ក្រុមអង្គការមិនមែនរដ្ឋាភិបាលធ្វើការងារលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ ស្នើគណបក្សនយោបាយដែលមានសំឡេងក្នុងសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កែប្រែចំណុចមួយចំនួននៃមាត្រាខ្លះក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត។
ពួកគេរំពឹងថា នឹងជួយអោយចំនួនស្ត្រីក្នុងវិស័យនយោបាយបានកើនឡើង ស្របតាមគោលនយោបាយរដ្ឋាភិបាល និងបទដ្ឋានអន្តរជាតិនានា ដែលចង់អោយស្ត្រីទទួលបានអត្ថប្រយោជន៍ពេញលេញពីការអភិវឌ្ឍ។
ក្រុមអង្គការមិនមែនរដ្ឋាភិបាល បានរៀបចំរួចជាស្រេចនូវចំណុចមួយចំនួន ជាការកែប្រែក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ដែលពួកគេចាត់ទុកថាជាវិធានការពិសេស ជួយអោយមានស្ត្រីបន្ថែមទៀតចូលរួមក្នុងជួរថ្នាក់ដឹកនាំគ្រប់កម្រិត។
អ្វីដែលពួកគេបានត្រៀមរួចស្រេចនោះ គឺស្នើកែប្រែមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញមាត្រា៣៧ថ្មី ក្នុងច្បាប់បោះឆ្នោតតំណាងរាស្ត្រមាត្រា៣៨ថ្មី មាត្រា១២០ថ្មី និងមាត្រា៤៩ថ្មី នៃច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
ទោះយ៉ាងណា ចំណុចសំខាន់ដែលក្រុមអង្គការមិនមែនរដ្ឋាភិបាលចង់បាន គឺការបង្កើតបញ្ជីបេក្ខជនដែលឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ ត្រូវតែឆ្លាស់គ្នារវាងបុរស និងស្ត្រីតាមលំដាប់អាទិភាពពីខ្ពស់មកទាប។
សំណើរបស់ក្រុមនេះ ធ្វើឡើងនៅមួយថ្ងៃក្រោយពេលដែលរដ្ឋសភា ដែលមានសំឡេងមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ សម្រេចជ្រើសតាំង លោក ងួន ញ៉ិល អោយធ្វើជាអនុប្រធានទី២ ជំនួសតំណែងរបស់ អ្នកស្រី ឃួន សុដារី។ ការជំនួសនោះ ត្រូវមើលឃើញថា កំពុងធ្វើអោយប៉ះពាល់ដល់តួនាទីស្ត្រីក្នុងក្បាលម៉ាស៊ីនដឹកនាំសភា។ ករណីនេះ ក៏ជាហេតុផលមួយក្នុងចំណោមហេតុផលផ្សេងទៀត ដែលបង្កើនការព្រួយបារម្ភក្នុងចំណោមក្រុមអង្គការមិនមែនរដ្ឋាភិបាល។
នាយិកាអង្គការសីលកា (silaka) និងជាប្រធានគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ ហៅកាត់ថា ស៊ី.ភី.ដាប់ប៊លយូ.ភី (CPWP) អ្នកស្រី ធីតា ឃិះ មានប្រសាសន៍ថា នៅពេលដែលការគាំទ្រសមភាពយេនឌ័រមានតែនៅលើបបូរមាត់ ពុំមានក្នុងក្របខ័ណ្ឌច្បាប់ជាក់លាក់ នៅពេលនោះហើយដែលការអនុវត្តនឹងជួបការលំបាក។ អ្នកស្រី ធីតា ឃិះ បន្តថា អនុសាសន៍ដែលក្រុមអង្គការស្ត្រីស្នើ គឺជាវិធានការពិសេស ដែលអាចធានាថា ចំនួនតំណាងជាស្ត្រីរាប់តាំងពីក្នុងស្ថាប័ននីតិប្បញ្ញត្តិ ក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល រហូតដល់ក្រុមប្រឹក្សាឃុំសង្កាត់ នឹងមានការកើនឡើង៖ «ពីព្រោះជាការលើកតម្កើងគោលការណ៍សមភាព សមធម៌ ពិតប្រាកដ ដែលនឹងនាំមកនូវលទ្ធផលជាក់ស្ដែង នៅពេលណាដែលនឹងនាំកលនូវលទ្ធផលជាក់ស្ដែងក្នុងពេលបោះឆ្នោតហើយ មិនមែនគ្រាន់តែថា មិនមែនគ្រាន់តែលើបបូរមាត់ មិនមែនគ្រាន់តែនៅលើក្រដាស ក៏ប៉ុន្តែ គឺជាការងារជាក់ស្ដែង ពីព្រោះបើយើងគ្រាន់តែនិយាយថា ស្ត្រីបុរសមានសិទ្ធិស្មើគ្នា ប៉ុន្តែស្ត្រីចុងបញ្ចប់អត់បានទទួលសិទ្ធិ ដោយគាត់អត់បានជាតំណាង ដោយសារឧបសគ្គជាច្រើន ហើយដោយសារប្រព័ន្ធ ដោយសាររចនាសម្ព័ន្ធ គឺបានជាការរាំងស្ទះដល់ស្ត្រី»។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (COMFREL) មានប្រសាសន៍បន្ថែមថា ដាក់ក្នុងច្បាប់គួរតែកំហិតអោយគណបក្សនយោបាយ ធ្វើបញ្ជីដែលឆ្លាស់គ្នារវាងស្ត្រី និងបុរសនោះ ជាថ្នូរនឹងការបាត់បង់សិទ្ធិចូលរួមការបោះឆ្នោតរបស់គណបក្សនយោបាយ៖ «គំនិតនៃមាត្រាហ្នឹងដែលយើងស្នើអោយធ្វើវិសោធនកម្ម ដែលតម្រូវអោយគណបក្សនយោបាយមួយៗហ្នឹង ពេលចុះឈ្មោះបេក្ខជនក្នុងបញ្ជីបោះឆ្នោតរបស់ខ្លួន លក្ខខណ្ឌហ្នឹងត្រូវតែដាក់បញ្ជីពីខ្ពស់មកទាប និងឆ្លាស់គ្នា។ ឧទាហរណ៍ថា ប្រុសបន្ទាប់មកស្រី។ បើកាលណាមិនបានបំពេញបញ្ជីឈ្មោះតាមលក្ខខណ្ឌហ្នឹងទេ គឺអត់អាចទៅប្រកួតប្រជែងបាន គឺ គ.ជ.ប អត់ចុះអោយ គឺទាល់តែទៅបំពេញបញ្ជីអោយតាមលក្ខខណ្ឌហ្នឹង»។
មន្ត្រីគណបក្សប្រជាជន និងជាអ្នកតំណាងរាស្ត្រ លោក ឈាង វុន បញ្ជាក់ពីជំហរគណបក្សលោកដែលថា តែងតែយកចិត្តទុកដាក់ចង់អោយមានចំនួនស្ត្រីច្រើនក្នុងជួរអ្នកដឹកនាំដែរ។ ប៉ុន្តែពេលខ្លះ ឬស្ថានភាពខ្លះនៅពុំទាន់អាចធ្វើបាន៖ «សំឡេង»។
មិនខុសគ្នានេះដែរ គណបក្សសង្គ្រោះជាតិ ក៏គាំទ្រសំណើរបស់អង្គការមិនមែនរដ្ឋាភិបាល។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា បញ្ហាខ្លះធ្វើអោយគណបក្សលោកជួបការលំបាកដែរ នៅពេលជាប់ពាក់ព័ន្ធនឹងតម្រូវការផ្នែកនយោបាយ៖ «សំឡេង»។
ការអះអាងរបស់មន្ត្រីនៃគណបក្សនយោបាយទាំង២ គឺមិនខុសពីអ្វីដែលក្រុមអង្គការមិនមែនរដ្ឋាភិបាលបានគិតទុកជាមុនឡើយ។ ប៉ុន្តែបញ្ហានៅចោទត្រង់ថា គណបក្សនយោបាយនៅមិនទាន់អនុវត្តតាមឆន្ទៈដែលបានអះអាងនោះអោយបានខ្ជាប់ខ្ជួននៅឡើយ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្រ្វែល គណបក្សនយោបាយត្រូវចាប់ផ្ដើមងាកមកទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត ដែលភាគច្រើនជាស្ត្រី៖ «សំឡេង»។
នៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងចំណោមអ្នកបោះឆ្នោតសរុបជាង ៩លាននាក់នោះ មានស្ត្រីជាង ៥០ភាគរយ។ នៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្ស ក្នុងការលប់បំបាត់វិសមភាពយេនឌ័រ បានដាក់នូវគោលដៅមួយចំនួនសម្រាប់ឆ្នាំ២០១៥ ខាងមុខ។ រួមមានបង្កើនចំនួនស្ត្រីក្នុងសភា និងព្រឹទ្ធសភាអោយបាន ៣០ភាគរយ ចំនួនស្ត្រីជារដ្ឋមន្ត្រីអោយបាន ១៥ភាគរយ អភិបាលខេត្ត អភិបាលខេត្តរងអោយបានពី ១០ ទៅ ១៥ភាគរយ និងក្រុមប្រឹក្សាឃុំសង្កាត់អោយបាន ២៥ភាគរយ។
ក្រៅពីសំណើទាំងនេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាល ក៏បានមើលឃើញពីបញ្ហាមួយចំនួនដែលគណបក្សនយោបាយអាចប្រឈម ប្រសិនបើពួកគេចាប់ផ្ដើមបង្កើតបញ្ជីដូចដែលក្រុមអង្គការមិនមែនរដ្ឋាភិបាលនោះ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្រ្វែល រៀបរាប់ថា បញ្ហាចម្បងមួយចំនួនដែលគណបក្សនយោបាយអាចជួបប្រទះនោះ រួមមាន ពិបាករកស្ត្រីមកដាក់ ដោយសារបញ្ហាបទពិសោធន៍ ភាពក្លាហាន សមត្ថភាព ប្រជាប្រិយភាព និងថវិកា។ លោកថា គណបក្សនីមួយៗត្រូវត្រៀមខ្លួនជាស្រេច ដើម្បីរកវិធីសមស្របក្នុងការបង្កើតបញ្ជីឈ្មោះឆ្លាស់នោះ៖ «សំឡេង»។
លោក គល់ បញ្ញា ក៏បានលើកឡើងនូវអនុសាសន៍មួយចំនួនទៀត ដែលអាចអោយគណបក្សនយោបាយប្រើប្រាស់ ដើម្បីអោយពួកគេអាចបង្កើតបញ្ជីឈ្មោះឆ្លាស់នោះបាន៖ «សំឡេង»។
ចំណែកប្រធានកម្មវិធីអភិវឌ្ឍន៍សហគមន៍នៃអង្គការហ្គេដស៊ី (GADC) លោក ឆាយ គីមស័រ មានប្រសាសន៍ថា ប្រការសំខាន់ជាងគេ គឺការប្រឹងប្រែងរបស់គណបក្សនយោបាយ ដើម្បីបង្ហាញឆន្ទៈរបស់ខ្លួន ចំណែកម្ចាស់ឆ្នោត ត្រូវតែចូលរួមតាមដាន និងតម្រង់ផ្លូវគណបក្សនយោបាយទាំងនោះ៖ «សំឡេង»។
ក្រុមអង្គការសង្គមស៊ីវិលបញ្ជាក់ថា នឹងដាក់សំណើនេះទៅគណបក្សនយោបាយនៅសប្ដាហ៍ក្រោយ។ ប្រសិនបើពុំមានការឆ្លើយតបនោះ ពួកគេអាចនឹងរៀបចំអោយមានការប្រជុំរវាងម្ចាស់ឆ្នោត និងគណបក្សនយោបាយ នឹងឈានដល់ការប្រមូលផ្ដុំជាការតវ៉ារបស់ម្ចាស់ឆ្នោត ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
