ទស្សនកិច្ច​របស់​ប៉ុល​ពត​ទៅ​កាន់​ប្រទេស​ចិន (ភាគ​៧៦​ខ)

2008-05-20

សុន្ទរកថា​រយៈពេល​ប្រាំម៉ោង​របស់​ប៉ុល ពត ដែល​មិន​បាន​និយាយ​អំពី​ប្រទេស​វៀតណាម ឬ​ក៏​ចិន ទាល់តែ​សោះ​នោះ បាន​ទម្លាយ​ការសម្ងាត់​ជុំវិញ​ពាក្យ អង្គការ​បដិវត្ដន៍ ។

សុន្ទរកថា​នោះ ក៏បាន​រៀបរាប់​យ៉ាង​លម្អិត​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា ដោយ​សង្កត់​ធ្ងន់​លើ​រយៈកាល​ក្រោយ​ឆ្នាំ​១៩៦០ គឺ​ពេល​ដែល​បក្ស​កុម្មុយនីស្ត ត្រូវ​បាន​រៀបចំ​ឡើង​វិញ ។

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ ក៏​មាន​លើក​ឡើង​ថា ក្រោម​ការដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា ប្រវត្តិសាស្ត្រ​សោកសៅ​ដ៏​យូរ​អង្វែង​របស់​ប្រទេស​ជាតិ ត្រូវ​បាន​បញ្ចប់ លែង​ឱ្យ​មាន​ទៀត ហើយ​ចាប់ពី​ខែ​មេសា ឆ្នាំ​១៩៧៥ នោះមក ។

សុន្ទរកថានោះ​ក៏​បាន​លើក​សរសើរ​ដល់​សមត្ថភាព​បដិវត្ដន៍​របស់​ប្រជាជន​កម្ពុជា ដោយ​បាន​លើក​ឡើង​ថា ប្រជាជន​កម្ពុជា​មាន​សមត្ថភាព​ពី​កំណើត​ជាង​ប្រជាជន​របស់​ប្រទេស​ដទៃ ។

ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ ប៉ុល ពត ទៅ​កាន់​ប្រទេស​ចិន​ចាប់ផ្តើម​នៅថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​១៩៧៧ គឺ​ជា​ឱកាស​តែ​ម្តង​គត់ ដែល ប៉ុល ពត បាន​សារភាព​ថា បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ក្នុង​សម័យ​កាល​ខ្មែរ​ក្រហម ។ ទស្សនកិច្ច​របស់​ប៉ុល​ពត កាលពី​លើក​មុន​ទៅ​កាន់​ប្រទេស​វៀតណាម​និង​ចិន​មិនត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឡើយ ។

មេដឹកនាំ​ថ្មី​របស់​ចិន គឺ​លោក Hua Guofeng បាន​ស្វាគមន៍​គណៈប្រតិភូ​ខ្មែរ​ក្រហម​យ៉ាង​រាក់ទាក់ ដូច​ដែល​លោក​ធ្លាប់​បាន​ធ្វើ​អំឡុង​ពេល​ទស្សនកិច្ច​របស់​ខ្មែរ​ក្រហម កាល​ពី​មួយ​ឆ្នាំ​មុនដែរ ។ ប្រជាជន​ចិន​ជាច្រើន​កុះករ ក៏​បាន​មក​ទទួល​ស្វាគមន៍​ចំពោះ​ទស្សនកិច្ច​នា​ពេល​នោះ ដោយ​នាំគ្នា​ឈរ​តម្រៀប​គ្នា​ជាជួរ​តាំងពី​ព្រលាន​យន្តហោះ​រហូត​ដល់​ទីក្រុង ។

នៅក្នុង​ពិធី​ជប់លៀង​ឤហារ​ពេល​ល្ងាច មេដឹកនាំ​ប្រទេស​ទាំងពីរ បាន​អបអរ​ដល់​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ប៉ុល ពត បាន​សរសើរ​ដល់​គំនិត​របស់​លោក ម៉ៅ សេទុង ថែម​ទៀត​ផង ។

ដំណើរ​ទស្សនកិច្ច​របស់​ប៉ុល​ពត​ទៅ​កាន់​ប្រទេស​ចិន​មិន​អាច​កំបាំង​ភ្នែក​ពី​ប្រទេស​វៀតណាម​ឡើយ ។ មួយ​ថ្ងៃ​បន្ទាប់​ពី​ប៉ុលពត​មកដល់​ទីក្រុង​ប៉េកាំង គណៈប្រតិភូ​វៀតណាម​មួយ​ក្រុម ក៏​បាន​មកដល់​យ៉ាង​ប្រញាប់​ប្រញាល់​ផង​ដែរ ។

បើតាម​កំណត់ត្រា​របស់​លោក​សាស្ត្រាចារ្យ ដេវីដ ឆេនល័រ ប្រវត្តិ​វិទូ​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា គណៈ​ប្រតិភូ​វៀតណាម​នៅ​ពេល​នោះ បាន​ស្នើ​ឲ្យ​ចិន​ជួយ​សម្រួល​ឲ្យ​មាន​ការពិភាក្សា​មួយ រវាង​ប៉ុល​ពត និង​គណៈប្រតិភូ​វៀតណាម​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ក្ដៅ​គគុក​ទាំង​ឡាយ​នៃ​ប្រទេស​ទាំង​ពីរ ។​ គណៈប្រតិភូ​វៀតណាម បាន​ចោទ​ខ្មែរ​ក្រហម​ថា បាន​ធ្វើ​ការវាយ​ឆ្មក់​ឆ្លងកាត់​ព្រំដែន​ថែម​ទៀត​ផង ។

ក្នុង​ពេល​នោះ ខ្មែរ​ក្រហម​បាន​ច្រាន​ចោល​សំណើ​និង​ការចោទប្រកាន់​ទាំងឡាយ​របស់​គណៈប្រតិភូ​វៀតណាម ។

នៅពេល​នោះ​ដែរ ប៉ុល ពត បាន​ប្រាប់​មេដឹកនាំ​ចិន​មុន​រួច​ជាស្រេច​ថា គណៈប្រតិភូ​វៀតណាម ជា​អ្នក​ពូកែ​បង្ក​បញ្ហា ។ ប៉ុល ពត បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ត្រៀម​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការច្បាំង​ជាមួយ​វៀតណាម ។

កាល​ពី​នៅ​មាន​ជីវិត​នៅ​ក្នុង​ឆ្នាំ​១៩៩៧ ប៉ុល ពត ធ្លាប់​បាន​និយាយ​ថា កងទ័ព​វៀណាម​ជា​អ្នកបង្ក​ជម្លោះ​តាម​ព្រំដែន ៖ «វៀតណាម​ភាគច្រើន​វា​ល្អ ប៉ុន្តែ​អ្នក​ដឹក​នាំ​យួន វា​អាក្រក់​ណាស់ វា​មាន​យុទ្ធសាស្ត្រ​យក​កម្ពុជា ហើយ​វា​ស្អប់​ខ្ញុំ​ណាស់ ពី​ព្រោះ​ខ្ញុំ​ទប់​ទល់​នឹង​វា ។ ... ទៅ​ប្រជុំ​ខាង​វា​ក៏​មាន ខាង​យើង​ខ្ញុំ​ក៏​មាន វា​ថា​យល់​ស្របៗ ប៉ុន្តែ​ការពិត​វា​វ៉ៃ​តែ​យើង»

បន្ទាប់ពី​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ប៉ុល ពត ក៏បាន​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េ​ខាងជើង ហើយ​នៅទីនោះ ប៉ុល ពត បាន​ទទួល​មេដាយ​សរសើរ​ពី​មេដឹកនាំ​កូរ៉េ​ខាងជើង គឺលោក គីម អ៊ីលស៊ុង ថែម​ទៀត​ផង ។ នាពេលនោះ មេដឹកនាំ​កូរ៉េ ក៏​បាន​ប្រកាស​ពី​ជីវប្រវត្តិ​របស់ ប៉ុល ពត ផង​ដែរ ។

នោះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​ជីវប្រវត្តិ​របស់​ក្រុម​មេដឹកនាំ​ខ្មែរក្រហម ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​អន្តរជាតិ ។

សេចក្តីប្រកាស​ពី​ជីវប្រវត្តិ​របស់​គាត់ បាន​បង្ហាញ​ពី​កាលបរិច្ឆេទ​ត្រឹមត្រូវ​ស្តីពី​ដំណើរ​ជីវិត របស់ ប៉ុល ពត នៅ​ក្នុង​អតីតកាល ប៉ុន្តែ ក៏មិន​បាន​និយាយ​អ្វី​ទាល់​តែសោះ ពី​កាល​ដែល​គាត់ ស្ថិត​នៅក្នុង​អំឡុង​ពេល​សិក្សា​នៅ​ក្នុង​ប្រទេស​បារាំង និង​ពីទំនាក់​ទំនង​របស់​គាត់​ជាមួយ​ក្រុមគ្រួសារ​រាជវង្ស ។

ប៉ុល ពត បាន​បញ្ចប់​ការធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​គាត់ ហើយ​វិលមក​កាន់​មាតុប្រទេស​វិញ ដោយ​មាន​សេចក្តី​រីករាយ​នឹង​ការគាំទ្រ​ពី​សំណាក់​ប្រទេស​ទាំងពីរ ហើយ​ក៏​បាន​រៀបចំ​ខ្លួន​ជាស្រេច ក្នុង​ការប្រឈម​មុខ​នឹង​ប្រទេស​វៀតណាម ។

នៅ​ក្នុង​ឃ្លាឃ្លោង​ដ៏​គួរ​ឱ្យ​ចាប់​ឤរម្មណ៍​មួយ នៅ​ក្នុង​សុន្ទកថា​របស់ ប៉ុល ពត ដែល​មាន​​រយៈពេល​ប្រាំ​ម៉ោង កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៧៧ ដែល​បាន​ត្រូវ​ការិយាល័យ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​បរទេស​របស់​សហរដ្ឋ​អាមេរិក ហៅកាត់​ជា​ភាសា​អង់គ្លេស​ថា FBIS ដកស្រង់​មក​នោះ ប៉ុល ពត បាន​លើក​ឡើង​ពី​សមិទ្ធផល​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ដូច្នេះ​ថា ៖ «យើង​ទាំងអស់​គ្នា​សុទ្ធតែ​ស្គាល់​ប្រាសាទ​អង្គរវត្ត ។ ប្រាសាទ​អង្គរ​បាន​ត្រូវ​សាងសង់​ឡើង​ក្នុង​យុគ​សម័យ​ទាសភាព​នៃ​ប្រវត្តិសាស្ត្រ ។ គឺ​យើង​ទាំងអស់​គ្នា ជា​ទាសករ​ហ្នឹង​ហើយ ដែល​បាន​ស្ថាបនា​ប្រសាទ​អង្គរ​ឡើង ដើម្បី​បំពេញ​ព្រះហឫទ័យ របស់​ព្រះមហាក្សត្រ ។ បើសិនជា​ប្រជាជន​យើង​ឤច​កសាង​ប្រាសាទ​អង្គរវត្ត​បាន​ហើយ ដូច្នេះ​យើង ក៏​ឤច​ធ្វើ​អ្វីៗ​ទៀត​បាន​ដែរ»

ប្រយោគ​ឃ្លាឃ្លោង​ប្រកប​ដោយ​មោទនភាព​នេះ ប្រហែល​ជា​សំដៅ​ទៅ​ដល់​អភូតហេតុ​សេដ្ឋកិច្ច​និង​សក្ដានុពល​អំណាច​របស់​ប្រទេស​កម្ពុជា ដែល ប៉ុល ពត គិតថា ប្រជាជន​កម្ពុជា​ក៏​អាច​ធ្វើ​ឲ្យ​មាន​ភាព​រុងរឿង​ឡើងវិញ​បាន​ដែរ ដូចជា​ពាក្យ​ស្លោក​និយាយ​ត​ៗ​គ្នា​នៅក្នុង​របប​ខ្មែរក្រហម​ថា យើង​អាច​កសាង​អង្គរវត្ត​បាន យើង​ក៏​អាច​ទប់​ទឹក​ទន្លេ​បាន​ដែរ ។ ប៉ុន្តែ កាលណោះ អ្វី​ៗ​បាន​ប្រែ​ក្លាយ​ទៅ​ភាពមហន្តរាយ​ទៅវិញ ។ ម៉្យាង​វិញ​ទៀត ឃ្លា​ប្រយោគ​នេះ​ទំនង​ជា​មាន​បំណង​ផ្តល់​សញ្ញា​បង្ហាញ​ពី​ចម្បាំង​ទ្រង់ទ្រាយ​ធំ​ជាមួយ​ប្រទេស​វៀតណាម​ផងដែរ ហើយ​មួយឆ្នាំ​ក្រោយមក ចម្បាំង​ជាមួយ​ប្រទេស​វៀតណាម ពិតជា​កើត​មាន​មែន ។

ទោះជា​យ៉ាងណា​ក៏ដោយ នៅក្នុង​ត្រីមាស​ទី​៤ នៅឆ្នាំ​១៩៧៧ ការជឿជាក់​របស់ ប៉ុល ពត ថា ចិន​នឹង​ផ្តល់​ការគាំទ្រ​ផ្នែក​នយោបាយ និង​ផ្តល់​ជំនួយ​ផ្នែក​យោធា​ដោយ​គ្មាន​លក្ខខណ្ឌ ដល់​ខ្មែរ​ក្រហម ហើយ​ថា កូរ៉េ​ខាងជើង មាន​ការគាំទ្រ​ផ្នែក​ស្មារតី​នោះ បាន​ជំរុញ​ឱ្យ ប៉ុល ពត ធ្វើការ​បោសសម្អាត​ខ្មាំង ឫ​ធ្វើ​វិសុទ្ធកម្ម​ទូទាំង​ប្រទេស ក៏​ដូចជា បង្ក​សង្គ្រាម​ជាមួយ​វៀតណាម​ផងដែរ ។

លោក ណេត សេយ័រ អតីត​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ​ទស្សនា​វដ្តី​សេដ្ឋកិច្ច​ចុងបូព៌ា បាន​ឲ្យ​ដឹង​ថា ការបោស​សម្អាត​ផ្ទៃក្នុង​នោះ ហើយ​បាន​ធ្វើ​ឲ្យ​កម្លាំងទ័ព​ខ្មែរក្រហម​ខ្លួនឯង​ចុះ​ទន់ខ្សោយ និង​នាំ​ទៅ​ដល់​ទី​អវសាន​នៃ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម ៖ «តាម​ការ​ពិត​ទៅ​ការ​ផ្ដោត​អារម្មណ៍​របស់​គាត់​ទាំង​ស្រុង​ទៅ​លើ​ក្ដី​ព្រួយ​បារម្ភ​ថា វៀតណាម​នឹង​លេប​ត្របាក់​យក​កម្ពុជា បាន​ញាំង​ឲ្យ​គាត់​ចេញ​គោលនយោបាយ​មួយ ដែល​បង្ក​ឲ្យ​មាន​ទុក្ខ​សោក​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ទន់​ខ្សោយ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ធ្វើ​ឲ្យ​សុបិន​អាក្រក់​របស់​គាត់ ប្រែរក្លាយ​ទៅ​ជា​ការ​ពិត គឺ​ថា គាត់​ជា​អ្នក​បង្ក​លក្ខណៈ​ឲ្យ​កម្ពុជា​ចុះ​ខ្សោយ ដែល​ហុច​ឱកាស​ល្អ​ឲ្យ​កង​ទ័ព​វៀតណាម ចូល​ឈ្លានពាន​បាន ។ ដោយសារ​តែ​មក​ពី​គោលនយោបាយ​បំភិតបំភ័យ​របស់​គាត់​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្វី​ដែល​គាត់​ខ្លាច​បំផុត​នោះ ប្រែក្លាយ​ទៅ​ជា​ការពិត ។ គេ​អាច​និយាយ​បាន​ថា គឺ​ប៉ុលពត​នេះ​ឯង ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ទៅ​ជា​ប្រទេស​រណប​របស់​ប្រទេស​មួយ ដែល​ជា​សត្រូវ​ប្រវត្តិសាស្រ្ត​របស់​ខ្លួន ។ ខ្ញុំ​គិត​ថា វា​ជា​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់​សម្រាប់​ប៉ុលពត​ខ្លួនឯង ដើម្បី​ទទួល​ស្គាល់​ថា វា​ជា​គោលនយោបាយ​របស់​គាត់​តែ​ម្ដង ដែល​បង្ក​លក្ខណៈ​ឲ្យ​កម្ពុជា​រលាយ​សូន្យ ។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ គាត់​បាន​ទាញ​យក​គុណ​សម្បត្តិថា គាត់​ជា​អ្នក​ជួយ​សង្រ្គោះ​កម្ពុជា មិន​ឲ្យ​រលាយ​រូប​ចេញ​ពី​ផែន​ទី​ពិភពលោក​នេះ​ទៅ​វិញ»

លោក ប៊ុយ ទីន បាន​ឲ្យ​ដឹង​ថា នៅអំឡុង​ពេល​ធ្វើ​ផែនការ​សម្រាប់​វាយប្រហារ​លុកលុយ​ចូល​ក្នុង​ប្រទេស​កម្ពុជា មេដឹកនាំ​វៀតណាម​បាន​ព្យាករណ៍​ថា យ៉ាងណាស់​ក៏​នឹង​ចំណាយ​ពេល​យ៉ាងតិច​រយៈពេល ២​ឆ្នាំ​ដែរ ដើម្បី​ដណ្តើម​កាន់កាប់​ប្រទេស​កម្ពុជា ពី​រដ្ឋាពិបាល​ខ្មែរ​ក្រហម ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា មេដឹកនាំ​វៀតណាម​តែង​វាយ​តម្លៃ​ខ្ពស់​ដល់​សមត្ថភាព​ធ្វើ​សង្គ្រាម​របស់​កងទ័ព​ខ្មែរ​ក្រហម ។ ប៉ុន្តែ លោក ប៊ុយ ទីន ដដែល ដែល​បាន​អមដំណើរ​កងទ័ព​វៀតណាម​វាយ​លុកលុយ​ចូល​ក្នុង​ប្រទេស​កម្ពុជា ក្នុងនាម​ជា​អ្នក​កាសែត​កងទ័ព​ប្រជាជន​វៀតណាម​នោះ បាន​ឲ្យ​ដឹង​ថា ក្រោយពី​បាន​វាយ​បំបែក​ខ្សែ​ត្រៀម​របស់​ខ្មែរក្រហម ដែល​មាន​ភាពរឹងមាំ​នៅតាម​ច្រក​ព្រំដែន រូច​ហើយ កងទ័ព​វៀតណាម​បាន​ធ្វើដំណើរ​ចូល​ក្នុង​ប្រទេស​កម្ពុជា​គ្រប់​មុខ​ព្រួញ​យ៉ាង​ងាយស្រួល​និង​មាន​ល្បឿន​លឿន​ទៀតផង ដែល​ប្រការ​នេះ​បាន​ធ្វើ​ពី​គេ​មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង ។

គម្រោង​ផែនការ​ធ្វើសង្រ្គាម​ដើម្បី​ផ្ដួលរំលំ​របប​ខ្មែរ​ក្រហម​របស់​ភាគី​វៀតណាម ដែល​ថា​នឹង​ចំណាយ​ពេល​យ៉ាងតិច ២​ឆ្នាំ​នោះ បាន​ថយ​ចុះ​មក​នៅ​ត្រឹមតែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ ក្នុង​ការដណ្តើម​បាន​ទីក្រុង​ភ្នំពេញ ៕

អត្ថបទ​ដែល​ទាក់ទង

ការប្រមូល​ផ្ដុំ​កម្លាំង​សេសសល់​របស់​ខ្មែរ​ក្រហម​នៅ​តាម​ជាយដែន​ខ្មែរ​-​ថៃ (ភាគ៩៧)

ការកាត់ទោស ប៉ុល ពត និង អៀង សារី កាលពី​ឆ្នាំ​១៩៧៩ (ភាគ​៩៦ឃ)

ការកាត់ទោស ប៉ុល ពត និង អៀង សារី កាលពី​ឆ្នាំ​១៩៧៩ (ភាគ​៩៦គ)

ការកាត់ទោស ប៉ុល ពត និង អៀង សារី កាលពី​ឆ្នាំ​១៩៧៩ (ភាគ​៩៦ក-ខ)

បទសម្ភាសន៍​ជាមួយ​អតីត​អ្នក​កាសែត​វៀតណាម (ភាគ​៩៥)

សម្ភាស ប៉ែន សុវណ្ណ ស្ដីពី​ស្ថានភាព​ក្រុង​ភ្នំពេញ​នៅ​ដើម​ឆ្នាំ​១៩៧៩ (ភាគ៩៤)

ការកាន់កាប់​ប្រទេស​កម្ពុជា​ដោយ​កងទ័ព​វៀតណាម​រយៈពេល​១០​ឆ្នាំ (ភាគ៩៣)

បទសម្ភាសន៍​ជាមួយ​លោក ញៀន សារ៉េត (ភាគ​៩២)

បទសម្ភាសន៍​ជាមួយ​លោក ស្ហន ម៉ៅ (ភាគ​៩១)

ការឈ្លានពាន​របស់​វៀតណាម​ចូល​ប្រទេស​កម្ពុជា​នា​ចុង​ឆ្នាំ​១៩៧៨ (ភាគ​៩០)