ូ នឹម, គ្រូ ឃួន (ធុច), ប៉ុក ដឺសកុមារ, ទីវ អុល, វ៉ាន់ ទិព្វសុវណ្ណ, លោក ភោគ ឆាយ និងក្រឡាបញ្ជីម្នាក់ដែលមិនស្គាល់ឈ្មោះ។
របៀបវារៈប្រជុំពេលនោះគឺ ពិនិត្យសភាពការណ៍នយោបាយនិងការរៀបចំចាត់តាំងកម្លាំងមហាជន។ បន្ទាប់ពីបានពិភាក្សាគ្នាអង្គប្រជុំបានបែងចែកភារកិច្ចគ្នា ហើយសម្រេចថា នៅក្រុងភ្នំពេញត្រូវប្រមូលកម្លាំងមហាជន, ចាត់តាំងកម្លាំងមហាជន ពិសេសកម្លាំងយុវជន, និស្សិត និងសិស្ស។
លោក ភោគ ឆាយ បានរាយការណ៍ឱ្យដឹងដូច្នេះ ៖ «អង្គប្រជុំបានកំណត់ចែកភារៈយ៉ាងច្បាស់ថា ៖ ឱ្យ ទីវ អុល ក្តាប់សមាគមគ្រូនិងសមាគមចម្រើនវិជ្ជាឱ្យណែន ហើយធ្វើសហការជាមួយសមាគមផ្សេងៗឱ្យបានជិតស្និទ្ធបំផុត។ ឱ្យ ប៉ុក ដឺសកុមារ ក្តាប់កាសែតឡាដេប៉ែស ខាងទិសនយោបាយ ហើយជំរុញបង្កើតសមាគមអ្នកនិពន្ធកាសែតមួយ។ ឱ្យរូបខ្ញុំរួមជាមួយនិស្សិតមួយចំនួនទៀតបង្កើតសមាគមទូទៅរបស់និស្សិត។ ពេលនោះខ្ញុំបានទទួលយល់ព្រម តែខ្ញុំបានលើកការលំបាកមួយចំនួន តែ ហ៊ូ យន់ និយាយថា ចាំឱ្យសមាជិកយើងម្នាក់ចុះទៅជួយដោយផ្ទាល់និងសម្ងាត់ទៀត។ លុះត្រឡប់មកវិញ វ៉ាន់ ទិព្វសុវណ្ណ យកប្រាក់៥ម៉ឺនរៀលមកឱ្យខ្ញុំដើម្បីឱ្យខ្ញុំទុករៀបចំបង្កើតសមាគមនិស្សិត តែកុំឱ្យថាលុយរបស់គាត់ ឱ្យថាជាលុយរបស់ខ្ញុំទៅវិញ។ ប៉ុន្តែនោះជាពេលនិស្សិតកំពុងប្រឡង ហើយបន្ទាប់មកជាពេលវ៉ាកងខ្ញុំទាក់ទងនិស្សិតពុំបាន»។
លុះដល់ថ្ងៃ២២ ខែ១២ ឆ្នាំ១៩៦៤ សមាគមនិស្សិតមួយដែលមានឈ្មោះថា "សមាគមទូទៅនៃនិស្សិតខ្មែរនៅកម្ពុជា" ត្រូវបានប្រកាសបង្កើតឡើង ហើយលោក ភោគ ឆាយ ត្រូវបានជ្រើសរើសជាប្រធាន, លោក វ៉ាន់ ពីនី ជាអនុប្រធានទី១, លោក ឈុន សុខងួន ជាអនុប្រធានទី២, លោក ទួន សុខផល្លា ជាអគ្គលេខាធិការ, លោក កង សារ៉ន ជាអគ្គលេខាធិការរងទី១, លោក ម៉ៃ សាខន ជាអគ្គលេខាធិការរងទី២, លោក ប៉ុក កាណែល ជាហិរញ្ញិក។
លោក ភោគ ឆាយ បានឱ្យដឹងដែរថា ក្រោយពេលដែលសមាគមប្រកាសបង្កើតហើយ អ្នកដែលផ្ញើលុយមកឧបត្ថម្ភសមាគមនេះច្រើនជាងគេ មានដូចជា សម្តេចព្រះ នរោត្តម សីហនុ, វ៉ាន់ ទិព្វសុវណ្ណ, ចៅ សេង, ហ៊ូ យន់, ហ៊ូ នឹម, គ្រូ ឃួន ធុច, ប៉ុក ដឺសកុមារ និងលោក អ៊ុច វ៉ែន ជាដើម៕
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ង)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ឃ)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦គ)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ខ)
ចម្លើយសារភាពរបស់ ភោគ ឆាយ ដែលបន្សល់ទុកនៅគុកទួលស្លែង (ភាគ១០៦ក)
ឯកសារអង្វរករបក្សកម្មុយនីស្តរបស់អ្នកស្រី វ៉ា ឡាន (ភាគ១០៥)
ចម្លើយសារភាពរបស់ ហ៊ូ នឹម ដែលបន្សល់ទុកក្នុងគុកទួលស្លែង (ភាគ១០៤)
សម្ភាស ស៊ូ ធាង ពីបទពិសោធន៍ក្នុងរបបខ្មែរក្រហម (ភាគ១០៣)
សម្ភាស Nate Thayer អំពីការជួបសម្ភាសជាមួយមេដឹកនាំខ្មែរក្រហម (ភាគ១០២)
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.