ជីវិត​តស៊ូ​ការពារ​ដី​របស់​ស្ត្រី​ក្នុង​គ្រួសារ​មួយ​នៅ​ខេត្ត​ព្រះវិហារ

ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​មួយ​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ រវាង​ពលរដ្ឋ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ១០​ឆ្នាំ​មក​ហើយ នៅ​តែ​មិន​អាច​បញ្ចប់​បាន បើ​ទោះ​បី​ជា​ពលរដ្ឋ​បាន​នាំគ្នា​ទៅ​តវ៉ា​ជាច្រើន​លើក​ច្រើន​សារ សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ដោយ។

0:00 / 0:00

ក្នុង​ចំណោម​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី គ្រួសារ​មួយ​ត្រូវ​បាត់​បង់​អស់​ភាព​ជួប​ជុំ ភាព​រីករាយ ដែល​ជា​សុភមង្គល​ស្ទើរ​ទាំង​ស្រុង។ ចំណែក​ស្ត្រី​ជា​ម្ដាយ​ក្នុង​គ្រួសារ​នេះ ក៏​ត្រូវ​ពិការ​ដោយសារ​តែ​ការ​ទាមទារ​យុត្តិធម៌ និង​ដី​ធ្លី​នោះ​ទៀត។

ក្នុង​វ័យ ៤២​ឆ្នាំ ស្ត្រី ឃីម ខុន ស្ថិត​ក្នុង​ពិការ​ភាព បាន​លើក​ដៃ​សំពះ​អង្វរ​អំពាវនាវ​រក​យុត្តិធម៌​សម្រាប់​ជីវិត​លោកស្រី និង​ក្រុម​គ្រួសារ​ដែល​បាន​តស៊ូ​ស្ទើរ​លះ​បង់​ជីវិត ដើម្បី​ការពារ​ផ្ទះ និង​ដីធ្លី។ សម្រែក​អំពាវនាវ​របស់​ស្ត្រី​ពិការ ឃឹម ខុន បាន​បន្លឺ​ឡើង​ពី​ទីតាំង​ជួប​ប្រជុំ​របស់​អ្នក​ភូមិ នៅ​ក្រោម​ដើម​ពោធិ៍​ខាង​មុខ​វត្ត​បទុមវតី ក្នុង​រាជធានី​ភ្នំពេញ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ឡើយ​ពី​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្ថិត​នៅ​ក្បែរ​វិមាន​ឯករាជ្យ។

បច្ចុប្បន្ន ឃីម ខុន រស់នៅ​ក្នុង​ភូមិ​ស្រអែម​ខាង​ត្បូង ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។ លោកស្រី​ជា​ម្ដាយ​របស់​កូន ៥​នាក់។ លោកស្រី​រំលឹក​ទាំង​ទឹក​ភ្នែក​ថា កូនៗ​ចំនួន ៤​នាក់ បាន​សម្រេច​ចាក​ចោល​ផ្ទះ​ទៅ​រក​ការងារ​ធ្វើ​ក្នុង​ទឹក​ដី​ថៃ នៅ​ក្រោយ​ពេល​ដែល​ពួក​គេ​ត្រូវ​វាយ​ធ្វើ​បាប​ជា​ញឹកញយ ដោយសារ​តែ​ស៊ូ​ទ្រាំ​រស់នៅ​លើ​ដី ផ្ទះ​សម្បែង​ក្នុង​តំបន់​ដី​សម្បទាន​សង្គម​កិច្ច ដែល​គ្រប់គ្រង​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ។ បច្ចុប្បន្ន ប្ដី​លោកស្រី​ក៏​មាន​ជំងឺ​មិន​អាច​ប្រកប​ការងារ​ដូច​ធម្មតា​បាន​ឡើយ។

ស្ត្រី ឃីម ខុន រំលឹក​ទាំង​ទឹក​ភ្នែក​ថា កូន​ស្រី​របស់​គាត់​ក៏​មាន​ស្មារតី​មិន​ប្រក្រតី បន្ទាប់​ពី​ត្រូវ​អង្គរក្ស​លោក ប៉ែន លឹម ប្រធាន​អង្គការ​ស្រាវជ្រាវ​ទប់ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍ ចាប់​រំលោភ​ទាំង​នាង​ទើប​មាន​អាយុ ១៣​ឆ្នាំ។

ដើម្បី​ការពារ​ដី ផ្ទះ និង​ស្វែង​រក​យុត្តិធម៌​អោយ​កូន​ស្រី ឃីម ខុន ត្រូវ​គេ​វាយ​ធ្វើ​បាប​រហូត​ធ្លាក់​ខ្លួន​ពិការ។

លោកស្រី ឃីម ខុន បន្ត​ថា គ្រួសារ​របស់​លោកស្រី​ក៏​ដូច​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ផ្សេង​ទៀត បាន​នាំ​គ្នា​ទៅ​ទិញ​ដី​ទំហំ ៦០​ម៉ែត្រ​គុណ​នឹង ១០០​ម៉ែត្រ ក្នុង​តម្លៃ ៦.០០០​ដុល្លារ ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ ដែល​អះអាង​ថា ទទួល​បាន​ដី​សម្បទាន​សង្គម​កិច្ច​ពី​រដ្ឋាភិបាល កាល​ពី​ឆ្នាំ​២០០៦។ លោកស្រី​សង្ឃឹម​ថា ទិញ​ដី​នៅ​ទី​នោះ​នឹង​មាន​ទី​ស្នាក់​អាស្រ័យ និង​មាន​ដី​ចម្ការ​សម្រាប់​ចិញ្ចឹម​ជីវិត និង​គ្រួសារ។ ប៉ុន្តែ អ្វីៗ​បាន​ប្រែប្រួល​អស់​ដ្បិត​ទី​នោះ​បាន​ធ្វើ​អោយ​គ្រួសារ​លោកស្រី​ជួប​ហេតុការណ៍​អាក្រក់​ក្នុង​ជីវិត​ទៅ​វិញ។

មិន​ខុស​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​ផ្សេង​ទៀត​ឡើយ លោកស្រី ឃីម ខុន បាន​ចោទ​ប្រកាន់​លោក ប៉ែន លឹម ប្រធាន​អង្គការ​ស្រាវជ្រាវ​ទប់ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍ ថា​បាន​ធ្វើ​ទុក្ខបុកម្នេញ ដើម្បី​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​ភូមិ និង​ដី​ចម្ការ​ដែល​បាន​ទិញ​ពី​អង្គការ​នេះ។ លោក ប៉ែន លឹម ត្រូវ​គេ​ដឹង​ថា បាន​ទទួល​ដី​សម្បទាន​សង្គម​កិច្ច​ទំហំ ៥៧៧​ហិកតារ ពី​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០០៧ ហើយ​ពលរដ្ឋ​អះអាង​ថា ជម្លោះ​ដី​ធ្លី​នៅ​ទី​នោះ​កើត​ឡើង​ដោយសារ​ការ​ទន្ទ្រាន​យក​ដី​អ្នក​ភូមិ​ចាស់ និង​ការ​លក់​ដី​បន្ត​បន្ទាប់​អោយ​ម្ចាស់​ផ្សេងៗ​គ្នា​លើ​ដី​តែ​មួយ។

ស្ត្រី​ពិការ ឃីម ខុន មក​ពី​ភូមិ​ស្រអែម​ខាង​ត្បូង ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ចូលរួម​តវ៉ា​នៅ​ខាង​មុខ​វត្ត​បទុមវតី សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយ​បញ្ហា​ដីធ្លី កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៣។
ស្ត្រី​ពិការ ឃីម ខុន មក​ពី​ភូមិ​ស្រអែម​ខាង​ត្បូង ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ចូលរួម​តវ៉ា​នៅ​ខាង​មុខ​វត្ត​បទុមវតី សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយ​បញ្ហា​ដីធ្លី កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៣។ (RFA/Sochivy)

សម្រាប់​ជីវិត​ស្ត្រី ឃីម ខុន នាង​ធ្លាប់​ជា​ក្មេង​កំព្រា​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ក្នុង​ក្រុង​ព្រះសីហនុ។ នាង​មិន​ធ្លាប់​ស្គាល់​ភាព​កក់​ក្ដៅ​ក្នុង​គ្រួសារ​ម្ដង​ណា​ឡើយ។ ពេល​ពេញ​វ័យ ឃីម ខុន បាន​រៀប​ការ​នឹង​បុរស​វ័យ​ចំណាស់​ម្នាក់ និង​បាន​ចាក​ចេញ​ពី​មណ្ឌល​កុមារ​កំព្រា។ នារី​អភ័ព្វ ឃីម ខុន បាន​ជួប​ការ​លំបាក​ម្ដង​ទៀត នៅ​ពេល​នាង​មាន​កូន​ទី៥ គឺ​ពេល​នោះ​ប្ដី​បាន​ស្លាប់​ចោល។ នាង​បាន​តស៊ូ​ចិញ្ចឹម​កូន និង​បាន​រៀប​ការ​ម្ដង​ទៀត។ ក្រោយ​ពេល​រៀប​ការ គ្រួសារ​នេះ​បាន​ប្រមែប្រមូល​ប្រាក់​កាស ទៅ​ទិញ​ដី​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត ក្នុង​ខេត្ត​ព្រះវិហារ ជា​ទី​ដែល​ជីវិត​នាង​កាន់​តែ​ធ្លាក់​ដុនដាប។

បើ​ទោះ​ជា​មាន​ការ​លំបាក​យ៉ាង​ណា លោកស្រី​សុំ​អោយ​តែ​មាន​ដំណោះស្រាយ ដើម្បី​អោយ​គ្រួសារ​លោកស្រី​បាន​រស់​ជួប​ជុំ​កូន​ប្រុស​ស្រី និង​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ទៅ​តាម​ធនធាន​ដែល​គាត់​មាន។

លោក ស ឈុនលឹម ហៅ ប៉ែន លឹម ជា​អតីត​ទីប្រឹក្សា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម ធ្លាប់​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្ដន្ទាទោស​កាល​ពី​ចុង​ឆ្នាំ​២០១២ ចំពោះ​បញ្ហា​ជម្លោះ​ដីធ្លី។

យ៉ាង​ណា​ក៏ដោយ សំណុំ​រឿង​ដីធ្លី​នេះ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​រហូត​មក​ដល់​ពេល​នេះ។ ចំណែក​គ្រួសារ​លោកស្រី ឃីម ខុន ដែល​កំពុង​រស់​នៅ​ពោរពេញ​ដោយ​ទុក្ខសោក នៅ​តែ​ដង្ហោយ​ហៅ​យុត្តិធម៌។ លោកស្រី ឃីម ខុន នៅ​តែ​ដាក់​ក្ដី​រំពឹង​ចុង​ក្រោយ​របស់​លោកស្រី​ទៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី ដែល​លោកស្រី​ចាត់​ទុក​ថា​មាន​ឥទ្ធិពល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។