ជីវិតា ៖ តើលោកមានចាំថាតើសន្ធិសញ្ញាទាំងនោះនិយាយអំពីអ្វីដែរ ?
ប៊ុយ ទីន ៖ ខ្ញុំមានឯកសារសន្ធិសញ្ញាទាំងអស់ ប៉ុន្តែខ្ញុំបានប្រគល់ឱ្យទៅលោក ណាយ៉ាន់ ចាន់ដា អស់ហើយ ។ ដូច្នេះ លោក ណាយ៉ាន់ ចាន់ដា បានប្រើប្រាស់ឯកសារដែលខ្ញុំបានប្រគល់ឱ្យគាត់នោះជាច្រើនលើកច្រើនសា នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា បងប្អូនដែលជាសត្រូវ ។ ប៉ុន្តែខ្ញុំក៏នៅមានឯកសារខ្លះដែលខ្ញុំបានកត់ត្រាទុកពីសន្ធិសញ្ញាទាំងនោះ ។ ខ្ញុំកត់ត្រាបានប្រហែលជា ៤០ទំព័រ ។ ខ្ញុំបានកត់ត្រាទុកអំពីឤវុធយុទ្ធភ័ណ្ឌដែលប្រទេសចិនសន្យានឹងផ្តល់ឱ្យប្រទេសកម្ពុជា ។ ខ្ញុំកត់ពីចំនួននាវាយោធា រ៉ាដា និងឤវុធសម្រាប់កងទ័ពជើងទឹក និងសម្រាប់យន្តហោះ ។ ហើយនៅព្រឹកថ្ងៃ ៧ មករា ខ្ញុំបានឃើញយន្តហោះពីរគ្រឿងដែលថ្មីចែសមិនទាន់បើកចេញនៅឡើយ នៅឯព្រលានយន្តហោះពោធិ៍ចិនតុង ។ វាគឺជាយន្តហោះម៉ាក មិក-១៧ និង មិក-១៩ ពីប្រទេសចិន ដែលបានបញ្ជូនមកព្រលានយន្តហោះពោធិ៍ចិនតុង ហើយយន្តហោះនោះទើបតែបានដំឡើងថ្មីៗ ។ នៅខែត្រកំពង់ឆ្នាំង មានព្រលានយន្តហោះមួយដ៏ធំ ហើយទើបតែសាងសង់ឡើងដោយកងទ័ពចិន ។
ជីវិតា ៖ អ៊ីចឹងពួកគេជាវិស្វករមកសាងសង់ព្រលានយន្តហោះហ្នឹង អ៊ីចឹងទេ ?
ប៊ុយ ទីន ៖ មែនហើយ ។ បើសិនជាលោកចង់បាន ខ្ញុំនឹងផ្អែកយកកំណត់ត្រារបស់ខ្ញុំដែលមានប្រាប់លោកពីចំនួនកាំភ្លើងផ្លោង កាំភ្លើងត្បាល់ ឤវុធយុទ្ធភ័ណ្ឌ ទូក រ៉ាដា ដែលមានកត់ត្រាក្នុងសន្ធិសញ្ញាសម្ងាត់ នៅក្នុងឆ្នាំ១៩៧៧ ។
ជីវិតា ៖ ទាក់ទងទៅនឹងសង្គ្រាមនេះដែរ ខ្ញុំបានសម្ភាសន៍អតីតកងទ័ពខ្មែរក្រហមជាច្រើននាក់ ដែលបានឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម ។ ពួកគេបាននិយាយថា មានការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែនមែន ។ ហើយថា សង្រ្គាមតាមបណ្តោយព្រំដែន នោះ គឺវៀតណាមជាអ្នកចាប់ផ្ដើម ។ ពួកគេបានចាប់ផ្ដើមថា គឺកងទ័ពវៀតណាមជាអ្នកវាយប្រហារមុនមកលើខ្មែរក្រហម តាមបណ្ដោយព្រំដែន នេះហើយដែលបំផុសឱ្យខ្មែរក្រហមត្រូវតែវាយបកទៅវិញ ។ តើលោកមានមតិយ៉ាងម៉េចដែរចំពោះការលើកឡើងនេះ ?
ប៊ុយ ទីន ៖ តាមការយល់ឃើញរបស់ខ្ញុំ វាមិនត្រឹមត្រូវទេ ។ មែនហើយមេដឹកនាំវៀតណាមមួយចំនួន ឤចមានអំនួតខ្ពស់ត្រដែត បន្ទាប់ពីបានទទួលជ័យជម្នះក្នុងសង្រ្គាមប្រឆាំងនឹងពួកបារាំងនិងឤមេរិកាំងមក ។ ពួកគេមានស្មារតីខ្ពស់ហួសហេតុ ដូច្នេះមេដឹកនាំវៀតណាមទាំងនោះ អាចមានអំនួតក្អេងក្អាងពីជោគជ័យទាំងនោះក៏ពិតមែនហើយ ។ ប៉ុន្តែក្រោយពីការរួបរួមជាតិ បន្ទាប់ពីការរំដោះ វៀតណាមខាងត្បូងរួចមក មេដឹកនាំវៀតណាម ដូចជា លេ យន់ លេ ដឹកថរ ឡូង ង្វៀនយ៉ាប់ ជាដើម ពួកគេមិនមានបំណងនឹងបំផុសឱ្យមានសង្គ្រាមសោះឡើយ ។ ម្នាក់ៗសុទ្ធតែចង់បានសន្តិភាពដើម្បីកសាងប្រទេស ។ វាគឺដោយសារតែខ្មែរក្រហមនិងចិន មានបំណងបង្កសង្គ្រាមហើយពួកគេក៏មានហេតុផលរបស់ខ្លួន ។ ពួកគេគិតថា នៅពេលនោះវៀតណាមបានជួបបញ្ហាធ្ងន់ធ្ងរជាច្រើន ទាក់ទងនឹងបញ្ហាសន្តិសុខនៅក្នុងប្រទេសនិងបញ្ហាដ៏ធំក្នុងការស្ថាបនាប្រទេសឡើងវិញ ។
ដូច្នេះពួកគេគិតថា វៀតណាមមិនចង់មានសង្គ្រាមឡើយ ។ ភ្លាមនោះក្រោយឆ្នាំ១៩៧៥ ជាពិសេសក្រោយឆ្នាំ១៩៧៦ សង្គ្រាមបានចាប់ផ្តើមឡើងតាមព្រំដែន ។ នៅដើមឆ្នាំ១៩៧៦ និងដើមឆ្នាំ១៩៧៧ យើងបានខាតបង់ជាច្រើនក្នុងសង្គ្រាមតាមព្រំដែន ពីព្រោះអគ្គសេនាធិការបានហាមឃាត់កងទ័ពយើង មិនឱ្យចូលទឹកដីកម្ពុជាក្នុងចម្ងាយ ៥គីឡូម៉ែត្រពីព្រំដែនឡើយ ។
ជីវិតា ៖ នៅឆ្នាំណាដែរពេលនោះ ? ប៊ុយ ទីន ៖ នៅឆ្នាំ១៩៧៧ និងនៅដើមឆ្នាំ ១៩៧៨ ។ ហើយនៅចុងឆ្នាំ ១៩៧៨ ការិយាល័យនយោបាយទីក្រុងហាណូយ បន្ទាប់ពីមានកិច្ចពិភាក្សាដ៏យូរមក ក៏បានសម្រេចប្រមូលផ្តុំកងកម្លាំងទ័ព ដើម្បីឈ្លានពានចូលក្នុងប្រទេសកម្ពុជា ។ ដំបូងឡើយពួកគេគិតថា ប្រតិបត្តិការសឹកនេះនឹងអូសបន្លាយពេលប្រហែលមួយឆ្នាំទៅពីរឆ្នាំ ពីព្រោះពួកគេយល់ថា ខ្មែរក្រហមមិនមែនជាកងទ័ពដ៏ទន់ខ្សោយនោះទេ ហើយថែមទាំងមានចិននៅពីក្រោយខ្នងពួកគេទៀតផង ។ ប៉ុន្តែនៅពេលយើងបានចាប់ផ្តើមការវាយលុក នៅថ្ងៃបុណ្យណូអែល គឺថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ ហើយនៅពេលដែលយើងឆ្លងត្រើយអ្នកលឿងហើយ យើងមិនឃើញមានការប្រយុទ្ធតទល់ណាមួយឡើយ ហើយអ្នកនៅភ្នំពេញក៏បាននាំគ្នាភៀសខ្លួនទៅកាន់ប្រទេសថៃ ។
ជីវិតា ៖ ខ្ញុំចង់បញ្ជាក់ចំណុចនេះ លោកបានមានប្រសាសន៍ថា នៅពេលកងទ័ពវៀតណាមឆ្លងផុតទីប្រជុំជនអ្នកលឿង ហើយវាយប្រហាររុលចូលមកក្នុងទៀត ពួកគេមិនបានជួបការវាយតបតពីពួកខ្មែរក្រហមវិញទេ អ៊ីចឹងមែនទេ ? ប៊ុយ ទីន ៖ អត់មានការវាយតទល់ឡើយនៅក្នុងប្រទេស ។
ជីវិតា ៖ តើមកពីមូលហេតុអ្វី ? ប៊ុយ ទីន ៖ ពីព្រោះថា ពួកខ្មែរក្រហមគេបានដាក់កម្លាំងទ័ពវាយប្រយុទ្ធនៅតាមព្រំដែន ប៉ុន្តែនៅផ្នែកខាងក្នុងប្រទេស ពួកគេមិនបានត្រៀមលក្ខណៈប្រយុទ្ធឡើយ ដូចជាមិនមានត្រង់សេ និងការរៀបចំក្បួនសឹកប្រយុទ្ធគ្នាលើសមរភូមិនៅក្នុងប្រទេស ។ ជួបហេតុការណ៍បែបនេះ ពួកយើងក៏មានការភ្ញាក់ផ្អើលខ្លាំងណាស់ដែរ ៕
