យុវតីរូបនេះមានដើមកំណើតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល បានត្រូវឪពុកបង្កើតធ្វើអាជីវកម្មជួញដូរផ្លូវភេទ ដោយលក់កូនឲ្យទៅធ្វើការនៅហាងខារ៉ាអូខេមួយនៅក្នុងខេត្តកោះកុង នៅពេលមានអាយុបាន១៦ឆ្នាំតែប៉ុណ្ណោះ។
នាងបានប្រាប់អ្នកស្រី ភិរម្យ នៃវិទ្យុអាស៊ីសេរីដែលបានទៅជួបសម្ភាសផ្ទាល់នៅមណ្ឌលហ្វឹកហ្វឺនជំនាញនៃអង្គការអាហ្វេស៊ីប អំពីភាពលំបាកវេទនាយ៉ាងនេះថា ៖ «ពេលខ្ញុំអត់ព្រមទៅ គាត់ចាប់ឆ្កាងវាយធ្វើបាបខ្ញុំ ដល់អ៊ីចឹងខ្ញុំឆ្លើយយល់ព្រម ដើម្បីអនាគតប្អូនៗខ្ញុំ ពីព្រោះបើខ្ញុំពុំទៅ ប្អូនៗខ្ញុំអត់មានបាយហូប អត់អាចទៅរៀនបាន។ ម្តាយខ្ញុំស្លាប់ មានតែឪពុក។ គាត់(ឪពុក)មានមេរោគ ហើយប្រពន្ធចុងក៏មានមេរោគដែរ»។
យុវតីរូបនេះមានប្អូនប្រុស៣នាក់ នាងជាកូនស្រីបង។ ពេលម្តាយស្លាប់ ប្អូនប្រុសពៅទើបមានអាយុបាន១ឆ្នាំ ហើយមានផ្ទុកមេរោគអេដសន៍ទៀត ៖ «ម៉ាក់ខ្ញុំស្លាប់ទៅ ពេលហ្នឹងអត់មាននរណារកប្រាក់ចិញ្ចឹមក្នុងគ្រួសារ ចិញ្ចឹមប្អូន២នាក់ទៅរៀន ប្អូនពៅនៅបៅទឹកដោះគោនៅឡើយ»។
នាងបានរៀបរាប់បន្តថា នាងពុំបានដឹងថា ឪពុកលក់នាងជាទឹកប្រាក់ប៉ុន្មានទេ ប៉ុន្តែនាងត្រូវទៅធ្វើការជាអ្នកចាក់ស្រាបៀរនៅហាងខារ៉ាអូខេឈ្មោះ"ហាងស្រីនាង" នៅខេត្តកោះកុង។ ក្នុងមួយខែៗនាងបានទទួលប្រាក់ពីថៅកែពី៨០ដុល្លារទៅ១០០ដុល្លារ ហើយឆ្លៀតយកប្រាក់ដែលបាននោះផ្ញើមកប្អូនៗ ៖ «ខ្ញុំអត់ដឹងថា គាត់លក់ខ្ញុំប៉ុន្មាន ពេលខ្ញុំធ្វើបានអ៊ីចឹង គាត់ឲ្យប្រាក់ខ្ញុំក្នុងមួយខែពី៨០ទៅ១០០ដុល្លារ។ ពេលគេត្រូវការខ្ញុំមួយយប់អ៊ីចឹង ថៅកែបង្ខំឲ្យខ្ញុំទៅគេងជាមួយភ្ញៀវ បើពុំព្រមថៅកែឲ្យក្រុមស្ទាវវាយធ្វើបាបចាប់រំលោភខ្ញុំ»។
នាងបានទៅធ្វើការនៅហាងខារ៉ាអូខេស្រីនាង រយៈពេលប្រមាណ១ឆ្នាំកន្លះនៅខេត្តកោះកុង។ នាងឲ្យដឹងថា ក្នុងមួយខែៗ ជាមធ្យមនាងត្រូវបម្រើផ្លូវភេទភ្ញៀវពី១៥នាក់ទៅ២០នាក់។
នាងបានរៀបរាប់ពីហេតុផលដែលត្រូវបានអាជ្ញាធរជួយសង្គ្រោះរំដោះចេញពីទាសករផ្លូវភេទយ៉ាងនេះថា ៖ «មានបងៗនៅក្នុងហាងស្រីនាងគាត់លួចទៅប្តឹង ហើយគេទៅចាប់ទៅ ហើយខ្ញុំបានអង្គការអាហ្វេស៊ីប យកមកនៅក្នុងមណ្ឌល ហើយពិនិត្យសុខភាពអត់មានកើតអេដស៍ទេ»។
ទាក់ទងនឹងករណីឪពុកម្តាយជួញដូរផ្លូវភេទលក់កូនឲ្យធ្វើជាស្រីពេស្យា ឬទៅធ្វើជាស្ត្រីបម្រើផ្លូវភេទនៅក្លឹបកំសាន្តនានានោះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទនិងពលកម្ម បានមានប្រសាសន៍ពន្យល់ថា ៖ «បើសិនជាគ្រួសារនោះស៊ុមគ្រលុំ ឬចូលរួមក្នុងការជួញដូរមនុស្ស សមាជិកគ្រួសារនោះក៏ត្រូវមានទោសដែរ។ ឧទាហរណ៍ ដូចជាឪពុកម្តាយយកកូនទៅលក់។ តាមពិតកូនមិនជាវត្ថុសម្រាប់លក់ដូរនោះទេ គាត់ត្រូវការពារ គាត់ត្រូវទទួលខុសត្រូវក្នុងនាមជាអ្នកបង្កើតគេនិងជាអ្នកអាណាព្យាបាល គាត់ត្រូវតែមើលការទទួលខុសត្រូវ»។
លោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជូ ប៊ុនអេង បានមានប្រសាសន៍ផ្តល់ដំបូន្មានដល់មាតាបិតាថា ក្នុងករណីដែលមានជីវភាពរស់នៅទីទ័លក្រខ្លាំង មុនសម្រេចឲ្យកូនធ្វើអ្វីមួយ គេគួរតែពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ឬមន្ត្រីអង្គការសង្គមស៊ីវិលជាមុនសិន។
លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ដូច្នេះ ៖ «បើសិនជាគាត់ចង់ឲ្យមានប្រាក់ចំណូលដោយសារកម្លាំងពលកម្ម តាមរយៈអាពាហ៍ពិពាហ៍ គាត់ត្រូវពិភាក្សាពិចារណាជាមួយអាជ្ញាធរមូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាល តែបើសិនជាគាត់លក់កូនដោយចេតនា គាត់ពិតជាមានទោសហើយ»។
ទោះបីជាយុវតីវ័យក្មេងរូបនេះ បច្ចុប្បន្នមានអាយុ១៨ឆ្នាំ ធ្លាប់បានឆ្លងកាត់បទពិសោធន៍ក្នុងជីវិតដ៏ជូរចត់ ត្រូវបានឪពុកបង្កើតជួញដូរផ្លូវភេទក៏ដោយ ក៏នាងនៅតែមានក្តីសង្ឃឹមជឿជាក់ថា ក្រោយពីនាងរៀនវិជ្ជាជំនាញផ្នែកសំអាងចប់នៅមណ្ឌលអាហ្វេស៊ីប នាងនឹងចេញទៅប្រកបការងាររកប្រាក់ដើម្បីជួយផ្គត់ផ្គង់ប្អូនប្រុសនាង៣នាក់ ដែលបច្ចុប្បន្នកំពុងស្នាក់នៅក្នុងមណ្ឌលអង្គការក្រៅរដ្ឋាភិបាលមួយនៅខេត្តកំពង់សោម។
យុវតីដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងដូច្នេះ ៖ «មានជំនាញកែសម្ផស្ស រៀនបាន៥ខែហើយ ហើយប្រហែលជា៧ឬ៨ខែទៀតខ្ញុំរៀនចប់ហើយ ខ្ញុំទៅបើកហាងនៅកោះកុង។ ឪពុកមិនដែលទាក់ទងមកទេ ហើយបានទទួលដំណឹងថា ប្អូនៗបានត្រូវគេយកទៅនៅជាមួយអង្គការក្រៅរដ្ឋាភិបាលនៅកំពង់សោម។ ខ្ញុំប្រឹងខំរៀនដើម្បីជួយប្អូនៗឲ្យមានការងារធ្វើត្រឹមត្រូវ កុំឲ្យដើរលួចឆក់ប្លន់គេ»។
អង្គការអាហ្វេស៊ីប គឺជាអង្គការមួយក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ ដើម្បីជួយរំដោះស្ត្រីនិងកុមាររងគ្រោះពីការជួញដូរផ្លូវភេទ ហើយយកមកឲ្យស្នាក់នៅក្នុងមណ្ឌលដើម្បីអាចទទួលការរៀនសូត្រអក្សរ រៀនវិជ្ជាជំនាញកាត់ដេរ អ៊ុតសក់ សំអាងការនិងកែសម្ផស្ស។ ក្រោយរៀនវិជ្ជាជំនាញចប់សព្វគ្រប់ អង្គការអាហ្វេស៊ីបនឹងផ្តល់ជាកញ្ចប់ថវិកាឬជាប្រាក់ តាមរយៈមីក្រូគ្រេឌីត សម្រាប់ស្ត្រីណាដែលមានបំណងចង់ប្រកបរបររកស៊ី ដូចជាបើកហាងតូចៗ អ៊ុតសក់ ហាងកាត់ដេរក្នុងភូមិស្រុករបស់គេ ឬនៅកន្លែងណាដែលស្ត្រីទាំងនោះគិតថា អាចរកប្រាក់ចំណូលបានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់គេ៕
