បញ្ហា​យេនឌ័រ​និង​ការ​អប់រំ​នៅ​កម្ពុជា (ភាគ​១)

អត្រា​កុមារា និង​កុមារី​រស់​នៅ​តាម​ជនបទ​ដែល​ចុះ​ឈ្មោះ​ចូល​រៀន​សាលា​បឋមសិក្សា​មាន​កម្រិត​ទាប​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​កុមារ​រស់​នៅ​តាម​ទីក្រុង និង​ទី​ប្រជុំ​ជន។ ប៉ុន្តែ​នៅ​កម្រិត​ឧត្ដម​សិក្សា​វិញ ទោះ​ជា​នៅ​ទីក្រុង​ក៏ដោយ ក៏​អត្រា​យុវតី​ដែល​ឈប់​រៀន​មាន​ចំនួន​ច្រើន​ជាង​យុវជន។

0:00 / 0:00

ការ​ផ្ដល់​អាទិភាព​ដល់​កូន​ប្រុស​ជាង​កូន​ស្រី​ក្នុង​វិស័យ​អប់រំ​នេះ គឺ​ជា​បញ្ហា​មួយ​ដែល​នៅ​តែ​បន្ត​កើត​មាន​ឡើង​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​សង្គម​កម្ពុជា។

ស្ថិតិ​របស់​ក្រសួង​កិច្ចការ​នារី បាន​ឲ្យ​ដឹង​ថា ៤០% នៃ​ស្ត្រី​ដែល​មាន​អាយុ​ចន្លោះ​ពី ២៥​ឆ្នាំ ដល់ ៤៤​ឆ្នាំ ជា​អនក្ខរជន។ ចំពោះ​បុរស​ដែល​មាន​អាយុ​ចន្លោះ​ដូច​គ្នា អត្រា​អនក្ខរជន​មាន​ចំនួន ២២%។

មន្ត្រី​សង្គម​ស៊ីវិល​បាន​អះអាង​ថា មូលហេតុ​ចម្បង​ដែល​គ្រួសារ​ភាគ​ច្រើន​ផ្ដល់​អាទិភាព​ដល់​កូន​ប្រុស​ឲ្យ​រៀន​បាន​ច្រើន​ជាង​កូន​ស្រី​នោះ ពីព្រោះ​យល់​ឃើញ​ថា កូនស្រី​ទោះ​រៀន​បាន​ចេះ​ច្រើន​យ៉ាង​ណា​ក៏ដោយ ក្រោយ​រៀបការ​ហើយ​គឺ​ក្លាយ​ជា​ស្ត្រី​មេផ្ទះ​ដែល​ត្រូវ​មើល​ថែទាំ​កូន​ចៅ រៀបចំ​ផ្ទះ​សម្បែង និង​ចម្អិន​ម្ហូប​អាហារ​ជាដើម។ ម្យ៉ាង​វិញ​ទៀត ចំពោះ​គ្រួសារ​ណា​ដែល​ក្រីក្រ ការ​បញ្ឈប់​កូន​ស្រី​មិន​ឲ្យ​បន្ត​រៀន​នោះ ពីព្រោះ​គេ​ត្រូវការ​កម្លាំង​ពលកម្ម​ដើម្បី​ជួយ​រក​ស៊ី​ឪពុក​ម្ដាយ ឬ​ទៅ​ធ្វើការ​ផ្សេងៗ រក​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ដូចជា​ទៅ​ធ្វើ​ជា​កម្មការិនី​រោងចក្រ ឬ​ជា​អ្នក​បម្រើ​នៅ​តាម​ភោជនីយដ្ឋាន តាម​រង្គសាល និង​ខារ៉ាអូខេ​ជាដើម។

លោកស្រី ធីដា ឃិះ នាយិកា​អង្គការ​សីលការ មាន​ប្រសាសន៍​ថា ស្ត្រី​ដែល​ទទួល​បាន​ការ​រៀន​សូត្រ​ចេះ​ដឹង គឺ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ណាស់​មិន​ត្រឹមតែ​ក្នុង​សង្គម​គ្រួសារ ប៉ុណ្ណោះ​ទេ​គឺ​ក្នុង​សង្គម​ជាតិ​ទាំង​មូល ៖ «ស្ត្រី​និង​កុមារី​ត្រូវ​ទទួល​ការ​អប់រំ​ដូច​កុមារ និង​បុរស​អ៊ីចឹង​ដែរ ពីព្រោះ​កុមារី​ពេល​ធំ​ឡើង​ក្លាយ​ជា​ស្ត្រី ជា​ម្តាយ ជា​មេ​ផ្ទះ ដែល​ជា​កោសិកា​មួយ​ក្នុង​សង្គម​ដែល​គាត់​ត្រូវ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ថែ​រក្សា​ខ្លួន និង​មាន​ការ​ចេះ​ដឹង គឺ​ធ្វើ​ឲ្យ​សង្គម និង​ខ្លួន​គាត់​មាន​ការ​រីក​ចម្រើន​ទៅ​ថ្ងៃ​មុខ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ចំពោះ​ស្ត្រី​ដែល​មាន​ការ​អប់រំ​ចេះ​ដឹង គឺ​ថែទាំ​កូន អប់រំ និង​បង្រៀន​កូន​បាន​ល្អ។ បើ​ស្ត្រី​មិន​បាន​រៀន​សូត្រ ស្ត្រី​មិន​អាច​ដើរ​តួនាទី​ខ្លួន​បាន​ល្អ​នោះ​ទេ»

លោកស្រី សាន្ត អរុណ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី ទទួល​បន្ទុក​អំពើ​ហិង្សា​ទូទៅ បាន​មាន​ប្រសាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ពង្រីក​ធនធាន​ស្ត្រី ៖ «ច្បាប់​រដ្ឋធម្មនុញ្ញ ជា​ច្បាប់​កំពូល មាន​ចែង​ច្បាស់​ណាស់​អំពី​ការងារ​របស់​ស្ត្រី​ដែល​មាន​សិទ្ធិ​ស្មើ​គ្នា មាន​ឱកាស​ដូច​គ្នា ផ្នែក​ការងារ ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ការ​រៀន​សូត្រ។ សម័យ​នេះ​មាន​ការ​លើក​កម្ពស់​ស្ត្រី​មែន​ទែន»

ក៏​ប៉ុន្តែ​ការ​លើក​ឡើង​នេះ លោកស្រី កែ សុវណ្ណរតន៍ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ដើម្បី​ពង្រឹង និង​ពង្រីក​សមត្ថភាព​របស់​ស្ត្រី ៖ «ដោយសារ​វប្បធម៌​សង្គម វប្បធម៌​គ្រួសារ ហើយ​ដោយសារ​កម្រិត​អប់រំ​នៅ​កម្ពុជា ខ្ញុំ​ឃើញ​ថា នៅ​ដើរ​យឺត​ជាង​ប្រទេស​ផ្សេង​នៅ​អាស៊ី​ឆ្ងាយ​ណាស់។ ឥឡូវ​ការ​បណ្ដុះបណ្ដាល​រវាង​កុមារា កុមារី យុវជន​យុវតី គឺ​បាន​ត្រឹមតែ​កម្រិត​ថ្នាក់​មធ្យម​សិក្សា​ចុះ​ទេ។ ចាប់​ពី​បាក់ឌុប​ឡើង​ទៅ គឺ​នៅ​ក្នុង​កម្រិត​ឧត្ដមសិក្សា ស្ត្រី​មាន​កម្រិត​ទាប​នៅ​ឡើយ។ អ៊ីចឹង​ស្ត្រី​យើង​ភាគ​ច្រើន​មិន​ទាន់​ទទួល​បាន​ការ​អប់រំ​ និង​វិជ្ជាជីវៈ»

អត្ថបទ​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​របស់​ក្រសួង​កិច្ចការ​នារី​បាន​ឲ្យ​ដឹង​ថា អត្រា​ក្មេង​ស្រី​ចូល​រៀន​មាន​ចំនួន​តិច​ជាង​ក្មេង​ប្រុស​នៅ​គ្រប់​កម្រិត​សិក្សា ហើយ​ចំពោះ​ការ​ចូល​រៀន​នៅ​ឧត្ដមសិក្សា​វិញ ភាគ​ច្រើន​គឺ​មាន​សម្រាប់​តែ​គ្រួសារ​ណា​ដែល​មាន​ចំណូល​ច្រើន​តែប៉ុណ្ណោះ។ លើស​ពី​នេះ​ទៅ​ទៀត យុវតី​មាន​អាយុ​ចន្លោះ​ពី ១៥ ទៅ ២៤​ឆ្នាំ ចំនួន ៣៣% និង​ស្ត្រី​ដែល​មាន​អាយុ​ពី ២៥ ទៅ ៤៤​ឆ្នាំ ចំនួន ៣៥% ទទួល​បាន​ការ​សិក្សា​អប់រំ​ទាប​ត្រឹម​កម្រិត​បឋមសិក្សា​ក្រោម​ថ្នាក់​ទី​៦ ប៉ុណ្ណោះ។

កញ្ញា ឃុន គាសា អតីត​និស្សិត​បរិញ្ញាបត្រ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​បច្ចុប្បន្ន​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គណនេយ្យ​នៅ​ប្រទេស​អូស្ត្រាលី បាន​ថ្លែង​ថា នាង​មាន​សំណាង​ណាស់​ដែល​ឪពុក​ម្ដាយ​នាង​មាន​លទ្ធភាព និង​ផ្ដល់​តម្លៃ​ឲ្យ​កូនៗ​ស្មើ​គ្នា មិន​ថា កូនស្រី ឬ ប្រុស​ទេ គឺ​អាច​បន្ត​ការ​សិក្សា​បាន​ខ្ពស់​ដូចៗ​គ្នា។

នាង​បន្ត​ថា ៖ «ចំពោះ​គ្រួសារ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិត​ថា ឪពុក​ម្ដាយ​ខ្ញុំ​គាត់​មាន​យុត្តិធម៌​ចំពោះ​ពួក​ខ្ញុំ ទាំង​កូន​ប្រុស កូន​ស្រី បាន​សិក្សា​ខ្ពង់ខ្ពស់។ តែ​ចំពោះ​គ្រួសារ​ដទៃ​តាម​ដែល​ខ្ញុំ​បាន​ឃើញ ព្រោះ​ខ្ញុំ​ធ្លាប់​ធ្វើការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​ខ្ញុំ​ចុះ​ទៅ​តាម​ខេត្ត​ឃើញ​ថា ភាគ​ច្រើន​ឪពុក​ម្ដាយ​អត់​បញ្ជូន​កូន​ស្រី​ទៅ​បន្ត​ការ​សិក្សា​ទេ គាត់​គិត​ថា កូនស្រី​រៀន​ច្រើន​អត់​បាន​ប្រយោជន៍ ពេល​រៀបការ​ហើយ​នៅ​ផ្ទះ»

លោកស្រី​តំណាងរាស្ត្រ កែ សុវណ្ណរតន៍ បាន​មាន​ប្រសាសន៍​បន្ថែម​អំពី​តួនាទី​សំខាន់​របស់​ស្ត្រី​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍន៍​សង្គម ៖ «យើង​ចង់​ជំរុញ​ឲ្យ​ស្ត្រី​ដើរ​តួនាទី​ឲ្យ​ស្រប​នឹង​បុរស មាន​អំណាច​ស្មើ​បុរស។ រដ្ឋាភិបាល​ចាប់​ផ្ដើម​គិតគូរ​អំពី​ការ​បណ្ដុះបណ្ដាល​ស្ត្រី ពីព្រោះ​ធនធាន​គឺ​ជា​សេដ្ឋកិច្ច​របស់​ជាតិ។ នៅ​ប្រទេស​ណា​ក៏ដោយ ដែល​ប្រជាពលរដ្ឋ​គេ​មាន​កម្រិត​អប់រំ​ខ្ពស់ គឺ​ស្ត្រី​ហ្នឹង​ហើយ​ដែល​ទទួល​ជោគជ័យ​ជាង​គេ។ ហេតុ​នេះ​រដ្ឋាភិបាល​ត្រូវ​ជំរុញ​ស្ត្រី ចាប់​ផ្ដើម​ពី​កុមារី​ទៅ»

គេហទំព័រ​របស់​ក្រសួង​កិច្ចការ​នារី​បាន​ឲ្យ​ដឹង​បន្ថែម​ថា អនក្ខរភាព និង​ការ​អប់រំ​ទាប​របស់​យុវតី ឬ​ស្ត្រី គឺ​ជា​បញ្ហា​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ។ បញ្ហា​សេដ្ឋកិច្ច​គឺ​ជា​កត្តា​មួយ​ដែល​មាន​ឥទ្ធិពល​លើ​ការ​សិក្សា ប៉ុន្តែ​ក្មេង​ប្រុស​នៅ​តែ​មាន​អាទិភាព​ក្នុង​ការ​ទទួល​បាន​ការ​សិក្សា​ច្រើន​ជាង​ក្មេង​ស្រី។ ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​បង្កើន​អត្រា​នៃ​ការ​សិក្សា​របស់​កុមារី និង​យុវតី ព្រម​ទាំង​ការ​កាត់​បន្ថយ​គម្លាត​យេនឌ័រ​នៅ​មធ្យម​សិក្សា​បឋម​ភូមិ គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​ចូល​រួម​ចំណែក​បង្កើន​គុណភាព​នៃ​កម្លាំង​ពលកម្ម និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​សមធម៌​នៅ​ក្នុង​សង្គម​កម្ពុជា៕