ហេតុអ្វី​បាន​ជា​កិច្ច​វត្ត​ប្រតិបត្តិ​ជា​កត្តា​សំខាន់​ផុត​សម្រាប់​សមណ​សង្ឃ?

0:00 / 0:00

គោលដៅ​សំខាន់​បំផុត​នៃ​កិច្ច​គង់​ចាំ​វស្សា រយៈពេល​មួយ​ត្រៃមាស​របស់​ភិក្ខុ​សាមណេរ គឺ​ដើម្បី​បំពេញ​វត្តប្រតិបត្តិ​សីល សមាធិ បញ្ញា ឱ្យ​បាន​ហ្មត់ចត់​ម៉ឹង​ម៉ាត់ ក្នុង​ឋានៈ​ជា​បព្វជិត​អ្នក​ប្រាថ្នា​ចេញ​ចាក​កាម​បាន​លះបង់​ភាពជា​គ្រហស្ថ​អ្នកគ្រប់គ្រង​ផ្ទះ មក​បួស​រៀន​ក្នុង​សំណាក់​ពុទ្ធសាសនា។

រីឯ​ការដែល​បរិស័ទ​នា​សម័យ​ពុទ្ធកាល តែង​រួមគ្នា​ទំនុក​បម្រុង​ដោយ​បច្ច័យ​ទាំងឡាយ​បួន រួមមាន​ចង្ហាន់​បិណ្ឌបាត​ប្រចាំថ្ងៃ​ជាដើម ក្នុង​រដូវ​ចូល​វស្សា​នោះ គឺ​ដើម្បី​សម្រួល​ដល់​ភិក្ខុ​សាមណេរ ក្នុង​ការ​សិក្សា​រៀន​សូត្រ​ធម៌​វិន័យ ដែល​ជាប់​ជា​ទំនៀម​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

តើ​ហេតុអ្វី​បាន​ជា​ការប្រតិបត្តិ គឺជា​កិច្ច​វត្ត​សំខាន់​បំផុត​របស់​ភិក្ខុ​សង្ឃ​សាមណេរ?

«ភ្លេង​ពិណពាទ្យ»

សួស្ដី លោកអ្នក​នាង​កញ្ញា​ជាទី​មេត្រី!

ឯកសារ​នានា​ស្ដីពី​ពុទ្ធសាសនាកត់ត្រា​អំពី​ពាក្យ​បណ្ដាំ​ចុងក្រោយ របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម ដែល​ទ្រង់​ត្រាស់​ក្រើន​រំលឹក​ដល់​ភិក្ខុ​សាវក មុន​ពេល​ព្រះអង្គ​ហៀបនឹង​បរិនិព្វាន​ថា​៖ សភាវធម៌​ទាំងអស់​ដែល​កើតឡើង​ហើយ រមែង​រលត់​ទៅ​វិញ​ជា​ធម្មតា អ្នក​ទាំងឡាយ​ចូរ​ញ៉ាំង​ប្រយោជន៍​ឱ្យ​សម្រេច​ដោយ​កិរិយា​មិន​ប្រមាទ​ចុះ។ រីឯ​ក្ដី​មិន​ប្រមាទ​នេះ គឺ​សំដៅ​ដល់​ការ​ព្យាយាម​ប្រើ​ពេល​វេលា​ក្នុង​ជីវិត​ឱ្យ​មាន​ប្រយោជន៍ រស់​នៅ​ក្នុង​សីលធម៌ និង​សិក្សា​រៀន​សូត្រពាក្យ​ប្រៀនប្រដៅ​របស់​ព្រះអង្គ ហើយ​ធ្វើ​ការ​ប្រតិបត្តិ​ប្រកប​ដោយ​សតិសម្បជញ្ញៈ​ជាប់​មិន​ដាច់។

ត្រង់​ប្រការ​កិច្ច​វត្តប្រតិបត្តិ​នេះ ព្រះ​គ្រូ​ចៅអធិការ​វត្ត «​ធម្ម​រង្សី​» នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ភិក្ខុ រស់ ប៊ុនថន ថិតធម្មោ មាន​ថេរ​ដីកា​បញ្ជាក់​ថា គឺ​សម្រាប់​មហាជន​ពុទ្ធបរិស័ទ​ទូទៅ ប៉ុន្តែ​ចំពោះ​ភិក្ខុ​សាមណេរ​ចាំបាច់ ត្រូវ​ខិតខំ​ព្យាយាម​ឱ្យ​បាន​ខ្លាំងក្លា និង​ជាប់​ជាប្រចាំ មិន​ថា​តែ​ក្នុង​រដូវចូល​កាន់​ព្រះវស្សា​នោះ​ឡើយ​៖ « ចំរើន​ពរ ព្រះសង្ឃ​មាន​លក្ខណៈ​ប្លែក​ពី​គ្រហស្ថ​ធម្មតា ដូច្នេះ​ហើយ​លោក​ត្រូវ​តែ​ប្រតិបត្តិ​ឱ្យ​បាន​ប្រសើរ​ខ្ពង់ខ្ពស់ ព្រះសង្ឃ​ក៏​ជា​សង្ឃ​រតនៈ ជា​ស្ថាប័ន​មួយ​ខ្ពស់​តំណាង​ព្រះពុទ្ធអង្គ ហើយ​ព្រះសង្ឃ​មាន​តួនាទី​ធានា​ការ​គោរព​ប្រតិបត្តិ​វចនៈ របស់​ព្រះពុទ្ធ​បរមគ្រូ​ជា​ម្ចាស់ ហើយ​ផ្សព្វផ្សាយ​អប់រំ ដើម្បី​ជា​គំរូ​ដល់​មហាជន​… ហើយ​ព្រះសង្ឃ​សីល​របស់​ព្រះ​អង្គជា​និច្ចសីល ពរ ! គឺ​គ្មាន​កំណត់​ថា កាល​នេះ​ជា​កាល​ពិសេស​សម្រាប់ ព្រះសង្ឃ​ទេ ពរ ! លោក​ចាំបាច់​ត្រូវ​ប្រតិបត្តិ​ជា​និច្ច​ជា​កាល ដ៏​សមគួរ​តាម​ច្បាប់ វិន័យ​របស់​ព្រះពុទ្ធ​បរមគ្រូ​ដែល​ព្រះអង្គ​ទ្រង់​បញ្ញត្តិ ពរ ! »

ក្នុង​ន័យ​នេះ គឺ​ស្រប​តាម​បច្ឆិម​ពុទ្ធវចនៈ ដែល​ជា​ពាក្យ​បណ្ដាំ​ចុងក្រោយ​របស់​ព្រះពុទ្ធ​សមណគោតម ដែល​ទ្រង់​ពោល​សរសើរ​ថា៖ បុគ្គល​ទាំង​ឡាយ​ណា ដែល​ព្យាយាម​រស់នៅ​ប្រកបដោយ​សីលធម៌ ប្រឹងប្រែង​សំអាតចិត្ត​ឱ្យ​បរិសុទ្ធ​ផូរផង់ ដោយ​ការ​ធ្វើ​សមាធិ​ភាវនា ដើម្បី​ញ៉ាំង​បញ្ញា​ឱ្យ​ចំរើន​ឡើង គាស់​រំលើង​ការ​ប្រកាន់​ខ្ជាប់​នូវ​ភាព​អាត្មានិយម បុគ្គល​នោះ​ឈ្មោះថា​បាន​គោរព​បូជា​ដ៏​ខ្ពង់ខ្ពស់​ក្រៃលែង​ចំពោះ​ព្រះអង្គ។ ភិក្ខុ ឆន ម៉ៅមេត្តា មេត្តារក្ខិតោ គង់នៅ​វត្ត​ «និគ្រោធវ័ន្ត» ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ មានថេរ​ដីកា​អំពី​ការប្រតិបត្តិ​ផ្នែក​បរិយត្តិ ឬ​ទ្រឹស្ដី​របស់​បព្វជិត អ្នកបួស​រៀន ក្នុង​សំណាក់​ព្រះពុទ្ធសាសនា ដែល​គប្បី​មិន​ជាប់ជំពាក់​ដោយ​គ្រឿង «​អមិសៈ​» ពោល​គឺ​លាភសក្ការៈ​ផ្សេងៗ ដែល​ជា​ចំណង​ប្រកប​ដោយ​គ្រោះថ្នាក់​៖ « ការ​សិក្សា​ព្រះ​បរិយត្តិ បើ​សិក្សា​ទៅ​ដើម្បី​គ្រាន់តែ​បាន​នូវអាមិស លាភ​សក្ការៈ ការ​លើក​តម្កើង​ទេ ព្រះសម្មាសម្ពុទ្ធ​ព្រះអង្គ អត់​សរសើរ​ទេ ជា​ការ​សិក្សា​បែប​ចាប់​ពស់​ខាង​កន្ទុយ ដល់​ទៅ​ពេល​ពស់​នឹង​វា​បែរ​មក​វា​ខាំ​យើង​បាន។ បាន​សេចក្ដី​ថា​ការសិក្សា នឹង​ធ្វើ​ឱ្យ​ខ្លួនឯង​លង់​ក្នុង​លាភសក្ការៈ ហើយ​យក​ធម៌​ព្រះសម្មាសម្ពុទ្ធ ដែល​ល្អជា​ធម៌​ដើម្បី​ត្រាស់​ដឹង​រួចផុត​ចាក​ទុក បែរជា​ធ្វើ​ឱ្យ​ខ្លួនឯង​ជាប់ជំពាក់​ក្នុង​លោក​នេះ​ទៅវិញ។ ឧទាហរណ៍​ថា​យើង​រៀន​ទេសនា​ទៅ ដើម្បី​ឱ្យ​បាន​លាភសក្ការៈ បាន​គេ​សរសើរ ដើម្បី​ការ​បូជា​ពី​ពុទ្ធបរិស័ទ អីចឹង​វា​មិនមែន​ជា​ការ​រៀន ដើម្បី​រួចផុត​ចាក​ទុក្ខ វា​ទៅជា​ការ​រៀន​ដើម្បី​បាន​លាភសក្ការៈ »

ម្យ៉ាងវិញទៀត ក្នុង​ពុទ្ធសាសនា​ ព្រះសង្ឃ គឺ​ស្រែ​បុណ្យ​របស់​ពុទ្ធបរិស័ទ អាស្រ័យ​ហេតុនេះ ការ​ប្រតិបត្តិ​អប់រំ​សំអាត កាយ វាចា ចិត្ត ឱ្យ​ចំរើន​ដោយ​សីល​ធម៌​គុណធម៌​ដ៏​បរិសុទ្ធ ប្រាសចាក លោភៈ ទោសៈ មោហៈ គឺជា​គោលដៅ​ខ្ពស់​បំផុត។ ព្រះ​គ្រូ​ចៅអធិការ​វត្ត «ធម្ម​រង្សី» នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ភិក្ខុ រស់ ប៊ុនថន ថិតធម្មោ មាន​ថេរ​ដីកា​ពន្យល់​បន្ថែម​អំពី​សា​រ​សំខាន់​របស់​សមណ​សង្ឃ ក្នុង​ការ​ញ៉ាំង​អត្តភាព​របស់​ខ្លួន​ឱ្យ​ក្លាយ​ជា​ស្រែបុណ្យ​ដ៏​ប្រសើរ ដើម្បី​ជា​គុណប្រយោជន៍​ដល់​ខ្លួន​ផង និង​ដល់​ពុទ្ធបរិស័ទ​សាប​ព្រួស​បណ្ដុះ​ពូជ​បុណ្យ​កុសល​បាន​ភោគផល​ពេញលេញ​ផង៖ « ចំរើន​ពរ អត្ថ​ភាព​ព្រះសង្ឃ​ដើម្បី​ទៅជា​ស្រែបុណ្យ​បាន ទាល់តែ​លោក​ប្រតិបត្តិ​គោលការណ៍​៤​យ៉ាង​ពរ គឺ​លោក​គោរព​ប្រតិបត្តិ​វិន័យ​ដ៏​ត្រឹមត្រូវ តាម​សិក្ខាបទ​ដែល​ព្រះពុទ្ធ​បាន​បញ្ញត្តិ​ហើយ ទី​២ ការ​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ​របស់​ព្រះសង្ឃ គឺ ត្រឹមត្រូវ​តាម​ធម៌ មិន​ជាប់​ទាក់ទង​ដោយ​ពាណិជ្ជកម្ម និង កសិកម្ម ឬ​ការទិញ​ទឹកចិត្ត​ពី​នរណា​ម្នាក់​ទេ។ ទី​៣ គឺ​ការ​ប្រើប្រាស់​បច្ច័យ៤ គឺ​ដើម្បី​សម្រួល​កិច្ចការ​ឱ្យ​ជីវិត​តាំង​នៅ ដើម្បី​ឧទ្ទិស​ជីវិត​របស់​លោក​ក្នុង​ផ្លូវធម៌​តែ​ម្យ៉ាង ពរ ! ក្នុង​ពេល​ដែល​ជីវិត​របស់​លោក​រស់ ត្រូវតែ​ឱ្យ​គុណធម៌​ សីល​​សមាធិ​ បញ្ញា រស់​នៅ​ក្នុង​ជីវិត​របស់​លោក​ ពរ។ ទី​៤​គឺ​ការ​សង្រួម​ឥន្ទ្រីយ៍ សង្រួម​ក្នុង​ការ​មើល ក្នុង​ការ​ស្ដាប់ ក្នុង​ការ​បរិភោគ ឬ​ប្រើប្រាស់​របស់របរ​ផ្សេងៗ គឺ​សង្រួម​ជា​និច្ច​ជា​កាល ក្នុង​ឥរិយាបថ​ទាំង​៤ នេះឯង »

ក្នុង​ការ​សិក្សា​មុខវិជ្ជា​ជីវៈ​នានា ទោះ​បី​ជា​បុគ្គល​រៀន​សូត្រ​ចេះដឹង​នៅ​សាលា​បាន​ជ្រៅជ្រះ​យ៉ាង​ណា​ក្តី ប៉ុន្តែ​បើ​មិន​យក​មក​អនុវត្ត​ទេ វិជ្ជា​ទាំងឡាយ​នោះ​ក៏​មិន​ផ្ដល់​ផលប្រយោជន៍​អ្វី​ឡើយ។ ដូចគ្នា​នេះ​ដែរ បុគ្គល​អ្នក​សិក្សា​រៀន​សូត្រ​វិជ្ជា​ផ្នែក​ពុទ្ធសាសនា គឺ​តោង​មាន​ការ​ប្រតិបត្តិ ទន្ទឹម​គ្នា​នឹង​ផ្នែក​ទ្រឹស្ដី ទើប​ទទួល​បាន​ផលប្រយោជន៍​ពេញលេញ ប្រៀប​ឧបមា​ដូចជា​សត្វ​បក្សាបក្សី ដែល​ត្រូវ​ការ​ស្លាប​ទាំង​សង​ឱ្យ​មាន​ទំហំ និង​កម្លាំង​ស្មើគ្នា ដើម្បី​មាន​លំនឹង​អាច​ហោះហើរ​ទៅមុខ​បាន​ខ្ពស់​លឿន​ល្អ​យ៉ាង​ដូច្នោះ​ដែរ។

ក្នុង​ពុទ្ធសាសនា ការ​សិក្សា​គន្ថធុរៈ បាន​ដល់​ផ្នែក​បរិយត្តិ ឬទ្រឹស្តី និង​វិបស្សនាធុរៈ បាន​ដល់​ផ្នែក​បដិបត្តិ ឬ​ការ​អនុវត្តន៍​ជាក់ស្ដែង គឺ​ជា​វិស័យ​ពីរ​ដែលមាន​សារសំខាន់​ស្មើគ្នា មិន​អាច​ខ្វះ​បាន​។ ការ​យល់​ដឹង​ពី​ទ្រឹស្ដី វិន័យ ក្បួនច្បាប់ នឹង​ជួយ​តម្រង់​ទិស​ក្នុង​ការ​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ មិន​ឃ្លាត​ចាក​ពី​មាគ៌ា នៃ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ។ ប៉ុន្តែ​ការ​មាន​ចំណេះ​ដឹង​តែ​ផ្នែក​ទ្រឹស្តី ដោយ​មិនបាន​ឈាន​ដើរ សូម្បី​តែមួយ​ជំហាន​លើ​មាគ៌ា​នៃ​ការ​បដិបត្តិ​ដុសខាត់ សីល សមាធិ បញ្ញា ឱ្យបាន​ចំរើន​ឡើងជា​លំដាប់ ដើម្បី​លះ​ការ​ប្រកាន់​ភាព​អញ​និយម ក្ដី​លោភៈ ទោសៈ មោហៈ​ទេ​នោះ គឺ​នឹង​មិន​អាច​ជួយ​បុគ្គល​ឱ្យ​ទទួល​បាន​នូវ​ផលប្រយោជន៍ ជា​សេចក្ដី​សុខ​ទីបំផុត​ក្នុង​ជីវិត​ឡើយ៕

«ភ្លេងពិណពាទ្យ»

អ្នកប្រាជ្ញ​ខ្មែរ​មួយ​រូប គឺ​ព្រះ​ភិរម្យ​ភាសា​អ៊ូ ហៅ «ង៉ុយ» ដែល​ខ្មែរ​ស្គាល់​ថា​ជា​លោកតា​ក្រមង៉ុយ បាន​សរសេរ​ចងក្រង​ទុក ក្នុង​ច្បាប់​ក្រម​របស់​លោក ជា​ពាក្យកាព្យ​ត្រង់​ល្បះ​ខ្លះ ទុកជា​គតិ​ដល់​កូនចៅ​ខ្មែរ អំពី​ការប្រតិបត្តិ​ក្នុង​ពុទ្ធសាសនា មាន​សេចក្ដី​ថា​៖

«នរូ​អ្នកណា នឹង​យក​អាត្មា ចូលសាសន៍​ពុទ្ធរត្ន៍

ចូរ​ធ្វើ​ឱ្យ​ត្រង់ ដោយនូវ​បន្ទាត់ ហៅ​ស្វែង​សម្បត្តិ

យក​ផ្លូវ​និព្វាន»

«នរូ​អ្នកផង ទោះ​ដឹង​យល់​ហោង ចិត្ត​នោះ​ឱ្យ​ហ៊ាន

បំពេញ​ព្រះ​ផ្នួស ដោយ​ព្រះ​ទូន្មាន កុំ​ធ្វើ​លឹកលាន​

ដោយ​ចិត្ត​អន្ធពាល»