អាជីវកម្ម​ផ្លូវ​ភេទ​និង​ការ​ជួញ​ដូរ​ពលកម្ម​លើ​ស្ត្រី​និង​កុមារ​ខ្មែរ

មន្ត្រី​រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា​មន្ត្រី​នៃ​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន បាន​សម្ដែង​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​នៃ​សកម្មភាព​ពេស្យាចារ ការ​ធ្វើ​អាជីវកម្ម​ជួញ​ដូរ​ផ្លូវ​ភេទ​និង​ពលកម្ម​ទៅ​លើ​ស្ត្រី​និង​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ទៅ​ក្រៅ​ប្រទេស។

0:00 / 0:00

ទាំង​មន្ត្រី​រាជ​រដ្ឋាភិបាល​ខ្មែរ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា បាន​ទទួល​ស្គាល់​ថា ភាព​ក្រីក្រ ការ​ស្វែង​រក​ការងារ​ធ្វើ និទណ្ឌភាព ឬ​ការ​មិន​ដាក់​ទោស​ទណ្ឌ​និង​អំពើ​ពុក​រលួយ គឺ​ជា​មូលហេតុ​ចម្បង​នៃ​ការ​កើន​ឡើង​នូវ​រាល់​ទម្រង់​រូបភាព​នៃ​ការ​ជួញ​ដូរ​ផ្លូវភេទ​លើ​ស្ត្រី​និង​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ទៅ​ក្រៅ​ប្រទេស។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​និង​ពលកម្ម បាន​មាន​ប្រសាសន៍​យ៉ាង​ដូច​នេះ ៖ «នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង អ្វី​ដែល​ប្រឈម​មុខ​ខ្លាំង​ជាង​គេ គឺ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ដែល​ជ្រក​នៅ​ក្រោម​រូបភាព​នៃ​អាជីវកម្ម​ផ្នែក​សេវា​កំសាន្ត​ខ្លះ បន្ទាប់​មក​គឺ​ការ​ជួញ​ដូរ​ពលកម្ម​តាម​ការ​ទាក់ទាញ​ឲ្យ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ឬ​នៅ​ក្នុង​ស្រុក ដែល​មិន​ស្រប​ច្បាប់ ដោយ​មិន​មាន​ការ​សន្យា​និង​ទាញ​យក​ផល​កម្រៃ»

សូម​រំឭក​ជូន​ថា ប្រភព​ជា​ច្រើន​រាប់​ទាំង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក​ផង បាន​បង្ហាញ​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​គឺ​ជា​ប្រភព ជា​ទី​កន្លែង​ឆ្លង​កាត់​និង​ជា​ទិសដៅ​ដែល​ទាំង​ស្ត្រី​និង​កុមារ​ខ្មែរ ត្រូវ​បាន​ក្រុម​ទុច្ចរិត​កេង​ប្រវ័ញ្ច​ទាញ​យក​ផល​កម្រៃ​ពី​អាជីវកម្ម​ផ្លូវ​ភេទ ពី​ពលកម្ម​តាម​រយៈ​ការ​បោក​បញ្ឆោត​រក​ការងារ​ឲ្យ​ធ្វើ ជា​ស្រ្តី​បម្រើ​តាម​ផ្ទះ នៅ​តាម​ភោជនីយដ្ឋាន នៅ​តាម​ក្លឹប​រាត្រី​កំសាន្ត ខារ៉ាអូខេ​និង​កន្លែង​លក់​ស្រា​បៀរ​ជាដើម។

យុវតី​ក្មេងៗ​៣​នាក់​ដែល​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ក្នុង​មណ្ឌល​អាហ្វីស៊ីប​ដើម្បី​រៀន​សូត្រ​អក្សរ​និង​រៀន​យក​វិជ្ជា​ជំនាញ​អ៊ុតសក់ រៀន​សំអាងការ​និង​កែ​សម្ផស្ស បាន​រៀបរាប់​ប្រាប់​អ្នកស្រី ភិរម្យ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ដែល​បាន​ទៅ​ជួប​សម្ភាសន៍​ផ្ទាល់​ពី​ហេតុផល​ដំបូង​ដែល​ត្រូវ​បាន​ឪពុក​យក​ទៅ​លក់​និង​ចាញ់​បោក​ការ​បញ្ឆោត​របស់​គេ​ថា រក​ការងារ​ឲ្យ​ធ្វើ​នៅ​ពេល​ដែល​នាង​ទាំង​នោះ​មាន​អាយុ​ខ្លះ​បាន​១៦ ឬ​១៧​ឆ្នាំ។

ស្ត្រី​រង​គ្រោះ​ទាំង​៣​នាក់​បាន​រៀបរាប់​ដូច្នេះ ៖ «យុវតី​ទី​១៖ ពេល​ហ្នឹង​ប៉ា​ខ្ញុំ​បង្ខំ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ខារ៉ាអូខេ មិន​មែន​គេ​មក​អូស​ទាញ​ទេ។ យុវតី​ទី​២៖ អ្នក​ជិត​ខាង​ប្រាប់​ថា គេ​លក់​បាយ​ធម្មតា ដល់​ខ្ញុំ​ទៅ​ដល់ គឺ​កន្លែង​ខារ៉ាអូខេ​និង​កន្លែង​ជួញ​ដូរ​ផ្លូវ​ភេទ។ ខ្ញុំ​ចាញ់​បោក​គេ។ អ្នក​ទី​៣៖ ខ្ញុំ​សូម​ផ្តាំ​ផ្ញើ​បងៗ​និង​ប្អូន កុំ​ឲ្យ​ជឿ​គេ ខ្ញុំ​បាន​ជា​ខុស​ហើយ ដូច្នេះ​គួរ​ស្វែង​យល់​ដឹង​ផង បើ​គេ​បបួល​អ្វី​កុំ​ទៅ​តាម​គេ​ងាយៗ​ពេក»

អ្នកស្រី សឹង កាម៉ារីយ៉ាន ប្រធាន​ការិយាល័យ​ច្បាប់​នៃ​អង្គការ​អាហ្វេស៊ីប បាន​មាន​ប្រសាសន៍​ថា សកម្មភាព​ពេស្យាចារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ច្រើន​កើត​មាន​នៅ​តំបន់​ទេសចរណ៍ ហើយ​ភាគ​ច្រើន​គឺ​ស្ថិត​នៅ​ក្រោម​រូបភាព​ជា​កន្លែង​កំសាន្ត។

អ្នកស្រី សឹង កាម៉ារីយ៉ាន មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​បាន​កំណត់​ទុក​ហើយ​ថា ខេត្ត​ដែល​សំបូរ​ជាង​គេ គឺ​ខេត្ត​ជា​តំបន់​ទេសចរណ៍ ជា​ពិសេស​គឺ​នៅ​ក្រុង​ភ្នំពេញ​តែម្តង គ្រាន់​តែ​កន្លែង​ខ្លះ​មាន​ទ្រង់​ទ្រាយ​ធំ ខ្លះ​តូច ហើយ​ខេត្ត​មួយ​ចំនួន​ទៀត ដូច​ជា​នៅ​ខេត្ត​ព្រះសីហនុ កោះកុង បន្ទាយមានជ័យ បាត់ដំបង សៀមរាប។ ប៉ុន្តែ​គ្រាន់​តែ​មាន​កន្លែង​ខ្លះ​បិទ​បាំង ស្លាក​ពី​មុខ​ដាក់​ថា​ខារ៉ាអូខេ ម៉ាស្សា ប៉ុន្តែ​ខាង​ក្នុង​គឺ​លក់​ដូរ​ផ្លូវ​ភេទ»

លោកស្រី​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ជូ ប៊ុនអេង បាន​មាន​ប្រសាសន៍​រៀបរាប់​បន្ថែម​អំពី​អាជីវកម្ម​នៃ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ផ្សេង​ទៀត​តាម​រយៈ​ការ​រៀបការ​ទៅ​ក្រៅ​ប្រទេស ៖ «ការ​រៀប​អាពាហ៍ពិពាហ័​ក្លែងក្លាយ​ទៅ​នៅ​ស្រុក​គេ តែ​ទី​បំផុត​ទៅ​ដល់​នោះ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​ពលកម្ម​ធ្ងន់ធ្ងរ ត្រូវ​បម្រើ​ផ្លូវ​ភេទ​ស្វាមី គេ​វាយ​ធ្វើ​បាប គេ​បញ្ជូន​មក​វិញ​អត់​មាន​ប្រាក់​អ្វី​ទាំង​អស់»

អ្នកស្រី សឹង កាម៉ារីយ៉ាន មាន​ប្រសាសន៍​បន្ត​ថា ទោះ​បី​ជា​មន្ត្រី​សង្គម​ស៊ីវិល​បាន​សហការ​យ៉ាង​ជិតស្នីទ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ពាក់​ព័ន្ធ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏ដោយ ក៏​ការ​បង្ក្រាប​បទ​ល្មើស​ពេស្យាចារ​រហូត​មក​ដល់​ពេល​នេះ​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​ខ្លះៗ។

អ្នកស្រី សឹង កាម៉ារីយ៉ាន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «នៅ​កន្លែង​ទ្រង់ទ្រាយ​ធំ ពិបាក​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់។ មុន​អង្គការ​យើង​ផ្តល់​ព័ត៌មាន​ទៅ​សមត្ថកិច្ច ដោយសារ​តែ​យើង​មិន​មែន​ជា​អាជ្ញាធរ ហើយ​បញ្ហា​ដែល​យើង​ពិបាក​នោះ គឺ​យើង​ពិបាក​ចូល​ទៅ​កន្លែង​រក​ស៊ី​ទ្រង់ទ្រាយ​ធំ​ហ្នឹង ដើម្បី​ស៊ើប​យក​ព័ត៌មាន​ផ្តល់​ទៅ​ឲ្យ​ប៉ូលិស ម៉្លោះ​ហើយ​នេះ​គឺ​ជា​បញ្ហា​ស្មុគស្មាញ»

សូម​បញ្ជាក់​ជូន​ថា តាម​តួលេខ​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​អំឡុង​៩​ខែ​ដើម​ឆ្នាំ​២០០៩​នេះ អាជ្ញាធរ​ប៉ូលិស​បាន​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នៅ​តាម​ខេត្ត​ក្រុង​មួយ​ចំនួន សរុប​មាន​១២៤​ករណី ហើយ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​បញ្ជូន​ទៅ​តុលាការ​បាន​១៥៨​នាក់​និង​រំដោះ​ស្ត្រី​រង​គ្រោះ​បាន​៦៨០​នាក់។

មន្ត្រី​សង្គម​ស៊ីវិល​ជា​ច្រើន​បាន​អះអាង​ថា ទោះ​បី​ជា​រាជ​រដ្ឋាភិបាល​ខ្មែរ​បាន​ចាត់​វិធានការ​បង្ក្រាប​យ៉ាង​ណា​ក៏ដោយ ក៏​រហូត​មក​ដល់​ពេល​នេះ​បញ្ហា​ការ​ជួញដូរ​មនុស្ស​និង​អាជីវកម្ម​ផ្លូវ​ភេទ​លើ​ស្ត្រី​និង​កុមារ​នៅ​តែ​បន្ត​កើត​មាន​និង​កើន​ឡើង​ច្រើន​ជាង​មុន។ បន្ថែម​ពី​នេះ វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​បច្ចុប្បន្ន​បាន​ជំរុញ​ឲ្យ​កម្មការិនី​ខ្មែរ​រាប់​ម៉ឺន​នាក់​ដែល​បាន​បាត់​បង់​ការងារ បាន​នាំ​គ្នា​ទៅ​ធ្វើការ​នៅ​តាម​ក្លឹប​កំសាន្ត​នានា មាន​រង្គសាល ខារ៉ាអូខេ កន្លែង​ម៉ាស្សា​ជាដើម ដែល​អ្នក​ទាំង​នោះ​កំពុង​ប្រថុយ​ប្រថាន​និង​ងាយ​ធ្លាក់​ខ្លួន​ជា​ជន​រងគ្រោះ​ក្នុង​អំពើ​ជួញដូរ​ផ្លូវ​ភេទ៕