រោគ​វិនិច្ឆ័យ​និង​វិធី​ព្យាបាល​លើ​រោគ​សញ្ញា​មួយ​ចំនួន​របស់​ស្រ្តី​ក្រោយ​អស់​រដូវ​ជា​អចិន្ត្រៃយ៍

ក្នុង​នាទី​ស្ត្រី​ខ្មែរ​នា​សប្តាហ៍​នេះ អ្នកស្រី ម៉ៅ សុធានី ដោយ​មាន​សហការ​ពី​វេជ្ជបណ្ឌិត​ជំនាញ សូម​រាយការណ៍​ជូន​ពិស្តារ​អំពី រោគ​វិនិច្ឆ័យ​និង​វិធី​ព្យាបាល​មួយ​ចំនួន ទាក់​ទង​នឹង​រោគ​សញ្ញា​របស់​ស្ត្រី​អស់​រដូវ​ជា​អចិន្ត្រៃយ៍។

0:00 / 0:00

ស្ត្រី​ដែល​មាន​អាយុ​ពាក់​កណ្តាល​មនុស្ស ពោល​គឺ​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង​ទៅ ជា​ទូទៅ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អំឡុង​ពេល​ដែល​ស្ត្រី​ងាយ​ទទួល​រង​នូវ​ភាព​តានតឹង​ច្រើន​ខាង​ផ្លូវ​ចិត្ត មាន​អារម្មណ៍​ធុញថប់ ពិបាក​ក្នុង​ខ្លួន មាន​ជំងឺ​តម្កាត់​យាយី​ជាច្រើន ដែល​កត្តា​ទាំង​អស់​នោះ គឺ​បណ្តាល​មក​ពី​ភាព​ប្រែប្រួល​ជា​ធម្មតា​នៃ​រូប​រាង​កាយ​និង​ផ្លូវ​ចិត្ត ក្រោយ​ដែល​ស្ត្រី​អស់​រដូវ​ជា​អចិន្ត្រៃយ៍។

ក្នុង​ទំព័រ​វ៉ឹបសាយថ៍​នៃ​ក្រសួង​សុខាភិបាល​ស.រ.អា ដែល​មាន​អាសយដ្ឋាន www.womenshealth.gov/menopause បាន​ឲ្យ​ដឹង​ថា វិធី​ព្យាបាល​នានា​ចំពោះ​ស្រ្តី​ដែល​អស់​រដូវ គឺ​មាន​ន័យ​ថា ជា​ការ​ស្វែង​រក​មធ្យោបាយ​ដើម្បី​កាត់​បន្ថយ​នូវ​រោគ​សញ្ញា​មួយ​ចំនួន ដូចជា​ក្តៅ​មុខ​ភាយៗ បែក​ញើស​ពេល​យប់ គេង​មិន​លក់ មាន​អារម្មណ៍​ឆាប់​ខឹង​មួម៉ៅ និង​ជា​ការ​រក​វិធី​ការពារ​នូវ​ជំងឺ​ជា​ច្រើន​ទៀត មាន​ជំងឺ​ពុក​ឆ្អឹង ជំងឺ​បេះដូង និង​ជំងឺ​មហារីក​ជាដើម។

លោកស្រី​វេជ្ជបណ្ឌិត អៀម មុន្នី ប្រធាន​ផ្នែក​សុខភាព​បន្ត​ពូជ នៃ​អង្គការ​សម្ព័ន្ធ​សុខភាព​កុមារ និង​សុខភាព​បន្ត​ពូជ ហៅ​កាត់​ថា អង្គការ​រ៉ាក់ឆា (RACHA) បាន​មាន​ប្រសាសន៍​អំពី​រោគ​សញ្ញា​មួយ​ចំនួន ដែល​ស្ត្រី​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្រ។

លោកស្រី​វេជ្ជបណ្ឌិត អៀម មុន្នី មាន​ប្រសាសន៍​ដូច្នេះ ៖ «ស្ត្រី​ដែល​អស់​រដូវ ត្រូវ​ជួប​គ្រូពេទ្យ បើសិនជា​មាន​រោគ​សញ្ញា​ដូចជា ឈឺ​សន្លាក់​ដៃ​ជើង ឈឺ​ចង្កេះ រោយ​ស្រពន់​ដៃ​ជើង ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ពុក​ឆ្អឹង ឬ​ជំងឺ​ផ្សេង ដូចជា​ជំងឺ​មហារីក​មាត់​ស្បូន ជំងឺ​ដុំ​ដោះ កុំ​ឲ្យ​ទុក​ដល់​ធ្ងន់ ពិបាក​ព្យាបាល»

លោកស្រី​វេជ្ជបណ្ឌិត វង ដាវី ប្រធាន​គ្លីនិក​សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា ហៅកាត់​ថា រ៉ាក់ (RHAC) បាន​មាន​ប្រសាសន៍​ថា ស្ត្រី​នៅ​ពេល​ជិត​អស់​រដូវ ឬ​ក្រោយ​អស់​រដូវ​រហូត គេ​ត្រូវ​តែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​តាម​ដាន​សុខភាព​របស់​ខ្លួន យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ឆ្នាំ​ម្តង។

លោកស្រី​វេជ្ជបណ្ឌិត វង ដាវី មាន​ប្រសាសន៍​ថា ៖ «តាមដាន​មើល​សម្ពាធ​ឈាម គេ​ស្រាវជ្រាវ​រក​មើល​ជាតិ​ខ្លាញ់​ក្នុង​ឈាម រក​មើល​វាស់​ឆ្អឹង ថា​តើ​មាន​ជំងឺ​ពុក​ឆ្អឹង ថត​ឆ្លុះ​ដោះ តាម​ដាន​ក្រែងលោ​មាន​ជំងឺ​មហារីក​ដោះ យើង​មាន​វិភាគ​រុក​រក​មើល​កោសិកា​មហារីក​នៅ​មាត់​ស្បូន មើល​ជាតិ​ស្ករ​ក្នុង​ឈាម ក្រែង​មាន​ទឹក​នោម​ផ្អែម ហើយ​ការ​ព្យាបាល​ទៅ​តាម​ជំងឺ​នីមួយៗ»

លោកស្រី​វេជ្ជបណ្ឌិត វង ដាវី ប្រធាន​គ្លីនិក​រ៉ាក់ មាន​ប្រសាសន៍​បន្ថែម​ថា ក្រោយ​ពិនិត្យ​រក​ឃើញ​រោគ​សញ្ញា​ណា​មួយ​ហើយ គ្រូពេទ្យ​នឹង​ពិភាក្សា​ពី​ជម្រើស​របស់​ស្ត្រី ក្នុង​ការ​ទទួល​ការ​ព្យាបាល​ដោយ​ផ្អែក​លើ​អាយុ លក្ខខណ្ឌ​សុខភាព​ទូទៅ និង​ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជា​ប្រចាំ​របស់​ស្ត្រី។

លោកស្រី​វេជ្ជបណ្ឌិត វង ដាវី មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «គ្រូពេទ្យ​គេ​អាច​ផ្តល់​ជា​ថ្នាំ​ខ្លះ​ព្យាបាល​ទៅ​តាម​រោគ​សញ្ញា​របស់​គាត់​ដែល​មាន​កើត​ឡើង។ មួយ​ទៀត គឺ​វិធី​ព្យាបាល​បង្ការ យើង​ត្រូវ​ជួប​គ្រូពេទ្យ បើ​សិន​ជា​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ។ មួយ​ទៀត​ត្រូវ​ពិនិត្យ​សុខភាព​យ៉ាង​ហោច​ណាស់ មើល​ស្បូន មើល​ឈាម មើល​ដោះ ហើយ​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ផ្តេសផ្តាស ព្រោះ​ថ្នាំ​ខ្លះ​វា​នាំ​ឲ្យ​មាន​ការ​រំខាន​ដល់​ការ​លូតលាស់​ឆ្អឹង»

ទាក់​ទង​នឹង​វិធី​ព្យាបាល​និង​ការពារ​ជំងឺ​ពុក​ឆ្អឹង ក្នុង​របាយការណ៍​របស់ Women's Healthcare Forum បាន​បង្ហាញ​ថា ស្ត្រី​អស់​រដូវ​ត្រូវ​ទទួល​ទាន​អាហារ​មាន​ជាតិ​កាល់ស្យូម​ឲ្យ​បាន​១៥០០​មីលីក្រាម និង​វីតាមិ D ឲ្យ​បាន​៤០០IU ក្នុង​មួយ​ថ្ងៃ តាម​រយៈ​ការ​ពិសា​ទឹក​ដោះ​គោ ទឹក​សណ្តែក ទឹក​ក្រូច ឬ​ការ​ប្រើ​ថ្នាំ។ ចំណែក​ឯ​ជំងឺ​បេះដូង​វិញ ដែល​គេ​សង្កេត​ឃើញ​ថា មាន​កើត​ឡើង​ច្រើន​ទៅ​លើ​ស្ត្រី​អស់​រដូវ និង​ជា​កត្តា​ចម្បង​នៃ​ការ​ស្លាប់​របស់​ស្ត្រី​នោះ។

ប្រភព​ដដែល​បន្ត​ថា ស្ត្រី​ត្រូវ​រក្សា​ទម្ងន់​ជា​ធម្មតា​កុំ​ឲ្យ​ធាត់​ខ្លាំង​ពេក ពិនិត្យ​សម្ពាធ​ឈាម​ឲ្យ​បាន​ទៀង​ទាត់ ពិនិត្យ​រក​មើល​ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ការ​ជក់​បារី ការ​ពិសា​ស្រា​ច្រើន ជៀសវាង​ការ​បរិភោគ​អាហារ​មាន​ជាតិ​ខ្លាញ់ កាត់​បន្ថយ​ជាតិ​កាហេ្វអ៊ីន និង​ធ្វើ​លំហាត់​ប្រាណ ដូចជា​ដើរ​ជា​ដើម ឲ្យ​បាន​កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​យ៉ាង​តិច​៥​ដង​ក្នុង​មួយ​សប្តាហ៍។

បន្ថែម​ពី​នេះ ស្ត្រី​ដែល​មាន​អារម្មណ៍​មួម៉ៅ​ខឹង​ច្រើន កើត​ទុក្ខ​ពិបាក​ចិត្ត ត្រូវ​ព្យាយាម​គេង​ឲ្យ​បាន​គ្រប់គ្រាន់ កុំ​នៅ​ស្ងៀម​អសកម្ម ជជែក​ជាមួយ​មិត្ត​ភក្ដិ ញាតិ​សន្តាន​ដែល​ខ្លួន​ទុក​ចិត្ត ប្រសិន​បើ​មាន​បញ្ហា​ណា​មួយ ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ និង​អ្នក​ផ្តល់​ដំបូន្មាន​ផ្នែក​ចិត្ត​សាស្ត្រ ដើម្បី​កាត់​បន្ថយ​បញ្ហា​ផ្លូវ​ចិត្ត​ទាំង​នោះ។

លោកស្រី​វេជ្ជបណ្ឌិត អៀម មុន្នី មាន​ប្រសាសន៍​ផ្តល់​ដំបូន្មាន​បន្ថែម​យ៉ាង​នេះ​ទៀត​ថា ៖ «ធ្វើ​ម៉ាស្សា​អាច​នៅ​ក្បាល មុខ ដៃ​ជើង​និង​ដង​ខ្លួន។ ត្រូវ​បរិភោគ​ចំណី​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់ មាន​បន្លែ ផ្លែ​ឈើ សាច់​ត្រី​ល្អ បន្ថយ​សាច់​ជ្រូក សាច់​គោ ហើយ​កុំ​បរិភោគ​ជាតិ​ខ្លាញ់​ច្រើន បន្ថែម​សាច់ ត្រូវ​ហូប​ពពួក​វីតាមីន​ឲ្យ​បាន​គ្រប់​មុខ មួយ​ទៀត​ដែល​ល្អ​នោះ កុំ​ពិបាក​ចិត្ត​ច្រើន​កុំ​គិត​ច្រើន ដើរ​លំហែ​កាយ​កំសាន្ត»

តាម​ការ​ស្រាវជ្រាវ​ក្នុង​ទំព័រ​វ៉ឹបសាយថ៍​ជា​ច្រើន​ទាក់​ទង​នឹងMenopause បាន​ឲ្យ​ដឹង​ថា ការ​អស់​រដូវ គឺ​ជា​ដំណើរការ​ធម្មជាតិ​នៃ​ការ​វិវត្ត​រូបរាង​កាយ​របស់​ស្ត្រី ហើយ​វិធី​ព្យាបាល​រោគ​សញ្ញា​ណា​មួយ​ទាក់​ទង​នឹង​ការ​អស់​រដូវ គឺ​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​នឹង​វិធី​ព្យាបាល​ជំងឺ​ផ្សេងៗ​ទៀត។ ស្ត្រី​ខ្លះ​រោគ​សញ្ញា​ដែល​មាន​ទាំង​នោះ ត្រូវ​បាត់​ទៅ​វិញ​ដោយ​មិន​ចាំ​បាច់​ព្យាបាល។ ប៉ុន្តែ​វេជ្ជបណ្ឌិត​ជំនាញ​រោគ​ស្រ្តី​បាន​ផ្តល់​ដំបូន្មាន​ថា ជា​ការ​ល្អ​បំផុត។ ស្ត្រី​បើ​សិន​ជា​ដឹង​ថា ខ្លួន​ជិត​អស់​រដូវ គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ តាម​រយៈ​វិធី​ធម្មជាតិ ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ និង​ការពារ​កុំ​ឲ្យ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ណា​មួយ​កើត​មាន​ឡើង៕