"អ្នកនៅជិតខាងបានប្រាប់ថា កន្លែងហ្នឹងលក់បាយធម្មតាទេ ដល់ខ្ញុំទៅដល់គឺកន្លែងខារ៉ាអូខេផង កន្លែងលក់ស្រីផង។ ខ្ញុំចាញ់បោកគេ" ៖ យុវតីរូបនេះបានត្រូវចាញ់បោកអ្នកជិតខាងដែលល្បួងប្រាប់ម្តាយរបស់នាងថា ទៅធ្វើការនៅកន្លែងលក់បាយនៅអ្នកលឿង អាចរកប្រាក់បានក្នុងមួយខែ៣០ដុល្លារអាមេរិក។ ប៉ុន្តែនាងត្រូវបានថៅកែឃុំឃាំងទុកក្នុងផ្ទះ ហើយវាយធ្វើបាបបង្ខំឲ្យនាងបម្រើផ្លូវភេទដល់អតិថិជនជាបុរសពី១០នាក់ទៅ១៥នាក់ក្នុងមួយថ្ងៃៗ។
កញ្ញារងគ្រោះរូបនេះ បច្ចុប្បន្នកំពុងស្នាក់នៅក្នុងមណ្ឌលអង្គការអាហ្វេស៊ីប ដើម្បីរៀនសូត្រអក្សរនិងរៀនយកវិជ្ជាជំនាញខាងអ៊ុតសក់ប្រមាណជាងពីរខែមកហើយ។ នាងឲ្យដឹងថា រូបនាងផ្ទាល់និងស្ត្រីវ័យក្មេងប្រមាណជា១២នាក់ផ្សេងទៀត បានត្រូវអាជ្ញាធរប៉ូលិសជួយសង្គ្រោះរំដោះកាលពីប៉ុន្មានខែមុននេះពីបនពេស្យាចារមួយនៅអ្នកលឿង ដែលមានស្លាកសញ្ញាខាងក្រៅជាហាងលក់បាយ។
នាងបានឲ្យដឹងថា ក្នុងអំឡុងពេលប្រមាណជាមួយឆ្នាំរស់នៅផ្ទះបន នាងត្រូវបានក្រុមជើងកាងវាយធ្វើបាបនិងឆក់ខ្សែភ្លើងជាញឹកញាប់ នៅពេលដែលនាងបម្រើផ្លូវភេទដល់ភ្ញៀវមិនគ្រប់ចំនួនតាមតម្រូវការរបស់ម្ចាស់បន ៖ «ខ្ញុំធ្វើការបម្រើភ្ញៀវ គេបង្ខំឲ្យដេកជាមួយភ្ញៀវ។ ខ្ញុំចង់រត់ចេញដែរតែរត់អត់រួច គេមានជើងកាងការពារ។ គេវាយខ្ញុំឲ្យដេកជាមួយភ្ញៀវពី១០នាក់ទៅ១៥នាក់ បើយើងពុំព្រមគេវាយឆក់ខ្សែភ្លើងនិងវាយនឹងខ្សែតី»។
យុវតីរងគ្រោះរូបនេះបានថ្លែងប្រាប់អ្នកស្រី ភិរម្យ នៃវិទ្យុអាស៊ីសេរី ដែលបានទៅជួបសម្ភាសផ្ទាល់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអង្គការអាហ្វេស៊ីបថា ទាំងម្តាយនាងនិងរូបនាងផ្ទាល់ជឿទុកចិត្តអ្នកជិតខាងដែលមកនិយាយអូសទាញ។
យុវតីរងគ្រោះបានឲ្យដឹងដូច្នេះ ៖ «គេនិយាយថា បានប្រាក់ខែច្រើន ហើយណាមួយជីវភាពគ្រួសារខ្ញុំអត់ អ៊ីចឹងអាចជួយទប់ឲ្យម៉ែឪខ្ញុំដែលក្រ មានកូនច្រើននៅតូចៗអ៊ីចឹង ខ្ញុំចង់ឲ្យគ្រួសារខ្ញុំធូរធារ។ គេឲ្យក្នុងមួយខែ៣០ដុល្លារ បើធ្វើការល្អគេឲ្យ៥០ដុល្លារ។ គេនិយាយតែល្អៗ អ៊ីចឹងម៉ែខ្ញុំជឿតាមគេដែរ ឲ្យខ្ញុំទៅធ្វើការ»។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទនិងពលកម្ម បានមានប្រសាសន៍ថា ក្រុមទុច្ចរិតមានកលល្បិចខ្ពស់ក្នុងការនិយាយទាក់ទាញចិត្តជនដែលគេមានបំណងធ្វើអាជីវកម្មផ្លូវភេទ។
លោកស្រី ជូ ប៊ុនអេង បានឲ្យដឹងដូច្នេះ ៖ «អ្នកដែលព្យាយាមធ្វើជាឈ្មួញកណ្តាល ឬអ្នកដែលធ្វើអាជីវកម្មផ្លូវភេទ គេមានវិធីសាស្ត្រគេល្អណាស់ សម្រាប់អូសទាញនិងបញ្ចុះបញ្ចូល។ បើយើងក្រគេយកលុយមកទាក់ទាញ មកធានាអះអាង ដូច្នេះស្ត្រីនិងកុមារងាយរងគ្រោះចាញ់បោកគេ»។
មន្ត្រីសង្គមស៊ីវិលបានឲ្យដឹងថា ទោះបីជាប្រទេសកម្ពុជាមានច្បាប់ហាមឃាត់មិនឲ្យបើកបនពេស្យា ឬកន្លែងផ្តល់សេវាផ្លូវភេទក៏ដោយ ក៏មានឈ្មួញទុច្ចរិតមួយចំនួនធ្វើអាជីវកម្មជួញដូរផ្លូវភេទក្នុងទម្រង់រូបភាពផ្សេងទៅវិញ ហើយដែលស្ថិតក្រោមស្លាកសញ្ញាជាកន្លែងកម្រាន្តនានា ដូចជារង្គសាល កន្លែងផ្តល់ម៉ាស្សា ខារ៉ាអូខេនិងកន្លែងលក់បាយជាដើម។
នៅក្នុងប្រទេសកម្ពុជា គេនៅមិនទាន់មានស្ថិតិច្បាស់លាស់អំពីអត្រានៃស្ត្រីរកស៊ីផ្លូវភេទប៉ុន្មានទេ ក៏ប៉ុន្តែប្រភពខ្លះប៉ាន់ប្រមាណថា មានស្ត្រីរកស៊ីផ្លូវភេទប្រមាណពី៥ម៉ឺនទៅ១០ម៉ឺននាក់ ក្នុងនោះមាន៤០% ជាអនីតិជនដែលមានអាយុក្រោម១៦ឆ្នាំ។
អ្នកស្រី សឹង កាម៉ារីយ៉ាន ប្រធានការិយាល័យច្បាប់នៃអង្គការអាហ្វេស៊ីប បានមានប្រសាសន៍ថា យុវតីក្មេងៗភាគច្រើនអាយុចន្លោះពី១៦ឆ្នាំទៅ២០ឆ្នាំដែលចាញ់បោកគេនោះ គឺដោយសារភាពក្រីក្រនិងការធ្វើចំណាកស្រុកដើម្បីរកការងារធ្វើ ៖ «មានស្ត្រីមួយចំនួនធំឆ្លើយថា ដោយសារភាពក្រីក្រ អត់ការងារធ្វើ អ៊ីចឹងប្រជាពលរដ្ឋយើងដែលរស់នៅជនបទ ជាពិសេសស្ត្រីវ័យក្មេងដែលធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ។ ដូច្នេះបញ្ហាហ្នឹងធ្លាក់ក្នុងជីវភាពគ្រួសារគាត់ក្រីក្រ មួយចំនួនបង្ខំចិត្តធ្វើជាស្ត្រីលក់ខ្លួន ខ្លះចាញ់បោកគេ មួយចំនួនធ្វើចំណាកស្រុកដើម្បីរកការងារធ្វើ»។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍បន្តថា ប្រសិនបើក្រុមគ្រួសារមានការសង្ស័យក្នុងអំពើជួញដូរមនុស្ស គេត្រូវតែប្តឹងមកអាជ្ញាធរពាក់ព័ន្ធជាបន្ទាន់ ដើម្បីស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។
លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ដូច្នេះ ៖ «បើសិនមានករណីអូសទាញពីភូមិ ឬពីមូលដ្ឋានផ្សេងៗ ហើយសង្ស័យថា យកទៅកន្លែងពេស្យាជួញដូរដោយមកទាក់ទាញយកកូននោះទៅ គឺយើងត្រូវបង្ក្រាប ដូចនេះក្រុមគ្រួសារត្រូវសហការជាមួយរដ្ឋាភិបាល ឬសហការជាមួយភ្នាក់ងារមានសមត្ថិកិច្ចដើម្បីផ្តល់ព័ត៌មាន សាក្សីនិងភស្តុតាង។ ប៉ុន្តែអ្វីដែលពិបាកនោះ ក្រុមគ្រួសារជនរងគ្រោះមិនបានយល់ដឹង ហើយគិតថា គឺពុំមែនជាការជួញដូរផ្លូវភេទ»។
សូមបញ្ជាក់ជូនថា តាមតួលេខរបស់ក្រសួងមហាផ្ទៃក្នុងអំឡុង៩ខែ ដើមឆ្នាំ២០០៩កន្លងមកនេះ អាជ្ញាធរប៉ូលិសបានប្រតិបត្តិការចុះបង្ក្រាបនៅតាមខេត្តក្រុងមួយចំនួន សរុបមាន១២៤ករណី ហើយបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការបាន១៥៨នាក់ និងរំដោះស្ត្រីរងគ្រោះបាន៦៨០នាក់ផងដែរ៕
