សន្និបាត​លើក​ទី​៩​ស្តីពី​ការ​រីករាល​ដាល​ជំងឺ​អេដស៍​នៅ​ទ្វីប​អាស៊ី​និង​ប៉ាស៊ីហ្វិក

ប្រតិភូ​ប្រមាណ​ជាង ៣០០០​នាក់ មក​ពី​ប្រទេស​ចំនួន ៦៥ រួម​ទាំង​ពី​ប្រទេស​កម្ពុជា​ផង បាន​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​សន្និសីទ​លើក​ទី​៩ ស្តីពី​ការ​រីករាល​ដាល​នៃ​ជំងឺ​អេដស៍​នៅ​ទ្វីប​អាស៊ី​និង​ប៉ាស៊ីហ្វិក ដែល​បាន​ប្រារព្ធ​ធ្វើ ៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៩ ដល់ ១៣ ខែ​សីហា កន្លង​មក​នេះ​នៅ​ក្នុង​ក្រុង​បាលី ប្រទេស​ឥណ្ឌូណេស៊ី។

0:00 / 0:00

យ៉ាង​ហោច​ណាស់​ក៏​មាន​ស្ត្រី​ប្រមាណ​ជា ៥០​លាន​នាក់ ក្នុង​ទ្វីប​អាស៊ី កំពុង​ប្រថុយប្រថាន​នឹង​ការ​ឆ្លង​មេរោគ អេច.អាយ.វី ដែល​នាំ​ឲ្យ​កើត​ជំងឺ​អេដស៍​ពី​ស្វាមី និង​ពី​ដៃគូ​ស្នេហា​របស់គេ ហើយ​ដែល​អ្នក​ទាំង​នោះ​ចូល​ចិត្ត​ស្វែង​រក​ការ​សប្បាយ​ខាង​ផ្លូវភេទ​នៅ​ខាង​ក្រៅ ហើយ​ពុំ​បាន​ប្រើ​ស្រោម​អនាម័យ​ការពារ។

ការ​អះអាង​នេះ​បាន​ត្រូវ​បញ្ចេញ​ឲ្យ​ដឹង​ក្នុង​របាយការណ៍​របស់​កម្មវិធី​អេដស៍​នៃ​អង្គការ​សហ​ប្រជាជាតិ ហៅ​កាត់​ថា UNAIDS នៅ​ក្នុង​សន្និសីទ​លើក​ទី​៩ ស្តីពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​អេដស៍ នៅ​ទ្វីប​អាស៊ី និង​ប៉ាស៊ីហ្វិក កាល​ពី​ថ្ងៃ​ទី ៩ ដល់ ១៣ ខែ​សីហា កន្លង​មក​នេះ នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

របាយការណ៍​របស់ UNAIDS បន្ត​ថា ក្នុង​ចំណោម​ស្ត្រី​កើត​អេដស៍​ចំនួន ១​លាន​៧​សែន​នាក់ នៃ​ចំនួន​អ្នក​កើត​អេដស៍​សរុប ៥​លាន​នាក់​ក្នុង​ទ្វីប​អាស៊ី មាន​ជាង ៩០% ឆ្លង​ពី​ស្វាមី ឬ​សង្សារ​របស់​គេ ហើយ​ដែល​អត្រា​នេះ​បាន​កើន​ឡើង​ពី ១៧% កាល​ពី​ឆ្នាំ ១៩៩០ មក ៣៥% ក្នុង​ឆ្នាំ ២០០៨។

លោកវេជ្ជ​បណ្ឌិត ទៀ ផល្លា ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នៃ​ជំងឺ​អេដស៍ នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ថា អត្រា​នៃ​អ្នក​ឆ្លង​ជំងឺ​អេដស៍​បាន​ចុះ​ពី ២% នៅ​ឆ្នាំ ១៩៩៨ មក​ត្រឹម ០,៩% នៅ​ក្នុង​ឆ្នាំ ២០០៦ ហើយ​ថា​ក្នុង​ចំណោម​អ្នក​កើត​អេដស៍​សរុប​ជាង ៦​ម៉ឺន​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ១៥​ឆ្នាំ ទៅ ៤៩​ឆ្នាំ គឺ​ចំនួន​ជាង​ពាក់​កណ្តាល​ជា​ស្ត្រី។

លោក​វេជ្ជបណ្ឌិត ទៀ ផល្លា មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ឃើញ​ថា​ចំនួន​សរុប​នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​ស្រុក​យើង​មាន​ចំនួន ៦១.៤០០​នាក់ សរុប​ទាំង​បុរស​និង​ស្ត្រី ហើយ​បើ​គិត​តែ​ស្ត្រី​មាន ៣២.២០០​នាក់ បុរស​មាន ២៩.២០០​នាក់»

លោក​វេជ្ជបណ្ឌិត ទៀ ផល្លា មាន​ប្រសាសន៍​បន្ត​ថា ភាគច្រើន​ការ​ឆ្លង​អេដស៍​នៅ​កម្ពុជា គឺ​បណ្តាល​មក​ពី​ស្វាមី​ចម្លង​រោគ​មក​ភរិយា​និង​សង្សារ ៖ «គេ​រក​ឃើញ​ថា បុរស ១៤% មាន​ដៃគូ​រួម​ភេទ​ច្រើន ប្រហែល​ជា ៤​សែន​នាក់ ហើយ​បុរស​ទាំង​នោះ​នឹង​អាច​បន្ត​ចម្លង​មក​ភរិយា​ខ្លួន ក្នុង​បុរស​អាយុ ១៥ ទៅ ៤៩​ឆ្នាំ​ហ្នឹង​គាត់​មាន​ប្រពន្ធ បើ​គិត​ជា​មធ្យម​គឺ​ប្រហែល​ជា ៥៤% អ៊ីចឹង​គឺ ៤​សែន​នាក់ បើ​គិត​ទៅ ៥៤% គឺ​មាន​ប្រហែល​ជា​ជាង ២​សែន​នាក់ ស្ត្រី​អាច​ប្រឈម​មុខ​នឹង​ការ​ចម្លង​ពី​ប្ដី​ដែល​មាន​ដៃគូ​ច្រើន។ នេះ​ជា​ទិដ្ឋភាព​រួម​ដែល​យើង​មាន ហៅ​ថា​អតុល្យភាព​យេនឌ័រ គឺ​ថា កាល​លើក​មុន​ស្រ្តី​ជា​ធំ ស្រ្ដី​ជា​មេ មាន​ឈ្មោះ​ជា​មេ​ផ្ទះ​មែន ប៉ុន្តែ​សិទ្ធិ​អំណាច​នៅ​ក្នុង​ការ​ការពារ​ខ្លួន​ចំពោះ​មេរោគ​អេដស៍​នេះ មិន​ប្រាកដ​ប៉ុន្មាន​ទេ ពីព្រោះ​ស្រ្តី​ជា​ទូទៅ​មិន​អាច​និយាយ​អំពី​ភាព​ដែល​ប្រឈម​មុខ​របស់​ប្ដី ហើយ​ដែល​នាំ​ចម្លង​ដល់​ប្រពន្ធ»

លោក​វេជ្ជបណ្ឌិត ទៀ ផល្លា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​ថា វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​បច្ចុប្បន្ន​នេះ បាន​ជំរុញ​ឲ្យ​កម្មការិនី​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់​បាត់​បង់​ការងារ ហើយ​មាន​ស្ត្រី​ជា​ច្រើន​ងាក​មក​ប្រកប​របរ​រក​ស៊ី​ខាង​សេវា​កំសាន្ត​នានា និង​សេវា​ផ្លូវ​ភេទ ហើយ​ដែល​បញ្ហា​នេះ លោក​មាន​ការ​ព្រួយ​បាម្ភ​ខ្លាច​មាន​ការ​រាលដាល​ជំងឺ​អេដស៍​ទៅ​ថ្ងៃ​អនាគត​ថែម​ទៀត។

លោក​វេជ្ជបណ្ឌិត ទៀ ផល្លា មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ ៖ «ក្នុង​អ្នក​ដែល​មាន​ដៃគូ​ច្រើន ១៤% ហ្នឹង គឺ​មាន ៦% ដែល​ជា​បុរស​ទិញ​ដូរ​សេវាកម្ម​ផ្លូវ​ភេទ ហើយ​ឥឡូវ​នេះ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​មាន​ការ​កើន​ឡើង​ច្រើន​ជាង​មុន តួលេខ​ដែល​បាន​ទទួល​អាច​មាន​ដល់​ទៅ​ពី ២​ម៉ឺន​ទៅ​៣​ម៉ឺន​នាក់ ហើយ​សំបូរ​បែប​នៅ​ក្នុង​ផ្ទះ​បន​តិច​មែន​ទែន គឺ​ស្ថិត​នៅ​ក្នុង​ក្រៅ​ផ្ទះ​បន។ គឺ​មាន​ន័យ​ថា ខារ៉ាអូខេ បៀរហ្កាឌិន សំបូរ​បែប​ច្រើន។ អត្រា​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​ស្រុក​យើង​នេះ គឺ​ជា​រួម​បាន​ថយ​ចុះ យើង​ចាត់​ទុក​ដូច​រលក​ទី​១ ប៉ុន្តែ​យើង​មាន​ការ​ព្រួយ​បារម្ភ​មិន​អាច​ធៀប​នូវ​រលក​ទី​២ មាន​ន័យ​ថា​កើន​ឡើង​វិញ នៅ​ពេល​ដែល​បុរស​មាន​ដៃគូ​ច្រើន ហើយ​មិន​បាន​ប្រើ​ប្រាស់​ស្រោម​អនាម័យ។ បញ្ហា​នេះ​ក៏​មាន​ទាក់ទង​ជាមួយ​នឹង​រឿង​បុរស​រួម​ភេទ​ជាមួយ​បុរស បញ្ហា​ធំ​ដែរ​ទៅ​ខាង​មុខ​ទៀត គឺ​យើង​ឃើញ​ថា​ក្រុម​បុរស​ដែល​រួមភេទ​នឹង​បុរស​គឺ​សឹង​តែ ១​សែន​នាក់​ហើយ...។ អ៊ីចឹង​គឺ​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​ទៀត ក្រុម​បុរស​ដែល​ស្រលាញ់​បុរស​នោះ​ក៏​អាច​មាន​ការ​រីករាល​ដាល ហើយ​ធ្វើ​ឲ្យ​ផ្ទុះ​ចេញ​ជា​រលក​ទី​២​ទៀត​បាន»

ទាក់ទង​នឹង​សន្និសីទ​លើក​ទី​៩ ស្តីពី​ជំងឺ​អេដស៍​នៅ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​បាលី នេះ លោកស្រី​វេជ្ជបណ្ឌិត Jean D' Cunha នាយិកា​អង្គការUNIFEM ប្រចាំ​តំបន់​អាស៊ី​ខាង​ត្បូង បាន​ថ្លែង​ថា ការ​រើស​អើង​និង​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី អតុល្យភាព​នៃ​យេនឌ័រ និង​អាកប្បកិរិយា​របស់​បុរស​នោះ​ហើយ គឺ​ជា​កត្តា​ចម្បង​ដែល​ជំរុញ​ឲ្យ​មាន​ការ​រីករាល​ដាល​នៃ​ជំងឺ​អេដស៍​ទៅ​លើ​ស្ត្រី។

សូម​ជម្រាប​ជូន​ថា ក្នុង​របាយការណ៍​នៃ​អង្គការ UNAIDS ដដែល​នោះ ក៏​បាន​លើក​ឡើង​នូវ​គន្លឹះ​សំខាន់ៗ ៤​ចំណុច ដើម្បី​ការពារ​និង​កាត់​បន្ថយ​ការ​រីករាល​ដាល​នៃ​ជំងឺ​អេដស៍ ដែល​ក្នុង​នោះ​រួម​មាន​ទី​១ បង្កើន​កម្មវិធី​ការពារ​ការ​ឆ្លង​ជំងឺ​អេដស៍​ដល់​ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ដល់​ក្រុម​អ្នក​ប្រើ​គ្រឿង​ញៀន​ដោយ​ការ​ប្រើ​ម្ជុល និង​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ។ ទី​២ ផ្តួច​ផ្តើម​កម្មវិធី​ជួយ​ដល់​ស្ត្រី​ដែល​ងាយ​រង​គ្រោះ និង​បុរស​ដែល​ជា​ដៃគូ​រួមភេទ​របស់់​ពូក​គេ។ ក្នុង​នោះ​រូម​មាន​ការ​ពង្រីក​បន្ថែម​នូវ​សេវា​ថែទាំ​សុខភាព​ផ្នែក​បន្ត​ពូជ​របស់​ស្ត្រី​និង​បុរស​ទាំង​នោះ។ ទី​៣ បង្កើន​កម្មវិធី​ការពារ​ទុក​ជាមុន​នៃ​ការ​ឆ្លង​ជំងឺ​អេដស៍​ក្នុង​ចំណោម​អ្នក​ធ្វើ​ចំណាក​ស្រុក ក្នុង​នោះ​រួម​ទាំង​ដៃគូ​ស្នេហា​របស់​ពួកគេ​ផង។ ហើយ​ទី​៤​វិញ គឺ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម ដើម្បី​ស្វែង​យល់​ឲ្យ​បាន​ប្រសើរ​ជាង​មុន អំពី​ការ​រីករាល​ដាល​នៃ​ជំងឺ​អេដស៍​ក្នុង​ចំណោម​គូ​ស្វាមី​ភរិយា​និង​ដៃគូ​ស្នេហា៕