សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ចេញផ្សាយរបាយការណ៍ថ្មីមួយសម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ២០១៥ ស្ដីពីស្ថានភាពសិទ្ធិស្ត្រី និងកុមារ។
សមាគមរកឃើញថា ស្ត្រី និងកុមារនៅតែជួបការរំលោភបំពានធ្ងន់ធ្ងរនៅឡើយ ក្នុងផ្នែកអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ និងអំពើជួញដូរ។
នៅក្នុងរបាយការណ៍របស់អាដហុក បង្ហាញថា ទាំងករណីអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ និងការជួញដូរស្ត្រី និងកុមារបានកើនឡើងក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៥ នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤។
ក្នុងរបាយការណ៍កម្រាស់ ៥០ទំព័រនោះ អាដហុកបញ្ជាក់ថា ករណីអំពើហិង្សាក្នុងគ្រួសារមានចំនួន ២២៤ករណី រីឯដើមឆ្នាំ២០១៤ ដែលមានត្រឹម ១៥០ករណី។ ស្របគ្នានេះបទល្មើសរំលោភសេពសន្ថវៈទៅលើស្ត្រី និងកុមារមាន ១៣១ករណី គឺបានកើនឡើង ៥១ករណី។ រីឯពលរដ្ឋកម្ពុជា ត្រូវបានគេជួញដូរកម្លាំងពលកម្ម និងផ្លូវភេទមានចំនួន ៩០ករណីក្នុងការជួញដូរ។
ប្រធានសមាគមអាដហុក លោក ធន សារាយ មានប្រសាសន៍ថា របាយការណ៍នេះផ្អែកលើបណ្ដឹងដែលអាដហុក ទទួលបានពីពលរដ្ឋរងគ្រោះ។ លោក ធន សារាយ បន្តថា មូលហេតុចម្បងនៃករណីអំពើហិង្សាលើស្ត្រី និងកុមារ ទាក់ទងជិតស្និទ្ធនឹងសីលធម៌រស់នៅក្នុងសង្គម៖ «»។
ក្នុងរបាយការណ៍អាដហុក ដដែលបានលំអិតបន្ថែមទៀតថា ករណីអំពើហិង្សាដែលធ្ងន់ធ្ងរគឺអំពើហិង្សាដែលឈានដល់ការកាប់សម្លាប់គ្នាក្នុងចំណោមសមាជិកគ្រួសារ។ ក្នុងចំណោម ១៥០ករណីនោះ មាន ១៧ករណីដែលជនរងគ្រោះត្រូវសម្លាប់ ហើយស្ថានភាពកាន់តែធ្ងន់ធ្ងរ និងពិបាកអោយអាជ្ញាធរជួយសង្គ្រោះ។ ចំណែកបទល្មើសរំលោភសេពសន្ថវៈវិញ បញ្ហានេះកើតលើកុមារអាយុក្រោម ៥ឆ្នាំ មាន ៥ករណី កុមារអាយុក្រោម ១០ឆ្នាំ មាន ៣២ករណី ក្មេងស្រីអាយុក្រោម ១៨ឆ្នាំ មានចំនួន ៦៣ករណី និងនារីអាយុ ១៨ឆ្នាំឡើង មានចំនួន ៣១ករណី។ បទល្មើសរំលោភសម្លាប់មានចំនួន ៣ករណី រំលោភបូក ៦ករណី និងរំលោភផ្លូវភេទលើជនពិការមាន ១៥ករណី។
របាយការណ៍ដដែលឲ្យដឹងទៀតថា រូបភាពជាច្រើននៃករណីនេះដូចជាឪពុករំលោភកូនស្រី ជីតារំលោភចៅស្រី និងបុរសដែលសេពគ្រឿងស្រវឹង ឬគ្រឿងញៀន។ ករណីរំលោភសេពសន្ថវៈនេះ ភាគច្រើនកើតមាននៅតាមទីជនបទ។
ចំណែកករណីជួញដូរត្រូវបែងចែកជាការជួញដូរពលកម្មក្នុងរូបភាពរៀបអាពាហ៍ពិពាហ៍មាន ១២ករណី និងការជួញដូរផ្លូវភេទមាន ៤ករណី ដែលបានកើតឡើងលើជនរងគ្រោះសរុប ៤៣៨នាក់ ក្នុងនោះមានស្ត្រី ១៥២នាក់។
លោក ធន សារាយ បន្តថា នៅមានបញ្ហាមួយចំនួនដែលជាឧបសគ្គក្នុងការកាត់បន្ថយករណីអំពើហិង្សាទាំងនេះ ក្នុងនោះរួមទាំងសកម្មភាពក្នុងការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច៖ «»។
យ៉ាងណា លោក ធន សារាយ បានថ្លែងសរសើរចំពោះរដ្ឋាភិបាលដែលបានជួយរំដោះក្រុមស្ត្រីខ្មែរ ដែលត្រូវជួញដូរទៅប្រទេសចិន និងនាំពួកគេទៅកន្លែងមានសុវត្ថិភាព។ ប៉ុន្តែក៏បានរិះគន់ថា អាជ្ញាធរកម្ពុជា ពុំទាន់មានយន្តការជួយដល់ពលករចំណាកស្រុកឲ្យបានទាន់ពេលវេលានៅឡើយទេ នៅពេលដែលក្រុមហ៊ុនបញ្ជូនពលករខុសច្បាប់មួយចំនួន ច្រើនពាក់ព័ន្ធនឹងបុគ្គលមានអំណាច។
ទាក់ទងដល់ករណីអំពើហិង្សាលើស្ត្រី និងកុមារនេះ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី បានបង្កើតអោយមានបទដ្ឋានច្បាប់មួយចំនួន ដែលរំពឹងថា នឹងអាចកាត់បន្ថយបញ្ហានេះ។
រដ្ឋមន្ត្រីកិច្ចការនារី អ្នកស្រី អ៊ឹង កន្ថាផាវី ធ្លាប់មានប្រសាសន៍នៅក្រោយពេលរដ្ឋាភិបាលអនុម័តទទួលស្គាល់ផែនការជាតិទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារថា បញ្ហាអំពើហិង្សា គឺអាទិភាពទី២ ដែលត្រូវដោះស្រាយ៖ «»។
ទាក់ទិននឹងអំពើជួញដូរ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា ស្ថាប័នជំនាញកំពុងកែសម្រួលការងារមួយចំនួន ដែលរំពឹងថា នឹងជួយអោយកម្ពុជា ទទួលបានលទ្ធផលល្អក្នុងប្រយុទ្ធប្រឆាំងអំពើនេះ៖ «»។
របាយការណ៍ប្រចាំឆ្នាំ២០១៥ ចេញផ្សាយកាលពីខែកក្កដា របស់សហរដ្ឋអាមេរិក ស្ដីពីការជួញដូរមនុស្ស បានបន្តចាត់ថ្នាក់កម្ពុជា អោយឋិតនៅជួរទី២ នៃការឃ្លាំមើលក្នុងការប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលមានន័យថា ជាប្រទេសដែលមិនទាន់គោរពតាមបទដ្ឋានជាមូលដ្ឋាននៃកិច្ចការពារជនរងគ្រោះដោយការជួញដូរ។ គ្រប់ខេត្តក្រុងទាំងអស់របស់កម្ពុជា ជាមូលដ្ឋាននៃអំពើជួញដូរមនុស្ស។
ចំណែកអំពើជួញដូរផ្លូវភេទក៏មានទំហំធំដែរ ប៉ុន្តែត្រូវគេដឹងថា ធ្វើដោយស្ងាត់កំបាំងខុសនឹងច្បាប់។ ក្នុងរបាយការណ៍នោះក៏បានជំរុញអោយរដ្ឋាភិបាលអនុវត្តផែនការជាតិ ដោយកំណត់ភាពរងគ្រោះរបស់ពលរដ្ឋ និងផ្ដល់សេវាកម្មជួយសង្គ្រោះ ត្រូវផ្ដន្ទាទោសអ្នកប្រព្រឹត្តបទល្មើសជួញដូរមនុស្ស តាមការពង្រឹងការអនុវត្តច្បាប់ និងត្រូវផ្ដល់ថវិកាអោយគ្រប់គ្រាន់ក្នុងការអនុវត្តផែនការជាតិ។
ទាក់ទងនឹងបញ្ហាអំពើរំលោភសេពសន្ថវៈ សមាគមអាដហុក ជំរុញអោយក្រសួងមហាផ្ទៃ ពង្រឹងការអនុវត្តច្បាប់ ដាក់ទោសចំពោះមន្ត្រីដែលមិនអនុវត្តតាមតួនាទី និងមានការរើសអើងជាដើម។ ចំណែកក្រសួងព័ត៌មាន គួរបង្កើនការផ្សព្វផ្សាយលើកកម្ពស់សីលធម៌សង្គម នៅតាមវិទ្យុ និងទូរទស្សន៍ និងត្រួតពិនិត្យឲ្យបានតឹងរ៉ឹងចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងរូបភាពអាសអាភាសតាមប្រព័ន្ធអ៊ីនធឺណិត (Internet) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
