ការ​ទាមទារ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​លោកស្រី យ៉ោម បុប្ផា

សកម្មជន​តវ៉ា​រឿង​ដីធ្លី​នៅ​តំបន់​បឹងកក់ លោកស្រី យ៉ោម បុប្ផា បាន​ជាប់​ពន្ធនាគារ​រយៈពេល ២៦១​ថ្ងៃ​ហើយ គិត​ត្រឹម​ថ្ងៃ​ទី២៣ ខែ​ឧសភា។ ក្នុង​រយៈពេល​នេះ ស្ទើរ​រៀង​រាល់​ថ្ងៃ អ្នក​បឹងកក់ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​មេផ្ទះ បាន​តវ៉ា​ទៅ​តាម​ស្ថាប័ន​ជាតិ អន្តរជាតិ​ពាក់ព័ន្ធ​មួយ​ចំនួន ដើម្បី​សុំ​អន្តរាគមន៍​ដោះលែង​លោកស្រី​អោយ​មាន​សេរីភាព​វិញ។

0:00 / 0:00

ការ​ទាមទារ​នេះ ដោយ​សំអាង​ថា នាង​ពុំ​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ យុទ្ធនាការ​ទាមទារ​ដោះលែង​លោកស្រី យ៉ោម បុប្ផា កំពុង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ ជា​ពិសេស​ស្ថាប័ន​ការពារ​សិទ្ធិ​មនុស្ស និង​ជំរុញ​ដំណើរ​ការ​ប្រជាធិបតេយ្យ។

«សំឡេង​ទាមទារ​ដោះលែង យ៉ោម បុប្ផា»

សម្រែក​ទាមទារ​អោយ​ដោះលែង​លោកស្រី យ៉ោម បុប្ផា បាន​ជំរុញ​អោយ​អង្គការ​ជាតិ និង​អន្តរជាតិ​ប្រមាណ​១០០ មក​ពី ៤០​ប្រទេស​ក្នុង​ពិភពលោក បាន​គាំទ្រ​ញត្តិ​ដែល​មាន​ខ្លឹមសារ​ទាមទារ​សេរីភាព​ដល់​សកម្មជន​ការពារ​សិទ្ធិ​ដី​ធ្លី​រូប​នេះ ដោយ​សំអាង​ថា នាង​គឺ​ជា​ស្ត្រី​មេ​ផ្ទះ​មាន​ទោស​ដោយសារ​ការពារ​សិទ្ធិ​ដីធ្លី។

ញត្តិ​ទាំង​នោះ ត្រូវ​តំណាង​សកម្មជន​ជាតិ និង​អន្តរជាតិ​ខាង​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ប្រគល់​អោយ​តំណាង​សហគមន៍​បឹងកក់ ដើម្បី​ផ្ញើ​ជូន​ស្ថាប័ន​ពាក់ព័ន្ធ រួម​មាន​រដ្ឋសភា ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ក្រសួង​ការ​បរទេស។

តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចុះ​ហត្ថលេខា​គាំទ្រ​អោយ​ដោះលែង​លោកស្រី យ៉ោម បុប្ផា និង​ជា​លេខាធិការ​ប្រតិបត្តិ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សួន ប៊ុនសក្តិ មាន​ប្រសាសន៍​ថា អ្នក​ដែល​បាន​ចុះ​ហត្ថលេខា​គាំទ្រ​ញត្តិ ចាត់​ទុក​ភាព​ក្លាហាន​ក្នុង​ការ​ងើប​ឡើង​តស៊ូ​ការពារ​សិទ្ធិ គឺ​ជា​គំរូ​ល្អ​មួយ​សម្រាប់​ពលរដ្ឋ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។

ញត្តិ​ដែល​ក្រុម​អ្នក​គាំទ្រ​បាន​ចុះ​ហត្ថលេខា​នោះ បាន​សរសេរ​ថា សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​ពាសពេញ​ពិភពលោក អំពាវនាវ​អោយ​ដោះលែង​លោកស្រី យ៉ោម បុប្ផា ដែល​ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ។ ពួក​គេ​នឹង​គាំទ្រ​កម្ពុជា ក្នុង​ការ​តតាំង​ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

ស្រប​ពេល​នេះ អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​ចាត់​ទុក​លោកស្រី យ៉ោម បុប្ផា ថា​ជា​អ្នក​ទោស​មនសិការ និង​គ្រាន់​តែ​ជា​ស្ត្រី​មេ​ផ្ទះ​តតាំង​ដើម្បី​ការពារ​ផ្ទះ​សម្បែង​ដីធ្លី។

បុគ្គលិក​ជាន់​ខ្ពស់​នៃ​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន កញ្ញា ឡុង គឹមហ៊ាង មាន​ប្រសាសន៍​ថា ប្រសិន​បើ​ពុំ​មាន​ដំណោះស្រាយ​សម្រាប់​លោកស្រី យ៉ោម បុប្ផា ទេ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ នឹង​បន្ត​យុទ្ធនាការ​ថ្មី​មួយ​ទៀត។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ លោកស្រី យ៉ោម បុប្ឆា និង​ប្ដី​ឈ្មោះ លួស សាខន ត្រូវ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣​ឆ្នាំ និង​បង់​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ៦០​លាន​រៀល ក្រោម​ការ​ចោទ​ប្រកាន់​ប្រើ​ហិង្សា​ដោយ​ចេតនា ដែល​មាន​ស្ថាន​ទម្ងន់​ទោស ចំពោះ​ការ​វាយ​ទៅ​លើ​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់​ឲ្យ​រង​របួស។ បច្ចុប្បន្ន លោកស្រី យ៉ោម បុប្ផា កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ប៉េស៊ី (PJ) បន្ទាប់​ពី​បាន​ផ្លាស់​ចេញ​ពី​មណ្ឌល​អប់រំ​កែប្រែ​ទី២ ឬ​ហៅ​កាត់​ថា (ម២) ដោយសារ​ចង្អៀត​ខ្លាំង។

តំណាង​សហគមន៍ លោកស្រី ទេព វន្នី បាន​អរគុណ​ដល់​បណ្ដា​អង្គការ​ជាតិ និង​អន្តរជាតិ ដែល​គាំទ្រ​សកម្មភាព​តស៊ូ​មតិ​របស់​ស្ត្រី​មេ​ផ្ទះ​ក្នុង​តំបន់​បឹងកក់។

មិន​ខុស​គ្នា​នេះ​ដែរ ស្ត្រី​នៅ​បឹងកក់ លោកស្រី បូ ឆវី ចាត់​ទុក​ញត្តិ​គាំទ្រ​អោយ​ដោះលែង​លោកស្រី យ៉ោម បុប្ផា ថា​ជា​កម្លាំង​ជំរុញ​ទឹក​ចិត្ត​អោយ​ពួក​គាត់​កាន់​តែ​មាន​ការ​តស៊ូ​បន្ត​ទៀត។

សាលា​ឧទ្ធរណ៍​បាន​កំណត់​យក​ថ្ងៃ​ទី៥ ខែ​មិថុនា ខាង​មុខ ដើម្បី​បើក​សវនាការ​បណ្ដឹង​ទាស់​របស់​លោកស្រី យ៉ោម បុប្ផា។ អ្នក​បឹងកក់ បាន​គ្រោង​ទុក​ជា​មុន​ស្រេច​ហើយ​ថា នឹង​បន្ត​ការ​ទាមទារ ដើម្បី​សេរីភាព​របស់​សកម្មជន​ដី​ធ្លី​រូប​នេះ។

តំណាង​អ្នក​បឹងកក់ ម្នាក់​ទៀត កញ្ញា សុង ស្រីលាភ មាន​ប្រសាសន៍​ថា នាង​ដឹង​ពី​ភាព​ឈឺ​ចាប់​របស់​លោកស្រី យ៉ោម បុប្ផា ដែល​ពុំ​បាន​ប្រព្រឹត្ត​កំហុស​សោះ ប៉ុន្តែ​បែរ​ជា​ត្រូវ​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌។ ស្រីលាភ បញ្ជាក់​ថា ការ​តស៊ូ​ដើម្បី​សេរីភាព​របស់​លោកស្រី យ៉ោម បុប្ផា គឺ​ជា​ការ​ចូលរួម​ដើម្បី​ជំរុញ​អោយ​តុលាការ​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​យុត្តិធម៌ ដល់​ពលរដ្ឋ​គ្រប់​គ្នា មិន​ថា​អ្នក​មាន​អ្នក​ក្រ ឬ​គ្មាន​អំណាច​អ្វី ក្នុង​ន័យ​ធានា​ថា តុលាការ​បាន​ឈរ​លើ​គោល​ការណ៍​ឯករាជ្យ។

លោកស្រី យ៉ោម បុប្ផា ដែល​គេ​ឃើញ​តវ៉ា​ដើម្បី​ប្រយោជន៍​សហគមន៍​បឹងកក់ គឺ​ជា​ម្ដាយ​របស់​កុមារ​អាយុ ៩​ឆ្នាំ​ម្នាក់ ដែល​ពេល​នេះ​ក៏​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ទាមទារ​ដោះលែង​ម្ដាយ​ខ្លួន​ដែរ។ កុមារា លួស លីហួរ បាន​អោយ​ដឹង​ថា រូប​គេ​ត្រូវ​ការ​ម្ដាយ​ថ្នាក់​ថ្នម និង​បាន​ស្នើ​អោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិចារណា​អន្តរាគមន៍​ផ្ដល់​សេរីភាព​ដល់​ម្ដាយ​របស់​គេ​ឡើង​វិញ ព្រោះ​គេ​ដឹង​ថា ម្ដាយ​របស់​គេ​ពុំ​មាន​កំហុស​ឡើយ។

យ៉ាង​ណា កាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា ដោយ​សំដៅ​ទៅ​លើ​ស្ត្រី​ម្នាក់​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ថា​ជា​ករណី​ដែល​មាន​ភាព «អយុត្តិធម៌» ចំពោះ​រដ្ឋាភិបាល។

លោក ហ៊ុន សែន បាន​ថ្លែង​ថា ស្ត្រី​នៅ​បឹងកក់ ម្នាក់​នោះ វាយ​គេ​សោះ ប៉ុន្តែ​ត្រូវ​បាន​ដាក់​ងារ​ជា​សកម្មជន​ដីធ្លី​នៅ​បឹងកក់ ទៅ​វិញ៖ «វា​ទៅ​ជា​រឿង​អយុត្តិធម៌​មក​លើ​រដ្ឋាភិបាល ឃើញ​ស្រី​បឹងកក់ ម្នាក់​នេះ ឃើញ​ព័ត៌មាន​ចុះ​ផ្សាយ ប៉ះ​ទង្គិច​ក្រុម​ម្ខាង​ទាមទារ​ដោះលែង​ស្រី​ហ្នឹង និង​ក្រុម​ម្ខាង​ទៀត​ទាមទារ​ឲ្យ​កាត់​ទោស​ស្រី​ហ្នឹង ក្រុម​ម្ខាង​ហ្នឹង គឺ​ក្រុម​ម៉ូតូ​ឌុប វាយ​គេ​ជាប់​ទោស​ព្រហ្មទណ្ឌ វា​ក្លាយ​ជា​សកម្មជន​ដីធ្លី វា​ទៅ​ជា​អ៊ីចេះ​ទៅ​រួច»

តាម​ចម្លើយ​របស់​លោក វ៉ាត ថៃសេង និង​លោក ង៉ែត ចិត្ត ដែល​អះអាង​ថា​ជា​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា បាន​និយាយ​ថា ក្រុម​គ្រួសារ​របស់​លោកស្រី យ៉ោម បុប្ផា មាន​ចេតនា​ចង់​សម្លាប់​ពួក​គាត់ ដោយ​ប្រើ​ពូថៅ និង​ទួរណឺវីស ដោយ​ចោទ​ប្រកាន់​ថា ពួក​គេ​បាន​លួច​កញ្ចប់​រថយន្ត​របស់​លោកស្រី យ៉ោម បុប្ផា។

ការ​ចោទ​ប្រកាន់​ទាំង​នោះ ត្រូវ​ទាត់​ចោល ដោយ​លោកស្រី បុប្ផា និង​ក្រុម​គ្រួសារ។

លោក លួស សាខន ប្ដី​លោកស្រី យ៉ោម បុប្ផា មាន​ប្រសាសន៍​ថា ប្រសិន​បើ​តុលាការ​យុត្តិធម៌​មែន អាច​ចុះ​ស៊ើប​អង្កេត​ដល់​កន្លែង នឹង​បាន​ដឹង​ការ​ពិត​ថា​ការ​ចោទ​ប្រកាន់​លើ​លោកស្រី យ៉ោម បុប្ផា គ្រាន់​តែ​ជា​ការ​បំភ្លៃ​ការ​ពិត ទម្លាក់​កំហុស​ដាក់​ក្រុម​គ្រួសារ​របស់​លោក​ប៉ុណ្ណោះ។

ទាំង​ក្រុម​គ្រួសារ​អ្នក​បឹងកក់ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល រំពឹង​ថា លោកស្រី យ៉ោម បុប្ផា នឹង​ត្រូវ​ដោះលែង​អោយ​មាន​សេរីភាព ដោយ​ចាត់​ទុក​ថា ដោះលែង​លោកស្រី យ៉ោម បុប្ផា គឺ​មាន​ន័យ​ថា​គោរព​សិទ្ធិ​ស្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។