ឯកសារផ្នែកពុទ្ធសាសនា កត់ត្រាឱ្យដឹងថា នាសម័យពុទ្ធកាល ជាទូទៅ បរិស័ទតែងរួមគ្នាឧបត្ថម្ភបច្ច័យទាំងឡាយបួន រួមមាន ចង្ហាន់បិណ្ឌបាតប្រចាំថ្ងៃ ជាដើម ដែលហៅថា “និច្ចភត្ត” ថ្វាយដល់ព្រះពុទ្ធ និងប្រគេនដល់ភិក្ខុសង្ឃអស់វារៈបីខែពេញបរិបូណ៌ នៅរៀងរាល់រដូវចូលវស្សា។
ប៉ុន្តែសព្វថ្ងៃនេះ នៅកម្ពុជា ភិក្ខុសង្ឃសាមណេរភាគច្រើន ចាំបាច់ត្រូវនិមន្តចេញបិណ្ឌបាតក្នុងរយៈពេលកាន់វស្សាបីខែ ដោយហេតុថា ពុំសូវមានពុទ្ធបរិស័ទអារាធនានិមន្តគង់ចាំវស្សា ដោយផ្គត់ផ្គង់ភត្តាហារ ព្រមទាំងគ្រឿងបរិក្ខារផ្សេងៗដូចក្នុងសម័យព្រះពុទ្ធគង់ធរមាននោះឡើយ។
តើខាងផ្នែកកិច្ចវត្តប្រតិបត្តិរបស់ភិក្ខុសង្ឃសាមណេរវិញ មានការវិវឌ្ឍន៍ខុសប្លែកគ្នាដូចម្តេចដែរ?
«ភ្លេងពិណពាទ្យ»
សួស្តី! លោកអ្នកនាងកញ្ញាជាទីមេត្រី! គោលដៅសំខាន់បំផុតនៃកិច្ចគង់ចាំវស្សារយៈពេលមួយត្រៃមាសរបស់ភិក្ខុសាមណេរ គឺដើម្បីបំពេញវត្តប្រតិបត្តិសីល សមាធិ បញ្ញា ឱ្យបានហ្មត់ចត់ម៉ឺងម៉ាត់ ក្នុងឋានៈជាបព្វជិតអ្នកប្រាថ្នាចេញចាកកាម បានលះបង់ភាពជាគ្រហស្ថអ្នកគ្រប់គ្រងផ្ទះ មកបួសរៀនក្នុងសំណាក់ពុទ្ធសាសនា។
រីឯការដែលបរិស័ទនាសម័យពុទ្ធកាល តែងរួមគ្នាទំនុកបម្រុងដោយបច្ច័យទាំងឡាយបួន រួមមាន ចង្ហាន់បិណ្ឌបាតប្រចាំថ្ងៃ ជាដើម ក្នុងរដូវចូលវស្សានោះ គឺដើម្បីសម្រួលដល់ភិក្ខុសាមណេរក្នុងការសិក្សារៀនសូត្រធម៌វិន័យ។ ក្នុងនោះ ជាពិសេសគឺផ្នែកគន្ថធុរៈ បានដល់ការសិក្សាគម្ពីរព្រះត្រ័យបិដក និងវិបស្សនាធុរៈ បានដល់ការចម្រើនសមណធម៌ ដុសខាត់សីល សមាធិ បញ្ញា ឱ្យចម្រើនឡើង ដែលជាខ្លឹមនៃពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ។
ភិក្ខុ សុខ សុវណ្ណា យសបាលោ គង់នៅវត្តស្រះស្រង់ ក្រុងពោធិ៍សាត់ មានថេរដីកាអំពីការបដិបត្តិរបស់ភិក្ខុសង្ឃសាមណេរនាសម័យបច្ចុប្បន្ន៖ «...ចម្រើនពរ... កិច្ចវត្តរបស់លោកជាប្រចាំថ្ងៃ ដូចជា វត្តខ្ញុំកូរណាអាត្មាភាព ពេលព្រឹក គឺព្រះអង្គម៉ោង៤ គឺឡើងទៅនមស្ការគុណព្រះរតនត្រ័យនៅលើព្រះវិហាររហូតដល់ភ្លឺទៅ។ មួយទៀត ព្រះសង្ឃដែលគង់នៅវត្តអាត្មា ឬវត្តដទៃទៀត គឺបើកសាលាពុទ្ធិកបឋមសិក្សា គឺម៉ោង ៧ព្រឹក ព្រះអង្គទៅសិក្សារហូតដល់ម៉ោង៩ ទើបព្រះអង្គនិមន្តចេញទៅបិណ្ឌបាត។ ព្រះអង្គឆាន់ត្រង់ហើយសម្រាករហូតដល់ម៉ោង២ ទើបព្រះអង្គចូលរៀនសាជាថ្មីម្តងទៀត។ លោកចេញម៉ោង ៤កន្លះ ឬម៉ោង៥ គឺព្រះអង្គរៀបចំព្រះកាយឡើងព្រះវិហារសាជាថ្មី។ ហើយការបដិបត្តិនូវវិបស្សនាធុរៈ គឺបន្ទាប់ពីការនមស្ការគុណព្រះរតនត្រ័យទៅ គឺមានរយៈពេល ១៥នាទី ឬ ២០នាទីប៉ុណ្ណឹងទេ មិនមានច្រើនទេ ហើយអ្នកដែលសិក្សាវិបស្សនាធុរៈ ច្រើនតែលោកតាចាស់ៗ ចំណែកឯព្រះសង្ឃក្មេងៗ គឺពុំសូវចូលចិត្តបដិបត្តិវិបស្សនាធុរៈនេះទេ...»។
តាមការសាកសួរនៅតាមវត្តអារាមមួយចំនួនទៀត ឃើញដូចគ្នាថា កិច្ចវត្តរបស់ភិក្ខុសង្ឃក្នុងសម័យកាលនេះ ភាគច្រើននិយមរៀនខាងគន្ថធុរៈ ដែលជាផ្នែកបរិយត្តិ ឬទ្រឹស្ដី ហើយនិងការសិក្សាវិជ្ជាផ្លូវលោក ដូចជា ភាសាអង់គ្លេស និងមុខជំនាញផ្សេងៗទៀត។
ភិក្ខុ នាង ឆៃ បភទ្ទោ គង់នៅវត្តដំរីស ខេត្តបាត់ដំបង មានថេរដីកាអំពីប្រការនេះ៖ «... បីខែហ្នឹង គឺផ្ដោតសំខាន់ជាងគេ គឺផ្នែកខាងចូលព្រះវិហារ គេកំណត់ ព្រោះថាផ្នែកបរិយត្តិ លោករៀននៅខាងពុទ្ធិកហើយ។ ពុទ្ធិក គឺមានរៀនទាំងជំនាញផ្លូវលោក ទាំងផ្លូវធម៌ មានទាំងព្រះវិន័យព្រះអភិធម្មអីទាំងអស់។ តែបដិបត្តិ គឺតិចទេ ជួនកាលមានតែពេលព្រឹក ឧទាហរណ៍ពេលព្រឹកយើងស្រុះស្រួលគ្នាថា យើងធ្វើសមាធិត្រឹម ១០នាទី ២០នាទី មុនយើងមកកុដិវិញ កំណត់ខ្យល់ដង្ហើមឱ្យវាស្ងប់ក្នុងខ្លួន...។ តាមវត្ត វត្តខ្លះរហូតដល់ថ្ងៃរះម៉ោង ៥-៦អ៊ីចឹងទៅ ប៉ុន្តែវត្តនេះ ភាគច្រើនបើសូត្រធម៌ច្រើនជាង បដិបត្តិ គឺតិចទេ...ភាគច្រើនគឺខ្វះធម្មាចារ្យ គ្រូជាព្រះសង្ឃអីមិនសូវសម្បូរទេ បើនិយាយពីការហ្វឹកហាត់ គឺការអប់រំគ្នាដោយការរៀនសូត្រតៗគ្នានៅវត្តដំរីស យើងនេះ...»។
ទាក់ទងនឹងការសិក្សាធម៌វិន័យក្នុងអំឡុងពេលចូលវស្សា ព្រះគ្រូធម្មាចារ្យភិក្ខុ ម៉ន ឥន្ទ អគ្គបញ្ញោ មានថេរដីកាបញ្ជាក់ថា ព្រះគ្រូចៅអធិការវត្តប៉ាហ៊ី ក្រុងប៉ៃលិន បានសុំនិមន្តព្រះតេជព្រះគុណទៅគង់ចាំព្រះវស្សា និងបង្រៀនពុទ្ធបរិស័ទចម្រើនសមាធិភាវនានៅទីអាវាសមួយនេះ។ ព្រះគ្រូធម្មាចារ្យភិក្ខុ ម៉ន ឥន្ទ មានថេរដីកាអំពីការជាប់ជំពាក់ច្រើនរបស់ភិក្ខុសង្ឃសាមណេរ ក្នុងការសិក្សាវិជ្ជាផ្លូវលោក ជាជាងការបដិបត្តិអប់រំដុសខាត់ចិត្តឱ្យប្រាសចាកគ្រឿងសៅហ្មងនានា៖ «...នៅនេះមានតែបង្រៀនធម៌សមាធិមួយមុខទេ...ខាងសាលាបាលីលោកអត់បានបង្ខំទេ លោកបង្រៀនមួយអាទិត្យ ជួនណាតែ ២ថ្ងៃទេ តែ ២ម៉ោងអីប៉ុណ្ណឹងទេ...លោកខ្លះរៀនបាលី លោកខ្លះរៀនអង់គ្លេស ម្ល៉ោះហើយរវល់ច្រើន អត់ហ៊ានបង្ខំលោកទេ...ពរ! លោកដែលត្រូវរៀនកុំព្យូទ័រអី ប៉ុន្តែលោកគោរពលោកគ្រូចៅអធិការ។ លោកពេញចិត្តនឹងធម៌ហ្នឹង លោកឱ្យទៅបំពេញកិច្ចហ្នឹង។ ដល់អ៊ីចឹងលោកទៅៗទេ លោកខ្លះលោកអត់ចង់អង្គុយផង លោកជក់តែរៀនខាងក្រៅរបស់លោកនោះ...»។
ពុទ្ធសាសនាចាត់បញ្ញាជាបីផ្នែក។ ទីមួយ សុត្តមយបញ្ញា គឺបញ្ញាកើតអំពីការសិក្សា ការអាន ឬការស្តាប់។ ទី២ ចិន្តាមយបញ្ញា គឺបញ្ញាកើតអំពីការអាន ស្តាប់សិក្សារៀនសូត្រ ហើយយកមកត្រិះរិះពិចារណារកហេតុផលខុសត្រូវ។ ទី៣ ភាវនាមយបញ្ញា បានដល់បញ្ញាកើតអំពីការចម្រើនសមាធិ វិបស្សនា ពិនិត្យមើលការពិតសភាវៈកើតរលត់នៅក្នុងក្របខ័ណ្ឌកាយ ដែលញ៉ាំងឱ្យអស់ទៅនូវការប្រកាន់ខ្ជាប់ភាពអាត្មានិយម។
ព្រះគ្រូធម្មាចារ្យភិក្ខុ ទុំ វចនា រក្ខិតសីលោ ដែលកំពុងគង់ចាំវស្សានៅមណ្ឌលវិបស្សនាធុរៈ ព្រំដែនក្អមសំណ ក្នុងស្រុកលើកដែក ខេត្តកណ្ដាល មានថេរដីកាអធិប្បាយអំពីឱនភាពនៃការប្រតិបត្តិរបស់សមណសង្ឃសព្វថ្ងៃនេះ ក្នុងកិច្ចប្រឹងប្រែងចម្រើនបញ្ញាផ្នែកទី៣ ដែលជាគោលដៅខ្ពស់បំផុតនៃពុទ្ធសាសនា៖ «...កិច្ចប្រតិបត្តិកាលពីសម័យព្រះពុទ្ធ រដូវចូលវស្សា ភិក្ខុសង្ឃអង្គខ្លះ...ទៅថ្វាយបង្គំព្រះគ្រូឧបជ្ឈា ឬទៅថ្វាយបង្គំវន្ទាព្រះសម្មាសម្ពុទ្ធ ដើម្បីសុំចូលវស្សាទីវត្តផ្សេងៗ សុំរៀនកម្មដ្ឋានពីព្រះសម្មាសម្ពុទ្ធ ឬគ្រូអាចារ្យជាព្រះថេរៈជាសាវក ដែលមានការសម្រេចមគ្គផល ហើយលោកទៅចាំព្រះវស្សា ហើយខំព្យាយាមប្រឹងបដិបត្តិនូវព្រះធម៌។ ដោយឡែកសម័យបច្ចុប្បន្នយើងនេះវិញ ចូលវស្សាដូចគ្នា ប៉ុន្តែឃើញការប្រតិបត្តិរបស់ភិក្ខុសង្ឃតាមវត្ត មានភាពរយាល ត្រង់ថាភិក្ខុសង្ឃចាំវស្សាសព្វថ្ងៃ ដូចចាំឱ្យគ្រប់តែ ៣ខែភាគច្រើន។ វត្តខ្លះអត់មានការសិក្សាអីទេ ក្រៅតែពីនៅធម្មតា ភិក្ខុសង្ឃគ្រាន់តែចាំដើរទទួលភត្តទាយកទាយិកា គេនិមន្តបុណ្យទៅនេះទៅនោះ គ្រាន់តែសូត្រមន្ត និងដារ ប៉ុន្តែកិច្ចសិក្សាធម៌វិន័យ កិច្ចប្រតិបត្តិសមាធិវិបស្សនាអីអត់ទេ វត្តខ្លះ គឺអត់តែម្តង...»។
មុនពេលហៀបនឹងបរិនិព្វាន ព្រះសម្មាសម្ពុទ្ធសមណគោតម ទ្រង់ត្រាស់សម្ដែងថា បុគ្គលទាំងឡាយណាដែលនាំគ្នាព្យាយាមញ៉ាំងសីល សមាធិ បញ្ញា ឱ្យចម្រើនឡើងដោយការបដិបត្តិ ឈ្មោះថាបានគោរពបូជាដ៏ខ្ពង់ខ្ពស់ក្រៃលែងចំពោះព្រះអង្គ។
«ភ្លេងពិណពាទ្យ»
លោកអ្នកនាងទើបបានស្តាប់ការថយចុះនៃកិច្ចវត្តប្រតិបត្តិរបស់ភិក្ខុសង្ឃសព្វថ្ងៃនេះ ដែលភាគច្រើននិយមរៀនខាងផ្នែកគន្ថធុរៈ ជាផ្នែកបរិយត្តិ ឬទ្រឹស្ដី ហើយនឹងការសិក្សាវិជ្ជាផ្លូវលោក ដូចជាភាសាអង់គ្លេស និងមុខជំនាញផ្សេងៗទៀត។
តើហេតុអ្វីបានជាការប្រតិបត្តិ ជាកិច្ចវត្តសំខាន់របស់ភិក្ខុសាមណេរ ពុទ្ធបរិស័ទ?
សូមលោកអ្នកនាងកញ្ញារង់ចាំស្តាប់សេចក្តីអធិប្បាយអំពីប្រការនេះនៅក្នុងកម្មវិធីផ្សាយរបស់យើងនាពេលក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
