កម្មវិធី​វប្បធម៌ នៅ​ក្នុង​របប កម្ពុជា​ប្រជាធិបតេយ្យ (៧៣​ខ)

2008-04-28

នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាលមរណៈ ភាគ​ទី​៧៣​ខ សូម​លើក​យក​សេចក្តី​រាយការណ៍ ស្ដី​អំពី កម្មវិធី​វប្បធម៌​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ។

បទ​ចម្រៀង​ពី​សង្គម​ចាស់​នៅ​មុន​បដិវត្តន៍ ច្រើន​បង្កប់​ទៅ​ដោយ​មនោសញ្ចេតនា ស្នេហា​អន្លង់អន្លោច ឬ​ភាព​កំប្លុក​កំប្លែង​គួរ​ឱ្យ​រីករាយ ។ រីឯ​ចម្រៀង​បដិវត្តន៍​វិញ ភាគ​ច្រើន​បំផុត​បង្កប់​ដោយ​អត្ថន័យ​ហិង្សា ការ​បញ្ឆេះ​កំហឹង​វណ្ណៈ រវាង​វណ្ណៈសក្តិភូមិ​នាយទុន និង​វណ្ណៈ​អធន កម្មករ កសិករ ការ​ដុត​កម្ដៅ​កំហឹង​ឈឺចាប់ ចំពោះ​ខ្មាំង​ជាប់​ជានិច្ច និង​អត្ថន័យ​វាយ​សម្រុក​មុះមុត​ដាច់​ខាត​ចំពោះ​ខ្មាំង ។

បទ​ភ្លេង​ជាតិ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ មាន​ឈ្មោះ​ថា "១៧ មេសា មហា​ជោគជ័យ" ដែល​ឯកសារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កត់ត្រា​ថា ប៉ុល ពត ជា​អ្នក​និពន្ធ​នោះ គឺ​ជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​នៃ​ចម្រៀង​បដិវត្តន៍ ដែល​ស្តាប់​ទៅ​ប្រកប​ដោយ​ហិង្សា ។

ភ្លេង​ជាតិ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ៖ "ឈាម​ក្រហម​ច្រាល ស្រោច​ស្រព​ក្រុង​វាល កម្ពុជា​មាតុភូមិ ឈាម​កម្មករ​កសិករ​ដ៏​ឧត្តម ឈាម​យុទ្ធជន យុទ្ធនារី​បដិវត្តន៍ ឈាម​ប្រែ​ក្លាយ​ជា​កំហឹង​ខ្លាំងក្លា តស៊ូ​មោះមុត ដប់​ប្រាំពីរ​មេសា ក្រោម​ទង់​បដិវត្តន៍ ឈាម​រំដោះ ផុត​ពី​ភាព​ខ្ញុំ​គេ ។ ជយោ​! ជយោ​! ដប់​ប្រាំពីរ​មេសា​ជោគជ័យ​មហា​អស្ចារ្យ មាន​ន័យ​ធំធេង លើស​សម័យ​អង្គរ យើង​រួបរួម​គ្នា កសាង​កម្ពុជា និង​សង្គម​ថ្មី​បវរ ប្រជាធិបតេយ្យ សមភាព និង​យុត្តិធម៌ តាម​មាគ៌ា​ម្ចាស់ការ ឯករាជ្យ​រឹងមាំ" ។

នៅ​ក្នុង​សន្ទរកថា​នា​ថ្ងៃ​រំឭក​ខួប​លើក​ទី​១៧ នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា ឆ្នាំ​១៩៧៧ ប៉ុល ពត ថ្លែង​បាន​បញ្ជាក់​អំពី​អត្ថន័យ "ឈាម" នៅ​ក្នុង​ភ្លេង​ជាតិ​កម្ពុជា​ប្រជាធិបតេយ្យ ដូច្នេះ​ថា ៖ «šជា​ច្រើន​ពាន់​ឆ្នាំ​មកហើយ ដែល​គ្មាន​បក្ស​ដឹកនាំ​ក៏​ថា ការ​តស៊ូ​របស់​ប្រជាជន​យើង បាន​ឆ្លង​កាត់​នូវ​ការ​លំបាក​វេទនា​គ្រប់​បែប​យ៉ាង បាន​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង ឈាម ឆ្អឹង សាច់ស្រស់​ៗរបស់​ប្រជាជន​យើង បាន​ក្លាយ​ទៅ​ជា​ទឹក ទៅ​ជា​ដី​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ទាំងមូល ។ ដូច្នេះ​ហើយ​បាន​ជា​ភ្លេង​ជាតិ​របស់​យើង​ទាំង​អស់​គ្នា បាន​ស្គាល់​រៀងរាល់​ថ្ងៃ បាន​បង្ហាញ​ច្បាស់​នូវ​សភាព​ពិត នៃ​ការ​តស៊ូ​របស់​ប្រជាជន​យើង ។ ឈាម​ដែល​ស្រោចស្រប់​ពាស​ពេញ​ទឹក​ដី​កម្ពុជា ឈាម​ដែល​ស្រោចស្រប់​វាលរាប ជនបទ ទីក្រុង ចុងកាត់មាត់ញក ទាំង​អស់​នេះ គឺ​ជា​ឈាម​របស់​ប្រជាជន​យើង​ដែល​តស៊ូ​ក្នុង​រយៈពេល ១៥​ឆ្នាំ ក្រោម​ការ​ដឹកនាំ​របស់​បក្ស​ផង ហើយ​ជា​ឈាម​ដែល​ស្រោចស្រប់​ទូទាំង​ប្រទេស​របស់​ប្រជាជន​យើង ដែល​តស៊ូ​មុន​ពេល​បក្ស​ដឹកនាំ​ផង ។ បើ​តាម​ប្រវត្តិ​ដែល​យើង​រៀបរាប់​មកហើយ​នេះ ឃើញ​ថា​ឈាម​នេះ ស្រោច​ស្រប់​តាំងពី​ជំនាន់​ទាសភាព​ម្ល៉េះ ។ ដូច្នេះ​ឈាម​នេះ​ស្រោចស្រប់​តាំងពី​២០០០​ ឆ្នាំ​កន្លងមក​ហើយ ឈាម​នេះ​ស្រោចស្រប់​ទឹក​ដី​របស់​យើង​ពាស​ពេញ ក៏​ប៉ុន្តែ​ឈាម​មិន​ដណ្តើម​បាន​ជ័យជម្នះ​ឡើយ ។ លុះត្រា​តែ​ឆ្នាំ​១៩៦០ ពេល​ដែល​បក្ស​មាន​មាគ៌ា​បដិវត្តន៍​ត្រឹមត្រូវ បាន​ឈាម​របស់​ប្រជាជន​យើង​ដែល​ពលី​ទៅ ដែល​បាន​ស្រោចស្រប់​ទៅ​ទូទាំង​ប្រទេស គ្រប់​ច្រកល្ហក ទើប​ដណ្តើម​បាន​ជ័យជម្នះ ហើយ​ជ័យជម្នះ​ទាំង​បណ្តេញ​ចក្រពត្តិ​គ្រប់​ប្រភេទ​ឲ្យ​ចេញ​ពី​ប្រទេស​កម្ពុជា ឲ្យ​ផុត​រលត់​ជា​រៀងរហូត​ផង ហើយ​ដេញ​កម្ចាត់​នូវ​វណ្ណៈ​ជិះ​ជាន់​ផ្សេងៗ​ឲ្យ​ផុត​រលត់​ជា​រៀងរហូត​ផង›»

ប៉ុល ពត បាន​លើក​ឡើង​ទៀត​ថា ភ្លេង​ជាតិ​កម្ពុជា​ធិបតេយ្យ គឺ​ជា​កម្លាំង​នៃ​ចលនា​តស៊ូ របស់​ប្រជាជន​កម្ពុជា​ទាំងមូល ហើយ​តាក់តែង​ឡើង​ដោយ​ឈាម​ដែល​បាន​ពលី​រាប់​សតវត្សរ៍​មក ។ ប៉ុល ពត បាន​បន្ថែម​ថា​ក្រោយពី​មហា​ជ័យជម្នះ ១៧ មេសា ភ្លេង​ជាតិ​បាន​កំណត់​ភារកិច្ច​ថ្មី​ថែម​ទៀត គឺ​ត្រូវ​ប្រយុទ្ធ​ការពារ​មាតុភូមិ ការពារ​ប្រទេស​កម្ពុជា​ថ្មី ការពារ​រដ្ឋ​អំណាច កម្មករ កសិករ​របស់​បក្ស ការពារ​ដាច់ខាត ហើយ​ត្រូវ​ប្រយុទ្ធ​កសាង​ប្រទេស​កម្ពុជា​ថ្មី កសាង​ឲ្យ​បាន​ឆាប់រហ័ស ឲ្យ​បាន​មហា​លោត​ផ្លោះ មហា​រុងរឿង មហា​អស្ចារ្យ ដូច​វគ្គ​ចុងក្រោយ​នៃ​ភ្លេង​ជាតិ​ដូច្នោះ​ដែរ ។

ភ្លេង​ជាតិ​វគ្គ​ចុងក្រោយ ៖ "ប្តេជ្ញា​ដាច់ខាត ការពារ​មាតុភូមិ ទឹក​ដី​ឧត្តម បដិវត្តន៍​ដ៏​រុងរឿង ជយោ! ជយោ! ជយោ! កម្ពុជា​ថ្មី ប្រជាធិបតេយ្យ​សម្បូរ​ថ្កុំថ្កើង ប្តេជ្ញា​ជ្រោង​គ្រវី​ទង់​បដិវត្តន៍​ក្រហម​ខ្ពស់​ឡើង សាង​មាតុភូមិ​យើង​ឱ្យ​ចម្រើន លោត​ផ្លោះ មហា​រុងរឿង មហា​អស្ចារ្យ›" ។

ចំពោះ​ទង់​ជាតិ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​មាន​ចែង​ត្រង់​មាត្រា​១៦ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ប្រជាធិបតេយ្យ មាន​ផ្ទៃ​ពណ៌​ក្រហម និង​រូប​ប្រាសាទ​ពណ៌​លឿង នៅ​ចំ​កណ្តាល​ជា​និមិត្ត​រូប​នៃ​ប្រពៃណី​ជាតិ និង​ប្រជាជន​ដែល​ជា​អ្នក​ការពារ​ប្រទេស ជា​អ្នក​ស្ថាបនា​ប្រទេស​ឲ្យ​បាន​ថ្កុំថ្កើង​រុងរឿង ។ រីឯ​ផ្ទៃ​ពណ៌​ក្រហម​ជា​និមិត្តរូប នៃ​ចលនា​បដិវត្តន៍ ការ​ប្រយុទ្ធ​មោះមុត អង់ឤច​ក្លាហាន​ក្នុង​ការ​រំដោះ​ជាតិ ការពារ​ជាតិ និង​កសាង​ជាតិ​កម្ពុជា​របស់​ប្រជាជន​កម្ពុជា ។

ចំណែកឯ លោក ទឹម ហុង អតីត​មេ​បញ្ជាការ​កងទ័ព​ភូមិភាគ​និរតី​មួយ​រូប ដែល​ធ្លាប់​ចូលរួម​វគ្គ​រៀន​សូត្រ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​រំឭក​អំពី​ខ្លឹមសារ​របស់​ទង់​ជាតិ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​គេ​បាន​ប្រកាស​ប្រាប់​លោក​ដូច្នេះ ៖ «šក្រោយ ១៧ មេសា គឺ​ទង់​ជាតិ​រូប​អង្គរវត្ត កំពូល​បី​ពណ៌​លឿង ហើយ​ក្រៅពី​ហ្នុង ពណ៌ក្រហម​ជា​ពណ៌​ឈាម ។ គេ​ពន្យល់​ន័យ​ថា ពណ៌​លឿង​នោះ​វា​ជា​និមិត្តរូប​នៃ​ជនជាតិ​ឤស៊ី ហើយ​រូប​សំណាក​អង្គរ​គឺ​ជា​និមិត្តរូប​នៃ​អរិយធម៌​នៃ​កម្ពុជា​យើង ហើយ​ពណ៌​ក្រហម​នោះ វា​ជា​ការ​ដណ្តើម​ជ័យជម្នះ​ពី​ចក្រពត្តិ​ឤមេរិកាំង ដោយ​ឈាម​ហូរ​ប្រថពី បាន​យើង​ដណ្តើម​បាន​ជ័យជម្នះ​នេះ គេ​ប្រកាស​អ៊ីចឹង›»

បទ​ចម្រៀង​បដិវត្តន៍​ខ្លះ​ទៀត បាន​បកស្រាយ​អំពី​អត្ថន័យ​នៃ​វីរភាព​ប្រយុទ្ធ​របស់​ប្រជាជន កម្មាភិបាល និង​កងទ័ព ដែល​ហ៊ាន​ធ្វើ​ពលីកម្ម ដើម្បី​បុព្វហេតុ​បដិវត្តន៍​ក្រហម​ឆ្អិនឆ្អៅ និង​មហិមា ដូច​ជា​តួអង្គ​វីរជន​បដិវត្តន៍​ឈ្មោះ យុទ្ធមិត្ត សាយ និង​យុទ្ធមិត្ត ដាំ ផេង នៅ​ក្នុង​រឿង​ល្ខោន ឬ​ភាពយន្ត​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ជាដើម ។

ក្រៅពី​បទ​ភ្លេង​ជាតិ​ដែល​ស្តាប់​ទៅ​ប្រកប​ដោយ​អំពើ​ហិង្សា និង​បទ​ចម្រៀង​បដិវត្តន៍​ខ្លះ​ទៀត ដែល​បកស្រាយ​តែ​អំពី​វីរភាព​ធ្វើ​ពលិកម្ម​របស់​ប្រជាជន កម្មាភិបាល និង​កងទ័ព​បដិវត្តន៍​នោះ នៅ​មាន​បទ​ចម្រៀង​បដិវត្តន៍​ជា​ច្រើន​ទៀត ដែល​ផ្តោត​ជា​សំខាន់​តែ​លើ​ការ​វាយ​សម្រុក​បង្កបង្កើនផល និង​លើក​ទំនប់​ជីក​ប្រឡាយ​ជាដើម ។

ចម្រៀង ៖ “šយើង​ប្តេជ្ញា​ច្រូត​ស្រូវ​ឱ្យ​ហើយ​ឆាប់ ប្រមូល​ផល​ទុក​ដាក់​គ្រប់​សព្វ​កុំកន្តើយ បន្ទាប់​ពី​ច្រូត​កាត់​ទុក​ដាក់​ផល​រួចហើយ សម្រុក​ឥតធ្លោយ​លើក​ភ្លឺ​ស្រែ​ថ្មី...”› ។

ក្រៅពី​នោះ​ក៏​មាន​ចម្រៀង​ជូន​ពរ​ផង​ដែរ ៖ “šពាយ័ព្យ​ជា​បង្អែក​ផលិតកម្ម កម្ពុជា... យើង​ខ្ញុំ​ជូន​ពរ​បងប្អូន​ពាយ័ព្យ ឤយុ​យឺន​យូរ សុខភាព​បរិបូរណ៍ កម្លាំង​ខ្លាំងក្លា​...”› ។

ចម្រៀង​ទាំងអស់​នោះ​គឺ​ប្រកប​ទៅ​ដោយ​ពាក្យពេចន៍​បដិវត្តន៍​ដ៏​គួរ​ឱ្យ​ចាប់​ឤរម្មណ៍ ហើយ​មាន​ចង្វាក់​យឺតៗ ក៏ប៉ុន្តែ​សម្តី​ដាច់ៗ​ធ្ងន់ៗ ។ ប្រជាជន​ជា​ច្រើន​នាក់​បាន​និយាយ​ថា ពួកគេ​មិន​ចូលចិត្ត​បទ​ចម្រៀង​ទាំងអស់​នោះ​ទេ ។

ដូច​អ្នកស្រី ហ៊ីង កន ដែល​ធ្លាប់​នៅ​ភូមិភាគ​ពាយ័ព្យ​បាន​ឲ្យ​ដឹង​ថា អ្នកស្រី​ស្អប់​បទ​ចម្រៀង​ទាំង​នោះ​ណាស់ ក៏ប៉ុន្តែ​ទោះ​ជា​មិន​ពេញ​ចិត្ត​យ៉ាងណា​ក៏ដោយ ក៏​អ្នកស្រី​បាន​ត្រឹមតែ​លាក់​ទុក​ក្នុង​ចិត្ត​ប៉ុណ្ណោះ គឺ​មិន​ឤច​សម្តែង​ចេញ​ឲ្យ​អ្នកដទៃ​ដឹង​ឡើយ ។

អ្នកស្រី​មាន​ប្រសាសន៍​ដូច្នេះ ៖ «šស្អប់​ណាស់ អត់​ចូលចិត្ត​ទេ ឮ​សូរ​ចម្រៀង​ហ្នឹង​ដូច​អត់​មាន​ក្នុង​ចិត្ត ឤរម្មណ៍​ឆ្អែត​ហើយ ។ មិន​ចូលចិត្ត​ក៏​ទុក​ក្នុង​ចិត្ត អត់​និយាយ​ទេ ច្រៀង​អី​ច្រៀង​ទៅ រាំ​អី​រាំ​ទៅ ធ្វើ​អី​ធ្វើ​ទៅ ស្រេច​តែ​អ្នកឯង​ចុះ»› ។

សាក្សី​ម្នាក់​ទៀត​បាន​និយាយ​ថា បើ​ទោះជា​គាត់​មិន​ចង់​ស្តាប់ មិន​ចង់​ឮ​ក៏ដោយ ក៏​មិន​ឤច​ចៀស​ផុត​ដែរ ។

ជា​រឿយៗ​ចម្រៀង​បដិវត្តន៍​ដែល​ចាក់ផ្សាយ​តាម​វិទ្យុ​ជាតិ ត្រូវ​បាន​ចាក់​បំពង​តាម​ឧគ្ឃោសនសព្ទ ដើម្បី​ឱ្យ​អ្នក​ធ្វើការ​នៅ​តាម​ការដ្ឋាន​ទាំងអស់​បានស្តាប់​ពីព្រោះ​ប្រជាជន​កម្ពុជា​ទាំងអស់ ពុំ​មាន​វិទ្យុ​ស្តាប់​ទេ ៕

អត្ថបទ​ដែល​ទាក់ទង

បទសម្ភាសន៍​ជាមួយ​លោក ម៉ៅ មឿន (ភាគ​៨៣)

បទសម្ភាសន៍​ជាមួយ​អតីត​យុទ្ធជន​ខ្មែរ​ក្រហម ឈិន ឈឿន (ភាគ​៨១)

បទសម្ភាសន៍​ជាមួយ​អតីត​យុទ្ធជន​ខ្មែរ​ក្រហម ឈិន ឆេន (ភាគ​៨០​)

បទសម្ភាសន៍​ជាមួយ​អតីត​មន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​វៀតណាម (ភាគ៧៩គ)

បទសម្ភាសន៍​ជាមួយ​អតីត​មន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​វៀតណាម (ភាគ៧៩ខ)

បទសម្ភាសន៍​ជាមួយ​អតីត​មន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​វៀតណាម (ភាគ៧៩ក)

សង្គ្រាម​រវាង​កងទ័ព​វៀតណាម និង​កងទ័ព​ខ្មែរក្រហម (ភាគ៧៨)

បទសម្ភាសន៍​ជាមួយ​លោក ឌី ខាំបូលី (ភាគ៧៧)

ទស្សនកិច្ច​របស់​ប៉ុល​ពត​ទៅ​កាន់​ប្រទេស​ចិន (ភាគ​៧៦​ខ)

ទស្សនកិច្ច​របស់​ប៉ុល​ពត​ទៅ​កាន់​ប្រទេស​ចិន (ភាគ​៧៦​ក)