តើសកម្មភាពជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារ មានការថយចុះដែរឬទេក្រោយដែលច្បាប់ថ្មីនេះបានអនុម័តរួចហើយ?
មន្ត្រីអង្គការសង្គមស៊ីវិលជាច្រើនបានអះអាងថា ទោះបីជារាជរដ្ឋាភិបាលខ្មែរយកចិត្តទុកដាក់និងចាត់វិធានការបង្ក្រាបយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះបញ្ហាការជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារ នៅតែបន្តកើតមាននិងកើនឡើងច្រើនជាងឆ្នាំមុនៗ។
លោកស្រី លឹម មុន្នី ប្រធានផ្នែកកម្មវិធីស្ត្រីនិងកុមារនៃសមាគមអាដហុក បានមានប្រសាសន៍ថា ទោះបីកម្ពុជាមានច្បាប់ប្រឆាំងទប់ស្កាត់នូវរាល់ទម្រង់នៃការជួញដូរនិងការធ្វើអាជីវកម្មផ្លូវភេទក៏ដោយ ក៏ការអនុវត្តជាក់ស្តែងនៅមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ ហើយបញ្ហាទាំងនោះគឺបណ្តាលមកពី ៖ «ឧបសគ្គវិញ គឺមានបញ្ហាច្រើនណាស់។ រឿងនិទណ្ឌភាព រឿងសម្របសម្រួលឲ្យសងជាប្រាក់ ជនរងគ្រោះស្ថិតក្នុងការគំរាមនិងបាក់ទឹកចិត្តមិនព្រមចង់ប្តឹងផ្តល់»។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បង្កើតជាច្បាប់និងបង្កើតជាក្រុមការងារអន្តរក្រសួង ដោយរួមសហការជាមួយអង្គការក្រៅរដ្ឋាភិបាលដើម្បីទប់ស្កាត់និងប្រឆាំងសកម្មភាពជួញដូរផ្លូវភេទទាំងនោះ។
លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ដូច្នេះ ៖ «ច្បាប់នេះគឺជាបទដ្ឋានដ៏សំខាន់សម្រាប់អនុវត្តក្នុងការដាក់ទោសជនល្មើស ក៏ដូចជាការពារដល់ជនរងគ្រោះដែលហៅថា ច្បាប់ស្តីអំពីការបង្ក្រាបអំពើជួញដូរមនុស្សនិងធ្វើអាជីវកម្មផ្លូវភេទ។ បន្ទាប់មកយើងក៏មានវិធានការផ្សេងៗ ដែលឈានដល់បិទក្រុមហ៊ុនមិនស្របច្បាប់មួយចំនួនដែលជ្រើសរើសពលករ។ ការប្រមូលស្ត្រីឲ្យ រៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ យើងមានក្រុមការងារអន្តរក្រសួងនិងមានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាលផងដែរ»។
លោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជូ ប៊ុនអេង ដែលរូបលោកស្រីផ្ទាល់មានតួនាទីជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទនិងពលកម្ម បានមានប្រសាសន៍បន្តថា បច្ចុប្បន្នគណៈកម្មាធិការនេះកំពុងពង្រឹងពង្រីកទៅដល់ថ្នាក់មូលដ្ឋានទៀត។
លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍បន្តដូច្នេះ ៖ «យើងមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ យើងកំពុងពង្រីកដល់ថ្នាក់ខេត្ត ស្រុក ឃុំសង្កាត់ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពក្នុងការប្រឆាំងអំពើជួញដូរមនុស្ស រួមទាំងសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធក្នុងករណីដែលមានអំពើជួញដូរមនុស្សឆ្លងដែន»។
ប្រភពជាច្រើនរាប់ទាំងរបាយការណ៍ប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកផង បានបង្ហាញឲ្យដឹងថា ប្រទេសកម្ពុជាគឺជាប្រភព ជាទីកន្លែងឆ្លងកាត់និងជាទិសដៅដែលទាំងស្ត្រីនិងកុមារខ្មែរត្រូវបានក្រុមទុច្ចរិតកេងប្រវ័ញ្ចទាញយកផលកម្រៃពីអាជីវកម្មផ្លូវភេទ ការជួញដូរមនុស្សតាមរយៈការបោកបញ្ឆោតរកការងារឲ្យធ្វើ ការរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយនិងបង្ខំឲ្យធ្វើការជាទម្ងន់និងវាយធ្វើបាបជាដើម។
អ្នកស្រី សឹង កាម៉ារីយ៉ាន ប្រធានការិយាល័យច្បាប់នៃអង្គការអាហ្វេស៊ីប បានមានប្រសាសន៍ថា ការជួញដូរស្ត្រីនិងកុមារក្នុងអំពើពេស្យាចារ ភាគច្រើនកើតមាននៅតំបន់ទេសចរណ៍៖ «យើងបានកំណត់ទុកហើយថា ខេត្តដែលសំបូរជាងគេ គឺខេត្តជាតំបន់ទេសចរណ៍ ជាពិសេសគឺនៅក្រុងភ្នំពេញតែម្តង ហើយខេត្តមួយចំនួនទៀត ដូចជានៅខេត្តព្រះសីហនុ កោះកុង បន្ទាយមានជ័យ បាត់ដំបង សៀមរាប។ ប៉ុន្តែគ្រាន់តែមានកន្លែងខ្លះបិទបាំងផ្លាកពីមុខដាក់ថា ខារ៉ាអូខេ ម៉ាស្សា ប៉ុន្តែខាងក្នុងគឺលក់ដូរផ្លូវភេទ»។
ចំណែកឯលោកស្រី មូរ សុខហួរ អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារីនិងជាតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ី បានមានប្រសាសន៍សង្កត់ធ្ងន់ថា ទាំងរដ្ឋាភិបាលក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល ត្រូវសហការរួមគ្នាបន្ថែមទៀតដើម្បីជួយដល់ស្ត្រីនិងកុមារដែលងាយទទួលរងគ្រោះ។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា ៖ «យើងត្រូវរួមគ្នារកវិធានការបំបាត់ការងាយរងគ្រោះរបស់ស្ត្រីយើង ដែលរកការងារធ្វើកន្លែងដែលបុរសទៅសប្បាយ។ យើងត្រូវយកច្បាប់មកការពារស្ត្រី យើងបំបាត់ភាពក្រីក្រ និងបច្ចុប្បន្នយកចិត្តទុកដាក់លើស្ត្រីជាច្រើនដែលបានបាត់ការងារធ្វើនៅតាមរោងចក្រ»។
លោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជូ ប៊ុនអេង ក៏បានមានប្រសាសន៍ទទួលស្គាល់ផងដែរអំពីមូលហេតុធំៗបីដែលសង្គមកម្ពុជាកំពុងប្រឈមមុខ ៖ «ទី១ពាក់ព័ន្ធនឹងកត្តាសេដ្ឋកិច្ច គឺពាក់ព័ន្ធនឹងភាពក្រីក្រ។ ទី២ គឺទាក់ទងនឹងកត្តាសង្គម ដែលពាក់ព័ន្ធទៅនឹងសុវត្ថិភាពសណ្តាប់ធ្នាប់ក្នុងសង្គម និងកត្តាទី៣ គឺពាក់ព័ន្ធនឹងការអប់រំ ដែលពាក់ព័ន្ធនឹងវប្បធម៌ ប្រពៃណីនិងបំណិនជីវិត»។
មន្ត្រីអង្គការសង្គមស៊ីវិលជាច្រើនដែលធ្វើការផ្ទាល់ជួយដល់ស្ត្រីនិងកុមាររងគ្រោះ បានអះអាងថា ដើម្បីទប់ស្កាត់និងបំបាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារឲ្យមានប្រសិទ្ធភាពនោះ រាជរដ្ឋាភិបាលកម្ពុជាត្រូវពង្រឹងផ្នែកប្រព័ន្ធតុលាការ ក្នុងនោះរាប់ទាំងនិទណ្ឌភាព ឬភាពមិនដាក់ទោសដល់ជនល្មើស ការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីតុលាការនិងអាជ្ញាធរពាក់ព័ន្ធ កុំទទួលយកប្រាក់សំណងតែម្យ៉ាងពីជនល្មើស៕
