ការ​ជួញ​ដូរ​មនុស្ស និង​ការ​ធ្វើ​អាជីវកម្ម​លើ​ផ្លូវ​ភេទ​មនុស្ស

ការ​ជួញ​ដូរ​មនុស្ស និង​ការ​ធ្វើ​អាជីវកម្ម​លើ​ផ្លូវ​ភេទ​មនុស្ស ជា​អំពើ ដែល​មាន​ការ​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ ទៅ​តាម​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​រយៈ​ពេល ២០ ឆ្នាំ។

ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​លើ​ផ្លូវ​ភេទ ដែល​រដ្ឋសភា​ប្រទេស​កម្ពុជា បាន​អនុម័ត កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៧ កន្លងទៅ បាន​រៀបរាប់​យ៉ាង​លំអិត​ពី​ប្រភេទ​បទល្មើស ដែល​ជនល្មើស​អាច​ប្រព្រឹត្ត និង​ការ​ផ្ដន្ទាទោស ចំពោះ​អ្នក​ប្រព្រឹត្ត​ដៃ​ដល់ ឬ​ហៅ​ថា ចារី។

ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ ដែល​មាន​សកម្មភាព ជួញដូរ​មនុស្ស និង​ការ​ធ្វើ​អាជីវកម្ម​លើ​ផ្លូវ​ភេទ​មនុស្ស​ជា​ច្រើន​ករណី។

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១១ របស់​ក្រសួង​ការ​បរទេស​អាមេរិក ទាក់ទង​ការ​ជួញដូរ​មនុស្ស ដែល​ចេញ​ផ្សាយ កាល​ពី​ថ្ងៃ​ទី ២៧ មិថុនា ឆ្នាំ ២០១១ កន្លង​ទៅ បាន​វាយ​តម្លៃ​ថា ប្រទេស​កម្ពុជា នៅ​មិន​ទាន់​បាន ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ដោយ​ដាក់​ទោស​ឲ្យ​បាន​ធ្ងន់​ចំពោះ​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ​ពលកម្ម ដូចជា បង្ខាំង​ពលករ​ទុក​ក្នុង​មណ្ឌល បោកប្រាស់​ពលករ​ដោយ​បង្កើន​ប្រាក់​បំណុល និង​ជ្រើសរើស​ពលការិនី ក្រោម​អាយុ​ជា​ដើម៕