ការ​បរិភោគ​អាហារ​និង​ភាព​សកម្ម​របស់​ស្ត្រី​ដែល​ឈាន​ចូល​ដល់​ការ​អស់​រដូវ

ក្នុង​នាទី​ស្ត្រី​ខ្មែរ​នា​សប្តាហ៍​នេះ អ្នកស្រី ម៉ៅ សុធានី សូម​លើក​យក​ដំបូន្មាន​របស់​វេជ្ជបណ្ឌិត​ជំនាញ​ខាង​រោគ​ស្រ្តី​នៅ​ក្នុង​ប្រទេស​កម្ពុជា មក​ជម្រាប​ជូន​អំពី​ការ​ថែ​រក្សា​សុខភាព​របស់​ស្ត្រី​ក្រោយ​អស់​រដូវ​ជា​អចិន្ត្រៃយ៍។

0:00 / 0:00

ក្នុង​ទំព័រ​វ៉ឹប​សាយថ៍​នៃ​ក្រសួង​សុខាភិបាល​សហរដ្ឋអាមេរិក ដែល​មាន​អាសយដ្ឋាន www.womenshealth.gov/menopause បាន​ឲ្យ​ដឹង​ថា ការ​បរិភោគ​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់​ត្រឹម​ត្រូវ និង​ការ​ហាត់​ប្រាណ​ទៀង​ទាត់​មុន​និង​ក្រោយ​ស្ត្រី​អស់​រដូវ​ជា​អចិន្ត្រៃយ៍​នោះ នឹង​ជួយ​ឲ្យ​ស្ត្រី​រក្សា​ទម្ងន់​មិន​ឲ្យ​ធាត់​ខ្លាំង​ពេក ដែល​កត្តា​ទាំង​អស់​នោះ​នឹង​ជំរុញ​ឲ្យ​ស្ត្រី​មាន​សុខភាព​ល្អ និង​កាត់​បន្ថយ​រោគ​សញ្ញា​នានា ដែល​ងាយ​ទទួល​រង​នូវ​ជំងឺ​តម្កាត់​ជាច្រើន នៅ​ពេល​ស្ត្រី​មាន​វ័យ​កាន់​តែ​ចាស់​ទៅៗ។

ការ​បន្ត​ធ្វើ​សកម្មភាព​ជា​ប្រចាំ​ផ្នែក​រូប​រាង​កាយ នឹង​ធ្វើ​ឲ្យ​អារម្មណ៍​បាន​ល្អ​ប្រសើរ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត ធ្វើ​ឲ្យ​លោក​អ្នក​គេង​លក់​ស្កប់ស្កល់ មាន​កម្លាំង​ពលំ និង​មាន​គំនិត​វៃ​ឆ្លាត​រហ័ស​រហួន។

លោកស្រី​វេជ្ជបណ្ឌិត វង ដាវី ប្រធាន​គ្លីនិក​សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា ហៅ​កាត់​ថា​រ៉ាក់ (RHAC) បាន​មាន​ប្រសាសន៍​ថា ស្ត្រី​នៅ​ពេល​ជិត​អស់​រដូវ ឬ​ក្រោយ​អស់​រដូវ​រហូត ត្រូវ​បរិភោគ​អាហារ​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​រូប​រាង​កាយ ហើយ​បរិមាណ​អាហារ​ត្រូវ​មាន​កម្រិត។

លោកស្រី​វេជ្ជបណ្ឌិត វង ដាវី មាន​ប្រសាសន៍​ដូច្នេះ ៖ «ស្ត្រី​គ្រប់​រូប​ត្រូវ​ទទួល​ទាន​របប​អាហារ​ត្រឹមត្រូវ កុំ​ឲ្យ​ច្រើន​ពេក ញ៉ាំ​ពពួក​អាហារ​សំបូរ​ដោយ​វីតាមីន​ច្រើន មាន​វីតាមី​បេ សេ និង​ដេ ហើយ​អាហារ​សំបូរ​ដោយ​ជាតិ​កាល់ស្យូម​ច្រើន មាន​កំពឹស ក្តាម ខ្យង ថ្លើម ឬ​ញ៉ាំ​អាហារ​មាន​បន្លែ​ពណ៌​បៃតង លឿង ឲ្យ​បាន​ច្រើន និង​ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ដែរ។ ប៉ុន្តែ​កាត់​បន្ថយ​ជាតិ​ស្ករ​និង​អំបិល​ឲ្យ​បាន​ច្រើន»

ទាក់ទង​នឹង​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បរិភោគ លោកស្រី​វេជ្ជបណ្ឌិត អៀម មុន្នី ប្រធាន​ផ្នែក​សុខភាព​បន្ត​ពូជ​នៃ​អង្គការ​សម្ព័ន្ធ​សុខភាព​កុមារ​និង​សុខភាព​បន្ត​ពូជ ហៅ​កាត់​ថា​អង្គការ​រ៉ាក់ឆា (RACHA) បាន​មាន​ប្រសាសន៍​បញ្ជាក់​នូវ​មុខ​បន្លែ​ផ្លែ​ឈើ​ដែល​មាន​សម្បូរ​នៅ​ស្រុក​ខ្មែរ​យ៉ាង​នេះ​ថា ៖ «ផ្លែ​ឈើ ត្រូវ​ហូប​ពី​២​ទៅ​៤​មុខ​ក្នុង​មួយ​ថ្ងៃ មាន​ចេក​ទុំ ស្វាយ​ទុំ ក្រូច​ពោធិ៍សាត់ ល្ហុង ម្នាស់​ជាដើម។ បន្លែ​ពី​៣​មុខ​ទៅ​៤​មុខ​ដែរ មាន​ខាត់ណា ផ្កា​ខាត់ណា ស្ពៃ​ក្តោប ស្ពៃ​ខ្មៅ ត្រកួន ននោង ផ្ទី ស្លឹក​បាស់​ជាដើម ។ បន្លែ​ទាំង​នោះ សម្រួល​ក្នុង​ការ​បត់​ជើង​ធំ និង​កាត់​បន្ថយ​ជំងឺ​មហារីក​ពោះ​វៀន​ធំ»

បន្ថែម​ពី​មុខ​បន្លែ​ផ្លែ​ឈើ ដែល​លោក​អ្នក​គួរ​បរិភោគ​ខាង​លើ​នេះ លោកស្រី​វេជ្ជបណ្ឌិត អៀម មុន្នី ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា សាច់​មាន់​និង​ត្រី​គឺ​ល្អ​ជា​ទី​បំផុត ៖ «សាច់​មាន់ ត្រី​តូចៗ កង្កែប ខ្យង ឬ​សាច់​ត្រី និង​សាច់​មាន់​ជាដើម ហើយ​សាច់​ត្រូវ​បន្ថយ​ខ្លាញ់ ព្រោះ​ខ្លាញ់​ច្រើន​ពេក​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព។ អាហារ​មាន​ជាតិ​ផ្សែង​ត្រូវ​ជៀសវាង ដូចជា​ត្រី​ឆ្អើរ និង​អាហារ​ផ្អាប់​ត្រូវ​ជៀស​វាង​ដែរ មាន​សាច់​ក្រក​ជា​ដើម»

ទាំង​លោកស្រី​វេជ្ជបណ្ឌិត វង ដាវី ប្រធាន​គ្លីនិក​រ៉ាក់ និង​លោកស្រី​វេជ្ជបណ្ឌិត អៀម មុន្នី ប្រធាន​ផ្នែក​សុខភាព​បន្ត​ពូជ​នៃ​អង្គការ​សម្ព័ន្ធ​សុខភាព​កុមារ​និង​សុខភាព​បន្ត​ពូជ បាន​ទទួល​ស្គាល់​ថា ស្រ្តី​អស់​រដូវ​មាន​ស្បែក​ជ្រីវជ្រួញ​និង​ស្ងួត​ខ្លាំង ដូចនេះ​គេ​គួរ​តែ​បរិភោគ​ទឹក​សាប​ធម្មតា​ឲ្យ​បាន​ច្រើន។

លោកស្រី​វេជ្ជបណ្ឌិត វង ដាវី ឲ្យ​ដឹង​ដូច្នេះ ៖ «ទឹក​ផឹក​ពី​២​ទៅ​៣​លីត្រ​ក្នុង​មួយ​ថ្ងៃ ហើយ​ហូប​ទឹក​សណ្តែក​សៀង ព្រោះ​អាច​ការពារ​ជំងឺ​ពុក​ឆ្អឹង​និង​មហារីក​ដោះ ហើយ​កុំ​ឲ្យ​ផ្អែម​ពេក ព្រោះ​នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ឬ​លើស​ឈាម។ បើ​មាន​លទ្ធភាព ទឹក​ផ្លែ​ឈើ​ស្រស់​និង​ទឹក​ដោះ​គោ តែ​កុំ​ដាក់​ស្ករ»

ចំណែក​ឯ​លោកស្រី​វេជ្ជបណ្ឌិត វង ដាវី ប្រធាន​គ្លីនិក​រ៉ាក់ មាន​ប្រសាសន៍​បន្ថែម​ថា ការ​ហាត់​ប្រាណ​ជា​ប្រចាំ វា​នឹង​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់ ជាតិ​កូឡេស្តូរ៉ល​នៅ​ក្នុង​ឈាម ៖ «ស្ត្រី​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ហាត់​ប្រាណ​ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់ ជាតិ​កូឡេស្តូរ៉ល​ក្នុង​ឈាម​ថយ​ចុះ យាងហោច​ណាស់​៣០​នាទី ៣​ដង​ក្នុង​មួយ​សប្តាហ៍ មួយ​ទៀត​ពិនិត្យ​ទម្ងន់​កុំ​ឲ្យ​ឡើង​ខ្ពស់​ឬ​អត់»

លោកស្រី​វេជ្ជបណ្ឌិត អៀម មុន្នី ប្រធាន​ផ្នែក​សុខភាព​បន្ត​ពូជ​នៃ​អង្គការ​រ៉ាក់ឆា​វិញ បាន​ប្រសាសន៍​ផ្តាំ​ផ្ញើ​ដល់​ស្ត្រី​ខ្មែរ​គ្រប់​រូប​ថា ការ​ថែទាំ​សុខភាព​ទាំង​ការ​ហូប​ចុក អនាម័យ និង​ការ​ហាត់​ប្រាណ គឺ​ជួយ​ស្ត្រី​ដែល​ជិត​អស់​រដូវ​និង​អស់​រដូវ​ជា​អចិន្ត្រៃយ៍​មាន​សុខភាព​ល្អ និង​មាន​អាយុ​យឺន​យូរ។

លោកស្រី​វេជ្ជបណ្ឌិត អៀម មុន្នី មាន​ប្រសាសន៍​ដូច្នេះ ៖ «ការ​ថែទាំ​ខ្លួន​ប្រាណ​គឺ​ជា​ការ​សំខាន់​ណាស់ គឺ​គាត់​ត្រូវ​មាន​អនាម័យ សម្អាត​ខ្លួន​ប្រាណ ហាត់​ប្រាណ ធ្វើ​ឲ្យ​សុខភាព​ល្អ ត្រូវ​ថ្ងៃ​គឺ​វា​មាន​វីតាមីន​ដេ ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ ការ​ហូប​ចុក​សំខាន់​ជាង​ការ​លេប​ថ្នាំ។ ជៀសវាង​ការ​ប្រើ​ប្រាស់​ថ្នាំ​ដោយ​ចិត្ត​ឯង បើ​សិន​ជា​មាន​បញ្ហា​សុខភាព​ណា​មួយ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ»

បន្ថែម​ពី​គុណភាព​អាហារ​ដែល​លោក​អ្នក​ត្រូវ​បរិភោគ ការ​ហាត់​ប្រាណ​ជា​ប្រចាំ មាន​ដើរ រត់​តិចៗ ហែល​ទឹក ជិះ​កង់​ជា​ដើម​នោះ វេជ្ជបណ្ឌិត​ជំនាញ​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ស្ត្រី​ដែល​អស់​រដូវ​ត្រូវ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៧​ម៉ោង​ក្នុង​មួយ​យប់។ ហាម​ជក់​បារី ហាម​ពិសា ស្រា​ច្រើន​ហួស​ហេតុ កាត់​បន្ថយ​ជាតិ​កាហ្វេ បន្ថយ​ការ​គិត​ច្រើន ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ចិត្ត ហើយ​ត្រូវ​សម្រាក​ឲ្យ​បាន​ច្រើន ដើរ​លេង​កំសាន្ត​នៅ​កន្លែង​រមនីយដ្ឋាន​នានា ដើម្បី​លំហែ​ចិត្ត ធ្វើ​ឲ្យ​អារម្មណ៍​សប្បាយ​រីករាយ៕