នៅខាងក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង មន្ត្រីនគរបាល និងកងរាជអាវុធហត្ថប្រមាណ ១០នាក់ ត្រូវដាក់ពង្រាយការពារសុវត្ថិភាពនៅពេលបើកសវនាការសំណុំរឿងបាញ់កម្មករ ៣នាក់ នៅក្រុងបាវិត។ នៅឆ្ងាយពីសមត្ថកិច្ចទាំងនោះ នារីវ័យក្មេងបីនាក់បានអង្គុយលើបង់រួមតែមួយ ភ្នែកសម្លឹងទៅរកបន្ទប់សវនាការ ហាក់ទន្ទឹងរង់ចាំអ្វីម្យ៉ាង។ ពួកគេ គឺជាជនរងគ្រោះនៃការបាញ់ប្រហារ ដែលសង្ស័យថាបានបង្កដោយអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត។
កែវ នា ដែលពេលនេះមានអាយុ ២១ឆ្នាំ បានអោយដឹងថា ប្រសិនបើយុត្តិធម៌មានមែននោះ អ្នកដៃដល់បាញ់ពួកនាងអោយរបួសពិតប្រាកដ នឹងត្រូវវែកមុខ ហើយត្រូវនាំមកដាក់ទោសទណ្ឌ។
កម្មការិនីទាំង ៣នាក់ នៃរោងចក្រកៅវ៉េ ឈ្មោះ កែវ នា ប៊ុន ចិន្ដា និង នុត សាខន បានដាក់ពាក្យប្ដឹងអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា និងទាមទារសំណង។ ក្នុងនោះ កែវ នា និង នុត សាខន ទាមទារសំណងជាប្រាក់ចំនួន ៤ម៉ឺន ៥ពាន់ដុល្លារ ចំណែក ប៊ុន ចិន្ដា ដែលរបួសធ្ងន់ជាងគេ បានទាមទារសំណងចំនួន ៥ម៉ឺនដុល្លារ។
សាលាដំបូងខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃសុក្រ ទី១៤ ខែមិថុនា បានបញ្ចប់សវនាការសំណុំរឿងបាញ់កម្មកររោងចក្រកៅវ៉េ អោយរងរបួស បន្ទាប់ពីបានដេញដោលសាកសួរអ្នកពាក់ព័ន្ធអស់រយៈពេល ៣ថ្ងៃពេញ។
យ៉ាងណា រឿងក្ដីនេះមានជនជាប់ចោទពីរនាក់ គឺអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត និងនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោក សរ ចន្ថា។ ពួកគេត្រូវតុលាការចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនា។
កម្មការិនី ប៊ុន ចិន្ដា បានអះអាងនៅមុខចៅក្រមជំនុំជម្រះថា នាងនៅតែរក្សាជំហរប្ដឹងលោក ឈូក បណ្ឌិត ដ្បិតនាងនៅតែយល់ថា អ្នកដៃដល់ គឺមានតែម្នាក់។ ប៊ុន ចិន្ដា ក៏មិនខុសពីកម្មការិនី ២នាក់ទៀតដែរ គឺធ្លាប់មានមនុស្សទៅចរចាផ្ដល់ប្រាក់អោយឈប់ប្ដឹងផ្ដល់។
នៅក្នុងបាតុកម្មរបស់កម្មករនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ កម្មការិនីបីនាក់ត្រូវបាញ់អោយរបួសនៅពេលសមត្ថកិច្ចចុះបង្ក្រាប។ ក្នុងនោះ នាង ប៊ុន ចិន្តា របួសខាងលើដោះឆ្វេងធ្លាយទៅខាងក្រោមភ្លៀក។ កែវ នា របួសដៃ និង នុត សាខន របួសខ្នង។ ពិតមែនថារបួសបានជាសះស្បើយ ប៉ុន្តែការឈឺចាប់នៅកើតមាននៅឡើយនៅលើមុខរបួសចាស់។
កម្មការិនី ប៊ុន ចិន្ដា បានអោយដឹងថា មុខរបួសបានធ្វើទុក្ខស្ទើររាល់ថ្ងៃ ដែលមិនអាចអោយនាងបំពេញការងារបានជាប់លាប់ដូចពេលមុនឡើយ។ ម្យ៉ាង ដើម្បីតស៊ូរឿងក្ដីនេះ នាងបានសុំច្បាប់រោងចក្រជាច្រើនលើកច្រើនសារ ដែលជាទូទៅត្រូវកាត់ប្រាក់រង្វាន់។
ចំណែកកម្មការិនី នុត សាខន ដែលគិតត្រឹមថ្ងៃសវនាការ នាងទើបសម្រាលកូនបាន ២១ថ្ងៃប៉ុណ្ណោះ ប៉ុន្តែនាងនៅតែស៊ូទ្រាំមកចូលរួមក្នុងសវនាការដែលនាងសង្ឃឹមទុកថានឹងអាចផ្ដល់យុត្តិធម៌ត្រឹមត្រូវដល់រូបនាង។
យ៉ាងនេះក្ដី ពួកគេអះអាងថា ការទន្ទឹងរង់ចាំយុត្តិធម៌រឹតតែធ្វើអោយពួកគេឈឺចាប់មួយកម្រិតទៀត។ ចំណែកនាយកផ្នែកសង្វាក់ផ្គត់ផ្គង់សុវត្ថិភាពនៃក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ពូម៉ា (Puma) និងជាក្រុមហ៊ុនទិញសម្លៀកបំពាក់ពីរោងចក្រកៅវ៉េ លោក រ៉ែននើ ហេងម៉ាន់ (Reiner Hengstmann) បានអះអាងដែរថា នឹងបន្តតាមដានការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងសំណុំរឿងនេះ។
សាលាដំបូងខេត្តស្វាយរៀង បានកំណត់ថានឹងប្រកាសសាលក្រមអោយដឹងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា។
ពិតមែនថាមានពន្លឺយុត្តិធម៌ ក៏យុត្តិធម៌នោះមិនដឹងថាត្រឹមត្រូវ ឬពិតប្រាកដយ៉ាងណា? ពួកគេដែលជាជនរងគ្រោះ តែងចោទសួរថា តើលោក ឈូក បណ្ឌិត ដែលជាជនសង្ស័យនោះ នឹងត្រូវផ្ដន្ទាទោសឬទេ? ចំពោះអ្នកដែលតាមដានសវនាការ បានលើកឡើងថា លោក ឈូក បណ្ឌិត គឺជាមនុស្សតែម្នាក់គត់ដែលត្រូវទទួលខុសត្រូវចំពោះការបាញ់ប្រហារក្រុមកម្មករ។
ប្រធានផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា តាមសម្ដីសាក្សីក្នុងសវនាការ ចង្អុលបង្ហាញថា គឺលោក ឈូក បណ្ឌិត មានចេតនាគួរតែត្រូវឃាត់ខ្លួន និងត្រូវចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា។
សំណុំរឿងបាញ់កម្មករនៅក្រុងបាវិត មានសាក្សី ២០នាក់ ភាគច្រើន គឺជាមន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ។ សាក្សីចំនួន ១៩នាក់ ចូលទៅឆ្លើយក្នុងសវនាការ ក្នុងនោះមានសាក្សី ៣នាក់ បានអះអាងថា បានឃើញលោក សរ ចន្ថា ដែលជាជនជាប់ចោទម្នាក់ទៀត ជាប់ពាក់ព័ន្ធនឹងការបាញ់កម្មករ។ យ៉ាងណា ចម្លើយរបស់សាក្សីទាំងនោះហាក់មិនស៊ីសង្វាក់គ្នាទាំងពេលវេលា និងទីកន្លែង ដែលត្រូវមេធាវីទាំងជនរងគ្រោះ និងមេធាវីរបស់លោក សរ ចន្ថា ចាត់ទុកជាចម្លើយប្រឌិត។
ប្រធានអង្គជំនុំជម្រះ លោកចៅក្រម លាង សួស្តិ៍ បានអះអាងថា ចៅក្រមនឹងបំពេញភារកិច្ចដោយត្រឹមត្រូវ នៅពេលដែលត្រូវចោទសួរថា តើលោក ឈូក បណ្ឌិត មានឥទ្ធិពលមកលើតុលាការដែរឬទេ?
យ៉ាងនេះក្ដី គេនៅចាំថា សំណុំរឿងបាញ់កម្មកររោងចក្រកៅវ៉េ តុលាការខេត្តស្វាយរៀង ធ្លាប់បានទម្លាក់បទចោទចំពោះលោក ឈូក បណ្ឌិត ម្ដងរួចមកហើយ កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១២។ ប៉ុន្តែសាលាឧទ្ធរណ៍បានបញ្ជូនសំណុំរឿងមកឲ្យតុលាការខេត្តស្វាយរៀង កាត់សេចក្តីរឿងនេះឡើងវិញម្តងទៀត។ សវនាការលើកទី២ នេះ គ្មានវត្តមានជនជាប់ចោទលោក ឈូក បណ្ឌិត ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
