ទស្សនកិច្ច​របស់​ប៉ុល​ពត​ទៅ​កាន់​ប្រទេស​ចិន (ភាគ​៧៦​ក)

2008-05-14

នៅ​ពេល​ដែល​មេដឹកនាំ​ចិន លោក ម៉ៅ សេទុង ទទួល​មរណភាព​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​១៩៧៦ មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម ចាប់​ផ្តើម​ខ្វាយខ្វល់​អំពី​ភាព​ប្រាកដ​ប្រជា ចំពោះ​សម្ព័ន្ធភាព​រវាង​ប្រទេស​ចិន​និង​កម្ពុជា ។

ពួកគេ​បារម្ភ​ថា តើ​មេដឹកនាំ​ចិន​ថ្មី នឹង​កាត់បន្ថយ​ចំណង​មិត្តភាព​ជាមួយ​កម្ពុជា ដែរ​ឬ​ទេ ។ ជាពិសេស ការចាប់​ខ្លួន​មន្ត្រី​ជាន់ខ្ពស់​បួន​រូប ដែល​គេ​និយម​ហៅ​ថា បង​ធំ​ទាំងបួន​នៃ​ប្រទេស​ចិន ក្នុង​នោះ មាន​ភរិយា​ខ្មោច​លោក ម៉ៅ សេទុង ផង ក៏​បាន​បង្ក​ឱ្យ​មាន​ក្តីព្រួយ​បារម្ភ​ចំពោះ​មេដឹកនាំ​ខ្មែរក្រហម​កាន់តែ​ខ្លាំងឡើង​ផងដែរ ។

នៅ​ខែ​វិច្ឆិកា ក្នុងឆ្នាំ​១៩៧៦​ដដែល  គឺ​មាន​រយៈពេល ២​ខែ បន្ទាប់ពី​លោក ម៉ៅ សេទុង ស្លាប់ ប៉ុល ពត ហើយ​និង​សហការី​របស់​គាត់​មួយចំនួន បាន​ធ្វើ​ទស្សនកិច្ច​ជា​សម្ងាត់​ទៅកាន់​ទីក្រុង​ប៉េកាំង​ដើម្បី​វាយតម្លៃ​មើល​ថា​តើ ពួកគេ​គួរ​តែ​មាន​ជំហរ​បែប​ណា​ជាមួយ​នឹង​មេដឹកនាំ​ស្នង​តំណែង​ពី​លោក ម៉ៅ សេទុង គឺ​លោក Hua Guofeng ដែល​បាន​ទទួល​ស្វាគមន៍​គណៈប្រតិភូ​ខ្មែរក្រហម​យ៉ាង​រាក់ទាក់ ។

លោក Hua Guofeng បាន​អះឤង​ចំពោះ​មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ​ថា សម្ព័ន្ធភាព​ចិន​-កម្ពុជា នៅតែ​រឹងមាំ​ដដែល ។

ទោះជាយ៉ាងណាក៏ដោយ ទស្សនកិច្ចនោះ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ ហើយអំឡុង​ពេលនោះ​ ចិន​ទំនង​ជា​សន្យា​ផ្តល់​ជំនួយ​ផ្នែក​យោធាបន្ថែមទៀតដល់កម្ពុជាប្រជាធិបតេយ្យផងដែរ ។ រយៈពេល​ពីរ​បី​ខែ​ក្រោយ​មក ភាពតានតឹង​រវាង​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ និង​វៀតណាម​ចេះ​តែ​កើត​មាន​ឡើង ហើយ​កងទ័ព​ខ្មែរក្រហម ក៏​បាន​ធ្វើ​ការវាយ​ប្រហារ​ឆ្លង​កាត់​ព្រំដែន​ចូលទៅ​ក្នុង​ទឹក​ដី​វៀតណាម​ខាង​ត្បូង ជា​ហូរហែ​ផងដែរ ។

លោក ប៊ុយ ទីន អតីត​អគ្គនិពន្ធនាយក ដែល​មាន​ឋានន្តរស័ក្តិ​ជា​វរៈសេនីយ៍ឯក​របស់​កាសែត​កងទ័ព​ប្រជាជន​វៀតណាម បាន​ឲ្យ​ដឹង​ថា កងទ័ព​ខ្មែរ​ក្រហម​បាន​វាយ​លុក​ចូល​វៀតណាម ៖ «ខ្មែរ​ក្រហម​បាន​វាយប្រហារ​បង្ក​សង្គ្រាម​ជាមួយ​វៀតណាម​នៅ​ភាគ​ខាងត្បូង»

ទោះជា​យ៉ាងណា​ក៏ដោយ អតីត​យោធា​ខ្មែរក្រហម​ដែល​ប្រចាំការ​នៅ​ព្រំដែន​ខែត្រ​តាកែវ នា​ពេល​នោះ គឺ​លោក ឈិន ឆែន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការវាយ​ប្រហារ​គ្នា​នៅតាម​ព្រំដែន​បាន​កើត​មាន​ពិត​មែន ក៏​ប៉ុន្តែ ៖ «ខ្មែរ​ក្រហម​ឃើញ​វៀតណាម​ទន្ទ្រាន​យក​ឃុំ​អានគឺ ប្រឡាយ​វិញទេ ប៉ុន្តែ​មិន​ទាន់​បាន​ចូល​វិញទេ ទេ ខ្មែរ​ក្រហម​ឃើញ​អ៊ីចឹង ក៏​វ៉ៃ​ទៅ ព្រោះ​កន្លែង​ហ្នឹង​គឺ​ជា​របង​លួស ទីតាំង​ហ្នឹង បើតាម​ប្រវត្តិសាស្ត្រ​គឺ​ជា​របស់​ខ្មែរ​យើង ។ ក្នុង​ជំនាន់​លន់​នល់ ជំនាន់​សីហនុ គឺ​ឃើញ​បង្គោល​អ៊ីចឹង ។ ខ្មែរ​ក្រហម​ការពារ​តំបន់​របស់​វា​ហ្នឹង គឺ​វា​វ៉ៃ ប៉ុន្តែ​វ៉ៃ​ម្តេច​នឹង​ឈ្នះ​វៀតណាម​ៗ ក៏​រុញ​មក»

ចំណែក​លោក ចៅ វា ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម នា​ពេល​នោះ បាន​មាន​ប្រសាសន៍​បន្ថែម​ថា ៖ «នៅតាម​ព្រំដែន​តំបន់​ស្រុក​ទិនបៀន វា​មាន​ឮ​សូរ​កាំភ្លើង​នៅតាម​ព្រំដែន បាញ់​ផ្លោង​ដាក់​គ្នា​ទៅវិញ​ទៅមក នៅ​ក្នុង​ឆ្នាំ​១៩៧៥ ពេល​រំដោះ​ហើយ​ដំបូង គឺ​ឮ​សូរ​បាញ់​អ៊ីចឹង មិន​ដឹង​ពី​ខាងណា​ខាងណី​ទេ ។ យើង​មិន​ដឹង​ផ្ទាល់​ខាង​ណា​បង្ក​លើ​ខាង​ណា​ទេ អត់​បាន​ដឹង​ទេ ។ ពេល​ខ្មែរ​ក្រហម​វ៉ៃ​ចូល​ទៅ នៅ​ឆ្នាំ​១៩៧៨​ហ្នឹង គឺ​ខ្ញុំ​បាន​មក​នេះ​ហួស​ហើយ ពេល​នោះ​ឃើញ​ថា យួន​និង​ខ្មែរ​ក្រហម​មាន​ការប្រយុទ្ធគ្នា​ខ្លាំង​ណាស់ ស្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​មាន យួន​ក៏​មាន ។ នៅ​ឆ្នាំ​១៩៧៧ នៅ​ភ្នំមួយ​គេ​ហៅ​ថា ភ្នំផ្ដែង ទាំង​ខ្មែរ ទាំង​វៀតណាម ឃើញ​ស្លាប់​ច្រើន​ណាស់»

ការវាយ​ប្រហារ​របស់​ខ្មែរក្រហម​ដែល​បង្ក​ឱ្យ​មាន​មហន្តរាយ​ជាង​គេ​បំផុត​នោះ គឺ​នៅ​ចុង​ខែ​កញ្ញា ឆ្នាំ​១៩៧៧ ។ ការវាយ​ប្រហារ​នោះ​ធ្វើ​ឡើង​ពីរ​ថ្ងៃ មុន​ពេល ប៉ុល ពត ថ្លែង​សុន្ទរកថា​ដ៏វែង​មួយ​ដែល​មាន​រយៈពេល​រហូត​ដល់​ទៅ​ប្រាំ​ម៉ោង ។

នៅក្នុង​សុន្ទរកថា​នោះ ប៉ុល ពត បាន​បង្ហាញ​ពី​វត្តមាន​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា ដែល​ត្រូវ​បាន​គេ​លាក់​បាំង​ពី​មុន​មក​នោះ ។ ហើយ​ការវាយ​ប្រហារ​នោះ ក៏​បាន​កើត​ឡើង មុន​ពេល​ដែល ប៉ុល ពត ទៅ​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅ​កាន់​ប្រទេស​ចិន​ចំនួន​បួន​ថ្ងៃ​ផង​ដែរ ។

មេដឹកនាំ​ប្រទេស​ចិន​ទំនង​ជា​បាន​ជំរុញ​ឱ្យ ប៉ុល ពត ថ្លែង​សុន្ទរកថា​នេះ​ឡើង ពីព្រោះ​មេដឹកនាំ​ចិន​ទាំង​នោះ​អាច​យល់​ឃើញ​ថា បក្ស​កុម្មុយនីស្ត​ដែល​មាន​ជោគជ័យ​ត្រូវ​តែ​បញ្ចេញ​មុខ​មាត់​ពិត ប្រសើរ​ជាង​ចលនា​បដិវដ្តន៍​លាក់លាម​ដែល​ខ្មែរ​ក្រហម​បាន​អនុវត្ត​កន្លង​មក ។

លោក ប៊ុយ ទីន បាន​ឲ្យ​ដឹង​ថា ក្រោយពី​សង្គ្រាម​អស់រយៈពេល​ប្រមាណ ៣០​ឆ្នាំ ប្រទេស​វៀតណាម​បាន​រួមរួម​គ្នា ហើយ​មាន​ភាព​ទន់ខ្សោយ​ណាស់ ដូច្នេះ​វៀតណាម​គ្មាន​មហិច្ឆតា​បង្ក​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង​ទេ ។

លោក​បាន​បញ្ជាក់​ថា ភាពជាក់ស្តែង ការវាយ​ឆ្មក់​ដែល​បាន​ធ្វើ​ឱ្យ​ប្រជាជន​វៀតណាម​រាប់​ពាន់​នាក់​បាន​ស្លាប់​នោះ គឺ​ជា​ការបង្ក​ឡើង​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរ​ក្រហម ក្រោម​ការញុះញង់​របស់​ប្រទេស​ចិន ៖ «ចិន​ចង់​ធ្វើ​ឲ្យ​វៀតណាម​ចុះ​ខ្សោយ បន្ទាប់ពី​វៀតណាម​ទាំងពីរ​បាន​រួបរួម​គ្នា​ជា​ប្រទេស​តែ​មួយ​មក ។ ចិន​មិន​ចង់ឃើញ​ប្រទេស​វៀតណាម​ក្លាយ​ជា​ប្រទេស​ធំ​មួយ​ឡើយ ។ ពួកចិន​មិន​ចង់​ឲ្យ​វៀតណាម​ខាង​ជើង និង​វៀតណាម​ខាងត្បូង​មាន​ការរួបរួម​គ្នា​ទេ ដូច្នេះ​ទើប​ចិន​ប្រើប្រាស់​ខ្មែរក្រហម​ជា​ឧបករណ៍ ដោយ​ញុះញង់​ខ្មែរ​ក្រហម​ឲ្យ​បំផុស​សង្គ្រាម​ជាមួយ​វៀតណាម​នៅ​ភាគ​ខាងត្បូង»

ប៉ុន្តែ​កាលពី​នៅរស់ ក្នុង​ឆ្នាំ​១៩៩៧ ប៉ុល ពត បាន​ធ្លាប់​បដិសេធ ដោយ​ទទួលស្គាល់​ថា កម្លាំង​យោធា​ក៏ដូច​ជា គ្រឿង​សព្វាវុធ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​វៀតណាម​បាន​ទេ ដូច្នេះ កម្ពុជា​មិន​មាន​មហិច្ឆតា​អ្វី​ដូច​ដែល​ខាង​វៀតណាម​ចោទ​ប្រកាន់​នោះ​ឡើយ ។

ប៉ុល ពត ថ្លែង​ដូច្នេះ​ថា ៖ «ការពិត​វា [វៀតណាម] វ៉ៃ​តែ​យើង ដូច្នោះ​ទាំង​អស់​គ្នា​ទ្រាំ​មិន​បាន ហើយ​វា​ថា​យើង​ខ្ញុំ​វ៉ៃ ទៅ​វ៉ៃ​យ៉ាង​ម៉េច ខ្មែរ​តូច​ប៉ុណ្ណឹង គ្នា​តិច​ប៉ុណ្ណឹង មាន​អាវុធ​ប៉ុណ្ណឹង ចង់តែ​រស់នៅ​ដោយ​សុខសាន្ត»

លោក ប៊ុយ ទីន បាន​ច្រានចោល​ការអះអាង​នេះ ដោយ​ចោទ​ថា ប៉ុល ពត និយាយ​មិន​ពិត ៖ «លោក ហ៊ុន សែន និង ហេង សំរិន ក៏យល់​ឃើញ​ដូច្នេះ​ដែរ ។ ខ្ញុំ​បាន​ជួប​ពួកគេ​ទាំង​ពីរ​ជា​ច្រើន​ដង​ណាស់ គេ​ទាំង​ពីរ​បាន​ប្រាប់​ខ្ញុំ​ថា ចិន​បាន​ប្រើប្រាស់​ខ្មែរ​ក្រហម​ជា​ឧបករណ៍​ឲ្យ​បំផ្ទុះ​សង្គ្រាម​ក្នុង​គោលបំណង​ឲ្យ​វៀតណាម​ចុះ​ទន់ខ្សោយ ។ ស្ថានការណ៍​ជាក់ស្ដែង​បាន​បង្ហាញ​ជាក់ច្បាស់​ណាស់ ពីព្រោះ​ចិន​យល់​ឃើញ​ថា បន្ទាប់​ពី​សង្គ្រាម​ប្រទេស​វៀតណាម​ជួប​ប្រទះ​ការលំបាក​ច្រើន​ណាស់ ។ ទីមួយ ភ្លាមៗ​នោះ​វៀតណាម​ចុះខ្សោយ​យ៉ាង​ខ្លាំង ទីពីរ វៀតណាម​ខាងត្បូង​ទើប​តែ​បាន​រំដោះ​ថ្មីៗ ដូច្នេះ ប្រជាជន​វៀតណាម​ខាងត្បូង​មាន​សតិ​អារម្មណ៍​ប្រឆាំង​នឹង​ពួក​វៀតណាម​ខាងជើង ក៏​ដូចជា​ប្រឆាំង​នឹង​ពួក​កុម្មុយនីស្ត​ផងដែរ ដូច្នេះ​ឆក់​ឱកាស​នេះ ពួកចិន​គិត​ថា គេ​ត្រូវ​តែ​ញុះញង់​ឲ្យ​មាន​ការបះបោរ ដោយ​ហេតុនេះ​ហើយ​ទើប​មាន​សេចក្ដី​ពន្យល់​មួយ​ថា នេះ​គឺ​ជា​ឱកាស​ប្រសើរ​ណាស់ បើ​មិន​វាយ​ទេ ច្បាស់​ជា​គ្មាន​ឱកាស​ទៀត​ឡើយ»

អត្ថបទ​ដែល​ទាក់ទង

បទសម្ភាសន៍​ជាមួយ​លោក ម៉ៅ មឿន (ភាគ​៨៣)

បទសម្ភាសន៍​ជាមួយ​អតីត​យុទ្ធជន​ខ្មែរ​ក្រហម ឈិន ឈឿន (ភាគ​៨១)

បទសម្ភាសន៍​ជាមួយ​អតីត​យុទ្ធជន​ខ្មែរ​ក្រហម ឈិន ឆេន (ភាគ​៨០​)

បទសម្ភាសន៍​ជាមួយ​អតីត​មន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​វៀតណាម (ភាគ៧៩គ)

បទសម្ភាសន៍​ជាមួយ​អតីត​មន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​វៀតណាម (ភាគ៧៩ខ)

បទសម្ភាសន៍​ជាមួយ​អតីត​មន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​វៀតណាម (ភាគ៧៩ក)

សង្គ្រាម​រវាង​កងទ័ព​វៀតណាម និង​កងទ័ព​ខ្មែរក្រហម (ភាគ៧៨)

បទសម្ភាសន៍​ជាមួយ​លោក ឌី ខាំបូលី (ភាគ៧៧)

ទស្សនកិច្ច​របស់​ប៉ុល​ពត​ទៅ​កាន់​ប្រទេស​ចិន (ភាគ​៧៦​ខ)