សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​អនុវត្ត​អនុសាសន៍​របស់​អ.ស.ប.​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី

រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​លើ​នារី​ភេទ ហៅ​កាត់​ថា ស៊ីដ (CEDAW) កាល​ពី​ឆ្នាំ​១៩៩២។ ជា​កាតព្វកិច្ច ប្រទេស​នេះ​ត្រូវ​ដាក់​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​ការ​អនុវត្ត​អនុសញ្ញា​ក្នុង​រវាង ៤​ឆ្នាំ​ម្តង ទៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ។ រហូត​មក​ដល់​ពេល​នេះ កម្ពុជា បាន​ដាក់​របាយការណ៍​សំយោគ​មួយ​ចំនួន។
ដោយ សុ ជីវី
2013.12.06
៨មីនា ៣០៥ ក្រុម​និស្សិត​ដង្ហែ​ក្បួន​អបអរ​សាទរ​ថ្ងៃ ៨មីនា ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី នៅ​ខាង​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Khe Sonorng

អង្គការ​សហប្រជាជាតិ បាន​ពិភាក្សា​លើ​របាយការណ៍​ទី​៤ និង​ទី​៥ របស់​កម្ពុជា កាល​ពី​ខែ​តុលា កន្លង​ទៅ និង​បាន​ផ្តល់​អនុសាសន៍​ជាង ៥០​ចំណុច។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី អ្នក​សហគមន៍​មាន​ជម្លោះ​ដីធ្លី ក្រុម​កម្មករ និង​និស្សិត​សរុប​ប្រមាណ ១៣០​នាក់ បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ក្នុង​សន្និសីទ​ស្ដីពី​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ស្ត្រី នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សា​ពី​វិធាន​ការ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​អនុសញ្ញា​ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​លើ​នារី​ភេទ។ ការ​ពិភាក្សា​នេះ បន្ទាប់​ពី​បាន​ទទួល​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ការ​ប្រជុំ​មួយ​នៅ​ក្រុង​ហ្សឺណែវ កាល​ពី​ខែ​តុលា កន្លង​ទៅ ដែល​បាន​រក​ឃើញ​ថា កម្ពុជា នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ​ច្រើន​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី។

ប្រធាន​គណៈកម្មាធិការ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​កម្ពុជា ហៅ​កាត់​ថា អិន.ជី.អូ ស៊ីដ (NGO-CEDAW) និង​ជា​ប្រធាន​អង្គការ​លីកាដូ (Licadho) អ្នកស្រី ពង់ ឈីវកេក មាន​ប្រសាសន៍​ថា អង្គការ​សហប្រជាជាតិ បាន​ផ្តល់​អនុសាសន៍​ចំនួន ៥២​ចំណុច។ អនុសាសន៍​ទាំង​នោះ​បាន​សរសេរ​លម្អិត​ពី​ចំណុច​ខ្វះ​ខាត ដែល​ជា​ក្តី​បារម្ភ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា។

«សំឡេង»

កាល​ពី​ខែ​តុលា កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ ពិភាក្សា​ពី​លទ្ធផល​នៃ​ការងារ​លើក​ស្ទួយ​សមភាព​យេនឌ័រ​នៅ​កម្ពុជា។ នោះ គឺ​ជា​កិច្ច​ប្រជុំ​នៅ​ក្រោយ​ពេល​ដែល​កម្ពុជា បាន​ដាក់​របាយការណ៍​សំយោគ​លើក​ទី​៤ និង​ទី​៥ របស់​ខ្លួន។ តាម​ការ​ពិនិត្យ​របាយការណ៍​ជាតិ​នោះ​ហើយ ដែល​អង្គការ​សហប្រជាជាតិ បាន​ផ្តល់​អនុសាសន៍​ត្រឡប់​មក​វិញ។

កម្រង​អនុសាសន៍​ទាំង​នោះ ត្រូវ​បែង​ចែក​ជា ១៥​ចំណុច​ធំៗ រួម​មាន​ចំណុច​ខ្វះ​ខាត​ក្នុង​ច្បាប់ យន្តការ​ជាតិ​លើក​កម្ពស់​ស្ត្រី ទស្សនៈ​ក្នុង​សង្គម​ស្ដីពី​ស្ត្រី អំពើ​ហិង្សា​លើ​ស្ត្រី អំពើ​ជួញ​ដូរ និង​ពេស្យា​កម្ម ការ​អប់រំ​សុខាភិបាល វិស័យ​ការងារ ការ​រំលោភ​សិទ្ធិ​ដីធ្លី​ផ្ទះ​សម្បែង និង​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ជា​ដើម។

ប្រធាន អិន.ជី.អូ ស៊ីដ អ្នកស្រី ពង់ ឈីវកេក មាន​ប្រសាសន៍​បន្ត​ថា ស្ត្រី​នៅ​ពុំ​បាន​ទទួល​យុត្តិធម៌ ដ្បិត​បញ្ហា​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​បន្ត​រារាំង​ដល់​ការ​ដាក់​ទោស​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី ខ្វះ​ខាត​សេវា​ជំនួយ​ផ្នែក​ច្បាប់ ខ្វះ​សេវា​ថែ​ទាំ​សុខភាព​សម្រាប់​ស្ត្រី​ក្រីក្រ ពិការ​ចាស់​ជរា ស្ត្រី​បន្ត​រងគ្រោះ​ដោយ​ការ​បណ្ដេញ ការ​ជួញ​ដូរ និង​ការ​រំលោភ​សិទ្ធិ​ការងារ និង​ការ​ធ្វើ​ចំណាក​ស្រុក។

«សំឡេង»

បើ​តាម អ្នកស្រី ពង់ ឈីវកេក កម្ពុជា អាច​ដោះស្រាយ​ចំណុច​ខ្វះ​ខាត​ទាំង​នោះ​បាន ដោយ​ចាប់​ផ្ដើម​បញ្ចូល​អត្ថន័យ​នៃ​ការ​រើស​អើង​លើ​នារី​ភេទ​ទាំង​ផ្ទាល់ និង​ប្រយោល ទៅ​ក្នុង​ច្បាប់​ជាតិ​គ្រប់​ប្រភេទ រួម​នឹង​ការ​ផ្សព្វផ្សាយ​ពី​អត្ថន័យ​ទាំង​នោះ​ទៅ​អ្នក​ពាក់ព័ន្ធ ជា​ពិសេស​មន្ត្រី​រដ្ឋាភិបាល តុលាការ និង​មន្ត្រី​ក្នុង​វិស័យ​យុត្តិធម៌។ លើស​ពី​នេះ បញ្ហា​ធំ​ពីរ​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់ គឺ​ការ​ផ្តល់​សេវា​អប់រំ និង​សុខាភិបាល​សម្រាប់​ស្ត្រី។

«សំឡេង»

យ៉ាង​ណា ប្រធាន អិន.ជី.អូ ស៊ីដ រូប​នេះ បាន​ស្នើ​អោយ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ អោយ​បាន​ច្រើន​បំផុត ទើប​អាច​ធានា​បាន​ថា ស្ត្រី​ខ្មែរ​បាន​ចូល​រួម និង​ទទួល​បាន​អត្ថប្រយោជន៍​ពេញ​លេញ​ពី​ការ​អភិវឌ្ឍ។

«សំឡេង»

គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ ធ្លាប់​បាន​ផ្ដល់​អនុសាសន៍​ម្ដង​ដល់​កម្ពុជា កាល​ពី​ឆ្នាំ​២០០៦ ហើយ​រហូត​មក​ដល់​ពេល​នេះ សកម្មភាព​ដែល​សម្រេច​បាន គឺ​មាន​តិចតួច​នៅ​ឡើយ។ ពិត​មែន​ថា​បាន​ផ្តល់​អនុសាសន៍​ពី​ចំណុច​ខ្វះ​ខាត អង្គការ​សហប្រជាជាតិ ក៏​មិន​ភ្លេច​លើក​ឡើង​ពី​ចំណុច​ល្អ​ដែល​កម្ពុជា បាន​ធ្វើ​ដែរ។ ចំណុច​ល្អ​ទាំង​នោះ​មាន​ការ​បង្កើត និង​វិសោធនកម្ម​ច្បាប់​ការពារ​សិទ្ធិ​ស្ត្រី​មួយ​ចំនួន មាន​ច្បាប់​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ ច្បាប់​ឯកពន្ធនភាព ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ និង​ច្បាប់​ស្តី​ពី​អំពើ​ហិង្សា និង​កិច្ច​ការពារ​ជន​រងគ្រោះ។ ជា​មួយ​គ្នា​នេះ ក៏​បាន​ស្វាគមន៍​ចំពោះ​ភាគី​កម្ពុជា ដែល​បាន​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​មួយ​ចំនួន រួម​មាន អនុសញ្ញា​ស្ដីពី​ការ​ការពារ​បុគ្គល​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ អនុសញ្ញា​ស្តី​ពី​សិទ្ធិ​ជន​ពិការ ពិធី​សារ​ជម្រើស​នៃ​សន្ធិសញ្ញា​ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នារី​ភេទ និង​ពិធី​សារ​ជម្រើស​នៃ​អនុសញ្ញា​ប្រឆាំង​អំពើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ អមនុស្សធម៌​បន្ថោក​បន្ទាប ឬ​ទណ្ឌកម្ម​ដទៃ​ទៀត។

តំណាង​អង្គការ​សហប្រជាជាតិ​ស្ត្រី (UNWOMAN) លោក វន វ៉ិត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា ពិត​ជា​បាន​បំពេញ​ការងារ​ជា​វិជ្ជមាន​ជាច្រើន​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី។ យ៉ាង​នេះ​ក្តី ដើម្បី​សម្រេច​បាន​តាម​គោលដៅ​នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ចាំបាច់​ណាស់​ដែល​ត្រូវ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​ការងារ​រួម​គ្នា។

«សំឡេង»

ក្នុង​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ ក៏​បាន​បញ្ជាក់​ដែរ​ថា ក្នុង​រយៈពេល ២​ឆ្នាំ​ទៅ​មុខ​ទៀត រដ្ឋាភិបាល​កម្ពុជា ត្រូវ​អនុវត្ត​ចំណុច​សំខាន់​២ អោយ​បាន​សម្រេច គឺ​ការ​ផ្តល់​សំណង ការ​ជួស​ជុល​ផ្លូវ​ចិត្ត​ទៅ​អោយ​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​ក្នុង​របប​ខ្មែរ​ក្រហម និង​ការ​បណ្ដុះ​បណ្ដាល​ផ្សព្វផ្សាយ​មន្ត្រី​ពាក់ព័ន្ធ​តាំង​ពី​តុលាការ រហូត​ដល់​មន្ត្រី​យុត្តិធម៌​នៅ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​អំពើ​ហិង្សា​លើ​ស្ត្រី​លើ​គ្រប់​រូបភាព ជា​ពិសេស​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

បន្ទាប់​ពី​ទទួល​បាន​អនុសាសន៍​ថ្មី​នេះ រដ្ឋាភិបាល​ត្រូវ​បន្ត​ការ​អនុវត្ត ហើយ​ដាក់​របាយការណ៍​សំយោគ​លើក​ទី​៦ នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។