ជីវប្រវត្តិ​សង្ខេប​និង​សកម្មភាព​ការងារ​របស់​លោកស្រី គឹម ណាតស៊ីម

2008-07-03

លោកស្រី គឹម ណាតស៊ីម អាយុ​៥៥​ឆ្នាំ ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​សមរង្ស៊ី​ចំនួន​៣​អាណត្តិ​មក​ហើយ រាប់​ទាំង​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៤​នេះ​ទៀត ។ ក៏ប៉ុន្តែ​លោកស្រី​ពុំ​ដែល​បាន​ជាប់​ជា​តំណាងរាស្ត្រ​ទេ កាលពី​ក្នុង​ការបោះ​ឆ្នោត​ជាតិ​២​អាណត្តិ​មក​ហើយ​នេះ គឺ​នៅ​ឆ្នាំ​១៩៩៨ និង ២០០៣ ។

លោកស្រី គឹម ណាតស៊ីម បាន​ឲ្យ​ដឹង​ថា ៖ «...ខ្ញុំ​ឈរ​បេក្ខភាព​តំណាងរាស្ត្រ​លើក​ទី​បី​ហើយ ។ លើក​ទី​១​នៅ​ខេត្ត​ព្រះវិហារ លើក​ទី​២​នៅ​កំពង់ស្ពឺ ហើយ​លើក​ទី​៣​នេះ​គឺ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ទៀត...» ។

សូម​ជម្រាប​ជូន​ថា​នៅ​ក្នុង​ការបោះ​ឆ្នោត​ជាតិ​អាណត្តិ​លើក​ទី​៤ នា​ថ្ងៃ​២៧ ខែ​កក្កដា​ខាង​មុខ​នេះ លោកស្រី គឹម ណាតស៊ីម គឺ​ជា​ស្ត្រី​តំណាងរាស្ត្រ​តែ​ម្នាក់​គត់​របស់​គណបក្ស​សមរង្ស៊ី ឈរ​ឈ្មោះ​ក្នុង​លំដាប់​លេខ​៦ ក្នុង​ចំណោម​បេក្ខជន​ពេញ​សិទ្ធិ​៦​នាក់​នៅ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ។ កាលពី​អាណត្តិ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០០៣ លោកស្រី​បាន​ឈរ​លំដាប់​លេខ​៥​តែ​ពុំ​បាន​ជាប់​ទេ ។

យោង​តាម​ការអះអាង​របស់​សកម្មជន​នៃ​គណបក្ស​នយោបាយ​មួយចំនួន​ដែល​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការបោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៧ ខែ​កក្កដា​ខាង​មុខ​នេះ បាន​ឲ្យ​ដឹង​ថា​បេក្ខជន​ឬ​បេក្ខនារី​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​ត្រូវ​មាន​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ប្រើប្រាស់​ក្នុង​ការចំណាយ​សម្រាប់​ធ្វើការ​ឃោសនា​រក​សន្លឹក​ឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ ហើយ​លំដាប់​លេខ​រៀង​របស់​បេក្ខភាព​ទាំង​នោះ​ គឺ​អាស្រ័យ​ទៅ​តាម​ថវិកា​ដែល​មាន​ច្រើន​ឬ​តិច ។

លោកស្រី គឹម ណាតស៊ីម បាន​មាន​ប្រសាសន៍​បន្ត​ថា​បើទោះបី​ជា​លោកស្រី​មិនបាន​ជាប់​ជា​តំណាងរាស្ត្រ​លើក​នេះ​ក្តី លោកស្រី​នៅតែ​បន្ត​ជួយ​គណបក្ស​សមរង្ស៊ី​រហូតដល់​បាន​ទទួល​ជ័យជម្នះ ។

លោកស្រី គឹម ណាតស៊ីម ៖ «អារម្មណ៍​ខ្ញុំ ខ្ញុំ​នឹក​ឃើញ​ថា​ខ្ញុំ​បម្រើ​ជាតិ​មាតុភូមិ​ខ្ញុំ​លុះត្រាតែ​ខ្ញុំ​បាន​ជោគជ័យ ប្រសិន​បើ​លោក សម រង្ស៊ី គាត់​ឈប់​ធ្វើ​មេ​ខ្ញុំ គាត់​ឈប់ ព្រោះ​ខ្ញុំ​ចាស់​ហើយ​ខ្ញុំ​បម្រើ​ជាតិ​ខ្ញុំ​បាន​ត្រឹមតែ​ប៉ុណ្ណេះ ។ តាំងពី​៧៩​រហូត​ដល់​ប៉ុណ្ណេះ​ខ្ញុំ​បាន​បម្រើ​ជាតិ​តាម​រយៈ​ក្រសួង​សាធារណការ ក៏​ដូច​ជា​ចូល​បម្រើ​នៅ​ក្នុង​គណបក្ស​សមរង្ស៊ី​ដោយ​ឥត​លម្អៀង ។ ខ្ញុំ​បាន​យកចិត្ត​ទុកដាក់​នឹង​ប្រជាពលរដ្ឋ​ដែល​គាត់​មាន​ទុក្ខ​លំបាក យល់​ទុក្ខ​ធុរៈ ដូច​ជា​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ជិត​ខាង​ផ្ទះ​ទោះបី​មាន​ធុរៈ​អ្វីៗ​ក៏​ខ្ញុំ​យក​គោលជំហរ​និង​គោល​នយោបាយ​របស់​គណបក្ស​ទៅ​និយាយ ជាពិសេស​គឺ​យើង​ចេះ​ស្រឡាញ់​ជាតិ​ស្នេហា​ជាតិ បំផុស​ឲ្យ​ស្រ្តី​ហ្នឹង​គាត់​យល់​ដឹង​អំពី​អ្វី​ដែល​គាត់​មាន​ទុក្ខ​មាន​លំបាក»

លោកស្រី គឹម ណាតស៊ីម កើត​នៅ​ក្នុង​ស្រុក​កង​មាស ខេត្ត​កំពង់ចាម បច្ចុប្បន្ន​រស់នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​ឫស្សីកែវ ។ មុន​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០០១ លោកស្រី​ធ្វើការ​ជា​មន្ត្រី​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ខាង​ផ្នែក​អយស្ម័យយាន ធ្វើការ​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​បាន​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០០១ ។

នៅ​ឆ្នាំ​១៩៩៥ លោកស្រី គឹម ណាតស៊ីម បាន​ចូលរួម​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ជាមួយ​នឹង​គណបក្ស​សមរង្ស៊ី ហើយ​តាំងពី​ពេល​នោះ​មក លោកស្រី​ក៏​បាន​ទទួល​ភារកិច្ច​ចាត់ចែង​ការងារ​ជា​ច្រើន​ទាំង​កិច្ចការ​ស្ត្រី​ផង ដើម្បី​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ​របស់​បក្ស ។

លោកស្រី គឹម ណាតស៊ីម បាន​មាន​ប្រសាសន៍​ថា ៖ «...តាំងពី​ចូល​គណបក្ស​សមរង្ស៊ី​មក ខ្ញុំ​កាន់​តំណែង​ជា​អនុ​ប្រធាន​នៃ​ចលនា​ស្ត្រី និង​ជា​គ្រូ​បង្គោល ។ នៅ​ឆ្នាំ​២០០២​បាន​ជាប់​ឆ្នោត​ជា​ចៅសង្កាត់​រង​ទី​១ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ហើយ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០០៧ អត់​ឈរ​ទេ​តែ​មក​ធ្វើការ​នៅ​ទីស្នាក់ការ​កណ្តាល​វិញ មាន​តួនាទី​ជា​គ្រូប​ង្គោល​និង​អនុ​ប្រធាន​នៃ​ចលនា​ស្ត្រី...»

លោកស្រី គឹម ណាតស៊ីម ប្រឡង​ជាប់​មធ្យម​សិក្សា​បត្រ​ទុតិយភូមិ​ឬ​បាក់ឌុប នៅ​ឆ្នាំ​១៩៦៧ ។ នៅ​ឆ្នាំ​១៩៦៨ លោកស្រី​បាន​ទៅ​ធ្វើការ​នៅ​ទីស្តីការ​រដ្ឋមន្ត្រី​រហូត​ដល់​ឆ្នាំ​១៩៧០  ក៏​បាន​ស្ម័គ្រចិត្ត​ចូល​ធ្វើ​ជា​ទាហាន ។

លោកស្រី គឹម ណាតស៊ីម បាន​ឲ្យ​ដឹង​ថា ៖ «...ខ្ញុំ​ជាប់​បាក់ឌុប​នៅ​ឆ្នាំ​១៩៦៦​/​១៩៦៧ រួច​មក​ទៅ​ធ្វើការ​នៅ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី ។ ឆ្នាំ​១៩៧០ ចូល​ធ្វើ​ជា​ទាហាន​ហើយ​គេ​ឲ្យ​ទៅ​ហាត់​នៅ​កំបូល​រួចមក​បញ្ជូន​ទៅ​ខេត្ត​កំពង់ឆ្នាំង​ទៀត...»

លោកស្រី គឹម ណាតស៊ីម រៀបការ​នៅ​ឆ្នាំ​១៩៧២ មាន​កូន​ចំនួន​៤​នាក់ ស្រី​២ ប្រុស​២ ។ កូន​ស្រី​ទាំង​ពីរ​របស់​លោកស្រី​បាន​រៀបការ​ហើយ ។ កូន​ប្រុស​ច្បង​អាយុ​២៩​ឆ្នាំ​ពិការ និង​កូន​ប្រុស​ពៅ​អាយុ​១៨​ឆ្នាំ​កំពុង​នៅ​រៀន ។

នៅ​ក្នុង​របប​ខ្មែរក្រហម​ដោយសារ​ស្វាមី​របស់​លោកស្រី​ដែល​ធ្វើ​ជា​មន្ត្រី​ខាង​រទេះភ្លើង មេដឹកនាំ​ខ្មែរ​ក្រហម​មិន​បាន​ជម្លៀស​ចេញ​ពី​ក្រុង​ទេ តែ​ទុក​ឲ្យ​ធ្វើការ​ជួយ​បង្រៀន​បុគ្គលិក​អយស្ម័យយាន​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ។

លោកស្រី គឹម ណាតស៊ីម បាន​បញ្ជាក់​ថា ៖ «នៅ​ជំនាន់​ប៉ុលពត​គឺ​ខ្ញុំ​មាន​សំណាង​ជាង​គេ​ដោយសារ​ខ្ញុំ​ជា​កម្មករ​រទេះភ្លើង​គេ​ទុក្ខ​ជា​កម្មករ ។ ប្ដី​របស់ខ្ញុំ​គាត់​ធ្វើការ​នៅ​រទេះភ្លើង អ៊ីចឹង​ពេល​ដែល​ប៉ុល​ពត​ចូល​មក​មន្ត្រី​រទេះភ្លើង​ទាំងអស់ ប៉ុល​ពត​បាន​ដាក់​ទុក​ជា​កម្មករ​សហជីព អ៊ីចឹង​គេ​អត់​ជម្លៀស​ទេ គេ​ឲ្យ​រស់​នៅ​ភ្នំពេញ​២​ឆ្នាំ បន្ទាប់មក​គេ​ឲ្យ​រស់នៅ​បាត់ដំបង បន្ទាប់​មក​គេ​ឲ្យ​នៅ​កំពង់ស្ពឺ គេ​គិតតែ​ពី​ជម្លៀស​ដើម្បី​យក​ទៅ​ធ្វើស្ពាន ។ គេ​យក​កម្មករ​ចាស់​ទៅ​បង្រៀន​ពួក​ក្មេងៗ​ប៉ុល​ពត​ហ្នឹង​ឲ្យ​ធ្វើ​ផ្លូវ​ធ្វើ​អី»

ទាក់ទង​នឹង​សំណួរ​ដែល​ចង់​ដឹង​អំពី​គម្រោង​ទៅ​ថ្ងៃ​អនាគត លោកស្រី គឹម ណាតស៊ីម បាន​មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​នៅតែ​បន្ត​សកម្មភាព​លុះណាតែ​បាន​ជោគជ័យ​ថ្វីត្បិត​តែ​ខ្ញុំ​អាយុ​ប៉ុណ្ណឹង​មែន ប៉ុន្តែ​សុខភាព​ខ្ញុំ​នៅ​ល្អ​ខ្ញុំ​នៅតែ​បន្ត​ការតស៊ូ ជាពិសេស​ចូលរួម​ជាមួយ​នឹង​គណបក្ស​សមរង្ស៊ី លុះណា​តែ​ខ្ញុំ​ដូច​ថា​បាន​ជោគជ័យ​ហើយ ទាល់តែ​ខ្ញុំ​ចាស់​ទៅ​ខ្ញុំ​មិន​ចូល​គណបក្ស​ខ្ញុំ​នៅ​ផ្ទះ​រកស៊ី​មុខរបរ​អី​ផ្សេងៗ​ទៅ​តាម​កម្លាំង​របស់​ខ្ញុំ» ។

សូម​រំឭក​ជូន​ថា​ចំនួន​បេក្ខនារី​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​នយោបាយ​នានា​ដែល​ចូលរូម​ប្រកួត​ប្រជែង​ក្នុង​ការបោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៤​នេះ មាន​តែ​១៩%​ប៉ុណ្ណោះ ហើយ​បើ​ប្រៀបធៀប​ការបោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៣ នៅ​ឆ្នាំ​២០០៣ គឺ​មាន​បេក្ខនារី​តំណាងរាស្រ្ត​ដល់​ទៅ​ចំនួន​២៨% ។ ហើយ​ក្នុង​បញ្ជី​ផ្លូវការ​នៃ​គ.ជ.ប.​បេក្ខភាព​តំណាងរាស្ត្រ​របស់​គណបក្ស​សមរង្ស៊ី​សរុប​មាន​១២៣​នាក់ ក្នុង​នោះ​បុរស​១០៦​នាក់​និង​ស្រ្តី​១៧​នាក់ ៕

អត្ថបទ​ដែល​ទាក់ទង

សារសំខាន់​នៃ​ការ​ពិភាក្សា​ស្តី​ពី​សុខភាព​ផ្លូវ​ភេទ​រវាង​មាតា​បិតា​និង​កូន

គន្លឹះ​ជា​មូលដ្ឋាន​សំខាន់​បី​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​ផ្លូវ​ភេទ

តើ​ស្វាមី​ភរិយា​គួរ​ប្រតិបត្តិ​ដូចម្តេច​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ផ្លូវភេទ​មាន​លក្ខណៈ​ល្អ​ប្រសើរ?

ស្ត្រី​ជា​ភរិយា​ឬ​យុវនារី​ខ្មែរ​គួរ​យល់​ដឹង​អំពី​សុខភាព​ផ្លូវភេទ​ដែរ​ឬ​ទេ?

អ្វី​ទៅ​ដែល​ហៅ​ថា​សុខភាព​ផ្លូវ​ភេទ​?

តំណាង​រាស្ត្រ​ស្ត្រី​សម្រាប់​អាណត្តិ​ទី​៤​នេះ​កើន​ឡើង​ច្រើន​ជាង​អាណត្តិ​មុន

សម្ភាស​បេក្ខនារី​តំណាងរាស្ត្រ​បក្ស​ប្រជាជន​នៅ​មណ្ឌល​ខេត្ត​កណ្តាល

បទសម្ភាសន៍​ជាមួយ​បេក្ខនារី​តំណាងរាស្ត្រ​នៃ​បក្ស​សមរង្ស៊ី (ភាគ២)

បទសម្ភាសន៍​ជាមួយ​បេក្ខនារី​តំណាងរាស្ត្រ​នៃ​បក្ស​សមរង្ស៊ី (ភាគ១)