ផល​ប៉ះ​ពាល់​នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​អស្សាមិករណ៍

នៅ​ពេល​ថ្មីៗ​នេះ​មាន​ការ​ផ្សព្វផ្សាយ​ក្រៅ​ផ្លូវ​ការ​មួយ​អំពី​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី អស្សាមិករណ៍ ឬ ការ​ដក​ហូត​ដី​ធ្លី​ដែល​ជា​កម្មសិទ្ធិ​ឯកជន​សម្រាប់​បម្រើ​ផល​ប្រយោជន៍​សាធារណៈ។

0:00 / 0:00

មន្រ្តី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ពិនិត្យ​មើល​អំពី​ច្បាប់​ដីធ្លី​បាន​សម្តែង​ក្តី​បារម្ភ​ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អស្សាមិករណ៍ ឬ ការ​ដក​ហូត ដែល​តាក់​តែង​ដោយ​រដ្ឋាភិបាល​នោះ អាច​នឹង​បង្កើន​អំណាច​ផ្តាច់​មុខ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជម្លៀស​ប្រជាជន។

នៅ​ក្នុង​សេចក្តី​ព្រាង​ថត​ចម្លង​ច្បាប់​ស្តីពី​អស្សាមិករណ៍ ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន ដោយ​តាម​រយៈ​កិច្ច​ប្រជុំ​របស់​គណៈ​រដ្ឋ​មន្រ្តី​ខ្មែរ កាល​ពី​ថ្ងៃ​ទី ១០ ខែ​កញ្ញា ឆ្នាំ ២០០៨ នោះ គឺ​បាន​កំណត់​ថា ការ​ជំទាស់​របស់​ពលរដ្ឋ​ក្នុង​ការ​ដក​ហូត​ទ្រព្យ​សម្បត្តិ ដូច​ជា ដី​សំណង់ និង​ដំណាំ​ដាំ​ដុះ ដើម្បី​បម្រើ​ផល​ប្រយោជន៍​សាធារណៈ​នោះ គឺ​មិន​អាច​តាម​រយៈ​ផ្លូវ​តុលាការ​បាន​ឡើយ។

លោក គិត ទូច មន្រ្តី​នៃ​គម្រោង​ច្បាប់​ដីធ្លី​និង​ធនធាន​ធម្មជាតិ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​មាន​ប្រសាសន៍​ថា ការ​កំណត់​ដូច្នេះ​គឺ​ជា​រឿង​ដ៏​អាក្រក់​មួយ ៖ «ធាតុ​ពិត​ទៅ​វា​ជា​ធម្មតា​ទៅ​ហើយ កាល​ណា​តែ​មាន​ការ​រៀប​ចំ​បែប​បទ​អ្វី​ដែល​ថ្មី ការ​កសាង​អ្វី​ដែល​ថ្មី​ហ្នឹង វា​មាន​ចំណុច​សេស​សល់​ចំណុច​មិន​ពេញ​លេញ ហើយ​ការ​តាក់​តែង​នីតិ​ក្រម​នេះ ក៏​មិន​មែន​ផុស​ចេញ​ពី​គំនិត​ដើម​របស់​ប្រជាជាតិ​ខ្មែរ​យើង​ដែរ។ ការ​ធ្វើ​អស្សាមិករណ៍ (expropriation) នេះ គឺ​ជា​ទស្សនៈទាន​ច្បាប់​របស់​អឺរ៉ុប អ៊ីចឹង​ចំណុច​ខ្លះ​ខ្ញុំ​បារម្ភ​ថា តើ​កំហុស​ខ្លះ​ដោយ​ការ​ចម្លង ឬ​កំហុស​ដោយសារ​គិត​មិន​សព្វ​ជ្រុង​ជ្រោយ? គឺ​ថា​យើង​បាន​ឲ្យ​អំណាច​នីតិ​ប្រតិបត្តិ​ហ្នឹង​លុប​លើ​អំណាច ជំហរ​នៃ​អំណាច​តុលាការ​ដែល​ជា​អ្នក​ធានា​និរន្តភាព និង​ដំណើរការ​ទៀង​ទាត់​នៃ​ការ​ប្រតិបត្តិ​ច្បាប់ ហើយ​យើង​ដក​ភាព​ស្មើ​ដៃ​គ្នា​រវាង​រដ្ឋ​និង​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រើ​ប្រាស់​ច្បាប់​តែ​មួយ ប្រើ​ប្រាស់​អំណាច​តែ​មួយ។ នេះ​គឺ​ជា​ការ​ផ្ដល់​នូវ​ភាព​លើស​លុប​ទៅ​លើ​ស្ថាប័ន​នីតិ​ប្រតិបត្តិ ដោយ​ការ​គ្រោង​ទុក​នៃ​ការ​តាក់​តែង​នីតិ​ក្រម​នេះ»

នៅ​ក្នុង​មាត្រា​៣ នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អស្សាមិករណ៍​បាន​ចែង​ថា ការ​ជំទាស់​របស់​ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​បាន​តាម​ផ្លូវ​តុលាការ​នោះ មាន​វិសាលភាព​ចំពោះ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​បម្រើ​ប្រយោជន៍​សាធារណៈ​ដែល​មាន​លក្ខណៈ ១៥​យ៉ាង ហើយ​ការ​ជំទាស់​ដែល​អាច​ធ្វើ​បាន​នោះ គឺ​មាន​កំណត់​ក្នុង​មាត្រា ៣៥ នៃ​សេចក្តី​ព្រាង​ច្បាប់ គឺ​ស្ថាប័ន​ដែល​ត្រូវ​ដោះ​ស្រាយ​ការ​ជំទាស់​នោះ​រួម​មាន ៖ គណៈកម្មការ​អស្សាមិករណ៍, អនុ​គណៈកម្មការ​អស្សាមិករណ៍, ក្រសួង​ទំនាក់​ទំនង​សភា​និង​អធិការកិច្ច, រាជរដ្ឋាភិបាល ឬ គណៈកម្មាធិការ ឬ អាជ្ញាធរ​ដែល​ចាត់​តាំង​ដោយ​រាជរដ្ឋាភិបាល។

រី​ឯ​មាត្រា​៣៦ បាន​បញ្ជាក់​ថា ក្នុង​ករណី​ដែល​គ្មាន​ការ​ស្រុះ​ស្រួល​គ្នា​រវាង​គណៈកម្មការ​អស្សាមិករណ៍ និង​ម្ចាស់​អចលនទ្រព្យ​ដែល​ត្រូវ​ដក​ហូត​ទេ ការ​កំណត់​ជា​ស្ថាពរ​នូវ​ទឹក​ប្រាក់​សំណង ត្រូវ​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​សម្រប​សម្រួល​មួយ​ដែល​មាន​សមាសភាព និង​ទម្រង់​បែប​បទ​អន្តរាគមន៍​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

លោក គិត ទូច ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា បញ្ហា​អវិជ្ជមាន​ធំ​មួយ​ទៀត​នោះ គឺ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​មាន​ការ​កំណត់​ស្ថាប័ន​ឯករាជ្យ​ណា​មួយ​ច្បាស់​លាស់​ក្នុង​ការ​កំណត់​អំពី​សំណង​ឲ្យ​បាន​សមរម្យ​និង​យុត្តិធម៌ ដូច​ដែល​មាន​ចែង​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ ក៏​ដូច​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ខ្មែរ​នោះ​ទេ។

លោក គិត ទូច មាន​ប្រសាសន៍​ដូច្នេះ ៖ «បើ​សិន​ជា​ជ្រុល​បង្កើត​ច្បាប់​ហ្នឹង​ហើយ យើង​ខ្វះ​ស្នង​ការ​វាយ​តម្លៃ​ដី​ធ្លី គួរ​រួម​បញ្ចូល​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ដែរ​ជា​ការ​ល្អ។ ផាន សូផាត ៖ ស្នង​ការ​វាយ​តម្លៃ​ដីធ្លី​ហ្នឹង​អាច​នឹង​មាន​ប្រយោជន៍​យ៉ាង​ម៉េច​ក្នុង​ការ​សម្រុះ​សម្រួល​ដោះស្រាយ​ក្នុង​ការ​ដក​ហូត​នោះ? គិត ទូច ៖ ធាតុ​ពិត​ស្នង​ការ​វាយ​តម្លៃ​ដីធ្លី​មាន​តួនាទី​ត្រឹម​តែ​ធ្វើ​ការ​សិក្សា​កំណត់​តំបន់ វាយ​តម្លៃ​តំបន់ ធ្វើ​ផែនការ​តំបន់ និង​ចេញ​សេចក្ដី​សម្រេច​ដោយ​ឯករាជ្យ​អំពី​តម្លៃ​អចលនទ្រព្យ​នៅ​តាម​តំបន់​ផ្សេងៗ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ហ្នឹង។ បើ​សិន​ជា​ស្នង​ការ​ដីធ្លី​ហ្នឹង​មាន​វិសាលភាព​កាន់​តែ​ធំ អ៊ីចឹង​ការ​គ្រប់​គ្រង​តម្លៃ​ជាក់​ស្ដែង​របស់​អចលនទ្រព្យ គឺ​មាន​នៅ​ក្នុង​ប្រព័ន្ធ Data base (ប្រព័ន្ធ​ទិន្ន័យ) ដែល​គេ​អាច​រៀបចំ​តាម​សម័យ​ទំនើប។ អ៊ីចឹង​នៅ​ពេល​ដែល​លើក​គម្រោង​សំណើ​ធ្វើ​អស្សាមិករណ៍​តំបន់​ណា​មួយ គឺ​មិន​សង្ស័យ​ទេ គឺ​ថា​តម្លៃ​ហ្នឹង គឺ​មាន​ការ​កត់ត្រា​ល្អិតល្អន់​ហើយ​និង​ទទួល​យក​បាន»

លោក គិត ទូច មន្រ្តី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ហេតុផល​អាក្រក់​នេះ​បើ​សិន​ជា​មិន​មាន​ការ​បំបាត់​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អស្សាមិករណ៍​នេះ​ទេ នោះ​ការ​អនុវត្ត​ពិត​ជា​ជួប​នូវ​វិបត្តិ ហើយ​និង​បង្កើន​ការ​ប្រើ​កម្លាំង​ក្នុង​ការ​ជម្លៀស​អ្នក​ស្រុក​កាន់​តែ​កើន​ឡើង​ដោយ​ស្រប​ច្បាប់​ទៀត​ផង។

លោក គិត ទូច ឲ្យ​ដឹង​ដូច្នេះ​ថា ៖ «បើ​សិន​សេចក្ដី​ព្រាង​ហ្នឹង​មិន​បាន​កែ ហើយ​និង​ទុក​ជំហរ​ឲ្យ​អាជ្ញាធរ​នីតិ​ប្រតិបត្តិ​ប្រើ​អំណាច​យ៉ាង​នេះ វា​អាច​ជា​ការ​បង្កើត​វប្បធម៌​មួយ​ទំយើ​បុគ្គល ដូច​សម្ដេច​នាយក​រដ្ឋមន្រ្តី​ធ្លាប់​ប្រើ គឺ​ថា លោក​មិន​ចូល​ចិត្ត​វប្បធម៌​ទំយើ​បុគ្គល គឺ​ផ្ដល់​ដាវ​អាជ្ញាសឹក​ឲ្យ​នាយក​រដ្ឋមន្រ្តី​អារ​កាត់​កិច្ចការ​សព្វ​យ៉ាង សូម្បី​តែ​ត្រូវ​តស៊ូ​គ្នា​ក្នុង​ស្មារតី​ការ​អនុវត្ត​ច្បាប់​ដោយ​ប្រព័ន្ធ​តុលាការ​ហ្នឹង ក៏​មិន​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ នេះ​ជា​គំនិត​មិន​ល្អ ហើយ​បង្កប់​នូវ​ចេតនា​អាក្រក់។ ហើយ​ការ​ដែល​លាក់​កំណួច​ថា​តុលាការ​ក៏​មិន​ល្អ​ដែរ​នោះ វា​មិន​មែន​ជា​ហេតុផល​ចុង​ក្រោយ​ទេ គឺ​តុលាការ​នៅ​តែ​ជា​កម្មវត្ថុ​នៃ​ការ​កែ​លម្អ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ សូម​បន្ថយ​ប្រពៃណី​ការ​ធ្វើ​ទំយើ​បុគ្គល​នេះ គឺ​ឲ្យ​ប្រមុខ​ដឹក​នាំ​អង្គការ​នីតិ​ប្រតិបត្តិ​ប្រើ​អំណាច​ខ្លាំង​លុប​លើ​អំណាច​តុលាការ​និង​អំណាច​ផ្សេងៗ​ទៀត​ផល​ប្រយោជន៍​និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ធ្វើ​យ៉ាង​នេះ​វា​នឹង​បង្កើត​ការ​ប្រឈម​មុខ និង​បង្កើត​ការ​មិន​ចុះ​សម្រុង​ច្រើន​នៅ​ក្នុង​សីលធម៌​រស់​នៅ​ក្នុង​សង្គម​និង​ជាតិ»

នៅ​ក្នុង​រយៈពេ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ជា​ទូទៅ​អំពី​ការ​ជម្លៀស​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ដោយ​ប្រើ​អំពើ​ហិង្សា​ផង និង​គ្មាន​សំណង​ឲ្យ​បាន​សមរម្យ​និង​យុត្តិធម៌​ឡើយ ហើយ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​កំពុង​រង​គ្រោះ។ ការ​ជម្លៀស​នោះ​ត្រូវ​បាន​មន្រ្តី​រដ្ឋាភិបាល​បញ្ជាក់​ថា គឺ​ធ្វើ​ឡើង​ដើម្បី​យក​ដី​អភិវឌ្ឍ ហើយ​ធ្វើ​ឡើង​ចំពោះ​ពលរដ្ឋ​ដែល​មាន​ការ​រំលោភ​លើ​ដែន​ទឹក​និង​ដី​របស់​រដ្ឋ៕