យុទ្ធនាការ​សុវត្ថិភាព​ស្ត្រី​នៅ​ទីក្រុង​នឹង​រាំ​ម៉ាឌីហ្ស៊ុន​នៅ​ស្តាត​អូឡាំពិក​ថ្ងៃ​២៦​កក្កដា

0:00 / 0:00

អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី បាន​បង្កើត​យុទ្ធនាការ​មួយ​ឈ្មោះ​ថា សុវត្ថិភាព​ស្ត្រី​នៅ​ទីក្រុង។ យុទ្ធនាការ​នេះ​មាន​កម្មវិធី​មួយ​ចំនួន រួម​ទាំង​ការ​ប្រកួត​ប្រជែង​គំនូរ កម្មវិធី​វិទ្យុ និង​រាំ​ចង្វាក់​ម៉ាឌីហ្ស៊ុន​រួម​គ្នា​នៅ​តាម​ទី​សាធារណៈ។ នៅ​ម៉ោង​ប្រហែល ៤​រសៀល​ថ្ងៃ​សៅរ៍ ទី​២៦ កក្កដា ចុង​សប្ដាហ៍​ខាង​មុខ គឺ​ជា​ការ​ជួប​ជុំ​រាំ​ចង្វាក់​ម៉ាឌីហ្ស៊ុន​ដ៏​ធំ​មួយ​ក្នុង​យុទ្ធនាការ​នេះ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។

«ភ្លេង​រាំ​ម៉ាឌីហ្ស៊ុន»

យុវជន​ប្រមាណ ៥០០​នាក់ គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​ក្នុង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​រាំ​ចង្វាក់​ម៉ាឌីហ្ស៊ុន​រួម​គ្នា​នៅ​ពេល​រសៀល​ទៅ​តាម​បទ​ចម្រៀង​នេះ។

«ចម្រៀង»

កម្មវិធី​រាំ​រែក​នេះ ជា​ផ្នែក​មួយ​នៃ​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​សុវត្ថិភាព​ស្ត្រី​នៅ​ទីក្រុង បង្កើត​ឡើង​ដោយ​អង្គការ​អន្តរជាតិ អេកសិន អេដ (Action Aid) រួម​សហការ​នឹង​អង្គការ​ក្នុង​ស្រុក​មួយ​ចំនួន។

ប្រធាន​កម្មវិធី​នៃ​អង្គការ អេកសិន អេដ ប្រចាំ​នៅ​កម្ពុជា អ្នកស្រី អុល ពុទ្ធាវី មាន​ប្រសាសន៍​ថា យុទ្ធនាការ​នេះ​មាន​គោលដៅ​បង្ហាញ​ពី​ទុក្ខ​លំបាក​របស់​ស្ត្រី ដែល​ប្រឈម ឬ​រង​អំពើ​ហិង្សា និង​ជំរុញ​ភាព​ក្លាហាន​អោយ​ស្ត្រី​និយាយ​ពី​បញ្ហា​ដែល​ខ្លួន​ជួប​ប្រទះ៖ «យើង​ចង់​អោយ​បង្កើត​ឱកាស​សម្រាប់​ស្ត្រី​គ្រប់​វិស័យ គ្រប់​ឋានៈ គ្រប់​កម្រិត គ្រប់​អាយុ ជាពិសេស​ស្ត្រី​វ័យ​ក្មេង​ហ្នឹង គាត់​ហ៊ាន​និយាយ​នូវ​បញ្ហា​ដែល​ពួក​គាត់​ជួប​កន្លង​មក ទៅ​លើ​បញ្ហា​រំលោភ​បំពាន​ផ្លូវ​ភេទ ឬ​ការ​រើសអើង​ផ្សេងៗ​ដែល​គាត់​ប្រទះ»

លើស​ពី​នេះ យុទ្ធនាការ​នេះ​នឹង​ជំរុញ​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ដែល​ប្រឈម​ចំពោះ​ស្ត្រី ដោយ​ចាប់​ផ្ដើម​ពី​តំបន់​ទីក្រុង៖ «ជាពិសេស គឺ​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​អំពើ​ហិង្សា គឺ​រឿង​និទ្ទណ្ឌភាព ការ​មិន​ដាក់​ទោស​អ្នក​ប្រព្រឹត្តិ​ខុស​ហ្នឹង។ ចឹង​យើង​ចង់​រដ្ឋាភិបាល ក៏​ដូច​ជា​អ្នក​អនុវត្តន៍​ច្បាប់​ហ្នឹង ត្រូវ​ដាក់​ទោស​ទណ្ឌ​អ្នក​ប្រព្រឹត្តិ​បទល្មើស​ហ្នឹង។ ហើយ​ក៏​ចង់​ឃើញ​ការ​រៀបចំ​ធ្វើ​ផែនការ​ទីក្រុង បញ្ចូល​នូវ​តម្រូវ​ការ​របស់​ស្ត្រី»

មិន​មែន​មាន​តែ​នៅ​កម្ពុជា ទេ គឺ​មាន​នៅ​តាម​ប្រទេស​ចំនួន ៤០​ទៀត​នៅ​លើ​ពិភពលោក ដែល​អង្គការ​នេះ​កំពុង​ធ្វើ​ការ​ជាមួយ ហើយ​មាន​រយៈពេល ៤​ឆ្នាំ គឺ​ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨។ អ្នកស្រី​បន្ត​ថា កម្មវិធី​មួយ​ចំនួន​ក្នុង​យុទ្ធនាការ​នេះ ចាប់​ផ្ដើម​នៅ​ក្នុង​ខែ​កក្កដា នេះ និង​មាន​កម្មវិធី​មួយ​ចំនួន​ទៀត​នៅ​ឆ្នាំ​បន្តបន្ទាប់៖ «យុទ្ធនាការ​ហ្នឹង​យើង​មាន​ដូច​ជា ការ​រាំ​តាម​ទី​សាធារណៈ កម្មវិធី​វិទ្យុ និង​ការ​ប្រឡង​គំនូរ។ នេះ​គ្រាន់​តែ​ជា​ការ​ប្រាប់​អោយ​ដឹង​ថា ចាប់​ផ្ដើម​យុទ្ធនាការ​ហ្នឹង។ យើង​នឹង​មាន​កម្មវិធី​រយៈពេល​វែង ដូច​ជា​យើង​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​ពង្រឹង​ទៅ​លើ​សមត្ថភាព​ស្ត្រី ជាពិសេស​ស្ត្រី​ជា​និស្សិត កម្មករ​កាត់​ដេរ ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀ ជាដើម។ ទាក់ទង​នឹង​សិទ្ធិ​ស្ត្រី ហើយ​យើង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ទាក់ទង​នឹង​គោល​នយោបាយ»

ការ​ប្រកួត​ប្រជែង​គំនូរ បាន​ធ្វើ​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ចំណែក​កម្មវិធី​វិទ្យុ ក៏​បាន​ផ្សព្វផ្សាយ​រួច​ដែរ​តាម​រយៈ​វិទ្យុ​ក្នុង​ស្រុក។

អ្នក​ផលិត​កម្មវិធី​នៃ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ កញ្ញា ណុប លីនដា មាន​ប្រសាសន៍​ថា កម្មវិធី​វិទ្យុ​ដែល​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​នេះ ផ្ដល់​អោយ​អ្នក​ស្ដាប់​នូវ​ព័ត៌មាន​ពី​បញ្ហា​អំពើ​ហិង្សា​លើ​ស្ត្រី ជាពិសេស​ស្ត្រី​ដែល​ឋិត​ក្នុង​ភាព​ប្រឈម​ខ្លាំង មាន​ស្ត្រី​បម្រើ​ការ​ជា​កម្មករ​នៅ​តាម​រោងចក្រ និង​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀ ជាដើម៖ «កម្មការិនី​ចឹង តើ​គាត់​ប្រឈម​នឹង​បញ្ហា​អី​ខ្លះ ពេល​ចេញ​ពី​ធ្វើ​ការ? ផ្ទះ​ជួល​គាត់​តូច តាម​ផ្លូវ​មក​វិញ​ស្ងាត់​ងងឹត គាត់​អាច​ប្រឈម​នឹង​ការ​រំលោភ​បំពាន​ពី​ពួក​ជើង​កាង។ ករណី​ខ្លះ ក្មេង​ស្រី​ត្រូវ​គេ​បៀតបៀន ត្រូវ​គេ​លូក​គេ​លាន់​ចឹង ក្មេង​ស្រី​ខ្លះ​ទៅ​តាម​សាលា​ក៏​ត្រូវ​គេ​បៀតបៀន។ កម្មវិធី​វិទ្យុ​យើង​បង្ហាញ​ថា គេ​ធ្វើ​ពី​អី? ហេតុ​អី​មាន​កម្មវិធី​ហ្នឹង​ហើយ»

វិស័យ​ឧស្សាហកម្ម​កាត់​ដេរ សហគ្រាស ក្រុមហ៊ុន និង​ផ្នែក​សេវាកម្ម​ដទៃ​ទៀត បាន​ស្រូប​ទាញ​ស្ត្រី​វ័យ​ក្មេង​រាប់​សែន​នាក់ អោយ​ចាក​ចោល​ស្រុក​កំណើត ចូល​មក​រក​ការងារ​ក្នុង​ទីក្រុង។ ស្រប​ពេល​ដែល​ការងារ​មាន​ប្រាក់​ខែ​ទាប ស្ត្រី​វ័យ​ក្មេង​ជាច្រើន បាន​ជ្រើស​រើស​ការងារ​បន្ថែម។ ពេល​ខ្លះ ការងារ​ទាំង​នោះ​ធ្វើ​អោយ​ពួក​គេ​ប្រឈម​នឹង​គ្រោះ​ថ្នាក់។

ជា​កម្មការិនី​នៅ​រោងចក្រ​កាត់​ដេរ​ក្នុង​សង្កាត់​ទឹកថ្លា កញ្ញា ឆេង ដាណូ មាន​ប្រសាសន៍​ថា ខ្វះ​ខាត​ជីវភាព​រស់​នៅ នាង​សម្រេច​ជ្រើស​រើស​ធ្វើ​ការ​ថែម​ម៉ោង ដែល​ពេល​ខ្លះ​បន្ត​រហូត​ដល់​ម៉ោង ៨​កន្លះ​យប់។ កញ្ញា​បន្ត​ថា ពេល​នោះ​ហើយ​ដែល​ពួក​នាង​តែង​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ មាន​ទាំង​ការ​បៀតបៀន និង​ចោរកម្ម​ផង៖ «ពេល​ថែម​ម៉ោង​ដល់​ម៉ោង​៨ មិន​សូវ​មាន​គ្នា​ច្រើន​ទេ ពេល​ខ្លះ​ដើរ​តែ​ឯង ពួក​គាត់​ច្រើន​តែ​ថា​អោយ​យើង​ថា អូន​ឯង​ទៅ​ណា​មក​ណា​ពេល​យប់​ព្រលប់? ទៅ​រក​តាតា​មែន? ដល់​យើង​មិន​ឆ្លើយ ថា​អោយ​យើង​ថា គ្រាន់​តែ​ជា​ស្រី​រោងចក្រ​អី​ក៏​ឫក​មួយ​បេន​ម្ល៉េះ? សួរ​មិន​ឆ្លើយ។ ខ្លាច​ពួក​វា​ដូច​ថា ថ្ងៃ​ហ្នឹង​ថា​អោយ​ប៉ុណ្ណឹង ចុះ​ថ្ងៃ​ក្រោយ​ប៉ះ​យើង​ដើរ​ម្នាក់​ឯង​គេ​ចាប់​អី​ទៅ។ ជា​រួម បើ​មិន​អោយ​ថែម​ម៉ោង​ទេ វា​មិន​កើត ព្រោះ​ប្រាក់​ខែ​តិច​ណាស់ ថែម​ម៉ោង​ចឹង​ទៅ​បាន​បំពេញ​ខ្វះ​ខាត​ជីវភាព»

របាយការណ៍​ស្ទង់​មតិ​របស់​អង្គការ អេកសិន អេដ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៤ កន្លង​ទៅ បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ស្ត្រី​វ័យ​ក្មេង​ចំនួន ៣៨៥​នាក់ ដែល​បាន​សាកសួរ ភាគ​ច្រើន​និយាយ​ថា ពួក​គេ​ដូច​ជា​ពេញ​ចិត្ត​នឹង​ទីក្រុង​ដែល​ពួក​គេ​កំពុង​រស់​នៅ។ ប៉ុន្តែ មាន ៦៨​ភាគរយ​ក្នុង​ចំណោម​នោះ បាន​បញ្ជាក់​ថា ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​នៅ​តាម​ទី​សាធារណៈ​មួយ​ចំនួន ដោយ​បារម្ភ​ពី​ក្រុម​ជន​ពាល ៣៣​ភាគរយ បារម្ភ​ដោយ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង​ដទៃ​ទៀត និង ២៨​ភាគរយ ភ័យ​ខ្លាច​នៅ​ពេល​ធ្វើ​ដំណើរ​ក្នុង​តំបន់​ដែល​ខ្វះ​ខាត​ភ្លើង​បំភ្លឺ​ពេល​យប់។ យ៉ាង​ណា ស្ត្រី​ដែល​ត្រូវ​សាកសួរ​ស្ទើរ​តែ​ទាំងអស់​ហើយ​ដែល​អះអាង​ថា ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ពេល​យប់។ ហេតុ​នេះ ស្ត្រី​ស្ទើរ​តែ​ទាំងអស់ បាន​សម្រេច​មិន​ធ្វើ​ដំណើរ​ម្នាក់​ឯង ឬ​នៅ​ពេល​យប់។ ក្រៅ​ពី​នេះ ប្រមាណ ៩០​ភាគរយ​នៃ​ពួក​គេ​បាន​បញ្ជាក់​ថា ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា ចោរកម្ម ឬ​ករណី​រំលោភ​បំពាន​ផ្សេង​ទៀត ភាគ​ច្រើន​មិន​បាន​និយាយ ឬ​ប្ដឹង​សមត្ថកិច្ច​ពី​បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ​ឡើយ ដោយ​គិត​ថា​ជា​រឿង​មិន​ធ្ងន់ធ្ងរ ឬ​មិន​ហ៊ាន​ជួប​អាជ្ញាធរ។

មិន​ខុស​គ្នា​នេះ​ទេ កម្មការិនី ឆេង ដាណូ មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា ពេល​ខ្លះ​ពួក​គាត់​មិន​ចង់​ប្រាប់​បញ្ហា​នៃ​ការ​រំលោភ​បំពាន ឬ​អំពើ​ហិង្សា​ណា​មួយ​ឡើយ ដ្បិត​ពេល​ខ្លះ​ជន​រងគ្រោះ​បែរ​ជា​ត្រូវ​សង្គម​ស្ដី​បន្ទោស​ទៅ​វិញ​ទេ៖ «វា​មិន​បាន​ខាត​បង់​អី ក៏​បើ​យើង​ស្រែក​ទៅ​ក៏​កេរ្តិ៍​ឈ្មោះ​យើង​ជា​ស្រី​តាម​ហ្នឹង​ហើយ​បង ពេល​យើង​ស្រែក​ទៅ​គេ​ថា វា​មិន​ដែល​គ្មាន​រឿង​អី​សោះ​ទេ​បាន​ស្រែក​ចឹង​នោះ។ សូម្បី​តែ​អ្នក​ជិត​ខាង​យើង ពេល​ណា​យើង​ស្លៀក​ពាក់​ស្អាត​ចេញ​មក​ធ្វើ​ការ​អ៊ីចឹង គេ​តែង​តែ​វាយ​តម្លៃ​យើង​ថា ស្រី​រោងចក្រ​ធ្វើ​ខ្លួន​ដូច​ទៅ​ទាក់​តាតា។ ប៉ុន្តែ​តាម​ពិត​ទៅ យើង​ក៏​ត្រូវ​ការ​ស្លៀក​ពាក់​អោយ​សមរម្យ​នឹង​គេ​ដែរ​ណា​បង»

បើ​ទោះ​ជា​យ៉ាង​ណា ក្រុម​ស្ត្រី​ក៏​រំពឹង​ទុក​ថា យុទ្ធនាការ​ក្នុង​ពេល​នេះ​នឹង​ជួយ​អោយ​បញ្ហា​របស់​ស្ត្រី​ត្រូវ​ដោះស្រាយ។

សមាជិក​ក្រុម​ស្ត្រី​វ័យ​ក្មេង​ជា​អ្នក​ដឹក​នាំ កញ្ញា ញាណ ម៉ូនីវណ្ណ មាន​ប្រសាសន៍​ថា នាង​នឹង​ចូលរួម​ក្នុង​កម្មវិធី​រាំ​ម៉ាឌីហ្ស៊ុន​នៅ​ថ្ងៃ​ទី​២៦ កក្កដា ខាង​មុខ ដោយ​ក្ដី​សង្ឃឹម​ថា នឹង​បាន​ទទួល​បាន​លទ្ធផល​ល្អ៖ «ការ​រាំ​ជា​ការ​ហាត់​ប្រាណ​បែប​សប្បាយ បន្ទាប់​មក​ទៀត​យើង​នឹង​ស្តាប់​ឮ​សារ​ស្នើ​ទៅ​ដល់​ពលរដ្ឋ​ដែល​ឈរ​ជុំវិញ​ហ្នឹង​ដឹង​ថា តើ​ស្ត្រី​គាត់​ភ័យ​ខ្លាច​អី​ខ្លះ?»

ទាក់ទិន​ដល់​កម្មវិធី​រាំ​រែក​នេះ ប្រធាន​កម្មវិធី​នៃ​អង្គការ អេកសិន អេដ ប្រចាំ​នៅ​កម្ពុជា អ្នកស្រី អុល ពុទ្ធាវី បញ្ជាក់​ថា ក្នុង​កម្មវិធី​នោះ អ្នក​ចូលរួម​នឹង​ពាក់​អាវ​យឺត​ដូចៗ​គ្នា។ អាវ​យឺត​ទាំង​នោះ នឹង​ចែក​អោយ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម។ ចំពោះ​អ្នក​ដទៃ​ទៀត មិន​អាច​ចូលរួម​រាំ​បាន ក៏​គេ​អាច​ចូលរួម​តាម​ប្រព័ន្ធ​ផ្ញើ​សារ​ដោយ​ស្វ័យ​ប្រវត្តិ តាម​រយៈ​ទូរស័ព្ទ​លេខ ០៧០ ២២ ១១ ១០។ សារ​ទាំង​នោះ អាច​នឹង​ត្រូវ​ច្របាច់​បញ្ចូល​គ្នា នឹង​បង្ហាញ​នៅ​ក្នុង​កម្មវិធី​រាំ​ម៉ាឌីហ្ស៊ុន៕

«ចម្រៀង»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។