ការ​ថែ​រក្សា​សុខភាព​តាម​បែប​ធម្មជាតិ

វេជ្ជបណ្ឌិត​ជំនាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​អះអាង​ថា ប្រសិន​បើ​លោក​អ្នក​បរិភោគ​អាហារ​គ្រប់គ្រាន់​ទៅ​តាម​តម្រូវ​ការ​នោះ​ហើយ ការ​ចាក់​ថ្នាំ​ប៉ូវ​កម្លាំង ឬ​ការ​ប្រើប្រាស់​ថ្នាំ​វីតាមីន​បន្ថែម គឺ​មិន​ចាំបាច់​ធ្វើ​នោះ​ទេ។

0:00 / 0:00

លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ ផ្នែក​កែ​សម្ផស្ស​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា និង​ជា​ប្រធាន​ទស្សនាវដ្ដី​សុខភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ដើម្បី​ទទួល​បាន​សុខភាព​ល្អ​មាន​កម្លាំង​ពលំ មនុស្ស​ម្នាក់ៗ​ត្រូវ​ការ​ទទួល​ទាន​អាហារ​គ្រប់​មុខ មាន​បន្លែ​ផ្លែ​ឈើ សាច់​សុទ្ធ ឬ​ត្រី ហើយ​និង​មាន​អារម្មណ៍​រីករាយ​សប្បាយ​ចិត្ត។

លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ មាន​ប្រសាសន៍​ដូច្នេះ ៖ «ការ​ទទួល​ទាន​អាហារ​គឺ​ជា​ការ​ថែ​រក្សា​សុខភាព​មួយ ប៉ុន្តែ​អាហារ​មិន​អាច​ដើរ​តួនាទី​ជួយ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ​បាន ១០០% នោះ​ទេ។ មនុស្ស​ត្រូវ​ការ​ថែ​ខ្លួន ថែ​សុខភាព​តាម​របៀប​ផ្លូវ​ចិត្ត ផ្លូវ​កាយ មាន​ហាត់ប្រាណ ឬ​លេង​កីឡា។ ផ្លូវ​ចិត្ត គឺ​ទាក់ទង​នឹង​រឿង​រ៉ាវ​ក្នុង​គ្រួសារ​ជាដើម។ សុខភាព​របស់​ស្ត្រី​មាន​កត្តា​ផ្សេងៗ​ទៀត​គ្រប​ដណ្ដប់​លើ​គាត់»

លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ មាន​ប្រសាសន៍​រៀប​រាប់​អំពី​ម្ហូប​អាហារ​នៅ​ប្រទេស​កម្ពុជា យ៉ាង​ដូច្នេះ ៖ «របប​អាហារ​របស់​យើង​ត្រូវការ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន។ បង​ប្អូន​ស្ត្រី​មាន​ធ្លាក់​ឈាម​រដូវ ត្រូវការ​ជាតិ​រ៉ែ​ដែក វីតាមីន ឌី។ និយាយ​រួម ស្ត្រី​ធ្លាក់​ឈាម​អាច​ជួយ​ឲ្យ​ឈាម​ក្រហម​ឡើង​មក​វិញ។ បន្លែ​មាន​ត្រកួន ស្ពៃ ផ្ទី ទ្រប់ ត្រឡាច ផ្លែ​ឈើ​មាន ល្ហុង ចេក ម្នាស់។ ពួក​គាត់​ត្រូវ​ទទួល​ទាន​គ្រប់​មុខ ការ​ទទួល​ទាន ៣​ពេល និង​ទៀង​ទាត់​ពេល ក្នុង​មួយ​ថ្ងៃ​ជា​ការ​ត្រឹមត្រូវ។ ក្នុង​មួយ​ថ្ងៃ​អាច​ទទួល​ទាន​សាច់​មួយ​ដង កុំ​ពិសា​ប្រៃ និង​ជាតិ​ខ្លាញ់​ច្រើន​ពេក»

ចំពោះ​សំណួរ​ថា តើ​ស្ត្រី​គ្រប់​ៗ​គ្នា​ចាប់​ពី​អាយុ ៤០​ឆ្នាំ​ឡើង​ទៅ គួរ​ប្រើប្រាស់​ថ្នាំ​វីតាមីន ឬ​ចាក់​ថ្នាំ​កម្លាំង​បន្ថែម​ដែរ ឬ​ទេ?

លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បាន​មាន​ប្រសាសន៍​បក​ស្រាយ​យ៉ាង​ដូច​នេះ ៖ «ការ​ចាក់ ឬ​ក៏​ការ​ប្រើ​ថ្នាំ​វីតាមីន​បន្ថែម​នេះ ការ​ពិត​គឺ​ពុំ​មាន​ផល​ប៉ះពាល់​អ្វី​ធំ​ដុំ​ទេ ប៉ុន្តែ​បើ​ស្ត្រី​បរិភោគ​គ្រប់គ្រាន់​ត្រឹមត្រូវ ការ​ប្រើប្រាស់​វីតាមីន គេ​មិន​ចាំបាច់​ទេ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វីតាមីន​នាំ​ឲ្យ​ខ្លួន​របស់​យើង​ខំ​ធ្វើ មូតាប៊ូលីហ្ស កាន់​តែ​ច្រើន​ឡើង ដើម្បី​ឲ្យ​សារធាតុ​វីតាមីន​បញ្ចេញ​ពី​ក្នុង​ខ្លួន​មក​ក្រៅ​ខ្លួន​វិញ»

លោក​វេជ្ជបណ្ឌិត​បាន​ផ្ដល់​ដំបូន្មាន​ថា មុន​សម្រេច​ធ្វើ​អ្វី​មួយ ដូច​ជា​ប្រើ​ថ្នាំ​វីតាមីន ឬ​ចាក់​ថ្នាំ ស្ត្រី​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ជា​មុន​សិន ៖ «ជា​ទូទៅ​មាន​តែ​គ្រូពេទ្យ​ទេ ដែល​អាច​ប្រាប់​ថា គួរ​តែ​ប្រើ ហើយ​ប្រើ​ក្នុង​រយៈ​ពេល​ប៉ុន្មាន។ អ៊ីចឹង​អ្វី​ដែល​សំខាន់ បង​ប្អូន​ត្រូវ​ទទួល​ទាន​សារជាតិ​ទាំង​អស់​នោះ ល្មមៗ​គ្រប់គ្រាន់។ មាន​ស្ត្រី​ខ្លះ​យល់​ថា ការ​ចាក់​ថ្នាំ​ធ្វើ​ឲ្យ​សាច់​ល្អ ស្បែក​ថ្លា ប៉ុន្តែ​តាម​លក្ខណៈ​វេជ្ជសាស្ត្រ មិន​ចាំបាច់​ធ្វើ​ដូច​នេះ​ទេ លើក​លែង​តែ​អ្នក​ខ្លះ​ដែល​ពេទ្យ​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ​បន្ថែម»

តាម​ការ​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​អំពី​ម្ហូប​អាហារ​នៅ​អាស៊ី (AFIC) បាន​ឲ្យ​ដឹង​ថា មនុស្ស​គ្រប់ៗ​គ្នា​គួរ​បរិភោគ​ចំណី​អាហារ​គ្រប់​មុខ​រាល់​ថ្ងៃ ក្នុង​នោះ​មាន​ត្រី សាច់​សុទ្ធ​គ្មាន​ខ្លាញ់ សាច់​មាន់ ឬ​គ្រាប់​ធញ្ញជាតិ ដូច​ជា​គ្រាប់​សណ្ដែក គ្រាប់​ល្ង​ជា​ដើម និង​បរិភោគ​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន។ ពិសា​ទឹក ពិសា​ទឹក​ដោះ​គោ ទឹក​សណ្ដែក និង​បរិភោគ​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ បរិភោគ​អាហារ ដែល​សំបូរ​ជាតិ​កាល់ស្យូម មាន​បន្លែ​បៃតង​ជាដើម។ កុំ​ពិសា​អំបិល​ច្រើន​ពេក ហើយ​ត្រូវ​ប្រើ​អំបិល​ដែល​មាន​ជាតិ​អ៊ីយ៉ូដ។

ប្រភព​ដដែល​បន្ត​ថា បន្ថែម​ពី​ការ​បរិភោគ​ចំណី​អាហារ​សម្រាប់​ចិញ្ចឹម ឬ​ផ្ដល់​អត្ថប្រយោជន៍​ដល់​រាង​កាយ​នោះ ការ​ហាត់​ប្រាណ​ទៀង​ទាត់ ការ​គេង​សម្រាក​គ្រប់គ្រាន់ និង​ជៀសវាង​ការ​ពិសា​បារី គឺ​នឹង​ជួយ​ជំរុញ​ឲ្យ​លោក​អ្នក​មាន​សុខភាព​ល្អ។ ចំពោះ​សុរា​វិញ ប្រភព​ដដែល​បញ្ជាក់​ថា អាច​ទទួល​ទាន​ស្រា​បន្តិច​បន្តួច។

លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ ផ្នែក​កែ​សម្ផស្ស​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា និង​ជា​ប្រធាន​ទស្សនាវដ្ដី​សុខភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ផ្កាំ​ផ្ញើ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ គួរ​តែ​ចាប់​ផ្ដើម​ថែ​ទាំ​សុខភាព​ចាប់​ពី​វ័យ​ក្មេង​ទៅ គឺ​មាន​សារសំខាន់​ណាស់។

លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ មាន​ប្រសាសន៍​ដូច្នេះ ៖ «វិធី​ការពារ​ប្រសើរ​ជា​ជាង​ការ​ព្យាបាល។ បើ​សិន​ការ​ថែទាំ​សុខភាព​ត្រឹមត្រូវ​តាំង​ពី​មាន​រដូវ​ដំបូង បន្ទាប់​មក​មាន​កូន​រហូត​ដល់​អស់​រដូវ ធ្វើ​បាន​ត្រឹមត្រូវ ដោយ​ផ្អែក​តាម​សុខភាព​រាង​កាយ សម្រស់ សុខភាព​ផ្លូវ​ចិត្ត។ ដូច្នេះ​បើ​យើង​ដាក់​ចិត្ត​ថែ​ទាំ​សុខភាព​តាំង​ពី​ក្មេង យើង​ក្លាហាន​ស្វែង​រក​ព័ត៌មាន ក្លាហាន​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ថែ​ទាំ​សុខភាព​គឺ​ជា​ការ​ប្រសើរ ហើយ​បើ​ធ្វើ​បាន​ដូច​នេះ ស្ត្រី​អាច​មាន​សុខភាព​ល្អ​ដោយ​មិន​ចំណាយ​ប្រាក់​ច្រើន និង​អាច​មាន​អាយុ​វែង»

យោង​តាម​ស្ថិតិ​ជំរឿន​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្នាំ​២០០៨ បាន​បង្ហាញ​ថា អាយុ​កាល​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជា​មធ្យម​គឺ​បុរស​អាយុ ៥៩​ឆ្នាំ ស្ត្រី​អាយុ ៦៣​ឆ្នាំ ហើយ​ចំណែក​អត្រា​ទារក​ស្លាប់​វិញ ក្នុង​ចំណោម​ទារក ១​ពាន់​នាក់​ដែល​កើត គឺ​មាន​ទារក ៥៨​នាក់​បាន​ត្រូវ​ស្លាប់៕